អតីត​អ្នក​​យក​​ព័ត៌មាន​​អាស៊ីសេរី​​ទទូ​ច​ដល់​​តុលាការ​​ទម្លាក់​​ចោល​​បទចោទប្រកាន់​

0:00 / 0:00

យុត្តិធម៌​សម្រាប់​អតីត​​អ្នក​យក​ព័ត៌មាន​​អាស៊ីសេរី​លោក យាង សុធារិន្ទ និង​លោក អ៊ួន ឈិន ​ហាក់មិន​មាន​​ពន្លឺ​អ្វី​នោះទេ ក្នុង​រយៈពេល​ជាង ៣ឆ្នាំមក​នេះ។ ​តុលាការគ្រប់ជាន់ថ្នាក់ ដែលតាម​ក្រឹត្យ​ក្រម​ គឺជា​ស្ថាប័នជួយ​​រក​យុត្តិធម៌នោះ ហាក់​ដូ​ច​ជាមិន​ចង់​ផ្តល់​ភាពស្អាតស្អំ​ដល់​អ្នក​ទាំងពីរឡើយ ផ្ទុយ​ទៅវិញបែរ​ជា​រក​គន្លឹះ​ធ្វើ​យ៉ាងណា​ឱ្យ​អ្នក​ទាំងពីរ​បន្ត​ជាប់​ចោទ និង​បាត់​បង់​សិទ្ធិសេរីភាពដោយ​គ្មាន​ពេល​កំណត់។

អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរីលោក យាង សុធារិន្ទ ថ្លែងថា លោក​បានរស់នៅក្នុង​ភាព​អយុត្តិធម៌ និង​បាត់​បង់សិទ្ធិសេរីភាព​ ​អស់​រយៈពេល​​ជាង ៣ ឆ្នាំ​មក​ហើយ ដោយសារ​តែ​ការ​​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋានរបស់​អាជ្ញាធរ។ លោក​បញ្ជាក់ថា តាំងពីចៅក្រម​ជំនុំ​ជម្រះ​បាន​បង្វិល​ឱ្យ​ស៊ើបអង្កេត​បន្ថែមលើ​សំណុំ​រឿង​នោះ​មក ចៅក្រម​ស៊ើបសួរ​មិន​ដែល​បាន​ហៅ​លោក​ទៅសាកសួរ​បន្ថែម​ឡើយ។ លោក​បន្ថែម​ថា អាជ្ញាធរ និង​តុលាការ ល្មម​ដល់​ពេល​ឈប់​ធ្វើ​បាប​​លោក​ហើយ ពីព្រោះលោក​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វីសោះឡើយ៖ « ការ​ដែល​តុលាការ​ដក​បទចោទប្រកាន់​​លើ​ពួក​ខ្ញុំ គឺ​ជា​រឿង​សមរម្យ​ជា​ទី​បំផុត។ សមរម្យ​ទីមួយ វា​មិន​ទាន់​នឹង​មាន​ទោស​ពៃរ៍​ផង យក​ពួក​ខ្ញុំ​ទៅឃុំ​ជិត​មួយឆ្នាំ ធ្វើ​ឱ្យ​ពួក​ខ្ញុំ​រង​ទុក្ខ។ ហើយ​សមរម្យ​រឿង​ទីពីរ​ហ្នឹង តុលាការ​ស៊ើបអង្កេត​អត់​មាន​ចេញ​អ្វី​ទាំង​អស់ ព្រោះ​អត់​មានភស្តុតាង​​​អ្វី​មក​បញ្ជាក់ ​ដាក់​បន្ទុក​​អ្វី​លើ​ពួក​ខ្ញុំ​ឱ្យ​ដូច​បទ​​ចោទ​ប្រកាន់​ហ្នឹង វា​អត់​មាន​ទាល់​តែសោះ​ ហើយ​អ៊ីចឹង​រក្សា​ទុក​រឿង​ហ្នឹង​ធ្វើ​អ្វី បើ​រឿងរ៉ាវ​វា​មិន​គួរ​ដល់​ថ្នាក់​ហ្នឹង​ផង »។

ដូចគ្នា​នេះដែរ លោក អ៊ួន ឈិន ឱ្យដឹងថា ចៅក្រម​ស៊ើបសួរ​មិន​ដែល​បានកោះ​​ហៅលោក​ទៅសាកសួរ​បន្ថែម​លើ​អង្គហេតុណាមួយនោះទេ ខណៈលោក​ចង់​ឱ្យ​សំណុំ​រឿងនេះ​បិទ​បញ្ចប់​ឱ្យ​បាន​ឆាប់ ដើម្បីលោក​មាន​សេរីភាព​រស់នៅ​ដូច​ពលរដ្ឋ​ទូទៅដែរ។ លោកថ្លែងថា លោកមិន​អាច​រក​ការងារដែលលោក​​ស្រឡាញ់​ពេញចិត្ត ធ្វើ​បាន​ឡើយ ហើយ​ក៏គ្មាន​សេរីភាពដើរហើរ​ពេញលេញនោះដែរ ដោយសារ​តែជាប់​​បណ្ដឹង​នៅតុលាការ។ លោក​សង្កត់ធ្ងន់ថា លោក​រស់​នៅក្រោម​សម្ពាធ ការ​ឈឺចាប់ និង​ភាពអយុត្តិធម៌អស់​​ជាច្រើន​ខែឆ្នាំមកហើយ មិន​គួរ​ឡើយតុលាការបន្ត​ធ្វើ​បាប​រូបលោកទៀតនោះទេ៖ «មិន​ដឹងជា បន្ត​ធ្វើ​បាប​ពួក​ខ្ញុំ​ដល់​ណា​ទៀតទេ គួរ​តែ​បញ្ចប់​រឿងរ៉ាវ​ ទម្លាក់​រាល់​ការ​ចោទ​ប្រកាន់​ចំពោះ​​ពួក​ខ្ញុំ ហើយ​ឱ្យពួក​​ខ្ញុំ​មាន​សេរីភាព​ពេញលេញ​ដូចគេ​ដូច​ឯងទៅ ដើម្បី​ឱ្យ​ខ្ញុំ​មាន​លទ្ធភាព​ និង​ស្វះស្វែង​រក​ការងារ​ រក​មុខ​របរ​ចិញ្ចឹមជីវិត ចិញ្ចឹមគ្រួសារ​​ប្រពន្ធ​កូន​ឱ្យ​បាន​សុខស្រួលផង »។

ការត្អូញត្អែរ និង​សេចក្តី​អំពាវនាវ​របស់​អតីត​អ្នក​សារព័ត៌មាន​ឯករាជ្យ​ទាំងពីររូបនេះ ធ្វើ​ឡើង​បន្ទាប់​ពីសំណុំ​រឿង​របស់​ពួក​លោក​ ហាក់​ស្ងប់ស្ងាត់​បាត់​ឈឹង​ ក្រោយ​​ពី​​ចៅក្រម​ជំនុំជម្រះ​តុលាការ​ក្រុង​ភ្នំពេញ បានចេញសាលក្រម​ចាត់​របៀប​កាល​ពី​ដើម​ខែតុលា ឆ្នាំ២០១៩ ដោយ​បង្វិល​សំណុំ​រឿង​ឱ្យ​ទៅចៅក្រម​ស៊ើបសួរ ដោយអះអាងថា ដើម្បី​ស៊ើបអង្កេត​បន្ថែម​លើ​អង្គហេតុមួយចំនួន​ទៀត។

នៅក្នុងដំណើរការក្ដីនេះ អ្នក​ទាំងពីរត្រូវ​រង់ចាំអស់​រយៈពេលមួយ​ឆ្នាំ នៅ​​​ក្នុង​ដំណាក់កាល​ប្តឹង​ឧទ្ធរណ៍ និងប្តឹង​សាទុក្ខ ដើម្បី​ស្នើសុំ​ឱ្យ​តុលាការជាន់ខ្ពស់​ទាំងពីរថ្នាក់ ​​ច្រានចោល​សាលក្រម​ចាត់​របៀបរបស់​តុលាការ​ក្រុង​ភ្នំពេញ។ ប៉ុន្តែទាំង​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល សុទ្ធតែ​បាន​តម្កល់​សាលក្រមចាត់​របៀប​នោះ​ទុក​ជាបាន​ការដដែល។

សម្រាប់​សំណុំ​រឿងផលិត និង​កាន់​កាប់​រូបភាពអាសអាភាស តុលាការ​កំពូល​បានបដិសេធ​​បណ្តឹង​សាទុក្ខ​របស់​អ្នក​ទាំងពីរ កាលពី​ពាក់​កណ្តាល​ខែកក្កដា ឆ្នាំ២០២០។ ចំណែ​ក​សំណុំ​រឿង​ចារកម្ម​វិញ តុលាការ​ជាន់ខ្ពស់​មួយនេះ ​បាន​បដិសេធបណ្តឹងសាទុក្ខរបស់​ពួក​លោក​នៅ​ចុង​ខែតុលា ឆ្នាំ២០២០។

សេចក្តីសម្រេច​របស់​តុលាការកំពូល​នេះ គឺ​ជាការ​​បើក​ផ្លូវ​ឱ្យចៅក្រម​​ស៊ើបសួរតុលាការក្រុង​ភ្នំពេញ អាច​អនុវត្ត​នីតិវិធី​ស៊ើបអង្កេត​របស់ខ្លួន​បាន។ ទោះជាយ៉ាងណា រយៈពេល​ជិត​មួយ​ឆ្នាំមក​នេះ ចៅក្រម​ស៊ើបសួរ​ដែល​កាន់​សំណុំ​រឿងនេះ គឺ​លោក ពេជ្រ វិជ្ជាធរ មិន​បាន​កោះហៅ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ទៅសាកសួរ​បន្ថែម​នោះទេ។

អាស៊ីសេរី​មិន​អាច​ទាក់ទងចៅក្រមលោក ពេជ្រ វិជ្ជាធរ និង​អ្នក​នាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញលោក អ៊ី រិន្ទ ដើម្បីសុំ​ការ​បកស្រាយ​រឿងនេះបាន​ទេនៅថ្ងៃទី០៨ មិថុនា។ រីឯអ្នក​នាំពាក្យអយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ លោក ប្លង់ សុផល វិញ លោក​សុំ​មិន​បកស្រាយអ្វីនោះទេ ក្រោម​ហេតុផល​ថា រឿងនេះហួស​ពី​សមត្ថកិច្ច​របស់​លោក៖ « សិទ្ធិ​អំណាច​របស់​ខ្ញុំ ត្រឹមតែ​​ខាង​អយ្យការ​ទេ ហើយ​ខាង​ចៅក្រម​ខ្ញុំ​អត់​មាន​សិទ្ធិ​អំណាច​ទេ ព្រោះខ្ញុំ​ត្រូវ​គោរព​គោលការណ៍​សម្ងាត់នៃ​ការ​ស៊ើបអង្កេត ​ព្រម​ទាំង​ការ​សម្ងាត់​នៃ​ការ​ស៊ើបសួរតាម​បញ្ញត្តិ​នៃ​មាត្រា៨៣ និងមាត្រា១២១ នៃ​ក្រម​នីតិវិធីព្រហ្មទណ្ឌ។ អ៊ីចឹង​ខ្ញុំ​មិនអាច​ផ្តល់​ចម្លើយ​ជូន​ថា​យ៉ាង​ម៉េចទេ ពីព្រោះ​ខ្ញុំ​អត់​ដឹង ទីពីរ​ខ្ញុំគ្មាន​​អំណាច​ដើម្បី​ទៅដឹង​រឿង​ហ្នឹង »។

ទោះជាយ៉ាងណា មេធាវីការពារក្តីឱ្យ​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​ទាំងពីររូបគឺលោក សំ ចំរើន មាន​ប្រសាសន៍ថា លោកនឹង​ដាក់លិខិត​ស្នើសុំ​ទៅចៅក្រម​ស៊ើបសួរ​ឱ្យ​បិទការ​ស៊ើបអង្កេត និង​បញ្ជូន​សំណុំ​រឿង​ទៅ​ជំនុំ​ជម្រះ​ជាថ្មី ប្រសិន​បើ​ដល់រយៈពេល​មួយ​ឆ្នាំហើយ ចៅក្រម​នៅ​តែ​​មិន​កោះហៅ​កូន​ក្តីលោក​​ទៀតនោះ។ លោក​បញ្ជាក់ថា ការ​អូសបន្លាយ​នីតិវិធី ធ្វើ​ឱ្យ​ប៉ះពាល​ដល់សិទ្ធិ និង​ផល​ប្រយោជន៍​របស់​កូន​ក្តី​លោក​ជាខ្លាំង៖ « គ្រប់​ច្បាប់ គឺ​ចង់​ឱ្យ​ដំណើរ​ការ​ក្តី​ប្រព្រឹត្ត​ទៅ​ដោយ​យុត្តិធម៌​ឆាប់​រហ័ស​ដែរ។ អ៊ីចឹង​តិច​ ឬច្រើន​ក្នុង​រឿង​ក្តីនេះ វា​ពិត​​ជា​ប៉ះពាល់​ដល់​សិទ្ធិ ផល​ប្រយោជន៍ និងសេចក្តីថ្លៃថ្នូរ​​របស់​កូន​ក្តីខ្ញុំហើយ។ អ៊ីចឹង​ ពេល​វេលា​កាន់​តែយូរ ផលប្រយោជន៍របស់​​គាត់​កាន់​តែ​បាត់​បង់ ហើយ​ភាព​រងគ្រោះ​របស់​គាត់​ក៏​កាន់​តែ​យូរ​ដែរ »។

ការចាប់​ខ្លួន និង​ចោទ​ប្រកាន់លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ព្រម​ទាំង​អ្នក​កាសែត​ឯករាជ្យ​មួយ​ចំនួន​ទៀតនោះ គឺជា​តឹងតាង​មួយ​ដែល​បង្ហាញ​អំពីការ​បង្ក្រាប​របស់​អាជ្ញាធរលើសេរីភាព​សារព័ត៌មាន និង​ការ​បញ្ចេញមតិ។ នេះក៏​ជា​មូលហេតុ​មួយ​ដែល​សហគមន៍​អន្តរជាតិមើល​ឃើញ និង​វាយ​តម្លៃ​អំពីការ​ធ្លាក់​ចុះ​នៃសេរីភាព​សារព័ត៌មាន​នៅកម្ពុជា ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះដែរ។

នាយកប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅកាត់​ថា ខេមបូចា (CamboJA) លោក ណុប វី មាន​ប្រសាសាន៍ថា ការ​រក្សា​ទុក​បទចោទ​ប្រឆាំង​នឹង​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​ទាំងពីររូប ​​ជះ​ឥទ្ធិពល​មិន​ល្អឡើយ​ដល់​ស្ថានភាពសេរីភាព​សារព័ត៌មាន និង​ការ​អនុវត្ត​វិជ្ជាជីវៈសារព័ត៌មាន​នៅកម្ពុជា។ លោក​ស្នើយ៉ាង​ទទូច​ដល់តុលាការ​ឱ្យ​ទម្លាក់​ចោលបទ​​ចោទ​ប្រកាន់​ប្រឆាំង​នឹងអ្នក​ទាំងពីរ។ ជាមួយ​គ្នានេះ លោក​អំពាវនាវ​ដល់​អាជ្ញាធរ​គោរព​សេរីភាពសារព័ត៌មាន និង​សេរីភាព​ជាមូលដ្ឋាន​របស់​ពលរដ្ឋ៖ «យើង​ពិនិត្យ​ឃើញ​ការ​ចោទ​ប្រកាន់​ចំពោះលោកទាំង​ពីររូប គឺ​ជាការ​ចោទ​ប្រកាន់​មួយ​ដែល​វា​មាន​ភាព​អយុត្តិធម៌សម្រាប់​ពួក​គាត់ ខណៈពេល​ដែល​តុលាការ​ហាក់​ដូច​ជា​មិន​បាន​ស៊ើបអង្កេត​ឱ្យ​បាន​ល្អិតល្អន់ ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ ហើយ​ឈ​រ​នៅលើ​គោលជំហរ​​ឯករាជ្យ អព្យាក្រឹត្យនៅក្នុង​ការ​សម្រេច​ករណី​របស់​ពួក​គាត់​ទាំងពីរ​។ អ៊ីចឹង​ហើយ​បាន​ជានិច្ចកាល​ យើង​ទទូច​ឱ្យ​តុលាការ​ពិចារណា​ចំពោះ​​គោលការណ៍នៃ​​ច្បាប់​អន្តរជាតិ ហើយ​និង​រដ្ឋ​ធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល »។

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ រួម​ទាំង​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ផង សុទ្ធ​តែ​វាយ​តម្លៃ​ថា សំណុំរឿង​ព្រហ្មទណ្ឌ​​ប្រឆាំង​នឹង​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប ធ្វើ​ឡើង​ដោយ​មិន​ត្រឹម​ត្រូវ និង​ផ្ទុយ​ពី​គោល​ការណ៍​ច្បាប់។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) បាន​​វាយ​តម្លៃ​ថា លោក អួន ឈិន និង​លោក យាង សុធារិន្ទ គឺ​ជា​ជន​រងគ្រោះ​នៃ​ការ​​វាយ​បង្ក្រាប​ឥត​ស្រាកស្រាន្ត​របស់​លោក ហ៊ុន សែន លើ​សារ​ព័ត៌មាន​ឯករាជ្យ និង​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា។

ចំណែកអនុ​រដ្ឋមន្ត្រី​ការ​បរទេសសហរដ្ឋ​​អាមេរិក អ្នកស្រី វិនឌី ហ្សឺមែន (Wendy Sherman)វិញ អ្នកស្រី​បានថ្លែង​​ទៅកាន់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅក្នុង​កិច្ច​ពិភាក្សា​កាល​ពីថ្ងៃទី០១ ខែមិថុនា ដោយ​ស្នើឱ្យ​​​អាជ្ញាធរ​កម្ពុជា​​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ ដែល​មាន​ចរិត​នយោបាយ​លើ​អ្នក​នយោបាយ​ប្រឆាំង សកម្មជន និងអ្នក​សារ​ព័ត៌មាន​ជា​បន្ទាន់។ អ្នកស្រី​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ​គោរព​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់ខ្លួន​ទាំងនៅកម្រិត​​ជាតិ និង​អន្តរជាតិ​អំពី​ការ​គោរព​សិទ្ធិ​មនុស្ស។

អតីតអ្នក​យក​ព័ត៌មាន​អាស៊ីសេរីលោក យាង សុធារិន្ទ គាំទ្រ​​សហគមន៍ជាតិ និង​អន្តរជាតិដែលបានលើក​ឡើងអំ​ពីកង្វល់ទាក់ទង​នឹង​ការ​បង្ក្រាប​​សេរីភាពសារព័ត៌មាន និងការ​​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់ចោលបទ​ចោទលើ​ពួក​លោក។ ទោះជាយ៉ាងនេះក្តី លោក​យល់ថា អាជ្ញាធរ​ ជាពិសេសេ​តុលាការ គួរ​ណាស់​តែជួយ​​រក​យុត្តិធម៌​ជូន​ពួក​លោក និង​ពលរដ្ឋ​ដទៃទៀតដែល​រងការ​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌ ដោយ​មិន​ចាំបាច់​ទាល់តែ​មាន​ការ​ជំរុញ​ពី​ខាង​ក្រៅនោះទេ ពីព្រោះនេះ​ជាកាត្វកិច្ចទាំងផ្លូវច្បាប់ និងទាំងផ្លូវសីលធម៌របស់​ខ្លួន​​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។