អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​រិះគន់​ការ​ដោះលែង​ឈ្មួញ​គ្រឿងញៀន​ឧកញ៉ា គិត ធាង ស្ងាត់ៗ

ដោយ សេក បណ្ឌិត
2021-05-27
Share
អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​រិះគន់​ការ​ដោះលែង​ឈ្មួញ​គ្រឿងញៀន​ឧកញ៉ា គិត ធាង ស្ងាត់ៗ ម្ចាស់​ក្លឹប​កម្សាន្ត​រ៉ក (Rock) លោក គិត ធាង។
Photo Courtesy

អ្នកប្រើប្រាស់​បណ្ដាញ​សងុ្គម​រិះគន់​ការ​ដោះលែង​ឈ្មួញ​គ្រឿងញៀន និង​ជា​ម្ចាស់​ក្លឹប​កម្សាន្ត​រ៉ក (ROCK) ឧកញ៉ា គិត ធាង ដែល​ត្រូវជា​បងប្រុស​របស់​លោក ឧកញ៉ា គិត ម៉េង។ មតិ​រិះគន់​ទាំងនោះ សំដៅចំៗ​ទៅលើ​អំណាច​តុលាការ ថា កំពុង​អនុវត្ត​ស្តង់ដារ ២ រវាង​ក្រុម​ឧកញ៉ា និង​មាន​អំណាច ដែល​គាំទ្រ​បក្ស​កាន់​អំណាច និង​អ្នក​តស៊ូ​មតិ ដើម្បី​យុត្តិធម៌​សង្គម និង​សកម្មជន​ការពារ​បរិស្ថាន។

ជាដំបូង ខ្ញុំ បាទ សូម​លើកយក​ទស្សនៈ ឬ ខម​មិន (Comment) របស់​ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ​ដាន ហេង (Dan Heng) ដែល​គាត់​បាន​សរសេរ ឌឺដង ផ្លែផ្កា ជា​ចំហ ប៉ុន្តែ​គាត់​បាន​ផុស រូប​ថត លោក គិត ធាង និង​ក្លឹប​កម្សាន្ត​រ៉ក (ROCK) ភ្ជាប់​មក​ជា​មួយ​ផង​ថា​៖ «ស្ងាត់ៗ ឧកញ៉ា គិត ធាង ដែល​ជាប់​ចោទ​ក្នុង​សំណុំរឿង​គ្រឿងញៀន​ជិត​៥០​គីឡូក្រាម ត្រូវ​បាន​សាលាឧទ្ធរណ៍​សម្រេច​ដោះលែង​ឱ្យ​មាន​សេរីភាព ក្រោយ​ជាប់ឃុំ​ក្នុង​គុក​VIP មិន​បាន​ប៉ុន្មាន​ខែ​ផង។ សូម​អបអរសាទរ»

ចំណែក ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ ហង្ស មៀង គូ (Hang Meang Khou) ក៏​បាន Comment ចំពោះ​រឿង​នេះ​ដែរ ដោយ ដាក់​រូប លោក គិត ធាង និង រូប លោក កឹម សុខា ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ។

ម្ចាស់​គណនី​យ ហ្វេសប៊ុក​នេះ បាន​សរសេរ​ថា​៖ រឿងក្ដី​ពីរ​នេះ​ខុសគ្នា​ស្រឡះ !

/ លោក​គិត ធាង ដែល​ជា​មេ​ក្លោង​ចែកចាយ​គ្រឿងញៀន​ត្រូវ​បាន​តុលាការ​ដោះលែង​!

/ ឯកឧត្ដម កឹម សុខា មកដល់​សព្វថ្ងៃ​នេះ មិន​មាន​ភស្តុតាង​ណា​ច្បាស់លាស់​ដែល​ដាក់បន្ទុក​មក​លើ​រូប​គាត់ បែរជា​តុលាការ​ផ្អាប់​សំណុំ​រឿង​មិន​ព្រម​ដោះស្រាយ។

ដោយ ឡែក ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ មនោ ទេព (Mono Tep) បាន​សរសេរ​រិះគន់​ពាក់ព័ន្ធ​នឹង​ការ​ដោះលែង​លោក គិត ធាង នេះ​ដែរ​ថា​៖ បងប្រុស​របស់​ឧកញ៉ា គិត ម៉េង និង​ជា​ម្ចាស់​ក្លឹប​កម្សាន្ត​រ៉ក (ROCK) ឧកញ៉ា គិត ធាង ដែល​ជាប់​ចោទ​ក្នុង​សំណុំរឿង​គ្រឿងញៀន​ជិត ៥០​គីឡូក្រាម​នោះ ត្រូវ​បាន​សាលាឧទ្ធរណ៍ សម្រេច​ដោះលែង​ដោយ​ស្ងាត់ៗ​។ នេះ​បើ​តាម​ប្រភព​ដែល​គួរ​ឲ្យ​ទុកចិត្ត បាន​ទម្លាយ​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃទី​១៤ ឧសភា។

ម្ចាស់​គណនី​ហ្វេសប៊ុក​ដដែល​នេះ សរសេរ​ទៀត​ថា​៖ មន្ត្រី​សិទ្ធិមនុស្ស និង​គ្រួសារ​របស់​សកម្មជន​បរិស្ថាន​ដែល​កំពុង​ជាប់ឃុំ​រិះគន់​ថា ករណី​នេះ គឺជា​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ។

ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ មនោ ទេព (Mono Tep) បន្ត​ថា​៖ វា​មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ​ចំពោះ​ប្រព័ន្ធ​តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​គេ​ដឹង​ថា ពេល​អ្នក​មាន​លុយ​មាន​អំណាច ប្ដឹង​ជំទាស់​ទៅ​សាលាឧទ្ធរណ៍ ឬ​តុលាការ​កំពូល​នោះ លទ្ធផល​ភាគច្រើន គឺ​តុលាការ​ជាន់ខ្ពស់ តែងតែ​ជួយ​បន្ថយ​ពី​ទោស​ធ្ងន់​មក​ស្រាល ឬ​ដោះលែង​តែម្តង​។ ផ្ទុយ​ទៅវិញ ក្រុម​ជន​ជាប់ឃុំ​ដែល​មាន​ជីវភាព​ក្រីក្រ និង​ជន​ជាប់ឃុំ​ដោយ សារ​រឿង​នយោបាយ និង​សង្គម គឺ​ភាគច្រើន​ឲ្យ​តែ​សាលាដំបូង​សម្រេច​យ៉ាងណា​ហើយ ពេល​ប្ដឹង​បន្ត​ទៅ​តុលាការ​ជាន់ខ្ពស់​នោះ លទ្ធផល​ភាគច្រើន អាច​នៅ​ដដែល ឬ​ជួនកាល​អាច​ផុងខ្លួន​ធ្ងន់​ជាង​មុន​ផង​ក៏​មាន។

ក្រោយ​ឮ​ដំណឹង​ថា មាន​ការ​ដោះលែង លោក គិត ធាង នេះ អ្នកប្រើប្រាស់​បណ្ដាញ​សងុ្គម​ផ្សេងៗ​ទៀត ក៏​ចាប់ផ្តើម​បញ្ចេញ​មតិ ព្រោងព្រាត​ជា​បន្តបន្ទាប់ ដោយមាន​ការរិះគន់​ចំៗ​ទៅលើ​ប្រព័ន្ធ​តុលាការ ដោយ​ប្រៀបធៀប​គ្នា រវាង​អ្នក​ទោស គ្រឿងញៀន និង​ជន​ជាប់ចោទ ជា​អ្នក​ការពារ​បរិស្ថាន ព្រមទាំង​អ្នក​នយោបាយ​ជាដើម។

ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ ភួន កែវ​រស្មី បាន​សរសេរ អត្ថាធិប្បាយ យ៉ាង​ក្បោះក្បាយ លើ​ហ្វេ​សប៊ុក របស់​ខ្លួន​ថា៖ ជាច្រើន​ឆ្នាំ​មក​ហើយ ដែល​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា ហាក់​មិន​មាន​ភាពល្អ​ប្រសើរ​ឡើង​សោះ​។ កាលណា​ប្រជាពលរដ្ឋ​និយាយ​អំពី​តុលាការ គេ​តែង​មិន​ភ្លេច​នឹកឃើញ​ដល់​ពាក្យ “​ស្តង់ដា​រ២” ឬ​”​ស្តង់ដារ​៣” ជាដើម ដែល​ហាក់បីដូចជា ភាព​យុត្តិធម៌​ត្រូវ​បាន​ផ្តល់​អោយ​ទៅតាម​ឋានៈ នៃ​មនុស្ស​។ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ កម្ពុជា​មាន​ប្រព័ន្ធ​នីតិរដ្ឋ​ខ្សោយ​ជាងគេ​លើ​ពិភពលោក។

ភួន កែវរស្មី បាន​លើក​ទឡ្ហីករណ៍ ដោយ​ផ្អែក​លើ​របាយការណ៍ World Justice Project ដែល​បាន​បង្ហាញថា នីតិរដ្ឋ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១២៧ ក្នុងចំណោម​១២៨​ប្រទេស និង​ឈរ​នៅ​បាត​តារាង​នៅក្នុង​តំបន់​អាស៊ាន​។ ចំណាត់ថ្នាក់​នេះ​ពុំ​មាន​ការ​ប្រសើរ​ឡើង​ឡើយ ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក​។ របាយការណ៍​ដដែល​បាន​បង្ហាញ​ថា ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ត្រូវ​បាន​គេ​ប្រើប្រាស់ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​។ អំណាច​មិន​ត្រូវ​បាន​បែងចែក​ឱ្យ​ដាច់​ឡើយ​។ អំណាច​រដ្ឋាភិបាល​ហាក់​មាន​ឥទ្ធិពល​ទៅលើ​តុលាការ។ រីឯ​អំពើពុករលួយ និង​និទ្ទណ្ឌភាព (​ការ​មិន​ចាត់ការ​ជន​ដែល​ធ្វើ​ខុស​) នៅតែ​ជា​បញ្ហា​ប្រឈម​មួយ​។ ជាមួយ​គ្នា​នេះ​របាយការណ៍​ពី​អង្គការ​តម្លាភាព​អន្តរជាតិ​បាន​បង្ហាញ​ថា កម្ពុជា​ជា​ប្រទេស​មួយ ដែល​មាន​អំពើពុករលួយ​ខ្ពស់ ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១៦០ ក្នុង​ចំណោម ១៨០​ប្រទេស។

ប្រព័ន្ធ​តុលាការ​កម្ពុជា ហាក់បីដូចជា​សំណាញ់​ពីងពាង ដែល​ដាក់ទោស​បាន​ត្រឹម​តែ ពលរដ្ឋ​ដែល​គ្មាន​លុយ គ្មាន​អំណាច អ្នករងគ្រោះ​ដីធ្លី ឬ​សកម្មជន​បរិស្ថាន​ជាដើម​។​

ជាមួយ​គ្នា​នេះ ម្ចាស់​គណនី ហ្វេសប៊ុក​ដដែល ក៏​បាន​លើក​ពី​ទស្សនៈ​របស់​អ្នកវិភាគ​សង្គម​ឯករាជ្យ គឺ​លោក​បណ្ឌិត មាស នី ដែល​លោក​បាន​កត់​សម្គាល់​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា៖ “​អ្នកមាន​លុយ មានអំណាច​ហាក់​ឆុង​នឹង​ពន្ធនាគារ ព្រោះ​នៅ​មិនដែល​បាន​យូរ​នោះ​ទេ”។

Comment តប នឹង​ម្ចាស់​គណនី ហ្វេសប៊ុក ភួន កែវ រស្មី​… ម្ចាស់​គណនី ហ្វេសប៊ុក ឈ្មោះ ផាន់ សោភ័ណ្ឌ (Phan Sorphorn) បាន​បន្ទរ​ថា​៖ «អ្នកស្នេហាជាតិ​អើយ​…!! អ្នក​ពិត​ជា​ហត់នឿយ​ណាស់ ដែល​ចំណាយ​កម្លាំង​កាយ​ចិត្ត​របស់​អ្នក​ដើម្បី​មាតុភូមិ​មួយ​នេះ ថែមទាំង​គេ​ធ្វើ​បាប​គ្មាន​រក​ហេតុ​ផល​យុត្តិធម៌​ឱ្យ​អ្នក​ថែម​ទៀត ពិតជា​អាណិត​អ្នក​ណាស់​ហើយក៏​ស្រឡាញ់​ទឹកចិត្ត​អ្នក​យ៉ាង​ក្រៃលែង​ផង​ដែរ»

ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ កវី ទលដែន ក៏​បាន​រិះគន់ លើ​ការ​ដោះលែង លោក គិត ធាង អតីត ឧកញ៉ា គ្រឿង​ញៀន​នោះ ដែរ​ថា​៖ ឧក្រិដ្ឋជន​គ្រឿង​ញៀន​បំពុលសង្គម​សម្លាប់​អនាគត​មនុស្ស / ត្រូវ​បាន​ដោះលែង​..…? កុមារី​ស្រឡាញ់​ការពារ​បរិស្ថាន​ធម្មជាតិ​ដុះ​មាន​នៅ​លើ​ដែន​អធិបតី​ជាតិ ត្រូវ​គេ​ធាក់​បញ្ចូល​គុក​.!? ពិភពលោក មេត្តា ជួយ​ពិចារណា​ចុះ​..? លោក​នេះ​? មាន​ប៉ុន្មាន​នាក់​? ថ្នាក់​ដឹកនាំ​ប្រទេស​ខួរ​បញ្ច្រាស​ទិស​របៀប​នេះ​…?

Comment តប នឹង​កវី​ទល់ដែន គឺ​ម្ចាស់​គណនី​ហ្វេសប៊ុ​ក ឈ្មោះ ហាន​ម៉ុង ថង (Hannmong Thong) បាន​សរសេរ​ថា​៖ «អ្នក​ជួញ​គ្រឿងញៀន​ជួយ​បង្កើន​ទ្រព្យ​ពួក​ពាល​មានអំណាច ។ អ្នក​ការពារ​បរិស្ថាន​មក​បង្អាក់​ទ្រព្យ​ពួក​ចោរ​កាន់​អំណាច​…»

ដោយ ឡែក ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ អ៊ា ចាន់ណា (Ir Channa) ក៏​បាន​ចូលរួម Comment ក្នុង​រឿង​ឧកញ៉ា ជាប់ទោស រឿង​ជួញដូរ​គ្រឿងញៀន​ដែរ​ថា​៖ លោក គិតធាង ជាប់​ទោស​ដោយសារ​ជួញដូរ​គ្រឿងញៀន មួយរយ​:​ដែល​មាន​ឈ្មោះ​ជាប់គុក គាត់​ដេក​នៅតែ​ក្នុង​មន្ទីរពេទ្យ​មាន​ម៉ាស៊ីន​ត្រជាក់​យ៉ាង​ស្រួល ហើយ​ពេល​នេះ​គេ​លួច​ដោះលែង​ឱ្យ​មាន​សេរីភាព​បាត់​ទៅ​ហើយ​។ ចំណែក​អ្នក​ស្នេហាជាតិ ការពារ​ទឹកដី ការពារ​ផលប្រយោជន៍​កម្មករ លោក រ៉ុង ឈុន បែរជា​បន្ត​ជាប់គុក​យ៉ាង​អយុត្តិធម៌។ មាន​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​ខ្មែរ​មាន​តែ​ការ​ឈឺចាប់។

ចំណែក Comment ចុងក្រោយ​ដែល​ខ្ញុំបាទ លើក​យក​មក​បញ្ចប់ ទស្សន​មតិ​ជុំវិញ ការ​ដោះលែង លោក គិត ធាង នៅ​ពេល​នេះ គឺ​ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ ខ្ញុំ​ចង់​បាន​អ្នក​ដឹកនាំ​ថ្មីៗ ក៏​Comment ក្នុង​រឿង​នេះ​ដែរ ដោយ​ភ្ជាប់​ជាមួយ នូវ​រូបថត ជន​ពិការ​ដៃជើង ក្នុង​សម្លៀកបំពាក់​ជនជាប់ចោទ​ពណ៌​ស្លា​ទុំ ដែល​អាជ្ញាធរ​ចាប់ខ្លួន រឿង​រិះគន់​ភាព​អយុត្តិធម៌​សង្គម ដោយ​ឥត​សំចៃមាត់ គឺ លោក ភុន យុទ្ធ។

ម្ចាស់​គណនី​ហ្វេសប៊ុក រូប​នេះ សរសេរ​ដោយ​ខ្លី​ថា​៖ «​យើង​ជាប់គុក​ដើម្បី​ប្រទេស​ជាតិ មិនមែន​ចោល​ម្សៀត​លក់​គ្រឿងញៀន​បំផ្លាញ​ប្រទេស​ជាតិ​ទេ​វើយ»

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល