ប្រជាពលរដ្ឋខ្មែរកាន់តែមានចំនួនច្រើនហើយ ដែលត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារពីបទចោទញុះញង់ ក្រោយក្រមព្រហ្មទណ្ឌកម្ពុជាចូលជាធរមាន នាចុងឆ្នាំ២០១០មក។ ក្រុមអ្នកច្បាប់ និងសិទ្ធិមនុស្សថា អាជ្ញាធរ និងតុលាការកំពុងប្រើប្រាស់ និងបកស្រាយបទញុះញង់ ដែលមានន័យទូលំទូលាយ ធ្វើជាអាវុធ ដើម្បីបំបិទសេរីភាពបញ្ចេញមតិស្របច្បាប់របស់ពលរដ្ឋខ្លួនឯង។ មាត្រាច្បាប់ដែលមានន័យទូលំទូលាយ ស្រពិចស្រពិល នឹងបើកដៃឱ្យអ្នកអនុវត្តច្បាប់បកស្រាយបែបអត្តនោម័តិ ឬបែបលម្អៀង។
តើអ្វីទៅជាបទញុះញង់ និងអ្វីទៅជាការសម្ដែងមតិ?
តុលាការកម្ពុជាកំពុងរងការរិះគន់ថា បានប្រើប្រាស់បទបញ្ញត្តិញុះញង់នៃច្បាប់ព្រហ្មទណ្ឌ ដើម្បីចាប់អ្នកសម្ដែងមតិ និងអ្នកតវ៉ាស្របច្បាប់ដាក់គុកតាមទំនើងចិត្ត ដែលគួរឱ្យព្រួយបារម្ភ។
ជាក់ស្ដែង គ្រាន់តែចូលដល់ឆ្នាំ២០២២ភ្លាម អាជ្ញាធរ និងតុលាការក្រុងភ្នំពេញ បានចាប់ និងផ្ដន្ទាទោសតំណាងកម្មករនៃសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករនៃក្រុមហ៊ុនណាហ្គាវើលដ៍ (NagaWorld) ជាង ១០នាក់ដាក់ពន្ធាគារ ខណៈពួកគេតវ៉ាដោយសន្តិវិធី រកដំណោះស្រាយសមរម្យក្នុងជម្លោះការងារជាមួយថៅកែក្រុមហ៊ុន។ ភាគច្រើននៃបទចោទ គឺអំពើញុះញង់ដោយផ្ទាល់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៥។
គិតត្រឹមពីចុងខែកក្កដា ឆ្នាំ២០២០ ដល់ចុងខែកុម្ភៈ ឆ្នាំ២០២២ តុលាការបានផ្ដន្ទាទោសដាក់គុកមនុស្សជិត ១០០នាក់ហើយពីបទញុះញង់នេះ។ អ្នកជាប់ឃុំពីបទញុះញង់ទាំងនោះ មកពីស្ទើរគ្រប់ស្រទាប់វណ្ណៈ រួមមាន អ្នកនយោបាយបក្សប្រឆាំង សកម្មជនការពារធនធានធម្មជាតិ អ្នកតវ៉ារឿងដីធ្លី អ្នកការពារសិទ្ធិមនុស្ស ឬសិទ្ធិកម្មករ សិល្បករ ចម្រៀង កំណាព្យ រហូតដល់កសិករចិញ្ចឹមមាន់ ក៏មានដែរ។
អ្នកច្បាប់រិះគន់រដ្ឋាភិបាល និងតុលាការកម្ពុជា ថា កំពុងប្រើប្រាស់បទបញ្ញត្តិញុះញង់ខុសគោលបំណងនៃច្បាប់ ក្នុងន័យបំភិតបំភ័យ និងគាបសង្កត់សេរីភាពពលរដ្ឋខ្លួនឯង។
អ្នកជំនាញច្បាប់អន្តរជាតិ និងនាយកប្រតិបត្តិទទួលបន្ទុកតំបន់អាស៊ីនៃអង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃច្ឆ វ៉ចស៍ (HRW) លោក ប្រ៊េដ អាដាមស៍ (Brad Adams) ពន្យល់និយមន័យនៃការញុះញង់ថា ញុះញង់ គឺជាការអំពាវនាវ ពន្យុះ ឬលួងលោមឱ្យមនុស្សម្នាក់ ឬច្រើននាក់ធ្វើអ្វីមួយមិនស្របច្បាប់ ដូចជា ប្រព្រឹត្តអំពើហិង្សា វាយប្រហារទៅលើមនុស្ស ដុតបំផ្លាញទ្រព្យអ្នកដទៃជាដើម។ ប៉ុន្តែលោកថា ការអំពាវនាវឱ្យមនុស្សម្នាទៅចូលរួមការតវ៉ា និងសម្ដែងមតិលើរឿងអ្វីមួយដោយសន្តិវិធី មិនមែនជាការញុះញង់ទេ តែជាសិទ្ធិស្របច្បាប់។
លោក ប្រ៊េដ អាដាមស៍ បន្តថា មានសំណុំរឿងជាក់ស្ដែងជាច្រើន ដែលតុលាការកម្ពុជា បានលើកយកបទញុះញង់មកធ្វើជាលេសចាប់មនុស្សដាក់គុក មិនសមស្របតាមអង្គហេតុ និងអង្គច្បាប់។ ឧ. ករណីកសិករចិញ្ចឹមមាន់ម្នាក់ គឺលោក នី ណាក់ ដែលកំពុងជាប់ឃុំនៅគុកព្រៃសនៅឡើយ។ ព្រះរាជអាជ្ញាចោទប្រកាន់លោក នី ណាក់ ពីបទញុះញង់ បន្ទាប់ពីអ្នកចិញ្ចឹមមាន់រូបនេះ និយាយកំប្លែងលេងថា លោកចង់ទិញម៉ាស់ពាក់ឱ្យកូនមាន់។ ក្នុងក្រសែភ្នែករបស់រដ្ឋាភិបាល សំណេរចង់ទិញម៉ាស់ពាក់ឱ្យមាន់របស់លោក នី ណាក់ ក្នុងគ្រាដែលមនុស្សត្រូវការម៉ាស់ពាក់នោះ គឺជាការនិយាយផ្លែផ្កាដៀមដាម ដែលព្រះរាជអាជ្ញា និងចៅក្រមបកស្រាយថា ជាការញុះញង់ និងជេរប្រមាថមន្ត្រីរាជការ។
ប៉ុន្តែលោក ប្រ៊េដ អាដាមស៍ មើលមិនឃើញសំណេររបស់លោក នី ណាក់ បង្កប់នូវការញុះញង់ ឬការជេរប្រមាថឡើយ។ ផ្ទុយទៅវិញ លោកមើលឃើញថា ការនិយាយចង់ពាក់ម៉ាស់ឱ្យមាន់របស់គាត់ គឺជាការនិយាយលេងឱ្យធូរអារម្មណ៍ក្នុងបរិយាកាសអាប់អួតានតឹងនៃការរាតត្បាតជំងឺកូវីដ១៩ ឯណោះទេ៖ «ខ្ញុំគិតថា កសិករចិញ្ចឹមមាន់រូបនោះ ជាមនុស្សចូលចិត្តនិយាយកំប្លែងលេង។ ឥឡូវនេះមនុស្សម្នាច្រើនណាស់ក្នុងពិភពលោកទាំងមូលនេះ នាំគ្នានិយាយ ឬសរសេររឿងកំប្លែងលេងក្នុងអំឡុងពេលរាតត្បាតនៃជំងឺ១៩ នេះ។ អ្នកឯងដឹងទេ ២ឆ្នាំកន្លងទៅនេះ ជាពេលវេលាដ៏អាក្រក់ខ្លាំងណាស់ មនុស្សម្នាទ្រាំអត់ធ្មត់ និងសម្របខ្លួនរស់នៅជាមួយជំងឺកូវីដ។ ជំងឺកូវីដ និងផលប៉ះពាល់របស់វា ធ្វើឱ្យមនុស្សកើតទុក្ខ មួម៉ៅខឹងសម្បារ ដូច្នេះពេលខ្លះពួកគេ ក៏យកឈ្នះជំងឺនេះដោយនាំគ្នានិយាយ ឬសរសេរកំប្លែងលេងនាំឱ្យមានការសើចខ្លះ។ ការនិយាយកំប្លែងលេងគ្មានខុសទាស់អ្វីទេ ការពិតទៅ វាធ្វើឱ្យសុខភាពល្អទៅវិញទេ ហើយសារបង្ហោះរបស់គាត់នោះ ក៏មិនបានបង្កឱ្យជនណាម្នាក់ឈឺចាប់ដែរ។ នៅក្រោមច្បាប់អន្តរជាតិ អ្នកអាចត្រូវជាប់ចោទពីបទញុះញង់ ប្រសិនបើពាក្យសម្ដីញុះញង់របស់អ្នកបង្កឱ្យមានអំពើហិង្សា។ ប៉ុន្តែករណីនេះមិនមានអំពើហិង្សាអីទេ គាត់គ្រាន់តែនិយាយកំប្លែងលេង ឬនិយាយឡែបខាយលេង ឬក៏គាត់និយាយរិះគន់រដ្ឋាភិបាលដោយប្រយោល តែអ្វីទាំងអស់ហ្នឹងគាត់មានសិទ្ធិនិយាយតើ !» ។
សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោស លោក នី ណាក់ ដាក់ពន្ធនាគារ ១៨ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល ព្រមទាំងបង្គាប់ឱ្យសងសំណងទៅដើមបណ្ដឹងរដ្ឋប្បវេណី ២០លានរៀលទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមបទចោទ ជេរប្រមាថជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង កាលពីថ្ងៃទី១៨ សីហា ឆ្នាំ ២០២០។ លោក នី ណាក់ កាលចុងឆ្នាំ២០១៩ ខណៈជំងឺកូវីដកំពុងរាតត្បាត លោកបានបង្ហោះសារនិយាយបែបកំប្លែងលើហ្វេសប៊ុក (ឈ្មោះ អាយមែន-ខេអេច្ឆ ( Iman-KH) ថា លោកគ្រោងរៀបចំទ្រុងមាន់ និងទិញម៉ាស់ពាក់ឱ្យមាន់ យ៉ាងដូច្នេះ៖ «ខ្ញុំបានត្រៀម ឬព្រាងលិខិត និងឯកសាររួចរាល់អស់ហើយ ក្នុងការស្នើដាក់ទ្រុងមាន់របស់ខ្ញុំក្នុងភាពអាសន្ន ព្រោះមូលហេតុ មានមេរោគផ្ដាសាយរលាកផ្លូវដង្ហើម កំពុងតែរាតត្បាតក្នុងកសិដ្ឋាន។ ខ្ញុំមិនចង់គិតដល់ចំណុចនេះទេ ព្រោះវាធ្វើឱ្យខូចខាតសេដ្ឋកិច្ចរបស់កូនមាន់យ៉ាងធ្ងន់ធ្ងរ។ ខ្ញុំសង្ឃឹមថា កូនមាន់នឹងចេះពាក់ម៉ាស់គ្រប់គ្នា ហើយដេកនៅក្នុងទ្រុង កុំចេញក្រៅឱ្យសោះ បើគ្មានការចាំបាច់»។
ការញុះញង់ជាអំពើល្មើសច្បាប់ រីឯការសម្ដែងមតិជាទង្វើស្របច្បាប់ ដែលទាមទារឱ្យអ្នកអនុវត្តច្បាប់ ក្នុងនោះមានចៅក្រមផង យល់ដឹងពីចំណុចខុសគ្នានេះ ដើម្បីបកស្រាយច្បាប់យ៉ាងប្រុងប្រយ័ត្ន និងមិនលម្អៀង ជៀសវាងការបំពានលើសេរីភាពសម្ដែងមតិរបស់ពលរដ្ឋ ដែលធានាគាំពារដោយរដ្ឋធម្មនុញ្ញកម្ពុជា។ លោក គង់ សំអុន ដែលជាមេធាវី និងជាសាស្ត្រាចារ្យច្បាប់ ថ្លែងថា សាររបស់លោក នី ណាក់ គឺជាការសម្ដែងមតិ មិនមែនជាការញុះញង់ទេ។ លោកមេធាវីគង់ សំអុន បញ្ជាក់ថា ដើម្បីឱ្យការញុះញង់មួយអាចត្រូវផ្ដន្ទាទោសបាន លុះត្រាតែមានសកម្មភាពល្មើសច្បាប់៖ «ឧទាហរណ៍ថា ទៅធ្វើឃាតគេ។ យើងញុះញង់មនុស្សម្នាក់ ឬមួយក្រុមឱ្យទៅប្រព្រឹត្តបទល្មើស ប្រឆាំងមនុស្សម្នាក់ ឬមួយក្រុមផ្សេងទៀត ប្រាប់ទៅគេ ដើម្បីឱ្យគេធ្វើសកម្មភាពជាលក្ខណៈល្មើស។ ឧទាហរណ៍ ញុះញង់ឱ្យទៅវត្តទៅយកគ្រាប់បែក ឬដំបងទៅវ៉ៃព្រះ ឬវ៉ៃព្រះអង្គឱ្យខ្ទេច។ ក៏ប៉ុន្តែបើការនិយាយបែបពេញចិត្ត ឬមិនពេញចិត្ត អាហ្នឹងជាប្រភេទទស្សនៈ ហើយបើវាជាទស្សនៈអាហ្នឹងច្បាប់ការពារ ច្បាប់មិនយកទោសពៃរ៍ចំពោះការបញ្ចេញទស្សនៈទេ។ ឧទាហរណ៍ ខ្ញុំចូលចិត្តលោកនេះ ខ្ញុំមិនពេញចិត្តលោកនោះ មិនចូលចិត្តសកម្មភាពនេះ មិនចូលចិត្តសកម្មភាពនោះ អាហ្នឹងជាប្រភេទទស្សនៈដែលបង្ហាញពីអារម្មណ៍ ពីផ្លូវចិត្តរបស់បុគ្គលនោះ អាហ្នឹងយើងមិនអាចយកទោសទេ»។
ជុំវិញការរិះគន់លើការចាប់មនុស្សដាក់គុកពីបទញុះញង់ឥតស្រាកស្រាន្តនេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី ផាន ថ្មីៗ នេះ លោកបានថ្លែងការពារចំណាត់ការរបស់អាជ្ញាធរ និងតុលាការ។ លោកហាក់អះអាងថា អ្នក ដែលជាប់ពន្ធនាគារទាំងនោះ គឺបានប្រព្រឹត្តល្មើសច្បាប់៖ «យើងញុះញង់ យើងបង្កើតអំពើហិង្សា យើងរុញពីភាពរើសអើង ទៅប្រមាថគេ តើគេអនុញ្ញាតឱ្យធ្វើទេ ? អាហ្នឹងគួរតែពិចារណាខ្លះផង មិនមែនឮតែជាប់គុក ហើយនាំគ្នានិយាយពីរឿងជាប់គុក ប្រើប្រាស់អេនធឹណិត មិនមែនទេ មិនមើលសាច់រឿងពិតប្រាកដថា តើអង្គហេតុម៉េចបានជាប់គុក ? តើភស្តុតាងម៉េចបានជាប់គុក ? តើប្រឆាំងនឹងអង្គច្បាប់អី ?
តើប្រឆាំងនឹងអង្គច្បាប់អ្វី និងមានភស្តុតាងអ្វី? នេះក៏ជាសំណួររបស់លោក ប្រ៊េដ អាដាមស៍ ដែលចង់ដឹងដែរថា តើតុលាការយកភស្តុតាងអ្វីមកដាក់បន្ទុកលើលោក នី ណាក់? លោក ប្រ៊េដ អាដាមស៍ សួរយ៉ាងសាមញ្ញថា ហេតុអ្វីបានជាលោក នី ណាក់ ដែលនិយាយថា លោកចង់ពាក់ម៉ាស់ឱ្យមាន់ និងដាក់ទ្រុងមាន់ក្នុងភាពអាសន្ននោះ បែរជាជាប់ចោទពីបទញុះញង់ឱ្យមានការរើសអើង និងជេរប្រមាថទៅវិញ? លោកថា ពាក្យត្រង់ណាជាពាក្យជេរប្រមាថ ជេរអ្នកណា ហើយត្រង់ណាដែលថា គាត់ញុះញង់ឱ្យមានការរើសអើង ហើយរើសអើងប្រឆាំងអ្នកណា?៖ ឬក៏គាត់រើសអើងប្រឆាំងនឹងសត្វមាន់ ? តើច្បាប់កម្ពុជាការពារសត្វមាន់ពីការរើសអើងផងឬ ? មិនគួរចោទករណីបែបនេះសោះឡើយ។ នៅពេលណាប៉ូលិស ឬព្រះរាជអាជ្ញា នាំករណីអ៊ីចឹងៗ មកតុលាការ ចៅក្រមមិនគួរយកភ្នែកមើលសោះឡើយ ព្រោះវានាំឱ្យខាតពេលវេលា និងធនធានរដ្ឋ។ ចៅក្រមគួរតែទាត់ចោលភ្លាមៗ ដោយប្រាប់ទៅពួកប៉ូលិស ឬព្រះរាជអាជ្ញា ដែលជ្រុលនិយមទាំងនោះថា កុំលើកយកអារឿងចឹងៗ មកតុលាការទៀតថ្ងៃក្រោយ ព្រោះវាមិនមែនជារឿងដែលតុលាការត្រូវចោទប្រកាន់ និងផ្ដន្ទាទោសអ្នកដែលគ្រាន់តែនិយាយកំប្លែងលេងរឿងចង់ពាក់ម៉ាស់ឱ្យមាន់នោះទេ»។
យ៉ាងណាក៏ដោយ តាមភាពជាក់ស្ដែង សាររបស់លោក នី ណាក់ មិនបានបង្កើតឱ្យមានភាពចលាចល ឬភាពវឹកវរណាមួយក្នុងសង្គមទេ ហើយក៏មិនមានមន្ត្រីរាជការណាម្នាក់ចេញមុខប្រកាសថា ខ្លួនរងផលប៉ះពាល់ដោយសារសំណេរចង់ពាក់ម៉ាស់ឱ្យមាន់នោះដែរ។ ទោះបែបនោះក្ដី តុលាការក្រុងភ្នំពេញ បានសម្រេចផ្ដន្ទាទោសលោក នី ណាក់ ឱ្យជាប់ពន្ធនាគារ ១៨ខែពីបទញុះញង់។ ករណីរបស់លោក នី ណាក់ គឺជាសំណុំរឿងមួយក្នុងចំណោមសំណុំរឿងញុះញង់ជិត ១០០ករណីផ្សេងទៀត។ ចៅក្រមកម្ពុជារងការរិះគន់ថា តែងបកស្រាយមាត្រាច្បាប់ដោយអត្តនោម័តិ ឬតាមទំនើងចិត្តបែបលម្អៀងទៅរកការផ្ដន្ទាទោសជនជាប់ចោទ ដោយជ្រើសរើសយកបទញុះញង់ និងបទជេរប្រមាថមន្ត្រីរាជការ ដែលមិនមានកំណត់ន័យច្បាស់លាស់មកចោទប្រកាន់។ នេះហើយជាក្ដីបារម្ភដែលការិយាល័យនៃឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ធ្លាប់លើក បង្ហាញជូនទៅរដ្ឋាភិបាលនៅមុនសេចក្ដីព្រាងក្រមព្រហ្មទណ្ឌចូលជាធរមាននៅចុងឆ្នាំ២០១០។
ការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្ស នៅពេលនោះលើកឡើងថា តុលាការកម្ពុជាមួយចំនួន ប្រើមិនត្រឹមត្រូវនូវបទបញ្ញត្តិស្ដីពីបទញុះញង់ ដើម្បីរឹតត្បិតសកម្មភាពតស៊ូមតិតាមផ្លូវច្បាប់មួយចំនួន ហើយការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្សនេះ បានលើកជាអនុសាសន៍យ៉ាងដូច្នេះ៖ «ការចោទប្រកាន់ពីបទញុះញង់ មិនគួរត្រូវធ្វើក្នុងគោលបំណងបំបិទសំឡេងរិះគន់ រាប់ទាំងសំឡេងដែលលើកឡើងអំពីបញ្ហានយោបាយដែលរសើប ឬចម្រូងចម្រាសផង។ ការចោទប្រកាន់ពីបទញុះញង់ គួរតែត្រូវធ្វើឡើង កាលបើគេអាចបង្ហាញឱ្យឃើញពីចំណង ( ពាក់ព័ន្ធ ) ច្បាស់លាស់ដោយផ្ទាល់ទៅនឹងបទល្មើសជាក់លាក់ណាមួយ ឬទៅនឹងហានិភ័យជាក់ស្ដែង និងពិតប្រាកដណាមួយ ដែលនឹងបង្កឱ្យខូចខាតដល់សណ្ដាប់ធ្នាប់សាធារណៈ។ ចំណង ( ពាក់ព័ន្ធ ) ច្បាស់លាស់ ដែលចាំបាច់ រវាងបទញុះញង់ និងបទល្មើសព្រហ្មទណ្ឌ ដែលអះអាងថា ជាការញុះញង់ គួរត្រូវបញ្ជាក់ឱ្យបានច្បាស់លាស់ក្នុងក្រមនេះ ដើម្បីជៀសវាងការបកស្រាយតាមទំនើងចិត្ត និងការប្រើមិនត្រឹមត្រូវនៃបទបញ្ញត្តិនេះ»។
ការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្ស ក៏បានលើកឡើងនូវបញ្ហាក្នុងក្រមព្រហ្មទណ្ឌជាច្រើនចំណុចផ្សេងទៀត ដែលមានន័យទូលំទូលាយ និងមិនច្បាស់លាស់ ដែលបើកឱកាសឱ្យចៅក្រមបកស្រាយតាមទំនើងចិត្ត។ ទោះជាយ៉ាងណាក៏ដោយចុះ ក្រមព្រហ្មទណ្ឌកម្ពុជា ក៏ហាមចៅក្រមបកស្រាយច្បាប់ដោយអត្តនោម័តិ ឬបកស្រាយតាមអារម្មណ៍ តែត្រូវបកស្រាយដោយមិនលម្អៀង ដោយម៉ត់ចត់ និងផ្អែកលើភស្តុតាង។ មាត្រា៥ នៃក្រមព្រហ្មទណ្ឌកម្ពុជាចែងយ៉ាងដូច្នេះ៖ ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់ត្រូវបកស្រាយយ៉ាងតឹងរ៉ឹង។ ចៅក្រមមិនអាចពង្រីកវិសាលភាពអនុវត្ត ឬប្រព្រឹត្តតាមសទិសភាពបានឡើយ៕
ទាក់ទងនឹងប្រធាបទស្ដីពីការញុះញង់នេះ សូមលោកអ្នកនាងរង់ចាំស្ដាប់ និងទស្សនានាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី បន្ថែមទៀត នៅរាត្រីថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ស្អែកនេះ ដែលយើងនឹងមានអ្នកច្បាប់ និងមន្ត្រីសិទ្ធិមនុស្សមកពិភាក្សាជុំវិញនេះ។
លោកអ្នកនាងអាចចូលរួមផ្តល់ជាយោបល់ ឬសួរសំណួរទៅវាគ្មិន ដោយសរសេរគំនិត ឬដាក់លេខទូរស័ព្ទក្នុងខ្ទង់ខំម៉ិន ឬ ប្រអប់ផ្ញើសារ Messenger Inbox របស់ទំព័រហ្វេសប៊ុកវិទ្យុអាស៊ីសេរី ឬ យូធូប ក្នុងពេលកំពុងផ្សាយផ្ទាល់នោះ។ ក្រុមការងាររបស់យើងខ្ញុំនឹងស្រង់មតិ ឬទាក់ទងទៅលោកអ្នកនាងវិញ។ សូមអរគុណ
