មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេត នៃសមាគមអាដហុក (ADHOC) លោក ស៊ឹង សែនករុណា ថាកន្លងមក មានព្រះរាជអាជ្ញាមួយចំនួន បានធ្វើរឿងមិនត្រឹមត្រូវ ហើយត្រូវរងការប្ដឹងផ្ដល់ ប៉ុន្តែ នៅមិនទាន់ឃើញមានការចាត់ការណាមួយ ឲ្យប្រជាពលរដ្ឋ ដែលមិនពេញចិត្តទៅនឹងការអនុវត្តកន្លងមកនោះ នៅឡើយទេ។ អាស្រ័យហេតុនេះ លោក ស៊ឹង សែនករុណា នៅតែព្រួយបារម្ភ អំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ហើយរឹតតែមានមន្ទិលក្នុងការផ្ទេរ និង ដំឡើងតំណែងមន្ត្រីតុលាការបែបនេះ។ «»
លោក ស៊ឹង សែនករុណា សង្កេតឃើញថា កន្លងមកអំណាចអយ្យការនេះ មិនសូវបានជួយដល់អ្នកតស៊ូមតិ ជាពិសេសសកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និង សកម្មជនដីធ្លីនោះទេ។ លោកចង់ឃើញព្រះរាជអាជ្ញា ដើរតួនាទីសកម្ម ក្នុងការការពារជនដែលមានមនសិការឈឺឆ្អាលកិច្ចការសង្គមទាំងនោះ។
ប្រតិកម្មរបស់មន្ត្រីអង្គការសង្គមស៊ីវិល ធ្វើឡើងក្រោយប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន បានផ្សព្វផ្សាយ អំពីការតែងតាំង និងផ្លាស់ប្ដូរព្រះរាជអាជ្ញា និង ព្រះរាជអាជ្ញារងចំនួន ៧ខេត្តក្រុង រួមមាន ខេត្តព្រះសីហនុ កោះកុង កំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ព្រៃវែង ខេត្តមណ្ឌលគិរី និងរាជធានីភ្នំពេញ។ បើតាមប្រភពដដែល លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវតែងតាំងជា ព្រះរាជអាជ្ញាខេត្តព្រះសីហនុ ស្របពេល ដែលព្រះរាជអាជ្ញាខេត្តព្រះសីហនុ លោកស្រី ចាតសូ រស្មី ត្រូវផ្ទេរមកកាន់ជា ព្រះរាជអាជ្ញានៅខេត្តកំពង់ស្ពឺវិញ។
ដោយខ្វះព័ត៌មាន និងតម្លាភាពក្នុងការតែងតាំង និង ផ្លាស់ប្ដូរតួនាទីទាំងនេះ លោក ស៊ឹង សែនករុណា មិនយល់ថាស្ថាប័នដែលពាក់ព័ន្ធ ឲ្យតម្លៃទៅលើព្រះរាជអាជ្ញានីមួយៗ យ៉ាងដូច ម្តេចនោះឡើយ ជាពិសេសពាក់ព័ន្ធនឹងលោក សៀង សុខ។ ប្រការនេះ ធ្វើឲ្យលោកមានមន្ទិល អំពីប្រសិទ្ធភាពការងាររកយុត្តិធម៌សង្គម។ «»
អាស៊ីសេរី នៅមិនទាន់អាចសុំការបំភ្លឺ ពីលោក សៀង សុខ និង មន្ត្រីនាំពាក្យតុលាការនៅឡើយទេ នៅពេលនេះ៕
