សាលា​ដំបូង​រាជធានី​ភ្នំពេញ​ពិនិត្យ​លើ​ចំណាត់​ការ​បន្ត​លើ​អ្នកស្រី ថាក់ ឡានី ដែល​មិន​ចូល​បំភ្លឺ

0:00 / 0:00

សាលា​ដំបូង​រាជធានី​ភ្នំពេញ កំពុង​ពិនិត្យ​លើ​ចំណាត់ការ​បន្ត​លើ​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី គឺ​អ្នកស្រី ថាក់ ឡានី ដែល​មិន​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​៨ ខែ​សីហា តាម​ការ​កោះ​ហៅ។ រីឯ​មេធាវី​ការពារ​ក្ដី​ឲ្យ​អ្នកស្រី ថាក់ ឡានី ថា​ការ​មិន​ចូល​បំភ្លឺ​នេះ ដោយសារ​បាន​ដាក់​ពាក្យ​ស្នើសុំ​ពន្យារពេល​ចូល​បំភ្លឺ​ក្រោម​មូលហេតុ​សមរម្យ។

សំណុំ​រឿង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្ដឹង​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី និង​លោក សម រង្ស៊ី បាន​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​លឿន ទោះ​បី​ជា​មេធាវី​ការពារ​ក្ដី​ឲ្យ​អ្នកស្រី ថាក់ ឡានី សុំ​ពន្យារពេល​ក្ដី។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា បាន​ឲ្យ​ដឹង​តាម​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម (Telegram) នៅ​ល្ងាច​ថ្ងៃ​ទី​៨ សីហា ថា តុលាការ​កំពុង​ពិនិត្យ​លើ​ចំណាត់ការ​បន្ត​នៅ​បន្ទាប់​ពី​ជន​ជាប់​សង្ស័យ​ឈ្មោះ ថាក់ ឡានី មិន​បាន​ចូល​ខ្លួន​ដើម្បី​ឲ្យ​តំណាង​អយ្យការ​ស្តាប់​ចម្លើយ​លើ​បណ្ដឹង​របស់​លោក​មេធាវី គី តិច តំណាង​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​នេះ។

លោក លី សុផាណា បន្ថែម​ថា តំណាង​អយ្យការ​មិន​អនុញ្ញាត​លើ​ការ​ស្នើសុំ​ពន្យារពេល​ស្តាប់​ចម្លើយ​របស់​មេធាវី សំ សុគង់ ដោយសារ​ការ​ស្នើសុំ​ពន្យារពេល​នេះ​មិន​មាន​មូលដ្ឋាន​គតិយុត្តិ និង​មិន​មាន​មូលហេតុ​របស់​សាមី​ខ្លួន​ច្បាស់លាស់។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែ​សីហា កន្លង​ទៅ មេធាវី​ការពារ​ក្ដី​ឲ្យ​អ្នកស្រី ថាក់ ឡានី គឺ​លោក សំ សុគង់ បាន​ដាក់​លិខិត​ជូន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ពន្យារពេល​ចូល​បំភ្លឺ ក្រោម​មូលហេតុ​ចំនួន​៣ គឺ​ទី​១ ដោយសារ​មេធាវី​ទើប​ទទួល​បាន​ការ​ពឹងពាក់ ដូច្នេះ​មិន​ទាន់​សិក្សា​ស៊ី​ជម្រៅ។ ទី​២ ពេលវេលា​នៃ​ការ​កោះ​ហៅ​ហាក់​ដូចជា​ខ្លី​ពេក ដែល​មេធាវី និង​កូន​ក្តី​មិន​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ពិគ្រោះ​ផ្លូវ​ច្បាប់ និង​ទី​៣ មេធាវី​ជាប់​រវល់​ខ្លាំង​នឹង​សំណុំ​រឿង​ផ្សេងៗ​ជាច្រើន​ទៀត។

លោក​មេធាវី សំ សុគង់ ឲ្យ​ដឹង​ថា ការ​ដែល​តុលាការ​បដិសេធ​ការ​ស្នើសុំ​ពន្យារពេល​នេះ គឺ​មិន​ទាន់​មាន​លក្ខណៈ​ត្រឹមត្រូវ​នោះ​ទេ៖«អ្វី​ដែល​យើង​បាន​ដាក់​ទៅ​សុំ​ពន្យារ​ពេល​នេះ គឺ​ជា​នីតិវិធី​ដែល​មាន​ចែង​ក្នុង​ច្បាប់ និង​មាន​មូលហេតុ​សមស្រប និង​មាន​មូលដ្ឋាន​គតិយុត្តិ​ផង​ដែរ។ ដោយសារ​មូលហេតុ​សមស្រប​នេះ​ហើយ​ទើប​យើង​សុំ​ពន្យារ​ពេល»

ទន្ទឹម​គ្នា​នេះ​ដែរ អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត លើក​ឡើង​ថា តុលាការ​គួរ​តែ​អនុញ្ញាត​ឲ្យ​មាន​ការ​ពន្យារពេល ប្រសិន​បើ​ការ​ស្នើសុំ​នោះ​មាន​មូលហេតុ​សមរម្យ។ លោក​បន្ថែម​ថា ប្រសិន​បើ​តុលាការ​នៅ​តែ​បន្ត​នីតិវិធី​នោះ គឺ​ជា​ការ​បំពាន​សិទ្ធិ​ជន​សង្ស័យ៖ «ខ្ញុំ​គិត​ថា កុំ​អោយ​មាន​ការ​ចោទ​ប្រកាន់​ផ្សេងៗ​រឿង​ថា តុលាការ​ឋិត​ក្រោម​សម្ពាធ​អ្នក​នយោបាយ ឬ​ក្រោម​សម្ពាធ​អ្នក​នេះ ក្រោម​សម្ពាធ​អ្នក​នោះ យើង​ត្រូវ​ពិនិត្យ​ទៅ​លើ​ផ្លូវ​ច្បាប់ បើ​មូលហេតុ​នៃ​ការ​សុំ​ពន្យារ​របស់​គេ​វា​សមរម្យ វា​គួរ​ណាស់​តែ​អនុញ្ញាត​ក្នុង​ការ​ពន្យារ ឬ​លើក​ពេល​ក្នុង​ការ​សាកសួរ ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​យុត្តិធម៌​សម្រាប់​ភាគី​ទាំង​សង​ខាង»

មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ ក៏​បាន​សម្ដែង​ការ​សោកស្ដាយ​នៅ​ពេល​អ្នក​នយោបាយ​ចោទ​ប្រកាន់ និង​ប្រើប្រាស់​យន្តការ​តុលាការ ដើម្បី​វាយ​បំបាក់​គ្នា​ទៅ​វិញ​ទៅ​មក​បែប​នេះ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ កោះ​ហៅ​អ្នកស្រី ថាក់ ឡានី ឲ្យ​ចូល​បំភ្លឺ​នៅ​រសៀល​ថ្ងៃ​ទី​៨ សីហា និង​លោក សម រង្ស៊ី នៅ​ព្រឹក​ថ្ងៃ​ទី​១៩ សីហា ខាង​មុខ ជុំវិញ​ពាក្យ​បណ្ដឹង​របស់​លោក ហ៊ុន សែន ប្ដឹង​អ្នក​ទាំង​ពីរ​ចំពោះ​ការ​ចោទ​ប្រកាន់​ថា លោក ហ៊ុន សែន ជា​អ្នក​នៅ​ពី​ក្រោយ​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។ មន្ត្រី​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល យល់​ឃើញ​ថា អ្វី​ដែល​រដ្ឋាភិបាល​គួរ​ធ្វើ គឺ​ពន្លឿន​ការ​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី និង​ក្រុម​គ្រួសារ ដើម្បី​បង្ហាញ​ភាព​ស្អាតស្អំ​របស់​ខ្លួន និង​បំបាត់​ការ​ចោទ​ប្រកាន់​នានា​របស់​សាធារណជន។

លោក ហ៊ុន សែន ប្ដឹង​សុំ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​លោក សម រង្ស៊ី និង​អ្នកស្រី ថាក់ ឡានី តាម​ផ្លូវ​ច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ក្នុង​ម្នាក់​ចំនួន ១០០​រៀល។ ចំណែក​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា នៅ​តែ​ប្រកាន់​ជំហរ​ថា រដ្ឋាភិបាល​ជា​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។