សាលាឧទ្ធរណ៍​បាត់ដំបង​តម្កល់​សាលក្រម​ផ្ដន្ទាទោស​សកម្មជន​បក្ស​ភ្លើងទៀន ២​នាក់​​ដដែល

0:00 / 0:00

សាលាឧទ្ធរណ៍​បាត់ដំបង​តម្កល់​សាលក្រម​ផ្ដន្ទាទោស​សកម្មជន​បក្ស​ភ្លើងទៀន​នៅ​ខេត្តពោធិ៍សាត់​ពីរ​នាក់​ឱ្យ​ជាប់គុក​២​ឆ្នាំ​ដដែល។ ប៉ុន្តែ​ក្រុម​គ្រួសារ និង​មន្ត្រី​សិទ្ធិមនុស្ស​ចាត់ទុក​ការ​សម្រេច​នេះ​ថា ជា​រឿង​អយុត្តិធម៌​សម្រាប់​សកម្មជន​នយោបាយ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​សេរី ។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍​បាត់ដំបង បានសម្រេច​តម្កល់​សាលក្រម​ផ្ដន្ទាទោស​សកម្មជន​គណ​បក្ស​ភ្លើងទៀន គឺ​លោក អ៊ុក សៅវ៉ារិន កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២២ និង​លោក ឈួន ឈឿង កាល​ទី​១២ ខែ​មករា ឱ្យ​ជាប់គុក​ម្នាក់ៗ​២​ឆ្នាំ ក្នុង​សំណុំរឿង​រៀបចំ​បញ្ជី​ដាក់ពាក្យ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ អាណត្តិ​ទី​៥ ដោយ​ចោទ​ពី​បទ «​ក្លែងបន្លំ​ឯកសារ​សាធារណៈ​»​។ ក្រុម​គ្រួសារ​ចាត់ទុក​ការសម្រេច​របស់​សាលាឧទ្ធរណ៍​ខេត្ត​បាត់ដំបង ថា ជា​រឿង​មិន​ត្រឹមត្រូវ និង​មិនអាច​ទទួលយក​បាន​ឡើយ។

ប្រពន្ធ​សកម្មជន​គណបក្ស​ភ្លើងទៀន​ដែល​កំពុង​ជាប់ឃុំ​លោក ឈួន ឈឿង គឺ​លោកស្រី ជូ ឈឿន សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​ការ​តម្កល់​សាលក្រម​ផ្ដន្ទាទោស​ប្ដី​លោកស្រី​ដែល​គ្មាន​ទោសកំហុស។ លោកស្រី​ចាត់ទុក​ការ​សម្រេច​ពេល​នេះ គឺជា​រឿង​អយុត្តិធម៌​បន្ថែម​ទៀត​ពី​សាលាដំបូង​ខេត្ត​ដែល​បង្ហាញ​កាន់តែ​ច្បាស់​ថា ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ​។ អ្នកស្រី​អះអាង​ថា សវនាការ​កន្លងមក​តុលាការ​គ្មាន​ភស្តុតាង​ចោទប្រកាន់​ប្តី​លោកស្រី​ឡើយ សូម្បីតែ​សាក្សី​ដែល​ចូល​បំភ្លឺ​នៅមុខ​តុលាការ​ក៏បាន​បញ្ជាក់​ថា ប្តី​លោកស្រី​ជា​បុគ្គល​ស្អាតស្អំ​ដោយ​តុលាការ​មិន​គួរ​សម្រេច​បែបនេះ​នោះ​ទេ​។ ទោះ​យ៉ាងណា​ប្រពន្ធ​សកម្មជន​បក្ស​ភ្លើងទៀន​រូប​នេះ​ឱ្យ​ដឹង​ថា អ្នកស្រី​នឹង​ប្តឹង​ប្រឆាំង​នឹង​សាលដីកា​នេះ​ទៅ​តុលាការ​កំពូល​ដើម្បី​ស្វែងរក​យុត្តិធម៌​ឱ្យ​ប្តី​ឆាប់ៗ​នេះ។

លោកស្រី ជូ ឈឿន៖ «វា​អយុត្តិធម៌​អ៊ីចឹង​ខ្ញុំ​អត់​ឯកភាព អត់​យល់ព្រម​ទេ ពីព្រោះ​ប្តី​របស់ខ្ញុំ​គ្មាន​ទោស​កំហុស​អ្វី​ទាល់តែ​សោះ គ្មាន​ខុស​អ្វី​ទេ វា​អយុត្តិធម៌​ពេក​ហើយ ខ្ញុំ​អត់​ព្រម​ទេ បើ​ថា​មិនបាន​អ្វី​សោះ​គួរ​បន្ធូរបន្ថយ​ខ្លះទៅ​គ្រាន់​ខ្ញុំ​ឯកភាព អានេះ​អត់​មាន​កំហុស​អ្វី​សោះ​គ្រាន់តែ​នយោបាយ​កិច្ចកល​ហ្នឹង»។

ស្រដៀង​គ្នា​នេះ​ដែរ កូនប្រុស​សកម្មជន​គណបក្ស​ភ្លើងទៀន​ខេត្ត​ពោធិ៍សាត់​លោក អ៊ុក សៅវ៉ារិន គឺ​លោក អ៊ុក សៅសុភារ៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា សំណុំរឿង​ឪពុក​របស់​លោក ប្រសិនបើ​តុលាការ​បំពេញ​ការងារ​ដោយ​ត្រឹមត្រូវ និង​ឥត​លម្អៀង​នោះ ឪពុក​របស់​លោក​នឹង​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់ ពីព្រោះ​គាត់ ពុំបាន​ក្លែង​ឯកសារ​ដូច​ការ​ចោទ​ប្រកាន់​ឡើយ​។ លោក​ចាត់ទុក​សេចក្តី​សម្រេច​របស់​សាលាឧទ្ធរណ៍​បាត់ដំបង​ធ្វើឡើង​មិន​ត្រឹមត្រូវ និង​មិន​ផ្តល់​យុត្តិធម៌​ដល់​ឪពុក​របស់​លោក ខណៈ​គ្រួសារ​កំពុង​រង​ទុក្ខ​លំបាក​ផ្លូវចិត្ត ជាពិសេស​ជីវភាព​ប្រចាំថ្ងៃ​ក្រោយ​បាត់​មេ​គ្រួសារ។

លោក អ៊ុក សៅវ៉ារិន៖ «ចាប់តាំងពី​ដំបូង​ការចោទប្រកាន់​មក​លើ​ឪពុក​របស់ខ្ញុំ​ជា​រឿង​អយុត្តិធម៌​បាត់​ទៅ​ហើយ ពីព្រោះ​ការ​កាត់ទោស​ឪពុក​របស់ខ្ញុំ​ពីរ​ឆ្នាំ​ទាំង​គ្មាន​កំហុស ថែមទាំង​ឃុំខ្លួន​ហើយ​ឡើង​ទៅ​សាលាឧទ្ធរណ៍​ក៏​មិន​មាន​ព័ត៌មាន​អ្វី​ឱ្យ​ក្រុម​គ្រួសារ​បាន​ដឹង​ថា ត្រូវ​ដោះលែង ឬក៏​លើកលែង​អី​យ៉ាង​មិច គឺ​អត់​មានតែ​ម្តង»។

ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​បាត់ដំបង អ្នកស្រី ទៀង សំបូរ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​តុលាការ​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​នីតិវិធី និង​ពេលវេលា​កំណត់​។ អ្នកស្រី​បញ្ជាក់​ថា ក្រោយ​សាលដីកា​ចេញ​រួចហើយ បើសិន​គ្រួសារ​លោក អ៊ុក សៅសុភារ៉ា និង ឈួន ឈឿង មិន​សុខចិត្ត​ចំពោះ​ការសម្រេច​ទាំងនោះ​ពួកគេ​មាន​សិទ្ធិ​ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​បន្ត​ទៀត​បាន។

បច្ចុប្បន្ន​មាន​សកម្មជន​បក្ស​ភ្លើងទៀន​ខេត្តពោធិ៍សាត់​ចំនួន​ពីរ​នាក់​កំពុង​ជាប់​ពន្ធនាគារ គឺ​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ​អន្សាចំបក់ ស្រុក​ក្រគរ លោក អ៊ុក សៅវ៉ារិន និង​បេក្ខជន​មេឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង លោក ឈួន ឈឿង។ ពួកគាត់​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​ចាប់​ឃុំខ្លួន​នៅ​ដើម​ខែ​មីនា ឆ្នាំ​២០២២ ពាក់ព័ន្ធ​ការរៀបចំ​បញ្ជី​ដាក់ពាក្យ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ អាណត្តិ​ទី​៥ ក្រោយមក​សាលាដំបូង​ខេត្ត​នេះ​បាន​ផ្ដន្ទាទោស​ពួកគាត់​ដាក់​​ពន្ធនាគារ​ម្នាក់​២​ឆ្នាំ ពី​បទ « ក្លែងបន្លំ​ឯកសារ​សាធារណៈ»។

ជុំវិញ​រឿង​នេះ អ្នកឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ពោធិ៍សាត់​លោក ចឹក ចិត្ត្រា យល់ថា ការសម្រេច​របស់​សាលា​ឧទ្ធរណ៍​បាត់ដំបង ជា​រឿង​អយុត្តិធម៌​សម្រាប់ លោក ឈួន ឈឿង និង​លោក អ៊ុក សៅវ៉ារិន ពីព្រោះ​ពួកគាត់​ពុំបាន​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​អ្វី​ឡើយ​។ លោក​ថា បើ​ផ្អែកលើ​អង្គហេតុ ភស្តុតាង និង​សាក្សី​កន្លងមក ការសម្រេច​របស់​តុលាការ គឺ​មិន​សម​ហេតុផល​ក្នុង​ការ​ផ្ដន្ទាទោស​សកម្មជន​ទាំង​នោះ​ទេ​។ លោក ចឹក ចិត្ត្រា អំពាវនាវ​ដល់​រដ្ឋាភិបាល​ត្រូវ​បើក​លំហ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ ដើម្បី​ឱ្យ​បរិយាកាស​នយោបាយ​ល្អ​មុន​ការ​បោះឆ្នោត​ខាងមុខ​នេះ។

លោក ចឹក ចិត្ត្រា៖ «ពួកគាត់​ទទួលរង​ភាព​អយុត្តិធម៌​ដោយសារតែ​ការ​ចោទ​ប្រកាន់ ណាមួយ​យើង​នៅតែ​ស្នើ​សុំ​ឱ្យ​តុលាការ​គួរ​ធ្វើការ​ស៊ើបអង្កេត ដើម្បី​រក​អង្គហេតុ​ឱ្យ​បាន​ជាក់លាក់​ទៅលើ​ពួកគាត់ តើ​ពួកគាត់​ពិតជា​រង​ភាព​អយុត្តិធម៌​ពិតប្រាកដ​មែន​អត់»។

សហគមន៍​ជាតិ និង​អន្តរជាតិ ជាពិសេស​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ធំៗ បាន​ចាត់ទុក​រឿងក្ដី​ក្ដាំ​ទាំងនេះ ថា ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ និង​ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន ចំពោះ​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​បង្ក្រាប​សំឡេង​គណបក្ស​ភ្លើងទៀន ដែល​លេចធ្លោ និង​ជា​ដៃគូ​ប្រកួតប្រជែង​ជាមួយ​គណបក្ស​កាន់អំណាច​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៧​។ ទន្ទឹម​នឹង​នេះ ពួកគេ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះលែង​សកម្មជន​ទាំងនោះ​ដោយ​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។