អាវុធហត្ថ​បញ្ជូន​ឧកញ៉ា គង់ ក្រឹង និង​កូន​ប្រសា​ទៅ​តុលាការ​ខេត្ត​ក្រចេះ

គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​បញ្ជូន​ជនសង្ស័យ​ជា ឧកញ៉ា គង់ ក្រឹង និង​កូន​ប្រសា​ឈ្មោះ ម៉ាត់ ណាស៊ាត ទៅ​តុលាការ​ខេត្ត​ក្រចេះ​ហើយ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​សីហា។

អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី បដិសេធ​មិន​អធិប្បាយ​លម្អិត​ជុំវិញ​បញ្ហា​នេះ​ទេ ដោយ​លើក​ហេតុផល​ថា ជា​នីតិវិធី​របស់​អយ្យការ និង​តុលាការ​ខេត្ត​ក្រចេះ។

អាស៊ីសេរី​បាន​ទាក់ទង​ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​ក្រចេះ លោក កែវ សុភាព ដើម្បី​សុំ​ការ​អធិប្បាយ​បន្ថែម​ទាក់ទិន​រឿង​នេះ តែ​លោក​ឆ្លើយ​ថា ទូរស័ព្ទ​ស្ដាប់​មិន​ឮ នៅ​ថ្ងៃ​ដដែល​នេះ។

កាល​ពី​យប់​ថ្ងៃ​ទី​១៥ សីហា គណៈកម្មការ​ជាតិ​បានសម្រេច​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ទាក់ទិន​បទល្មើស​ព្រៃឈើ គឺ​ឧកញ៉ា គង់ ក្រឹ​ង និង​បុរស​ម្នាក់ទៀត ដែល​ត្រូវជា​កូន​ប្រសា ឈ្មោះ ម៉ាត់ ណាស៊ាត។ ការ​ឃាត់ខ្លួន​នេះ គឺ​ក្រោយពី​បាន​សាកសួរ​ពេញ​មួយថ្ងៃ ទាក់ទិន​បទល្មើស​ព្រៃឈើ​ឆ្លងដែន​ទៅ​វៀតណាម និង​ការ​បើក​ទីតាំង​ប្រមូល​ទិញ​ឈើ​ខ្នាត​ធំ នៅ​ជាប់​ព្រំដែន​វៀតណាម ក្នុងស្រុក​ស្នូល ខេត្ត​ក្រចេះ។

សកម្មជន​បរិស្ថាន​​រក​ឃើញ​ថា ឧកញ៉ា គង់ ក្រឹង បាន​ចាប់ផ្ដើម​ធ្វើ​អាជីវកម្ម​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ និង​រត់ពន្ធ​ឈើ​ឆ្លងដែន​ខុសច្បាប់​ទៅ​វៀតណាម តាំងពី​ឆ្នាំ​២០១៣ ចំណេញ​ប្រាក់​រាប់​លាន​ដុល្លារ និង​ទទួល​បាន​ងារ​ជា​ឧកញ៉ា​។ ឧកញ៉ា​រូប​នេះ ក៏​មាន​តួនាទី​ជា​មន្ត្រី​យោធា​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។