មន្រ្តីសិទ្ធិមនុស្សរិះគន់តុលាការខេត្តតាកែវបន្តឃុំលោក ភុន យុទ្ធ នៅពន្ធនាគារហួសកាលកំណត់នៃការឃុំខ្លួនបណ្តោះអាសន្នកំពុងបំពានគោលការណ៍ច្បាប់ រំលោភសិទ្ធិរបស់ជនជាប់ចោទជាជនពិការ មានជំងឺប្រចាំកាយ។ គ្រួសារ និងមន្រ្តីសិទ្ធិមនុស្សស្នើឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ និងដោះលែងលោក ភុន យុទ្ធ ឱ្យមានសេរីភាពវិញឱ្យបានឆាប់។
មន្រ្តីសិទ្ធិមនុស្សលើកឡើងថា រដ្ឋធម្មនុញ្ញរួមទាំងគោលការណ៍ច្បាប់អន្តរជាតិតម្រូវឱ្យសវនាការនៅតុលាការត្រូវធ្វើឡើងឱ្យបានឆាប់រហ័ស ដើម្បីកុំឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ជនជាប់ចោទ ប៉ុន្តែតុលាការខេត្តតាកែវមិនអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវទៅលើសំណុំរឿងរបស់លោក ភុន យុទ្ធ ដែលជាជនពិការនោះទេ។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc)លោក យិន ម៉េងលី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១២ ខែតុលា ថា មកដល់ពេលនេះលោក ភុន យុទ្ធ ដែលត្រូវតុលាការខេត្តតាកែវចោទប្រកាន់លោកក្នុងបទល្មើសមជ្ឈិម ពាក់ព័ន្ធការបញ្ចេញមតិនៅលើបណ្ដាញសង្គមបានជាប់ពន្ធនាគារបណ្ដោះអាសន្នជិត ៧ខែហើយ។ លោកបញ្ជាក់ថា បើតាមនីតិវិធីច្បាប់ គឺតុលាការមិនអាចឃុំលើសពី៦ខែដោយមិនទទួលបានការជំនុំជម្រះនោះទេ។
លោក យិន ម៉េងលី៖ «ការឃុំខ្លួនគាត់ហ្នឹងរហូតដល់៦ខែ ២១ថ្ងៃ អ៊ីចឹងគាត់គួរទទួលបានការដោះលែងឱ្យមានសេរីភាពវិញ បើយើងមើលទៅលើទិដ្ឋភាពច្បាប់ហ្នឹង ឃើញថា ឃុំខ្លួនលោក ភុន យុទ្ធ នេះមិនបានអនុវត្តបញ្ញត្តិនៃច្បាប់ទេ»។
ទាក់ទងរឿងនេះវិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យសាលាដំបូងខេត្តតាកែវលោក ង៉ែត ដាវុធ ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី១២ ខែតុលា។
មាត្រា២០៩ ក្រមនីតិវិធីព្រហ្មទណ្ឌ ចែងថាថិរវេលានៃការឃុំខ្លួនបណ្ដោះអាសន្ន ចំពោះនីតិជនដែលត្រូវចោទប្រកាន់ពីបទមជ្ឈិម មិនអាចលើសពី៤ខែបានទេ។ ប៉ុន្តែនៅពេលផុតថិរវេលានេះ ចៅក្រមស៊ើបសួរអាចពន្យារពេលការឃុំខ្លួនបណ្ដោះអាសន្ន បានតែម្ដងគត់មិនឲ្យលើសពី២ខែ ដោយដីកាមានសំអាងហេតុត្រឹមត្រូវ និងច្បាស់លាស់។ ហើយថិរវេលានៃការឃុំខ្លួនខាងលើនេះមិនត្រូវលើសពីពាក់កណ្ដាលនៃទោសអប្បបរមា ដែលច្បាប់បានកំណត់នោះឡើយ តែបើកាលណាឃុំខ្លួនលើស គឺជាការឃុំខ្លួនខុសច្បាប់។
លោក ភុន យុទ្ធ ត្រូវបានសមត្ថកិច្ចខេត្តតាកែវចូលចាប់ខ្លួនដល់ផ្ទះកាលពីថ្ងៃទី១៩ ខែមីនា។ តុលាការខេត្តនេះបានចោទប្រកាន់លោកពីបទ«ញុះញង់ឱ្យមានការរើសអើង» ហើយបញ្ជូនទៅឃុំនៅពន្ធនាគារបណ្ដោះអាសន្នមកទល់ពេលនេះ។
ការចាប់ឃុំខ្លួន និងចោទប្រកាន់នេះ បន្ទាប់ពីលោកបានបង្ហោះ និងចែករំលែកសារជាបន្តបន្ទាប់នៅលើហ្វេសប៊ុកផ្ទាល់ខ្លួន ឈ្មោះ«ខ្ញុំចង់បានអ្នកដឹកនាំថ្មីៗ» ដោយរិះគន់ខ្លាំងៗចំពោះការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមទាំងរិះគន់លំហូរពលរដ្ឋវៀតណាមរស់នៅកម្ពុជាខុសច្បាប់ជាដើម។
លោក យិន ម៉េងលី មើលឃើញថា ករណីលោក ភុន យុទ្ធ ដែលជាជនពិការ និងមានជំងឺប្រចាំកាយទៀតនោះ តុលាការមិនគួរឃុំខ្លួននៅក្នុងពន្ធនាគារតាំងពីដំបូង។ លោកបញ្ជាក់ថា ការឃុំខ្លួនលោក ភុន យុទ្ធ ហួសពេលកំណត់នៃច្បាប់បែបនេះ មេធាវីរបស់សមាគមអាដហុកបានដាក់ពាក្យសាលាដំបូងខេត្តតាកែវ ដើម្បីស្នើឱ្យដោះលែងរូបលោកឱ្យមានសេរីភាព រួចហើយកាលពីថ្ងៃទី១១ ខែតុលា។
លោក យិន ម៉េងលី៖«ពិនិត្យមើលទៅលើទិដ្ឋភាពច្បាប់នេះហ្នឹង សមាគមបានឱ្យមេធាវីរបស់សមាគមដាក់ស្នើដោះលែងលោក ភុន យុទ្ធ ឱ្យមានសេរីភាពវិញ បើយើងពិនិត្យមើលលើក្របខណ្ឌនៃច្បាប់ គឺមិនអាចធ្វើការឃុំខ្លួនគាត់ឡើងវិញទេ អ៊ីចឹងសមាគមសំណូមពរទៅដល់លោកចៅក្រមសូមដោះលែងគាត់ទៅ»។
ជុំវិញរឿងនេះ ប្រពន្ធលោក ភុន យុទ្ធ គឺ លោកស្រី មុំ វិត ប្រាប់វិទ្យុអាស៊ីសេរីថា បច្ចុប្បន្នលោក ភុន យុទ្ធ កំពុងធ្លាក់ខ្លួនឈឺនៅក្នុងពន្ធនាគារខេត្តតាកែវ ប៉ុន្តែលោកស្រីពុំមានប្រាក់សម្រាប់ធ្វើសំណើទៅសួរសុខទុក្ខ ឬទិញថ្នាំពេទ្យផ្ញើឱ្យប្តីទេ ខណៈកូនស្រីយំនឹកឪពុករាល់ថ្ងៃ។ លោកស្រីរិះគន់តុលាការខេត្តតាកែវដែលចាប់ប្តីលោកស្រីយកទៅឃុំទុកចោល ដោយមិនទាន់យកទៅជំនុំជម្រះក្តីថា ជារឿងអយុត្តិធម៌ និងជាការដាក់សម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ ស្ត្រីដែលជាជនពិការរូបនេះទាមទារតុលាការទម្លាក់ចោលការចោទប្រកាន់ ហើយដោះលែងប្តីឱ្យត្រឡប់មកជួបប្រពន្ធនិងកូនវិញ។
លោកស្រី មុំ វិត៖«សូមតុលាការខេត្តតាកែវដោះលែងគាត់ទៅ និយាយច្បាប់ស្រុកខ្មែរនេះគឺឃុំខ្លួនគាត់មិនត្រឹមត្រូវទេ ចាប់គាត់ទៅដាក់ក្នុងពន្ធនាគារដូចទុកចោលសូន្យគ្មានដំណឹងទេ»។
កាលពីខែកក្កដា ឆ្នាំ២០១៩ តុលាការខេត្តសៀមរាបបានផ្ដន្ទាទោសលោក ភុន យុទ្ធ ឱ្យជាប់ពន្ធនាគារ១៨ខែ ពីបទ« ញុះញង់ឱ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ» បន្ទាប់ពីបង្ហោះសាររិះគន់ភាពអវិជ្ជមានរបស់រដ្ឋាភិបាល និងទាមទារឱ្យអតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ចុះចេញពីតំណែង។ ប៉ុន្តែអាជ្ញាធរបានដោះលែងលោកចេញពីពន្ធនាគារខេត្តសៀមរាបកាលឆ្នាំ២០២០កន្លងទៅ បន្ទាប់ពីសាលាឧទ្ធរណ៍សម្រេចឱ្យលោក ភុន យុទ្ធ អនុវត្តទោសត្រឹម៥ខែ៨ថ្ងៃ ដោយទោសនៅសល់ត្រូវព្យួរ។
លោក ភុន យុទ្ធ បច្ចុប្បន្នវ័យ ៤០ឆ្នាំ គឺជាជនពិការជើងទាំង២ តាំងពីកំណើត។ កាលនៅមានសេរីភាពលោកធ្លាប់ប្រាប់ថា មូលហេតុដែលលោកបន្តបញ្ចេញមតិរឿងអយុត្តិធម៌សង្គម ដោយមិនខ្លាចជាប់គុកសាជាថ្មី ពីព្រោះលោកចង់បានអ្នកដឹកនាំប្រទេសល្អដែលគោរពសិទ្ធិពលរដ្ឋ និងសង្គមមានប្រជាធិបតេយ្យពិតប្រាកដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
