មន្ត្រីសង្គមស៊ីវិលលើកឡើងថា ដើម្បីឱ្យប្រជាពលរដ្ឋមានទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌ រដ្ឋាភិបាលគួរតែជំរុញការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ជាជាងកែប្រែក្រមព្រហ្មទណ្ឌ។ អ្នកសិក្សាផ្នែកច្បាប់គាំទ្រចំពោះការលើកឡើងនេះ និងស្នើឱ្យប្រព័ន្ធតុលាការបំពេញការងារដោយឯករាជ្យ និងដាក់ទោសជនល្មើសដោយស្មើភាពគ្នា។
មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ដើម្បីឱ្យប្រជាពលរដ្ឋទុកចិត្តលើប្រព័ន្ធយុត្តិធម៌ និងកាត់បន្ថយការប្រព្រឹត្តបទល្មើស រដ្ឋាភិបាល ជាពិសេសតុលាការត្រូវរអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងស្មើភាពគ្នា ជាជាងកែប្រែច្បាប់។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣០ ខែមិថុនា ថា មូលហេតុចម្បងដែលធ្វើឱ្យប្រជាពលរដ្ឋមិនមានទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌ គឺមិនមែនច្បាប់មានភាពខ្វះខាតនោះទេ តែគឺបណ្ដាលមកពីការអនុវត្តច្បាប់មិនបានត្រឹមត្រូវ។ លោកបន្តថា ដរាបណាស្ថានភាពអំពើពុករលួយនៅតែអាក្រក់ ខណៈស្ថានភាពនយោបាយនៅមិនទាន់មានស្ថិរភាព នោះការកែប្រែច្បាប់ថ្មីអាចនឹងធ្វើឱ្យអ្នកដែលមាននិន្នាការមិនស្របនឹងរដ្ឋាភិបាល រងនូវភាពអយុត្តិធម៌កាន់តែច្រើន។
លោក អំ សំអាត៖«វិសោធនកម្មរឿងមួយ តែរឿងដែលសំខាន់គឺការអនុវត្តឱ្យបានតឹងរ៉ឹង ម៉ឺងម៉ាត់ ហើយតម្លាភាព និងយុត្តិធម៌ ជនណាក៏ដោយឱ្យតែប្រព្រឹត្តបទល្មើសដូចគ្នា ស្ថាននៃការប្រព្រឹត្ត និងទង្វើនៃការប្រព្រឹត្តិព្យសនកម្មដូចគ្នា ត្រូវទទួលទោសដូចគ្នា មិនមានការបន្ធូរបន្ថយ ឬលើកលែងនោះទេ»។
ការលើកឡើងនេះ ធ្វើឡើងក្រោយពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ ដែលបានលើកឡើងក្នុងសន្និសីទកាសែតនៅក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៦ ខែមិថុនា ទាក់ទងនឹងឃាតកម្មប្រព្រឹត្តដោយអតីតឧកញ៉ា និងជាអ្នកជំនួញអចលនទ្រព្យឈ្មោះ ស្រី ស៊ីណា ទៅលើយុវជនជាគូស្នេហ៍ ថា ក្រសួងបានបង្កើតគណៈកម្មការកែប្រែច្បាប់ ហើយគ្រោងនឹងបញ្ចប់សេចក្ដីព្រាងវិសោធនកម្មក្រមព្រហ្មទណ្ឌនៅចុងឆ្នាំ២០២៤។
លោក កើត រិទ្ធ៖«ឥឡូវយើងបង្កើតរួចហើយគណៈកម្មការហ្នឹង ហើយយើងគ្រោងដូចជាត្រូវប្រជុំតាំងពីម្សិល ប៉ុន្តែដោយសារកម្មវិធីត្រូវរៀបចំនេះ យើងបានប្រជុំឯកឧត្ដម ហេង សំអាត គឺជាប្រធានក្រុមបច្ចេកទេស ហើយធ្វើវិសោធនកម្មទាំងក្រមព្រហ្មទណ្ឌ ទាំងក្រមនីតិវិធីព្រហ្មទណ្ឌ មិនមែនធ្វើតែពីរទេធ្វើទាំងបួន ក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណីក៏ធ្វើដែរ»។
លោកបានលើកឡើងយ៉ាងដូច្នេះបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាឱ្យក្រសួងយុត្តិធម៌ពិនិត្យមើលចំណុចខ្វះខាតនៅក្នុងក្រមព្រហ្មទណ្ឌ ដើម្បីធ្វើវិសោធនកម្មក្រោយទទួលបានមតិយោបល់ពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ដែលមើលឃើញពីចន្លោះប្រហោងនៃស្ថានទម្ងន់ទោសដាក់ទៅលើជនល្មើសដែលប្រព្រឹត្តបទមនុស្សឃាតមានលក្ខណៈព្រៃផ្សៃ ធ្ងន់ធ្ងរ និងអមនុស្សធម៌។
ជុំវិញរឿងនេះ អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន់ ចាន់ឡូត មានប្រសាសន៍ថា បញ្ហាប្រជាពលរដ្ឋមិនមានទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌ គឺមិនមែនក្រមព្រហ្មទណ្ឌ និងរដ្ឋប្បវេណីមានចំណុចខ្វះខាតនោះឡើយ តែគឺដោយសារអ្នកអនុវត្តច្បាប់មិនបានត្រឹមត្រូវទៅវិញទេ។
លោក វ៉ន់ ចាន់ឡូត៖«រាល់ការធ្វើវិសោធនកម្មគួរតែកើតឡើងនៅពេលដែល មានការប្រែប្រួលនៃស្ថានភាពសង្គម ស្ថានភាពនៃបទល្មើសដែលយកមកប្រៀបធៀបជាមួយនឹងមាត្រាហ្នឹង ដែលវាលែងស៊ីគ្នា ដូច្នេះការធ្វើវិសោធនកម្មនៅក្នុងទម្រង់បែបហ្នឹង ទើបគួរតែធ្វើ»។
មន្ត្រីសង្គមស៊ីវិល និងអ្នកសិក្សាផ្នែកច្បាប់ លើកឡើងដូចៗគ្នាថា ក្រៅពីពង្រឹងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវហើយនោះ រដ្ឋាភិបាល ជាពិសេសប្រព័ន្ធតុលាការក៏ត្រូវបញ្ឈប់ការប្រើប្រាស់ច្បាប់ កាត់ទោសសកម្មជនសិទ្ធិមនុស្ស បរិស្ថាន និងអ្នកដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាល ឱ្យជាប់ពន្ធនាគារដោយមិនមានហេតុផលត្រឹមត្រូវដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
