ជនជាប់ចោទដែលចាប់រំលោភនិងសម្លាប់ក្មេងស្រី ២នាក់បងប្អូននោះ ត្រូវបានតុលាការខេត្តកំពង់ឆ្នាំង ចេញដីកាបង្គាប់ឲ្យឃុំខ្លួនហើយ នៅថ្ងៃទី២៣ តុលា។
ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង លោក តេង រតនា បញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា ចៅក្រមស៊ើបសួរបានបញ្ចប់ការសួរនាំ លើជនសង្ស័យ ឈ្មោះ ឆុំ ពយ កាលពីល្ងាចថ្ងៃទី២២ តុលា ហើយបានសម្រេចបញ្ជូនជនដៃដល់រូបនេះទៅឃុំខ្លួននៅពន្ធនាគាររង់ចាំបើកសវនាការ។
កាលពីថ្ងៃទី១៨ ខែតុលា ក្មេងស្រី២នាក់ បងប្អូនបង្កើតត្រូវឃាតកសម្លាប់រួចញាត់ចូលក្នុងកេសហើយយកទៅដាក់លើផ្ទះដែលជនរងគ្រោះស្នាក់នៅ ស្ថិតនៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ជនសង្ស័យត្រូវជាបងប្អូនជីទួតមួយដែលរស់នៅជិតផ្ទះក្មេងស្រីរងគ្រោះ។ សង្គមស៊ីវិលយល់ថា ករណីនេះគឺមានភាពធ្ងន់ធ្ងរ និងអមនុស្សធម៌បំផុតទៅលើកុមារដែលផ្ទុយទៅនិងផ្លូវច្បាប់ ព្រមទាំងប្រាសចាកពីសីលធម៌សង្គម ដូច្នេះទាមទារឲ្យមានការអនុវត្ត ច្បាប់ម៉ឺងម៉ាត់លើជនប្រព្រឹត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
