តុលាការ​ចេញ​ដីកា​ឃុំ​ខ្លួន​ជន​សង្ស័យ ៥នាក់ ពី​បទ​ពាក់ព័ន្ធ​ការ​ជួល​ស្រ្តី​ខ្មែរ​ឲ្យ​ពពោះ​ជំនួស

សាលាដំបូងរាជ​ធានីភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា បាន​ចេញ​ដីកា​ឃុំ​ខ្លួន​ជន​សង្ស័យ​ចំនួន ៥នាក់ ជុំវិញ​បទ​ល្មើស​ជួល​ស្រ្តី​ឲ្យ​ពពោះ​ជំនួស។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាន់ណា ឲ្យ​កាសែត​ក្នុង​ស្រុក​មួយ​ដឹង​ថា ជន​សង្ស័យ​ទាំង ៥នាក់​នេះ ត្រូវ​បាន​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់​ពី​បទ «ការ​ជួញ​ដូរ​មនុស្ស​ដោយ​ឆ្លង​ដែន និង​បទ​អន្តរការី​ជាមួយ​ស្រ្តី​ពពោះ»។ កាល​ពី​ថ្ងៃ​ទី២១ ខែ​មិថុនា កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន បាន​ចុះ​ឆែកឆេរ​ផ្ទះ​វីឡា​លេខ ២A និង​លេខ ៩A ផ្លូវ​លេខ ៣៤៨ ​ស្ថិត​នៅ​ក្នុង​បុរី វិមាន​ភ្នំពេញ ហើយ​បាន​ឃាត់​ខ្លួន​មនុស្ស​សរុប​ចំនួន ៤៣នាក់ រាប់​ទាំង​កុមារ​ផង និង​បាន​រំដោះ​នារី​រងគ្រោះ​ចំនួន ៣៣នាក់។

ក្រោយ​ពី​ការ​សាកសួរ​រួច ​ស្រ្តី​ពពោះ​ជំនួស​ចំនួន ៣៣នាក់ ត្រូវ​បាន​បញ្ជួន​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ រីឯ​អ្នក​មិន​ពាក់ព័ន្ធ បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ នារី​រង​គ្រោះ​ម្នាក់ ឲ្យ​ដឹង​ថា នាង​សម្រេច​ស៊ី​ឈ្នួល​ពរ​ពោះ​ជំនួស​នេះ គឺ​ដោយសារ​ទទួល​បាន​ប្រាក់​កំរៃ​ចំនួន ១ម៉ឺន​ដុល្លារ ដោយ​ផ្តល់​ឲ្យ​ខែ​ដំបូង​ចំនួន ៥០០​ដុល្លារ ខែ​បន្ទាប់ៗ បាន ៣០០​ដុល្លារ ហើយ​រហូត​ដល់​ទារក​កើត ទើប​ផ្តល់​ប្រាក់​បន្ថែម​ដែល​នៅ​សល់។

ករណីពពោះនេះមិនមែន​ជា​ករណី​ទី​មួយ​នោះ​ទេ គឺ​កាល​ពី​ថ្ងៃ​ទី៣ ខែ​សីហា ឆ្នាំ ២០១៧ តុលាការ​របប​ក្រុង​ភ្នំពេញ បាន​កាត់​ទោស ​ស្ត្រី​សញ្ជាតិ​អូស្ត្រាលី​ឈ្មោះ ឆាលស៍ ថាំមី អាឡេន (Charles Tammy Alayne) ឱ្យ​ជាប់​ពន្ធនាគារ ១៨​ខែ និង​ពិន័យ​ជា​ប្រាក់ ៤​លាន​រៀល ដោយសារ​ស្ត្រី​ជនជាតិ​អូស្ត្រាលី​រូប​នេះ បាន​ជួល​ស្រី​ខ្មែរ ២នាក់​ឱ្យ​ពពោះ​កូន​ជំនួស និង​បញ្ជូន​ក្មេង​ដែល​កើត​ទៅ​ឱ្យ​អតិថិជន​នៅ​ក្រៅ​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។