"លោក ហ៊ុន សែន គួរតែ​ទទួល​ខុសត្រូវ​ផ្លូវ​ច្បាប់​រឿង​ប្រមាថ​ព្រះមហាក្សត្រ​ក្នុង​សារ​បែក​ធ្លាយ"

ដោយ ថន ថារ៉ូ
2018-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច ព្រះនរោត្ដម សីហមុនី (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។
ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច ព្រះនរោត្ដម សីហមុនី (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។
RFA

អ្នកវិភាគ និង​សង្គម​ស៊ីវិល​យល់​ថា លោក ហ៊ុន សែន គួរតែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ចំពោះ​ការប្រើប្រាស់​សម្ដី​ប្រមាថ​ព្រះមហាក្សត្រ​នៅ​ក្នុង​សារ​សំឡេង បែក​ធ្លាយ​មួយ​ដែល​លោក​លូកដៃ​អន្តរាគមន៍​នៅ​ក្នុង​ជម្លោះផ្ទៃក្នុង​ក្រុមហ៊ុន​លោក​ឧកញ៉ា គិត ម៉េង។ មន្ត្រី​នាំ​ពាក្យ​ក្រសួងយុត្តិធម៌​ថា សមត្ថកិច្ច​មិន​ស៊ើបអង្កេត​ករណី​នេះ​ទេ ដោយសារតែ​សារ​សំឡេង​ដែល​បែក​ធ្លាយ​នោះ គ្មាន​ប្រភព​ច្បាប់​លាស់។ ទោះបីជា​យ៉ាងណា លោក ហ៊ុន សែន បាន​ទទួល​ស្គាល់​សំឡេង​របស់​លោក​រួច​ហើយ។

អ្នកវិភាគ និង​សង្គម​ស៊ីវិល សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ស្ថាប័ន​យុត្តិធម៌ ដែល​រក្សា​ភាព​ស្ងប់ស្ងាត់ មិន​ចាត់វិធានការ​ច្បាប់​លើ​មេដឹកនាំ​របប​ក្រុងភ្នំពេញ ដែល​និយាយ​ប្រមាថ​ព្រះមហាក្សត្រ ខណៈ ដែល​កន្លង​មក អ្នក​ដែល​ហ៊ាន​រិះគន់ និង​អ្នក​និយាយ​ប៉ះពាល់​ព្រះមហាក្សត្រ តែងតែ​ត្រូវ​បាន​ចាប់ខ្លួន និង​ជាប់​បណ្ដឹង​នៅ​តុលាការ​ជាដើម។

កាលពី​ចុង​ខែ​ធ្នូ លោក ហ៊ុន សែន បាន​និយាយ​ប្រមាថ​ព្រះមហាក្សត្រ​ជាថ្មី​ម្តង​ទៀត នៅ​ក្នុង​សារ​សំឡេង​បែក​ធ្លាយ​មួយ ដែល​លោក ហ៊ុន សែន ប្រើ​អំណាច​របស់​ខ្លួន​លូកដៃ​អន្តរាគមន៍​ជម្លោះផ្ទៃក្នុង​ក្រុមហ៊ុន​ទូរទស្សន៍​ស៊ី​.​អិន​.​ស៊ី (CNC) របស់​លោក គិត ម៉េង អ្នកជំនួញ​ដ៏​ធំ​មួយ​នៅ​កម្ពុជា។ ក្នុង​សារ​សំឡេង​បែក​ធ្លាយ​នោះ បង្ហាញ​ថា លោក ហ៊ុន សែន បញ្ជា ឲ្យ​លោក គិត ម៉េង ដកហូត​មុខតំណែង​លោក​អគ្គនាយក​ទូរទស្សន៍ CNCចេញ។ លោក ហ៊ុន សែន ថា លោក គិត ម៉េង ត្រូវតែ​ធ្វើតាម​ព្រោះ​អំណាច​របស់​លោកធំ​ណាស់ សូម្បីតែ​ស្ដេច​ផែនដី​ក៏ដោយ​ក៏​លោក​មិន​ព្រឺ​ឆ្អឹងខ្នង​ដែរ៖ «ជាមួយ​ខ្ញុំ​កុំ​និយាយ​ឲ្យ​សោះ ឪ​ស្ដេច ម៉ែ​ស្ដេច ក៏​ខ្ញុំ​ដាក់​ដែរ កុំ​និយាយ​បញ្ហា​កូន​អ្នកធំ​ក្មួយ​អ្នកធំ ការ​យោគយល់​អត់​ទេ»

ការ​និយាយ​ប្រមាថ​ព្រះមហាក្សត្រ​នេះ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ។ កាលពី​ឆ្នាំ​២០០៥ លោក ហ៊ុន សែន បាន​គំរាម​រំលាយ​របប​រាជានិយម ហើយ​ដាក់​ជំនួស​មកវិញ​នូវ​របប​សាធារណរដ្ឋ ប្រសិនបើ​ព្រះមហាក្សត្រ សម្ដេច​ព្រះ​នរោត្តម សីហមុនី មិន​ព្រម​ឡាយព្រះហស្តលេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ស្ដីពី​ព្រំដែន​កម្ពុជា​-​វៀតណាម។ មាត្រា ៧​នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ ចែង​ថា ព្រះមហាក្សត្រ ទ្រង់​ជា​ប្រមុខរដ្ឋ​មួយ​ជីវិត ហើយ​អង្គ​ព្រះ​មហាក្សត្រ មិន​អាច​នរណា​រំលោភបំពាន​បាន​ឡើយ។

រដ្ឋសភា​នៃ​របប​លោក ហ៊ុន សែន បាន​តាក់តែង និង​អនុម័ត​មាត្រា ៤៣៧​ស្ទួន​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ ស្ដីពី​ការ​ប្រមាថ​ព្រះមហាក្សត្រ​។ ច្បាប់​ថ្មី​ចែងថា «​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ ១០​លាន​រៀល។ ចំពោះ​នីតិបុគ្គល ក៏​អាច​ត្រូវ​បាន​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល ទៅ​៥០​លាន​រៀល ព្រមទាំង​ទោស​បន្ថែម​មួយ ឬ​ច្រើន ក្នុង​ករណី​ដែល​តុលាការ​រក​ឃើញ​ថា មាន​ពិរុទ្ធភាព​ពាក់ព័ន្ធ​នឹង​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ»

ក្រោយ​ច្បាប់​នេះ​ចេញ​ភ្លាម មន្ត្រី​សិទ្ធិមនុស្ស​រិះគន់​ថា របប​លោក ហ៊ុន សែន នឹង​ប្រើប្រាស់​ច្បាប់​នេះ​ដើម្បី​ធ្វើទុក្ខបុកម្នេញ​អ្នក​រិះគន់ និង​បក្ស​ប្រឆាំង។ យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​បី​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ករណី​ប្រមាថ​ព្រះមហាក្សត្រ ក្រោយ​ច្បាប់​នេះ​អនុម័ត​រួច។

លោក ឃាង ណាវី អាយុ ៥០​ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន កាល​ពី​ថ្ងៃ​ទី​១៣ ឧសភា បន្ទាប់ពី​បាន​បញ្ចេញ​មតិ ក្នុង​ប្រអប់​បញ្ចេញមតិ (ខ្ទង់ Comment) ក្នុង​ន័យ​ថា ព្រះមហាក្សត្រ និង​សមាជិក​រាជវង្ស​ដទៃ​ទៀត បាន​ចូល​ដៃ​ចូល​ជើង ជាមួយ​របប​លោក ហ៊ុន សែន ក្នុង​ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ​កន្លងមក។ រីឯ​លោក បាន សម្ភីរ អាយុ ៧០​ឆ្នាំ ជាជាង​កាត់សក់ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២០ ឧសភា ដោយ បាន​ចែកចាយ​បន្ត (Share) វីដេអូ​ខ្លី​មួយ ស្ដីពី​ទុក្ខ​លំបាក របស់​អ្នកភូមិ​ស្រែគរ នៅ​ខេត្ត​ស្ទឹងត្រែង ដែល​រងគ្រោះ​ពី​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ រូបថត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​ភរិយា និង​រូប​ដាច់ដោយឡែក​មួយទៀត គឺ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ គង់​ក្នុង​រថយន្ត។ ចំណែក​បុរស​ម្នាក់ទៀត ឈ្មោះ អៀង ជលសា អាយុ​២៦​ឆ្នាំ មានមុខ​របរ​លក់​កោះមាន់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥ មិថុនា ក្រោយ​ពេល​បុរស​ម្នាក់​នេះ បាន​បង្ហោះ​សារ​រិះគន់​ព្រះមហាក្សត្រ កាលពី​យប់​ថ្ងៃ​ទី​១៣ មិថុនា នៅ​លើ​គណនី​ហ្វេសប៊ុក (Facebook) របស់​ខ្លួន។

អ្នកវិភាគ​ថា ប្រសិនបើ​អាជ្ញាធរ​មិន​ចាត់ការ​លោក ហ៊ុន សែន បាន​ន័យ​ថា របប​ក្រុងភ្នំពេញ​អនុវត្ត​ច្បាប់​ដោយមាន​ស្តង់ដារ​ពីរ​ផ្សេងគ្នា។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ លើកឡើង​ថា របៀប​ដឹកនាំ​របស់​លោក ហ៊ុន សែន គឺ​ប្រើ ច្បាប់​ព្រៃ ព្រោះ​អ្វី​ដែល​លោក ហ៊ុន សែន ធ្វើ និង​និយាយ គឺ​តែងតែ​បំពាន​គ្រប់​បែប​យ៉ាង​ទៅលើ ស្ថាប័ន​ជាតិ រួម​ទាំង​ស្ថាប័ន​ព្រះមហាក្សត្រ។ លោក គឹម សុខ បន្ត​ថា នៅ​ពេល​ប្រជារាស្ត្រ និង អ្នក​នយោបាយ​ប្រឆាំង និយាយ​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ គឺ​របប​លោក ហ៊ុន សែន តែង​ប្រើប្រាស់ វិធានការ​ច្បាប់​យ៉ាង​តឹងរ៉ឹង ទោះបីជា​ព្រះមហាក្សត្រ​មាន​ព្រះទ័យ​ទូលាយ​មិន​យកទោស​ពៃរ៍​ក្ដី ប៉ុន្តែ លោក ហ៊ុន សែន វិញ គឺ​តែងតែ​ទុក​ព្រះមហាក្សត្រ​ជា​ឧបករណ៍​នយោបាយ និង​ជា​ល្បែង​សម្រាប់ លេងសើច និង​អាច​ប្រមាថ​បាន​តាម​អំពើ​ចិត្ត៖ «តាម​គោលការណ៍​យុត្តិធម៌​នៃ​ច្បាប់ និង​ភាពស្មើគ្នា​នៅ​ចំពោះ​មុខ​ច្បាប់ គឺ​ពាក្យ​ប្រមាថ​មើល​ងើយ​ព្រះមហាក្សត្រ​ដោយ​លោក ហ៊ុន សែន ត្រូវ​ប្រឈម​នៅ​តុលាការ​ហើយ មិនមែន​ដាក់ទោស​ទណ្ឌ​តែ​លើ​ពលរដ្ឋ​សាមញ្ញ​ដែល​ប៉ះពាល់​ព្រះ​កិត្តិនាម​ព្រះអង្គ​ទេ។ ប៉ុន្តែ​នៅ​ប្រទេស​កម្ពុជា តើ​អ្នកណា​ហ៊ាន​ចាត់វិធានការ​លើ​លោក ហ៊ុន សែន បើ​គាត់​នេះ​ចាត់​ទុក​ខ្លួនឯង​ជា​ស្ដេច​ដ៏​មានអំណាច​បំផុត ក្នុង​ឈ្មោះ​មិនមែន​ស្ដេច​រួច​ទៅ​ហើយ​នោះ។ គាត់​ចាត់​ទុក​ខ្លួនឯង​ជា​ស្ដេច​នៃ​ព្រះរាជបល័្លង្ក ជា​ស្ដេច​នៃ​អង្គការ​នីតិប្បញ្ញត្តិ មាន​រដ្ឋសភា ព្រឹទ្ធសភា ក្រុម​ប្រឹក្សាធម្មនុញ្ញ ជា​ស្ដេច​នៃ​អង្គការ​នីតិប្រតិបត្តិ ជា​ស្ដេច​នៃ​អ្នកចាត់ចែង​ប្រយោជន៍​ជាតិ​ទាំងអស់ នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​អ្នកណា​ក៏​ទៅ​លូន​ក្រាប​គាត់​ដែរ ដូច្នេះ​តើ​មាន​ស្ថាប័ន​ណា ទៅ​ចាត់វិធានការ​លើ​គាត់»

អ្នករងគ្រោះ​នៃ​ច្បាប់​ការប្រមាថ​ព្រះមហាក្សត្រ​ក៏​ចង់​ឲ្យ​លោក ហ៊ុន សែន ត្រូវ​បាន​ផ្ដន្ទាទោស​ដែរ។ អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​ហ៊្វុនស៊ិនប៉ិច​លោក លឺ ឡាយស្រេង ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ដោយសារ​ជាប់​បណ្ដឹង​ប្រមាថ​ព្រះមហាក្សត្រ លើកឡើង​ថា ការ​ប្រើ​ភាសា​ថា ទោះបីជា​មាតា បិតា ព្រះមហាក្សត្រ​ក៏​មិន​ខ្លាច​ដែរ​នេះ បង្ហាញ​ថា លោក​ហ៊ុន សែន កំពុង​ប្រមាថ​ព្រះមហាក្សត្រ​ពេញទី និង​ទុក​ព្រះមហាក្សត្រ​នៅ​ក្រោម​បង្គាប់​របស់​ខ្លួន​ថែមទៀត។ ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង បន្ត​ថា បើសិនជា​កម្ពុជា​មាន​ការអនុវត្ត​ច្បាប់​ត្រឹមត្រូវ​ពិតប្រាកដ​នោះ លោក ហ៊ុន សែន មិន​អាច​គេច​ផុត​ពី​ការទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ឡើយ៖ «បើសិនជា​ក្រៅពី​លោក ហ៊ុន សែន និយាយ​វិញ គឺ​ជាប់គុក​បាត់​ទៅ​ហើយ ប៉ុន្តែ​គាត់​ដាក់គុក​ខ្លួន​គាត់​មិនកើត។ គាត់​សព្វថ្ងៃ​នេះ ទៅជា​មហា​អធិរាជ ដែល​ធំ​ជា​ស្ដេច​ទៅទៀត ព្រោះ​ម៉ែឪ​ស្ដេច​ក៏​មិន​ខ្លាច​ដែរ​អ៊ីចឹង​គឺថា ខ្ញុំ​លែង​យល់​តែម្ដង។ ពាក្យ​សម្ដី​នៃ​ថ្នាក់ដឹកនាំ​អី​អ៊ីចឹងៗ​ទៅ។ ប្រសិនបើ​រាស្ត្រ​ប្រជា ឬ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​អី​នៅ ក្នុងស្រុក ឬក៏​អ្នក​ទៀត​ហ៊ាន​និយាយ គឺ​នឹង​ត្រូវ​ចាប់​ដាក់គុក​បាន មិន​អាច​នៅ​បាន​ទេ»

កាលពី​ខែ​តុលា ឆ្នាំ​២០១៧ លោក លឺ ឡាយស្រេង ត្រូវ​បាន​មេធាវី​លោក ហ៊ុន សែន និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្តឹង​ទៅ​តុលាការ​ដោយ​ចោទ​ថា លោក​ប្រមាថ​ព្រះមហាក្សត្រ បន្ទាប់ពី​គណនី​ហ្វេសប៊ុក​ឈ្មោះ "​សីហា​" ដែល​ស្និត​នឹង​របប​លោក ហ៊ុន សែន បាន​លួច​បញ្ចេញ​សារ​សន្ទនា​តាម​ទូរស័ព្ទ របស់​លោក លឺ ឡាយស្រេង ជាមួយ​អតីតមន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដូចគ្នា គឺ​អ្នកស្រី គី លំអង។ សារសន្ទនា​តាម​ទូរស័ព្ទ​នោះ លោក លឺ ឡាយស្រេង និយាយ​ថា ប្រសិនបើ​ព្រះមហាក្សត្រ ទ្រង់​មិន​អាច​អន្តរាគមន៍​ដោះស្រាយ​វិបត្តិ​នយោបាយ​នេះ​បានទេ ទ្រង់​គួរ​ដាក់រាជ្យ​វិញ​ទៅ។

ចំណែក​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក៏​ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្ស វង្សវឌ្ឍានា បញ្ជា​ឲ្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់វិធានការ​ច្បាប់​ដែរ កាលពី​ថ្ងៃ​ទី​៨ មិថុនា ឆ្នាំ​២០១៨ បន្ទាប់ពី​លោក សម រង្ស៊ី បាន​សរសេរ​លើ​ហ្វេសប៊ុក ដោយ​ចាត់​ទុក​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ថា​ជា​លិខិត​ក្លែងក្លាយ ឬក៏​ជា​លិខិត​មួយ​ដែល​បាន​ធ្វើឡើង​ក្រោម​ការ​គំរាមកំហែង​ពី​សំណាក់​លោក ហ៊ុន សែន។

ទាក់ទង​សំណុំរឿង​ប្រមាថ​ព្រះមហាក្សត្រ​នេះ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ឆ្លើយតប​ថា ស្ថាប័នរដ្ឋ នឹង​មិន​ស៊ើបអង្កេត​សម្ដី​របស់​លោក ហ៊ុន សែន ប្រមាថ​ព្រះមហាក្សត្រ នាំ​ឲ្យ​ខាត់​ពេលវេលា​នោះ​ទេ ព្រោះ​វា​ជា​សារ​បែក​ធ្លាយ ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់។ ប៉ុន្តែ នៅ​ពេល​អាស៊ីសេរី សួរ​ថា ហេតុអ្វី​បានជា​សារ​បែក​ធ្លាយ​របស់​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក ហ៊ុន សែន សុទ្ធ​តែ​ជា​សារ​បែក​ធ្លាយ​គ្មាន​មូលដ្ឋាន​រ៉ឹង​មាំ​ច្បាស់លាស់ ដើម្បី​ស្រាវជ្រាវ​ចាត់វិធានការ ច្បាប់ ប៉ុន្តែ​សម្រាប់​បែក​ធ្លាយ​របស់​គណបក្ស​ប្រឆាំង ឬ​អ្នកមាន​និន្នាការ​ផ្ទុយ​ពី​របប​ក្រុងភ្នំពេញ តែង រក​ឃើញ​ថា មាន​មូលដ្ឋាន​រ៉ឹងមាំ និង​តែងតែ​បើក​ការស្រាវជ្រាវ និង​ចាត់ការ​ច្បាប់​យ៉ាង​តឹងរ៉ឹង​ទៅវិញ ? លោក ជិនម៉ាលីន ឆ្លើយ​ថា ដោយសារ​កន្លងមក សារ​បែក​ធ្លាយ​របស់​ក្រុម​ប្រឆាំង មាន​មូលដ្ឋាន ច្បាប់​ច្បាស់លាស់។ ម្យ៉ាងវិញទៀត មិនមែន​គ្រប់​សារ​បែក​ធ្លាយ និង​ពាក្យ​បណ្ដឹង​ទាំងអស់ ត្រូវតែ ស៊ើបអង្កេត​ស្រាវជ្រាវ​រក​ទទួលខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​នោះ​ទេ៖ «ករណី​នេះ​គឺ​ខុសគ្នា។ ករណី​វិធានការ​ច្បាប់​កន្លងមក គឺ​វា​មាន​មូលដ្ឋាន ភស្តុតាង មាន​សាក្សី សូម្បីតែ​សាមីខ្លួន​ក៏​សារភាព​ថា ខ្លួន​និយាយ​បែប​នឹង​ដែរ។ អ៊ីចឹង​ទេ ផ្អែក​ទៅ​លើ​មូលដ្ឋាន​ភស្តុតាង សាក្សី គឺ​បញ្ជាក់​ថា សារ​សំឡេង​នោះ គឺជា​របស់​បុគ្គល​ហ្នឹង​ជា​ការ​ពិត ដូច្នេះ​ហើយ​បាន​ជា​មាន​វិធានការ​ច្បាប់។ ប៉ុន្តែ​សារ​ដែល​លោក​លើកឡើង​មិញ​នេះ គឺ​មាន​ការវិភាគ​ផ្សេងៗ​គ្នា​ទៅតាម​និន្នាការ​នយោបាយ ទាំង​មិន​ដឹង​ថា សារ​ពិត​ឬ​មិន​ពិត​ផង អ៊ីចឹង​ការវិភាគ​នោះ​គឺ​គ្មាន​មូលដ្ឋាន​ផ្លូវច្បាប់​បន្តិច​ទាល់តែសោះ​ទេ។ អញ្ចឹង​ក្នុងនាម​ជា​អ្នកច្បាប់ ខ្ញុំ​មិន​អាច​មាន​ការ​អត្ថាធិប្បាយ​ទៅលើ​សារ​មួយ​ដែល​មិន​ដឹង​ថា ពិត​ឬ​មិន​ពិត​ផង​នោះ​ទេ»

បើ​ទោះ​បី​ជា​លោក ជិន ម៉ាលីន ថា សំឡេង​នោះ គ្មាន​ប្រភព​ច្បាស់លាស់ និង​ទម្លាយ​ដោយ​ក្រុម​បក្ស ប្រឆាំង​ក្ដី ប៉ុន្តែ​លោក ហ៊ុន សែន បាន​បញ្ជាក់​ខ្លួនឯង​ថា លោក​ពិតជា​បាន​ផ្តល់​លុយ​ដល់ អ្នកសារព័ត៌មាន​នៃ​ទូរទស្សន៍ CNC​មែន។

លើស​ពី​នេះ កាលពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ កន្លងទៅ លោក ហ៊ុយ វណ្ណៈ បាន​បើក​កិច្ចប្រជុំ​ជាមួយ​បុគ្គលិក ទូរទស្សន៍ CNC ថា លោក ហ៊ុន សែន ពិតជា​បាន​ផ្ញើ​សំឡេង ១៣​នាទី ដើម្បី​អន្តរាគមន៍​បញ្ចប់​ជម្លោះ ផ្ទៃក្នុង​ទូរទស្សន៍ CNC ពិតប្រាកដ​មែន៖ «ខ្ញុំ​នឹង​បន្ត​ថា ហេតុ​អី​រឿង​នេះ មាន​ការ​យកចិត្តទុកដាក់​ពី​លោក​ឧកញ៉ា គិត ម៉េង រហូតដល់​សម្ដេច តេជោ។ រឿង​នេះ​ប្រហែល​មាន​គ្នា​យើង​មួយ​ចំនួន បាន​ស្ដាប់​លឺ​សំឡេង ហើយ​មុន​នេះ ខ្ញុំ​ទើប​ទទួល​បាន​របាយការណ៍​ថា មានការ​ផ្សាយ​នៅ​ក្នុង​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ហើយ អ៊ីចឹង​ខ្ញុំ​ចាំបាច់​ដើម្បី​បកស្រាយ​ដើម្បី​ឲ្យ​គ្នា​យើង​យល់។ សម្ដេច តេជោ លោក​អន្តរាគមន៍ ក៏​អត់​មានអី​សម្ងាត់​ដែរ ការ​យកចិត្តទុកដាក់​ប្រជាពលរដ្ឋ​របស់​គាត់ ក្នុងនាម​ក្រុមហ៊ុន​ក្នុង​ប្រទេស​របស់​គាត់ និង​រដ្ឋាភិបាល​គាត់»

អ្នក​ជំនាញ​ផ្នែក​ច្បាប់​ក៏​ចង់​ឲ្យ​មានការ​ស៊ើបអង្កេត​ករណី​លោក ហ៊ុន សែន ប្រមាថ​ព្រះមហាក្សត្រ​ដែរ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ប្រសិនបើ​សម្ដី​របស់​លោក ហ៊ុន សែន ជាសម្ដី​ពិត​ស្ដែង​ចេញពី​ចិត្ត​ពិត គឺ​បង្ហាញ​ថា លោក ហ៊ុន សែន ពិត​ជា​មាន​ឥទ្ធិពល​ខ្លាំង​លើ​ព្រះមហាក្សត្រ ដូច​គេ​មើល​ឃើញ​កន្លងមក​មែន។ លោក ស៊ឹង សែនករុណា បញ្ជាក់​ថា ស្ថាប័ន​អនុវត្ត​ច្បាប់ គួរតែ​ស៊ើបអង្កេត​សារ​បែក​ធ្លាយ​របស់​លោក ហ៊ុន សែន ដែល និយាយ​ប៉ះពាល់​ព្រះមហាក្សត្រ៖ «ប្រសិនបើ​ទទួល​ព័ត៌មាន​អំពី​បទល្មើស​ហើយ អត់​មាន​ចាត់ការ បាន​ន័យ​ថា អ្នក​ទាំងអស់​នេះ គឺ​អនុវត្ត​ច្បាប់​អត់​ស្មើភាព​គ្នា មានន័យថា ស្តង់ដារ​ពីរ។ ប្រសិនបើ​ប៉ះ​ទៅលើ​អ្នក​មាន​អំណាច ប៉ះ​ទៅលើ​អ្នកមាន​ប្រាក់ គឺ​តែងតែ​អ៊ីចឹង ហើយ​កន្លងមក យើង​មើល​ឃើញ​អ៊ីចឹង​ហ្មង ហើយ​បើ​ចំ​បុគ្គល​ប្រមុខ​ដឹកនាំ​កំពូល​អ៊ីចឹង​ទៀត រឹតតែ​មិន​ហ៊ាន​ចាត់វិធានការ​ទៅទៀត។ នេះ​ហើយ​ជាហេតុ​ផល​មួយ​ដែល​យើង​មិន​អាច​ទទួល​យក​បាន​ព្រោះ​អី​ប្រទេស​ដែល​អនុវត្ត​ច្បាប់ វា​មិន​អាច​ស្តង់ដារ​ពីរ​ទេ គឺ​ជន​ណា​ក៏​ដោយ ក៏​ត្រូវ​ឈម​ផ្លូវច្បាប់​ដែរ ទោះបី​អ្នកនោះ​ជា​អ្នកណា​ក៏ដោយ»

លោក​បន្ត​ថា ការ​មិន​ស៊ើបអង្កេត​សំណុំរឿង​លោក ហ៊ុន សែន ដែល​រង​ការ​ចោទ​ប្រកាន់​ថា ប្រមាថ​ព្រះមហាក្សត្រ​នេះ គឺជា​ការអនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

ដែង ដារ៉េត

ពី COLUMBUS

លោក ហ៊ុន សែន ជាមនុស្សកំសាក មិនហានដើរចូលគុកខ្លួនឯងទេ ពីបទប្រមាទព្រះមហាក្ស៍ត តែបើខ្លួនឯងវិញចោទប្រកាន់គេពេញទឹកពេញដី!

Dec 30, 2018 07:37 AM

គេហទំព័រ​ទាំងមូល