អ្នកប្រើប្រាស់បណ្ដាញសងុ្គមរិះគន់ការដោះលែងឈ្មួញគ្រឿងញៀន និងជាម្ចាស់ក្លឹបកម្សាន្តរ៉ក (ROCK) ឧកញ៉ា គិត ធាង ដែលត្រូវជាបងប្រុសរបស់លោក ឧកញ៉ា គិត ម៉េង។ មតិរិះគន់ទាំងនោះ សំដៅចំៗទៅលើអំណាចតុលាការ ថា កំពុងអនុវត្តស្តង់ដារ ២ រវាងក្រុមឧកញ៉ា និងមានអំណាច ដែលគាំទ្របក្សកាន់អំណាច និងអ្នកតស៊ូមតិ ដើម្បីយុត្តិធម៌សង្គម និងសកម្មជនការពារបរិស្ថាន។
ជាដំបូង ខ្ញុំ បាទ សូមលើកយកទស្សនៈ ឬ ខមមិន (Comment) របស់ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះដាន ហេង (Dan Heng) ដែលគាត់បានសរសេរ ឌឺដង ផ្លែផ្កា ជាចំហ ប៉ុន្តែគាត់បានផុស រូបថត លោក គិត ធាង និងក្លឹបកម្សាន្តរ៉ក (ROCK) ភ្ជាប់មកជាមួយផងថា៖ «ស្ងាត់ៗ ឧកញ៉ា គិត ធាង ដែលជាប់ចោទក្នុងសំណុំរឿងគ្រឿងញៀនជិត៥០គីឡូក្រាម ត្រូវបានសាលាឧទ្ធរណ៍សម្រេចដោះលែងឱ្យមានសេរីភាព ក្រោយជាប់ឃុំក្នុងគុក VIP មិនបានប៉ុន្មានខែផង។ សូមអបអរសាទរ»។
ចំណែក ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ហង្ស មៀង គូ (Hang Meang Khou) ក៏បាន Comment ចំពោះរឿងនេះដែរ ដោយ ដាក់រូប លោក គិត ធាង និង រូប លោក កឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិ ដែលកំពុងជាប់បណ្ដឹងនៅតុលាការ។
ម្ចាស់គណនីយ ហ្វេសប៊ុកនេះ បានសរសេរថា៖ រឿងក្ដីពីរនេះខុសគ្នាស្រឡះ !
១ / លោកគិត ធាង ដែលជាមេក្លោងចែកចាយគ្រឿងញៀនត្រូវបានតុលាការដោះលែង!
២ / ឯកឧត្ដម កឹម សុខា មកដល់សព្វថ្ងៃនេះ មិនមានភស្តុតាងណាច្បាស់លាស់ដែលដាក់បន្ទុកមកលើរូបគាត់ បែរជាតុលាការផ្អាប់សំណុំរឿងមិនព្រមដោះស្រាយ។
ដោយ ឡែក ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ មនោ ទេព (Mono Tep) បានសរសេររិះគន់ពាក់ព័ន្ធនឹងការដោះលែងលោក គិត ធាង នេះដែរថា៖ បងប្រុសរបស់ឧកញ៉ា គិត ម៉េង និងជាម្ចាស់ក្លឹបកម្សាន្តរ៉ក (ROCK) ឧកញ៉ា គិត ធាង ដែលជាប់ចោទក្នុងសំណុំរឿងគ្រឿងញៀនជិត ៥០គីឡូក្រាមនោះ ត្រូវបានសាលាឧទ្ធរណ៍ សម្រេចដោះលែងដោយស្ងាត់ៗ។ នេះបើតាមប្រភពដែលគួរឲ្យទុកចិត្ត បានទម្លាយប្រាប់អាស៊ីសេរី នៅថ្ងៃទី១៤ ឧសភា។
ម្ចាស់គណនីហ្វេសប៊ុកដដែលនេះ សរសេរទៀតថា៖ មន្ត្រីសិទ្ធិមនុស្ស និងគ្រួសាររបស់សកម្មជនបរិស្ថានដែលកំពុងជាប់ឃុំរិះគន់ថា ករណីនេះ គឺជាការអនុវត្តច្បាប់ស្តង់ដារពីរ។
ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ មនោ ទេព (Mono Tep) បន្តថា៖ វាមិនមែនជារឿងចម្លែកនោះទេចំពោះប្រព័ន្ធតុលាការនៅក្នុងប្រទេសកម្ពុជា ដែលគេដឹងថា ពេលអ្នកមានលុយមានអំណាច ប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍ ឬតុលាការកំពូលនោះ លទ្ធផលភាគច្រើន គឺតុលាការជាន់ខ្ពស់ តែងតែជួយបន្ថយពីទោសធ្ងន់មកស្រាល ឬដោះលែងតែម្តង។ ផ្ទុយទៅវិញ ក្រុមជនជាប់ឃុំដែលមានជីវភាពក្រីក្រ និងជនជាប់ឃុំដោយ សាររឿងនយោបាយ និងសង្គម គឺភាគច្រើនឲ្យតែសាលាដំបូងសម្រេចយ៉ាងណាហើយ ពេលប្ដឹងបន្តទៅតុលាការជាន់ខ្ពស់នោះ លទ្ធផលភាគច្រើន អាចនៅដដែល ឬជួនកាលអាចផុងខ្លួនធ្ងន់ជាងមុនផងក៏មាន។
ក្រោយឮដំណឹងថា មានការដោះលែង លោក គិត ធាង នេះ អ្នកប្រើប្រាស់បណ្ដាញសងុ្គមផ្សេងៗទៀត ក៏ចាប់ផ្តើមបញ្ចេញមតិ ព្រោងព្រាតជាបន្តបន្ទាប់ ដោយមានការរិះគន់ចំៗទៅលើប្រព័ន្ធតុលាការ ដោយប្រៀបធៀបគ្នា រវាងអ្នកទោស គ្រឿងញៀន និងជនជាប់ចោទ ជាអ្នកការពារបរិស្ថាន ព្រមទាំងអ្នកនយោបាយជាដើម។
ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ភួន កែវរស្មី បានសរសេរ អត្ថាធិប្បាយ យ៉ាងក្បោះក្បាយ លើហ្វេសប៊ុក របស់ខ្លួនថា៖ ជាច្រើនឆ្នាំមកហើយ ដែលប្រព័ន្ធយុត្តិធម៌កម្ពុជា ហាក់មិនមានភាពល្អប្រសើរឡើងសោះ។ កាលណាប្រជាពលរដ្ឋនិយាយអំពីតុលាការ គេតែងមិនភ្លេចនឹកឃើញដល់ពាក្យ “ស្តង់ដារ២” ឬ”ស្តង់ដារ៣” ជាដើម ដែលហាក់បីដូចជា ភាពយុត្តិធម៌ត្រូវបានផ្តល់អោយទៅតាមឋានៈ នៃមនុស្ស។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ កម្ពុជាមានប្រព័ន្ធនីតិរដ្ឋខ្សោយជាងគេលើពិភពលោក។
ភួន កែវរស្មី បានលើកទឡ្ហីករណ៍ ដោយផ្អែកលើរបាយការណ៍ World Justice Project ដែលបានបង្ហាញថា នីតិរដ្ឋកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១២៧ ក្នុងចំណោម១២៨ប្រទេស និងឈរនៅបាតតារាងនៅក្នុងតំបន់អាស៊ាន។ ចំណាត់ថ្នាក់នេះពុំមានការប្រសើរឡើងឡើយ ចាប់តាំងពីឆ្នាំ២០១៥មក។ របាយការណ៍ដដែលបានបង្ហាញថា ប្រព័ន្ធយុត្តិធម៌កម្ពុជាត្រូវបានគេប្រើប្រាស់ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។ អំណាចមិនត្រូវបានបែងចែកឱ្យដាច់ឡើយ។ អំណាចរដ្ឋាភិបាលហាក់មានឥទ្ធិពលទៅលើតុលាការ។ រីឯអំពើពុករលួយ និងនិទ្ទណ្ឌភាព (ការមិនចាត់ការជនដែលធ្វើខុស) នៅតែជាបញ្ហាប្រឈមមួយ។ ជាមួយគ្នានេះរបាយការណ៍ពីអង្គការតម្លាភាពអន្តរជាតិបានបង្ហាញថា កម្ពុជាជាប្រទេសមួយ ដែលមានអំពើពុករលួយខ្ពស់ ដែលស្ថិតនៅចំណាត់ថ្នាក់លេខ១៦០ ក្នុងចំណោម ១៨០ប្រទេស។
ប្រព័ន្ធតុលាការកម្ពុជា ហាក់បីដូចជាសំណាញ់ពីងពាង ដែលដាក់ទោសបានត្រឹមតែ ពលរដ្ឋដែលគ្មានលុយ គ្មានអំណាច អ្នករងគ្រោះដីធ្លី ឬសកម្មជនបរិស្ថានជាដើម។
ជាមួយគ្នានេះ ម្ចាស់គណនី ហ្វេសប៊ុកដដែល ក៏បានលើកពីទស្សនៈរបស់អ្នកវិភាគសង្គមឯករាជ្យ គឺលោកបណ្ឌិត មាស នី ដែលលោកបានកត់សម្គាល់លើទំព័រហ្វេសប៊ុករបស់លោកថា៖ "អ្នកមានលុយ មានអំណាចហាក់ឆុងនឹងពន្ធនាគារ ព្រោះនៅមិនដែលបានយូរនោះទេ"។
Comment តប នឹងម្ចាស់គណនី ហ្វេសប៊ុក ភួន កែវ រស្មី… ម្ចាស់គណនី ហ្វេសប៊ុក ឈ្មោះ ផាន់ សោភ័ណ្ឌ (Phan Sorphorn) បានបន្ទរថា៖ «អ្នកស្នេហាជាតិអើយ… !! អ្នកពិតជាហត់នឿយណាស់ ដែលចំណាយកម្លាំងកាយចិត្តរបស់អ្នកដើម្បីមាតុភូមិមួយនេះ ថែមទាំងគេធ្វើបាបគ្មានរកហេតុផលយុត្តិធម៌ឱ្យអ្នកថែមទៀត ពិតជាអាណិតអ្នកណាស់ហើយក៏ស្រឡាញ់ទឹកចិត្តអ្នកយ៉ាងក្រៃលែងផងដែរ»។
ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ កវី ទលដែន ក៏បានរិះគន់ លើការដោះលែង លោក គិត ធាង អតីត ឧកញ៉ា គ្រឿងញៀននោះ ដែរថា៖ ឧក្រិដ្ឋជនគ្រឿងញៀនបំពុលសង្គមសម្លាប់អនាគតមនុស្ស / ត្រូវបានដោះលែង..…? កុមារីស្រឡាញ់ការពារបរិស្ថានធម្មជាតិដុះមាននៅលើដែនអធិបតីជាតិ ត្រូវគេធាក់បញ្ចូលគុក.!? ពិភពលោក មេត្តា ជួយពិចារណាចុះ..? លោកនេះ? មានប៉ុន្មាននាក់? ថ្នាក់ដឹកនាំប្រទេសខួរបញ្ច្រាសទិសរបៀបនេះ…?
Comment តប នឹងកវីទល់ដែន គឺម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ហានម៉ុង ថង (Hannmong Thong) បានសរសេរថា៖ «អ្នកជួញគ្រឿងញៀនជួយបង្កើនទ្រព្យពួកពាលមានអំណាច ។ អ្នកការពារបរិស្ថានមកបង្អាក់ទ្រព្យពួកចោរកាន់អំណាច…»។
ដោយ ឡែក ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ អ៊ា ចាន់ណា (Ir Channa) ក៏បានចូលរួម Comment ក្នុងរឿងឧកញ៉ា ជាប់ទោស រឿងជួញដូរគ្រឿងញៀនដែរថា៖ លោក គិតធាង ជាប់ទោសដោយសារជួញដូរគ្រឿងញៀន មួយរយ:ដែលមានឈ្មោះជាប់គុក គាត់ដេកនៅតែក្នុងមន្ទីរពេទ្យមានម៉ាស៊ីនត្រជាក់យ៉ាងស្រួល ហើយពេលនេះគេលួចដោះលែងឱ្យមានសេរីភាពបាត់ទៅហើយ។ ចំណែកអ្នកស្នេហាជាតិ ការពារទឹកដី ការពារផលប្រយោជន៍កម្មករ លោក រ៉ុង ឈុន បែរជាបន្តជាប់គុកយ៉ាងអយុត្តិធម៌។ មានលោក ហ៊ុន សែន ដឹកនាំប្រទេសខ្មែរមានតែការឈឺចាប់។
ចំណែក Comment ចុងក្រោយដែលខ្ញុំបាទ លើកយកមកបញ្ចប់ ទស្សនមតិជុំវិញ ការដោះលែង លោក គិត ធាង នៅពេលនេះ គឺម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ខ្ញុំចង់បានអ្នកដឹកនាំថ្មីៗ ក៏Comment ក្នុងរឿងនេះដែរ ដោយភ្ជាប់ជាមួយ នូវរូបថត ជនពិការដៃជើង ក្នុងសម្លៀកបំពាក់ជនជាប់ចោទពណ៌ស្លាទុំ ដែលអាជ្ញាធរចាប់ខ្លួន រឿងរិះគន់ភាពអយុត្តិធម៌សង្គម ដោយឥតសំចៃមាត់ គឺ លោក ភុន យុទ្ធ។
ម្ចាស់គណនីហ្វេសប៊ុក រូបនេះ សរសេរដោយខ្លីថា៖ «យើងជាប់គុកដើម្បីប្រទេសជាតិ មិនមែនចោលម្សៀតលក់គ្រឿងញៀនបំផ្លាញប្រទេសជាតិទេវើយ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។