សាលក្រម​សំណុំរឿង​មន្ត្រី​ អាដហុក និង ​គ.ជ.ប​ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​២៦ កញ្ញា

ស្ងួន អមរា
2018.09.19
មន្ត្រី​អាដហុក ៤​នាក់ ២០១៨ ៨៥៥ អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា (រូបឈរ)។ ពី​ឆ្វេង​ខាងលើ៖ មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និងលោក នី សុខា។ អ្នក​ទាំង​​៥ ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ពី​បទ​សូក​ប៉ាន់សាក្សី និង​សម​គំនិត​សូកប៉ាន់​សាក្សី។
RFA

ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ប្រកាស​សាលក្រម​សំណុំរឿង សូកប៉ាន់​សាក្សី លើ​អ្នកការពារ​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (Adhoc) ៤​នាក់ និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ម្នាក់ នៅ​ថ្ងៃ​ទី​២៦ កញ្ញា។ អ្នកឃ្លាំមើល​សវនាការ ថា ការ​ដេញដោល​ពេញ​មួយ​ថ្ងៃ ទល់​ព្រលប់ ចៅក្រម​រក​មិន​ឃើញ​ថា នរណា​ជា​សាក្សី​បង្កើត​សំណុំ​រឿង​នេះ​ឲ្យ​ពិតប្រាកដ ខណៈ​ដែល ស្ត្រី​ឈ្មោះ ខុម ចាន់តារាទី និង​អ្នកស្រី​មេធាវី ទ្រី ឈួន ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​សំណុំ​រឿង​នេះ នៅតែ​អវត្តមាន​ក្នុង​សវនាការ។

អ្នកឃ្លាំមើល​សវនាការ និង​ជា​អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​អាស៊ីសេរី នៅ​ក្រោយ​សវនាការ​ថា បើ​ទោះ​ជា អ្នក​ទាំង​៥ បាន​បង្ហាញ​ពី​ភាព​ស្អាតស្អំ ក្នុង​វិជ្ជាជីវៈ​អ្នកការពារ​សិទ្ធិមនុស្ស​បែប​ណា ចៅក្រម និង​តំណាង​អយ្យការ​ហាក់​ព្យាយាម​ដាក់​បន្ទុក​លើ​អ្នក​ទាំង​៥​ជា​ខ្លាំង។ លោក ស៊ឹង សែនករុណា សោកស្ដាយ​ចំពោះ​សវនាការ​ទាំង​ពីរ​ដង នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​មិន​មាន​វត្តមាន​របស់​តួអង្គ​សំខាន់​២​នាក់ ក្នុង​រឿង​នេះ គឺ ស្ត្រី​ឈ្មោះ ខុម ចាន់តារាទី និង​អ្នកស្រី​មេធាវី ទ្រី ឈួន ដែល​កាន់​សំណុំរឿង​ស្ត្រី ខុម ចាន់តារាទី នៅ​ពេល​នាង​មក​សុំ​ជំនួយ​ផ្លូវច្បាប់​ពី​សមាគម​អាដហុក៖ «អ្នកធ្វើការ​នៅ​អាដហុក​ទាំងអស់​ទៅ​ស្បថ តាម​សាក្សី​ដោយ​របៀប​ម៉េច​នេះ​គឺជា​សំណួរ​ដែល​ត្រូវ​សុំ​ស្នើ​ទៅដល់​ចៅក្រម អង្គ​ជំនុំជម្រះ​ទាំង ៣​រូប​ពិចារណា​អំពី​សំណួរ​នេះ ព្រោះ​រាល់​ការ​លើកឡើង​ទាំងអស់​នេះ​ត្រូវ​បាន​មេធាវី​ធ្វើ​ការ​លើក​ឡើង​ក្នុង​សវនាការ​រួចមក​ហើយក៏​ជា​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​សាធារណជន​ធ្វើការ​ពិចារណា​ក្នុង​រឿង​នេះ​បាទ! ថា​តើ​សមាគម​អាដហុក​ដូច​ដែល​មាន​លក្ខណៈ​ចោទប្រកាន់​បែបនេះ​រឺ​អត់​ក្នុង​ពេល ដែល​ខ្លួន​បាន​ចាប់​ឃុំ​ក្នុង​ពន្ធនាគារ​រហូតដល់​១៤​ខែ មួយថ្ងៃ ដោយ​រក​សាក្សី​មិន​ឃើញ ដូចនេះ​សូម​សាធារណជន​មេត្តា​ជួយ​ធ្វើការ​ពិចារណា តើ​វា​ជា​រឿង​មួយ​ដែល​យុត្តិធម៌​ដែរ​រឺ​ទេ? យក​មនុស្ស​ទៅ ឃុំ​ទាំង​រក​សាក្សី​មិន​ឃើញ​ផង តើ​មាន​លក្ខណៈ​ស័ក្ដិសម​ដែរ​រឺទេ? នាង ខុម ចាន់តារាទី មិនមែន​ជា​សាក្សី​នោះ​ទេ នៅ​ពេល​ដែល​យើង​ចូល​ស្ដាប់​សវនាការ រយៈពេល​ពេញ​មួយថ្ងៃ​នោះ យើង​មិន​ទាន់​កំណត់​បាន​នោះ​ទេ​បាទ»

កាលពី​ថ្ងៃ​ទី​២៧ សីហា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​លើក​ពេល​សវនាការ​សំណុំរឿង​មន្ត្រី​សមាគម អាដហុក និង​មន្ត្រី គ​.ជ​.​ប មក​ថ្ងៃទី​១៨ ខែ​កញ្ញា​វិញ ដោយសារ​តួអង្គ​សំខាន់ៗ មួយ​ចំនួន​ក្នុង​សំណុំ​រឿង​នេះ អវត្តមាន​ក្នុង​សវនាការ។ កាលណោះ អ្នក​បញ្ជូន​ដីកាកោះ​របស់​តុលាការ មិន​បាន​បញ្ជូន ដីកា​កោះហៅ​ឲ្យ​មន្ត្រី​អាដហុក​២​រូប គឺ លោក នី សុខា និង​អ្នកស្រី លឹម មុន្នី។ ចំណែក​ឯ​សាក្សី​ទាំង​៧​នាក់ ក្នុង​សំណុំ​រឿង​នេះ អវត្តមាន​៦​នាក់ ក្នុង​នោះ ក៏​មាន ស្ត្រី​ឈ្មោះ ខុម ចាន់តារាទី ដែល​ជា​សាក្សី​សំខាន់។

កាលពី​ឆ្នាំ​២០១៦ អ្នកការពារ​សិទ្ធិមនុស្ស​សមាគម​អាដហុក ចំនួន​៤​រូប គឺ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី ព្រមទាំង​អគ្គលេខាធិការ​រង នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​សមាគម អាដហុក លោក នី ចរិយា ផង បាន​រង​ការចោទប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី​ក្នុង​សំណុំរឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​នោះ និង​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ ហើយ​ដែល​ត្រូវ​បាន អាជ្ញាធរ និង​តុលាការ ចោទប្រកាន់​ទោស ដោយ​សំអាង​ទៅលើ​ភស្តុតាង ដែល​ជន​អនាមិក លួច​ថត​សំឡេង ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជន​អនាមិក និង​ប្រព័ន្ធ​ឃោសនា​ស្និត​នឹង​របប​ក្រុងភ្នំពេញ ឈ្មោះ ហ្វ្រេសញូវ (Freshnews)

អ្នក​ទាំង ៥ ត្រូវបាន​តុលាការ​នៃ​របប​លោក ហ៊ុន សែន ឃុំខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជាង ១​ឆ្នាំ មុននឹង​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​វិញ កាល​ពី​ចុងខែ​មិថុនា ឆ្នាំ​២០១៧ កន្លងទៅ។ ក្រោយ​ចេញពី​ពន្ធនាគារ សំណុំ​រឿង​នេះ​ត្រូវ​បាន​ផ្អឹប​ទុក​អស់​រយៈពេល​ជាង ១​ឆ្នាំ​ថែមទៀត មុននឹង​ត្រូវ​បាន​លើក​យក​មក​ជម្រះ​អង្គសេចក្ដី​នៅ​ថ្ងៃ​ទី​២៧ សីហា ក៏ប៉ុន្តែ​សវនាការ​នេះ​មិន​អាច​ដំណើរ​ការ​បាន​ដូច​ការ​គ្រោងទុក​ឡើយ ព្រោះ​អវត្តមាន​តួអង្គ​សំខាន់ៗ ក្នុង​សំណុំរឿង។

មន្ត្រី​សិទ្ធិមនុស្ស​អាដហុក​ម្នាក់ ក្នុងចំណោម​អ្នក​ទាំង​៥ គឺ លោក យី សុខសាន្ដ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក មុន​ពេល​ចូល​សវនាការ ថា អ្នកការពារ​សិទ្ធិមនុស្ស​មិន​គួរ​មានទោស។ លោក យី សុខសាន្ដ បន្ដ​ថា សង្គម​ល្អ ឬ​អាក្រក់ មុនដំបូង​គឺ គេ​មើល​ស្ថានភាព​សិទ្ធិមនុស្ស ប្រសិន​បើ ស្ថានភាព​សិទ្ធិមនុស្ស ល្អ ឬ​អាក្រក់ មិនមែន​អ្នក​ធ្វើ​ការងារ​សិទ្ធិមនុស្ស អ្នកទទួល​នោះ​ទេ គឺ​រដ្ឋាភិបាល អ្នកទទួល​ទាំង​ល្អ ទាំង​អាក្រក់ ដូច្នេះ អ្នកការពារ​សិទ្ធិមនុស្ស មិន​គួរ​មាន​ទោស ហើយ​សូម​ឲ្យ​តុលាការ​ទម្លាក់​ចោល ការ​ចោទ​ប្រកាន់ មក​លើ​អ្នកការពារ​សិទ្ធិមនុស្ស​ឲ្យ​ទទួល​បាន​យុត្តិធម៌ និង​សេរីភាព។

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ធំៗ​ចំនួន​៥ រួមមាន អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អង្គការ​សម្ព័ន្ធ​សារព័ត៌មាន​អាស៊ីអាគ្នេយ៍ (SEAPA) អង្គការ​ក្រុម​សមាជិកសភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស (APHR) និង​អង្គការ​មួយ​ចំនួន​ទៀត ចាត់​ទុក​សំណុំរឿង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ទាំង ៥​រូប​នេះ ថា​ជា​រឿងប្រឌិត និង​មាន​ចរិត​នយោបាយ។ អង្គការ​ទាំងនេះ​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ទម្លាក់​ចោល​បទចោទប្រកាន់​នេះ និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នកការពារ​សិទ្ធិមនុស្ស និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ឱ្យ​ពួកគេ​អាច​បំពេញ​ការងារ​របស់​ខ្លួន​ដោយ​គ្មាន​ការភ័យខ្លាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។