មន្ត្រីសង្គមស៊ីវិលស្នើរដ្ឋាភិបាលអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ជាជាងកែប្រែក្រមព្រហ្មទណ្ឌ

ដោយ មាន ឫទ្ធិ
2024.07.01
មន្ត្រីសង្គមស៊ីវិលស្នើរដ្ឋាភិបាលអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ជាជាងកែប្រែក្រមព្រហ្មទណ្ឌ លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ក្រសួង​យុត្តិធម៌ នៅ​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ២០២៤ ស្ដីពី​ករណី​ឃាតកម្ម​ប្រព្រឹត្ត​ដោយ​អតីត​ឧកញ៉ា លោក ស្រី ស៊ីណា។
រូប៖ ហ្វេសប៊ុកក្រសួងយុត្តិធម៌

មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មាន​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌ ​រដ្ឋាភិបាល​គួរតែ​ជំរុញ​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់ ជាជាង​កែប្រែ​ក្រមព្រហ្មទណ្ឌ។ អ្នក​សិក្សា​ផ្នែក​ច្បាប់​គាំទ្រ​ចំពោះ​ការ​លើកឡើង​នេះ និង​ស្នើ​ឱ្យ​ប្រព័ន្ធ​តុលាការ​បំពេញ​ការងារ​ដោយ​ឯករាជ្យ និង​ដាក់​ទោស​ជនល្មើស​ដោយ​ស្មើភាព​គ្នា។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទុកចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌ និង​កាត់​បន្ថយ​ការ​ប្រព្រឹត្ត​បទល្មើស រដ្ឋាភិបាល ជា​ពិសេស​តុលាការ​ត្រូវ​រ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ និង​ស្មើភាព​គ្នា ជាជាង​កែប្រែ​ច្បាប់។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃទី៣០ ខែមិថុនា ថា  មូលហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មិន​មាន​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌ គឺ​មិន​មែន​ច្បាប់​មាន​ភាព​ខ្វះខាត​នោះ​ទេ តែ​គឺ​បណ្ដាល​មក​ពី​ការ​អនុវត្ត​ច្បាប់​មិន​បាន​ត្រឹមត្រូវ។ លោក​បន្ត​ថា ដរាបណា​ស្ថានភាព​អំពើ​ពុករលួយ​នៅតែ​អាក្រក់ ខណៈ​ស្ថាន​ភាព​នយោបាយ​នៅ​មិនទាន់​មាន​ស្ថិរភាព នោះ​ការ​កែប្រែ​ច្បាប់​ថ្មី​​អាច​​នឹង​ធ្វើ​ឱ្យ​អ្នក​ដែល​មាន​និន្នាការ​មិន​ស្រប​នឹង​រដ្ឋាភិបាល រង​នូវ​ភាព​អយុត្តិធម៌​កាន់​តែ​ច្រើន។

លោក អំ សំអាត«វិសោធនកម្ម​រឿង​មួយ តែ​រឿង​ដែល​សំខាន់​គឺ​ការ​អនុវត្ត​ឱ្យ​បាន​តឹងរ៉ឹង ម៉ឺងម៉ាត់ ហើយ​តម្លាភាព និង​យុត្តិធម៌ ជន​ណា​ក៏​ដោយ​ឱ្យ​តែ​ប្រព្រឹត្ត​បទល្មើស​ដូច​គ្នា ស្ថាន​នៃ​ការ​ប្រព្រឹត្ត និង​ទង្វើ​នៃ​ការ​ប្រព្រឹត្តិ​ព្យសនកម្ម​ដូចគ្នា ត្រូវ​ទទួល​ទោស​ដូច​គ្នា មិន​មាន​ការ​បន្ធូរបន្ថយ ឬ​លើកលែង​នោះ​ទេ»

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក កើត រិទ្ធ ដែល​បាន​លើក​ឡើង​ក្នុង​សន្និសីទ​កាសែត​នៅ​ក្រសួង​យុត្តិធម៌ កាលពីថ្ងៃទី២៦ ខែមិថុនា ​ទាក់ទង​នឹង​ឃាតកម្ម​ប្រព្រឹត្ត​ដោយ​អតីត​ឧកញ៉ា និង​ជា​អ្នក​ជំនួញ​អចលនទ្រព្យ​ឈ្មោះ ស្រី ស៊ីណា ទៅ​លើ​យុវជន​ជា​គូស្នេហ៍ ថា ក្រសួង​បាន​បង្កើត​គណៈកម្មការ​កែប្រែ​ច្បាប់ ហើយ​គ្រោង​នឹង​បញ្ចប់​សេចក្ដី​ព្រាង​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​នៅ​ចុង​ឆ្នាំ២០២៤។

លោក កើត រិទ្ធ«ឥឡូវ​យើង​បង្កើត​រួច​ហើយ​គណៈកម្មការ​ហ្នឹង ហើយ​យើង​គ្រោង​ដូចជា​ត្រូវ​ប្រជុំ​តាំង​ពី​ម្សិល ប៉ុន្តែ​ដោយសារ​កម្មវិធី​ត្រូវ​រៀប​ចំ​នេះ យើង​បាន​ប្រជុំ​ឯកឧត្ដម ហេង សំអាត គឺជា​ប្រធាន​ក្រុម​បច្ចេកទេស  ហើយ​ធ្វើ​វិសោធនកម្ម​ទាំង​ក្រមព្រហ្មទណ្ឌ ទាំង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ មិន​មែន​ធ្វើ​តែ​ពីរ​ទេ​ធ្វើ​ទាំង​បួន ក្រម​រដ្ឋប្បវេណី ក្រម​នីតិវិធី​រដ្ឋប្បវេណី​ក៏​ធ្វើ​ដែរ»

លោក​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​ក្រសួង​យុត្តិធម៌​ពិនិត្យ​មើល​ចំណុច​ខ្វះខាត​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ ដើម្បី​ធ្វើ​វិសោធនកម្ម​ក្រោយ​ទទួល​បាន​មតិ​យោបល់​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​ដែល​មើល​ឃើញ​ពី​ចន្លោះ​ប្រហោង​នៃ​ស្ថាន​ទម្ងន់​ទោស​ដាក់​ទៅ​លើ​ជន​ល្មើស​ដែល​ប្រព្រឹត្ត​បទ​មនុស្សឃាត​មាន​លក្ខណៈ​ព្រៃផ្សៃ ធ្ងន់ធ្ងរ និង​អមនុស្សធម៌។

ជុំវិញ​រឿង​នេះ អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន់ ចាន់ឡូត មាន​ប្រសាសន៍​ថា បញ្ហា​ប្រជាពលរដ្ឋ​មិន​មាន​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌ គឺ​មិនមែន​ក្រមព្រហ្មទណ្ឌ និង​រដ្ឋប្បវេណី​មាន​ចំណុច​ខ្វះខាត​នោះ​ឡើយ តែ​គឺ​ដោយសារ​អ្នក​អនុវត្ត​ច្បាប់​មិនបាន​ត្រឹមត្រូវ​ទៅ​វិញ​ទេ។

លោក វ៉ន់ ចាន់ឡូត«រាល់​ការ​ធ្វើ​វិសោធនកម្ម​គួរ​តែ​កើត​ឡើង​នៅ​ពេល​ដែល មាន​ការ​ប្រែប្រួល​នៃ​ស្ថានភាព​សង្គម ស្ថានភាព​នៃ​បទ​ល្មើស​ដែល​យក​មក​ប្រៀបធៀប​ជាមួយ​នឹង​មាត្រា​ហ្នឹង ដែល​វា​លែង​ស៊ី​គ្នា ដូច្នេះ​ការ​ធ្វើ​វិសោធនកម្ម​នៅ​ក្នុង​ទម្រង់​បែប​ហ្នឹង ទើប​គួរ​តែ​ធ្វើ»

មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​សិក្សា​ផ្នែក​ច្បាប់ លើក​ឡើង​ដូចៗ​គ្នា​ថា ក្រៅពី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ហើយ​នោះ រដ្ឋាភិបាល ជាពិសេស​ប្រព័ន្ធ​តុលាការ​ក៏​ត្រូវ​បញ្ឈប់​ការ​ប្រើប្រាស់​ច្បាប់ កាត់​ទោស​សកម្មជន​សិទ្ធិមនុស្ស បរិស្ថាន និង​អ្នក​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល ឱ្យ​ជាប់​ពន្ធនាគារ​ដោយ​មិន​មាន​ហេតុផល​ត្រឹមត្រូវ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។