អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនសំណុំរឿងលោក ហ៊ុន សែន ប្ដឹងអតីតសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី ទៅជំនុំជម្រះ។
ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានប្រាប់តាមបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម (Telegram) នៅថ្ងៃទី២២ ខែកញ្ញា ថា សំណុំរឿងដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដឹងឈ្មោះ ថាក់ ឡានី ត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមដីកាបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់។
ក្នុងសំណុំរឿងនេះ អ្នកស្រី ថាក់ ឡានី ត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦។ ការចោទប្រកាន់នេះ ដោយយោងតាមមាត្រា៣០៥ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
អ្នកស្រី ថាក់ ឡានី ត្រូវបានលោក ហ៊ុន សែន ប្ដឹងទៅតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី១ សីហា ស្របពេលជាមួយគ្នានឹងមេបក្សប្រឆាំង គឺលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់លោក ហ៊ុន សែន ថាជាអ្នកនៅពីក្រោយខ្នងនៃការសម្លាប់លោកបណ្ឌិត កែម ឡី។ ប៉ុន្តែសម្រាប់អ្នកស្រី ថាក់ ឡានី ធ្លាប់បានប្រកែកថា អ្នកស្រីមិនបានចោទប្រកាន់លោក ហ៊ុន សែន ដូច្នោះទេ ដោយអ្នកស្រីបញ្ជាក់ថា ឃ្លីបវីដេអូដែលគេបង្ហោះជាសាធារណៈនោះ គឺជាការកាត់ត ដើម្បីទម្លាក់កំហុសលើអ្នកស្រី។
បណ្ដឹងរបស់លោក ហ៊ុន សែន ដែលតំណាងដោយលោកមេធាវី គី តិច បានប្ដឹងទាមទារឲ្យតុលាការផ្ដន្ទាទោសអ្នកស្រី ថាក់ ឡានី និងលោក សម រង្ស៊ី តាមច្បាប់ និងទារសំណងជំងឺចិត្តក្នុងម្នាក់ ១០០រៀល។
បើទោះជាយ៉ាងណា សាលាដំបូងរាជធានីភ្នំពេញ នៅមិនទាន់កំណត់កាលបរិច្ឆេទសវនាការសំណុំរឿងនេះនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
