សង្គមស៊ីវិល និងអ្នកច្បាប់ស្វាគមន៍ការផ្ទេរមុខតំណែងប្រធាន អនុប្រធាន ចៅក្រម សាលាដំបូងរាជធានី ខែត្រ និងព្រះរាជអាជ្ញា នៅទូទាំងប្រទេស ប៉ុន្តែពួកគេលើកឡើងថា ការផ្លាស់ប្ដូរមុខតំណែងនេះ នៅតែទទួលរងការរិះគន់ពីមជ្ឈដ្ឋានជាតិអន្តរជាតិអំពីប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
មន្ត្រីឃ្លាមើលសិទ្ធិមនុស្ស និងអ្នកច្បាប់លើកឡើងថា ប្រព័ន្ធយុត្តិធម៌នៅតែកម្ពុជា នៅតែទទួលរងការរិះគន់ថា ប្រព្រឹត្តអំពើពុករលួយ និងកាត់សេចក្ដីលំអៀងទៅអ្នកមានលុយ និងមានអំណាច។
ប្រធានការិយាល័យស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត ឲ្យដឹងនៅថ្ងៃទី៣០ តុលា ថា ការផ្លាស់ប្ដូរ ប្រធាន អនុប្រធាន ចៅក្រម និងព្រះរាជអាជ្ញា នៅទូទាំងប្រទេសក្នុងរយៈពេល ៤ឆ្នាំម្ដង ទៅតាមច្បាប់ស្ដីពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនេះ ជារឿងល្អមួយ ដើម្បីកុំឲ្យមន្ត្រីតុលាការនៅទូទាំងប្រទេសចាក់ឫស ឬក្រាញអំណាចនៅតាមតំបន់នីមួយៗ និងប្រព្រឹត្តអំពើពុករលួយ ហើយក៏ដើម្បីឲ្យអ្នកថ្មីទៅកាន់មុខងារថ្មី ឬទីកន្លែងការងារថ្មីបង្ហាញសា្នដៃរបស់ខ្លួន ក្នុងការលើកស្ទួយយុត្តិធម៌សង្គម ក៏ប៉ុន្តែការអនុវត្តជាក់ស្ដែងវិញ មន្ត្រីតុលាការទាំងនោះ នៅតែប្រព្រឹត្តអំពើពុករលួយ កាត់សេចក្ដីដោយអយុត្តិធម៌ និងមានការរិះគន់ពីសហគមន៍ជាតិ អន្តរជាតិ៖ «មានការលើកឡើងសុំធ្វើឲ្យធ្វើកំណែទម្រង់តុលាការនេះឲ្យទៅជាប្រព័ន្ធតុលាការមួយឯករាជ្យ ស្របទៅតាមរដ្ឋធម្មនុញ្ញ និងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស តែមកទល់ពេលនេះ នៅតែមានការរិះគន់ដដែលប្រព័ន្ធតុលាការនេះ ពិសេសឧត្ដមក្រុមប្រឹក្សា នៃឧត្ដមស្នងការអង្គការសហប្រជាជាតិតែងតែផ្ដល់អនុសាសន៍ទៅក្រសួងយុត្តិធម៌ ធ្វើយ៉ាងណាឲ្យបំពេញវិជ្ជាជីវៈរបស់តុលាការឲ្យឯករាជ្យ និងផ្ដល់យុត្តិធម៌ជូនពលរដ្ឋ»។
ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យកាលពីថ្ងៃទី២៧ តុលា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៣០តុលា នេះ ឲ្យដឹងថា ប្រធាន អនុប្រធានតុលាការ និងចៅក្រមសរុប ៤៣រូប នៅទូទាំងប្រទេស ត្រូវបានផ្ទេរតំណែងឲ្យទៅធ្វើការនៅខែត្រផ្សេង និងរាជធានីភ្នំពេញ ក្នុងនោះមានប្រធានសាលាដំបូងចំនួន ៦ខែត្រ និងចៅក្រមចំនួន៣៦រូប បានផ្លាស់ប្ដូរទៅកាន់ខែត្រផ្សេងៗគ្នា ដូចជា ប្រធានតុលាការខែត្រឧត្តរមានជ័យ លោក អ៊ាក ផល្លា ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាប្រធានសាលាដំបូងខែត្រតាកែវ។ លោកស្រី អ៊ិន ម៉ានិត្យ ប្រធានសាលាដំបូងខែត្រតាកែវ ប្ដូរមកប្រធានតុលាការខែត្រក្រចេះវិញជាដើម។ រីឯ ចៅក្រមខែត្រកំពង់ចាម លោក ឃុន សូណា ផ្ទេរមកធ្វើការជាចៅក្រមរាជធានីភ្នំពេញវិញ។ ចៅក្រមខែត្រព្រះសីហនុ លោក អ៊ី ឃាង ត្រូវបានផ្ទេរមកធ្វើការជាចៅក្រមខែត្រកំពត ហើយចៅក្រមខ្លះទៀតបានផ្ទេរឲ្យមកបម្រើការងារនៅក្រសួងយុត្តិធម៌វិញជាដើម។
រីចៅអគ្គព្រះរាជអាជ្ញា ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ចំនួន២៤រួបទៀត ត្រូវបានព្រះមហាក្សត្រចេញព្រះក្រឹត្យផ្លាស់ប្ដូរមុខតំណែងដែរ ដូច លោក យ៉េត ចរិយា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមតុលាការកំពូល។ លោក កែវ ធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខែត្រកំពង់ស្ពឺ ត្រូវបានផ្ទេរឲ្យមកធ្វើការជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញវិញ។
អ្នកជំនាញខាងច្បាប់ លោក បណ្ឌិត ហ៊ាង ឫទ្ធី បញ្ជាក់ថា លោកមិនចាប់អារម្មណ៍ទៅលើការធ្វើកំណែទម្រង់ស្ថាប័នតុលាការ ឬការផ្លាស់ប្ដូរចៅក្រម ព្រះរាជអាជ្ញាក្នុងរយៈពេល៤ឆ្នាំម្ដងនេះទេ។ លោកបញ្ជាក់ថា ស្ថាប័នតុលាការគឺជាស្ថាប័នដ៏សំខាន់មួយរបស់ជាតិ ដែលជាស្ថាប័នជួយលើកស្ទួយអភិបាលកិច្ចល្អ ធានាឲ្យមានយុត្តិធម៌ ដែលតម្រូវឲ្យពលរដ្ឋគ្រប់ស្រទាប់វណ្ណៈត្រូវរស់នៅក្រោមច្បាប់ និងគោរពច្បាប់ទាំងអស់គ្នា ក៏ប៉ុន្តែការអនុវត្តជាក់ស្ដែង មន្ត្រីតុលាការខ្លួនឯង ដែលជាអ្នករំលោភច្បាប់ និងមិនធានាយុត្តិធម៌ជូនពលរដ្ឋបាន៖ «ការប្រព្រឹត្តិអំពើពុករលួយនេះ ទោះបីជាទៅថ្មីចាស់ក៏ដោយ បើច្បាប់មិនបានកំណត់ឲ្យច្បាស់ដូចជាច្បាប់ក្រុមប្រឹក្សានៃអង្គចៅក្រម និងច្បាប់ការរៀបចំប្រព័ន្ធ តុលាការពិសេសត្រូវច្បាប់តែធ្វើ និងអនុវត្ត»។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ដើម្បីសួរបញ្ជាក់បន្ថែមអំពីបញ្ហានេះ បានទេនៅថ្ងៃទី៣០ តុលា។ រីឯអ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការផ្លាស់ប្ដូរនេះ គឺជាការធ្វើការកំណែទម្រង់ដើម្បីឲ្យមន្ត្រីតុលាការទាំងនោះ អនុវត្តការងារឲ្យមានប្រសិទ្ធភាព ដែលយោងទៅតាមច្បាប់៖ «ទី១យើងបានធ្វើកំណែទម្រង់ច្បាប់បានចេញចៅក្រម តុលាការពីការផ្លាស់ប្ដូរវេនគ្នាពីកន្លែងមួយទៅកន្លែងមួយ ដើម្បី មន្ត្រីតុលាការហ្នឹង ដើម្បីកុំឲ្យមានបក្ខពួក និងដើម្បីឲ្យមានគំនិតដដែល ទៅលើការវិនិច្ឆ័យក្ដីទៅតាមគំនិតរបស់ខ្លួន»។
ទោះបីជាយ៉ាងនេះក្ដី តុលាការនៅកម្ពុជា នៅតែជាទទួលរងការរិះគន់ថា បានកាត់សេចក្ដីមិនយោងទៅលើអង្គហេតុច្បាប់ពិតប្រាកដឡើយ អំពើនិទ្ទណ្ឌភាព ឬភាពគ្មានទោសរបស់ជនល្មើស នៅតែកើតមាន ជាពិសេសអ្នករងគ្រោះដីធ្លីនៅទូទាំងប្រទេសស្ទើរតែទាំងអស់រងនូវអំពើអយុត្តិធម៌ ហើយសម្រែកចេញពីបន្ទប់តុលាការ ក្រោយពីតុលាការកាត់សេចក្ដីតែងតែលឺជាហូរហែ។ ជាក់ស្ដែងដូចជាស្ត្រីម្នាក់បានស្រែកទ្រហោយំ នៅខាងក្រៅបន្ទប់តុលាការខែត្រព្រះសីហនុ កាលពីពេលថ្មីៗនេះ ដោយតុលាការចាប់គាត់ជាម្ចាស់ដីដាក់គុក ហើយសម្រេចឲ្យចាញ់ក្ដីឈ្មួញដីជាដើម៖ «តុលាការពុករលួយ តុលាការគ្មានយុត្តិធម៌ តុលាការស៊ីលុយគេ តុលាការនេះធ្វើបាបសម្ដេចហ៊ុន សែន ឲ្យអស់សន្លឹកឆ្នោតដោយសារគាត់ មកភ្លាមចាប់ភ្លាមជាប់គុករឿងជម្លោះដីធ្លី ចាប់ហើយចាប់ទៀត ចាប់ហើយចាប់ទៀត»។
លោក អំ សំអាត លើកបន្ថែមថា មន្ត្រីតុលាការមិនអនុវត្តតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រនេះ មិនមែនជាកំហុសរបស់ព្រះមហាក្សត្រឡើយ ព្រោះព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យអនុវត្តការងារឲ្យមានប្រសិទ្ធិជូនប្រជាពលរដ្ឋរបស់ព្រះអង្គ ក៏ប៉ុន្តែការអនុវត្តរបស់មន្ត្រីតុលាការមិនធានាយុត្តិធម៌ជូនពលរដ្ឋបាននោះ គឺជាការទទួលខុសត្រូវរបស់មន្ត្រីតុលាការដែលកាត់សេចក្ដីលំអៀង។ លោកបញ្ជាក់ថា អ្នកដែលរងនូវអំពើអយុត្តិធម៌ច្រើនជាងគេ គឺសកម្មជនដីធ្លី អ្នករងគ្រោះដីធ្លី មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្សជាដើម «បញ្ហាដែលធំបំផុតដូចជាមន្ត្រីអាដហុក៤នាក់ អគ្គលេខាធិការរងគជប សហគមន៍ដីធ្លីថ្ងៃច័ន្ទពណ៌ខ្មៅ ទាមទារឲ្យដោះលែងអ្នកទាំងអស់គ្នាហ្នឹង អាហ្នឹងគឺដើម្បីបង្ហាញពីការទាមទារយុត្តិធម៌របស់ពួកគាត់ ក៏ដូចជាការទាមទារសិទ្ធិដីធ្លីផ្ទះសម្បែងរបស់ពួកគាត់ដែលបាត់បង់»។
ព្រឹត្តិបត្រព័ត៌មានCCHR ស្ដីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌សម្រាប់ស្ត្រី ចេញផ្សាយកាលពីខែសីហា រកឃើញថា ស្ត្រីបានប្រឈមបញ្ហានៅក្នុងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា និងជាពិសេសភាពស្មើគ្នាចំពោះមុខច្បាប់ ការឃុំខ្លួនបណ្ដោះអាសន្ន និងការចោទប្រកាន់លើហិង្សាយេនឌ័រ៕
