អង្គការ​មាតា​ធម្មជាតិ​ រកឃើញ​ភាព​មិន​ប្រក្រតី​នៃ​ការនាំ​មាស​សុទ្ធ​ចូល​ពី​សិង្ហបុរី​ ​ក្នុង​តម្លៃ​ដល់​ទៅ ១៥ ពាន់​លាន​ដុល្លារ

ដោយ មាន ឫទ្ធិ
2018.10.02
អង្គការ​មាតា​ធម្មជាតិ​ រកឃើញ​ភាព​មិន​ប្រក្រតី​នៃ​ការនាំ​មាស​សុទ្ធ​ចូល​ពី​សិង្ហបុរី លោក អេឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន ប្រធាន​ចលនា​មាតា​ធម្មជាតិ (Alejandro Gonzalez Davidson) ។
Mother Nature Cambodia/Facebook

ការសិក្សា​ស្រាវជ្រាវ​បែប​ស៊ើប​អង្កេត​ ​និង​ប្រៀបធៀប​មួយ​ ​ធ្វើឡើង​ដោយ​ស្ថាបនិក​របស់​អង្គការ​មាតា​ធម្មជាតិ​ ​លោក​ ​អាឡិច ​ហេន​ដ្រូ ​ហ្គន់សាឡេស ​ដេវិត​សុន (Alejandro Gonzalez-Davidson) ​រកឃើញ​ថា​ របប​លោក​ ហ៊ុន ​សែន ​មិន​បាន​កត់​ត្រា​​ចំនួន​មាស​ពិតប្រាកដ ​ដែល​កម្ពុជា​នាំចូល​ពី​បរទេស​ក្នុង​ចន្លោះ​ពី​ឆ្នាំ ២០១២ ​ដល់​ឆ្នាំ ២០១៧ ​នោះ​ឡើយ។ ភាព​មិន​ប្រក្រតី​នេះ​ ​នាំឲ្យ​មាន​ការសង្ស័យ​ថា​ របប​នេះ​ ​អាចនឹង​ជាប់ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​ជា​ប្រព័ន្ធ​ដ៏​មហាសាល​មួយ​នៅ​កម្ពុជា​ ​ដែល​ក្នុង​នោះ​ រួមមាន​ដូចជា​ ករណី​គេច​ពន្ធ​ ​ក្លែង​បន្លំ​ឯកសារ​ ​អំពើ​លាង​លុយក​ខ្វក់​ ​និង​បញ្ហា​ពុក​រលួយ​ផ្សេងៗ។

ក្នុង​វីដេអូ​ឃ្លីប​មួយ​របស់​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ រយៈពេល​ជិត​ ៣នាទី​ ​ទើប​នឹង​ចេញផ្សាយ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ ​នៅ​ថ្ងៃ​ទី១ ​តុលា ​លោក​ ​អាឡិច ​ហេន​ដ្រូ ​ហ្គាន់​សាឡេស ​ដេវិសុន ​រកឃើញ​ថា​ ​មាស​សុទ្ធ ៣៧០តោន ​ឬ​ជាង​ ៣សែន ៧ម៉ឺន​​គីឡូក្រាម​ ស្មើ​នឹង​ទឹក​ប្រាក់​ ១៥ពាន់​លាន​ដុល្លារ​អាមេរិក​ ត្រូវបាន​នាំចេញ​ពី​សិង្ហបុរី​ មក​កម្ពុជា​ ​គិត​ចាប់ពី​ឆ្នាំ២០១២ ​ដល់​ឆ្នាំ២០១៧។ ​តួលេខ​នេះ​ ​គឺ​ប្រហែលគ្នា​​នឹង​តួលេខ​ដែល​សិង្ហបុរី​ ​បាន​នាំចេញ​មាស​ទៅកាន់​ប្រទេស​ចិន​ ​ដែល​ជា​ប្រទេស​​មហា​អំណាច​សេដ្ឋកិច្ច​ទី​ពីរ​នៅលើ​ពិភពលោក​។ ​លោក​ឲ្យដឹង​ទៀត​ថា​ ​កម្ពុជា​នាំចូល​មាស​ពី​ប្រទេស​សិង្ហបុរី​ច្រើន​ជាង​ប្រទេស​​ដទៃ​ទៀត​​ក្នុង​​តំបន់​អាស៊ាន​ ​រួមទាំង​ប្រទេស​វៀតណាម​ ម៉ាឡេស៊ី ​ឥណ្ឌូនេស៊ី​ និង​ថៃ​ ​ជាដើម​ ​បើ​ទោះបីជា​ទំហំ​សេដ្ឋកិច្ច​កម្ពុជា​ ​តូច​​ជាង​​ប្រទេស​​នោះ​​ឆ្ងាយ​ក៏​ដោយ​។ ​ផ្អែក​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​សិង្ហបុរី​ ​ក្នុង​មួយ​ឆ្នាំ​ៗ​ ​កម្ពុជា​នាំចូល​មាស​សុទ្ធ​ពី​សិង្ហបុរី​ ​ក្នុង​​ចន្លោះ​​ពី​ ១ពាន់ ២យ​លាន​ដុល្លារ​អាមេរិក​ ​ទៅ ៥ពាន់ ៤ រយ​លាន​ដុល្លារ​អាមេរិក​ ​ដែល​នេះ​ស​បញ្ជាក់​​ឲ្យ​ឃើញ​​​​​ថា​ ​កម្ពុជា​ ​មិន​​បាន​កត់ត្រា​​ចំនួន​​នាំ​ចូល​​មាស​​ដ៏​មហាសាល​នោះ​ទេ៖ «យើង​ពិតជា​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ថា រឿង​នេះ​អាច​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​ ដូចជា​ ​ការ​គេច​ពន្ធ​ ​ការ​ក្លែង​បន្លំ​ឯកសារ ​ការ​លាង​លុយក​ខ្វក់​ ​និង​បញ្ហា​ពុក​​រលួយ​​ផ្សេងៗ ទៀត។ ហេតុ​ដូច្នេះ ​យើង​ទាំងអស់​គ្នា​ ​តម្រូវឲ្យ​មាន​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​ ពី​ស្ថាប័ន​ពាក់ព័ន្ធ​របស់​របប​ក្រុង​ភ្នំពេញ​ ​ជាពិសេស​ នាយកដ្ឋាន​គយ ​និង​រដ្ឋាករ ​និង​ធនាគារ​ជាតិ​នៃ​កម្ពុជា ហើយ​សំណួរ​ដែល​ខ្ញុំ​ជឿ​ថា​ ​ប្រជាជន​ខ្មែរ​ទាំងអស់​កំពុងតែ​ឆ្ងល់​ ​មាន ២ ​គឺ​ទី១ ​តើ​មូលហេតុ​អ្វី​បាន​ជា​ប្រទេស​កម្ពុជា​ ​ដ៏​តូច​មួយ​នេះ​ ​មាន​លទ្ធភាព​នាំចូល​មាស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ ​ប្រហែលគ្នា​នឹង​​ប្រទេស​​មហា​​អំណាច​ចិន? ​សំណួរ​ទី២ ​មូលហេតុ​អ្វី​ ​បាន​ជា​ស្ថាប័ន​របស់​រដ្ឋ​ ​មិន​បាន​កត់ត្រា​ទិន្នន័យ​​មាស​ ​ដែល​​មាន​​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ ​ដែល​បាន​នាំ​ចូល​ពី​ប្រទេស​សិង្ហបុរី? ​ឬ​ក៏​មាន​អាថកំបាំង​អ្វី​នៅ​ពី​ក្រោយ​​រឿង​​នេះ​ ​ដែល​​មិន​​ចង់​​ឲ្យ​​ប្រជា​ពលរដ្ឋ​​ខ្មែរ​​បាន​​ដឹង

ផ្អែក​តាម​ព័ត៌មាន​ស្ថិតិ​សេដ្ឋកិច្ច​ និង​រូបិយវត្ថុ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​ពាក់ព័ន្ធ​នឹង​ការនាំ​ មាស​ចូល​ពី​គ្រប់​ប្រទេស​មក​កម្ពុជា​ ​ដែល​ទិន្នន័យ​នេះ​ចាប់​ផ្តើម​មាន​ពី​ខែ​សីហា ​ឆ្នាំ២០១៣ រហូតដល់​បំណាច់​ខែធ្នូ ​ឆ្នាំ២០១៧ ក្នុង​ចន្លោះ​ពី​ឆ្នាំ២០១៣ ​ដល់​ឆ្នាំ២០១៧ កម្ពុជា​នាំ​មាស​ចូល​ពី​បរទេស​ ​ដែល​មាន​ន័យ​ថា ​ពី​គ្រប់​ប្រទេស​ទាំង​អស់​នៅ​លើ​ពិភពលោក​ ​ជា​មធ្យម​មាន​តម្លៃ​ប្រមាណ​ ៣៨៧,៩៥ ​លាន​ដុល្លារ។ ​តួលេខ​ដដែល​នេះ​ ​ឲ្យដឹង​ថា​ ​គិត​ចាប់ពី​ឆ្នាំ២០១៣ ​ដល់​ឆ្នាំ ២០១៧ កម្ពុជា​នាំ​មាស​ចូល​ពី​គ្រប់​ប្រទេស​ទាំងអស់​ មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​ចំនួន​ជិត​ ២ ពាន់​លាន​ដុល្លារ​ (.៩៣៩,៧៥ ​លាន​ដុល្លារ)

ផ្ទុយទៅវិញ​ផ្អែក​តាម​ទិន្នន័យ​របស់​នាយកដ្ឋាន​ស្ថិតិ​របស់​រដ្ឋាភិបាល​សិង្ហបុរី​ ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ​គ្រាន់តែ​មាស​នាំចេញ​ពី​ប្រទេស​សិង្ហបុរី​ ​តែ​មួយ​គត់ ​ទៅ​កាន់​ប្រទេស​កម្ពុជា​ ​ក្នុង​រយៈពេល​ដូចគ្នា​គឺ​ពី​ឆ្នាំ២០១៣ ​ដល់​ឆ្នាំ២០១៧ ​មាន​តម្លៃ​សរុប​រហូត​ដល់​​ទៅ​ជាង​ ១៤ពាន់​លាន​ដុល្លារ​អាមេរិក​ ​(១៤.២៧៩.៤៣៤.៨៣៩,០០​ដុល្លារ​អាមេរិក​)​។ ​បើ​ប្រៀបធៀប​នឹង​ទិន្នន័យ​នាំ​ទំនិញ​ចូល​គ្រប់​ប្រភេទ​ ​(​រួមទាំង​មាស​) ​ពី​ប្រទេស​សិង្ហបុរី ​ចេញផ្សាយ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​សម្រាប់​រយៈពេល​ដដែល​​នេះ​ ​គឺ​មាន​តម្លៃ​សរុប​ត្រឹមតែ​ជាង​ ២ពាន់ ៥រយ​លាន​ដុល្លារ​អាមេរិក​ (.៥១២,០១លាន​ដុល្លារ​អាមេរិក) ប៉ុណ្ណោះ​ ​គឺ​កម្ពុជា​មិន​បាន​កត់ត្រា​ចំនួន​នាំចូល​ពី​សិង្ហបុរី​ ​ដល់​ទៅ​ជាង​ ១១ពាន់​លាន​ដុល្លារ​អាមេរិក។

អាស៊ី​សេរី​បាន​​ព្យាយាម​សុំ​ការពន្យល់​បំភ្លឺ​ ​អំពី​ការចោទប្រកាន់​នៃ​ភាព​មិន​ប្រក្រតី​នៃ​ការនាំចូល​មាស​ដ៏​មហាសាល ​និង​​​ការ​​កត់ត្រា​​មិន​​ត្រឹមត្រូវ​ ​ឬ​បាត់បង់​តួលេខ​នាំ​ចូល​មាស​ពី​បរទេស​ដែល​មាន​លក្ខណៈ​ខុសគ្នា​ឆ្ងាយ​នេះ​ ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​ដែល​​​មាន​​អ្នកស្រី​ ​ជា សេរី អគ្គនាយក​បច្ចេកទេស​ ពី​សំណាក់​អគ្គ​នាយកដ្ឋាន​គយ ​និង​រដ្ឋាករ ​ព្រមទាំង​អគ្គ​នាយកដ្ឋាន​ពន្ធដារ ​ក៏​ប៉ុន្តែ​ ​ពុំ​​ទទួល​បាន​​ការ​​ឆ្លើយ​​តប​​ណា​​មួយ​​ឡើយ​ ​ទាំង​តាម​ទូរស័ព្ទ​ ​និង​តាម​សារ​អេឡិចត្រូនិក ​គិត​មក​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

លោក​ ​អាឡិច ​បាន​ឲ្យ​អាស៊ី​សេរី​​ដឹង​ថា​ ​ដើមហេតុ​ដំបូង​ដែល​ធ្វើឲ្យ​លោក​ចាប់ផ្តើម​ធ្វើ​ការសិក្សា​លើ​បញ្ហា​ភាព​មិន​ប្រក្រតី​នៃ​ការនាំ​មាស​ចូល​ពី​សិង្ហបុរី​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​ ​គឺ​ផ្តើម​ចេញ​ពី​រឿង​បាត់​ខ្សាច់​នាំចេញ​ ​ដែល​មាន​តម្លៃ​ដល់​ទៅ ៧០០ ​លាន​ដុល្លារ​អាមេរិក​ កាលពី​រយៈពេល ២ ឆ្នាំ​មុន​ ​ដែល​ជា​ហេតុ​ធ្វើឲ្យ​លោក​សង្ស័យ​លើ​ករណី​នាំចេញ​ ​ឬ​នាំចូល​ទំនិញ​ដទៃទៀត​របស់​កម្ពុជា​។ ​លោក​ថា​ ​ការស៊ើបអង្កេត​នេះ​ នៅ​មិន​ទាន់​ចប់​នៅឡើយ​ទេ ​ព្រោះ​នេះ​ ​គ្រាន់តែ​ជា​តួលេខ​នៅ​ប្រទេស​សិង្ហបុរី​តែ​មួយ​​ប៉ុណ្ណោះ​ ​ពោលគឺ​នៅ​មិន​ទាន់​រាប់បញ្ចូល​ករណី​នាំ​មាស​ចូល​ពី​ប្រទេស​ថៃ​ វៀតណាម​ ហុងកុង ​ឬ​ចិន​ជាដើម។

លោក​ ​អាឡិច ​សង្ឃឹម​ថា​ ​រដ្ឋាភិបាល​សិង្ហបុរី​ ​អាចនឹង​មិន​អនុញ្ញាតឲ្យ​នាំ​មាស​ចេញ​ទៅ​ប្រទេស​កម្ពុជា​ ​ប្រសិនបើ​រកឃើញ​ថា​ ករណី​នេះ​អាច​មាន​ជាប់ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​ ​ឬ​បទល្មើស​ណា​មួយ​នៅ​កម្ពុជា​ ​ស្រដៀង​នឹង​ករណី​រឿងអាស្រូវ​ខ្សាច់​​សមុទ្រ ​ដែល​រដ្ឋាភិបាល​សិង្ហបុរី​ ​បាន​បញ្ឈប់​ការ​នាំ​ចូល​ពី​កម្ពុជា​ដូច្នោះ​ដែរ។

លោក​ ​អាឡិច ​ឲ្យដឹង​ទៀត​ថា​ ​លោក​ចំណាយ​ពេលវេលា​ប្រហែល​ជា​ជិត​ ១ឆ្នាំ​ ​ដើម្បី​សិក្សា​ស្រាវជ្រាវ​លើ​ករណី​នាំចូល​មាស​នេះ​ ​ដោយ​ផ្អែក​លើ​របាយការណ៍​នាំចេញ​ ​នាំចូល​ផ្លូវការ​របស់​ប្រទេស​ទាំង​ពីរ​ ការសាកសួរ​អ្នកជំនាញ​រកស៊ី​ខាង​ជួញដូរ​មាស​ ការ​ស៊ើប​អង្កេត​​ធ្វើជា​អ្នករកស៊ី​ជួញ​ដូរ​មាស​ និង​សម្ភាសន៍​អ្នកជំនាញ​ដែល​ធ្វើការ​នៅ​សិង្ហបុរី​ ​ក្នុង​វិស័យ​មាស​នេះ​។ ​លោក​ថា​ ករណី​នាំ​មាស​ចូល​កម្ពុជា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​ ​មិន​មែន​ទើបតែនឹង​កើតឡើង​ពី​ឆ្នាំ ២០១២ ​ឬ ២០១៣ ​នេះ​ទេ ​តែ​គឺ​ជា​រឿងរ៉ាវ​មួយ​ដែល​បាន​កើត​មាន​ឡើង​នៅ​កម្ពុជា​ ​អស់​រយៈពេល​ជា​យូរ​មក​ហើយ​ យ៉ាង​ហោច​ណាស់​ក៏​ជាង ១០ឆ្នាំ​ដែរ​ ​ហើយ​តម្លៃ​នៃ​ការនាំចូល​មាស​វិញ​ ​ក៏​អាច​មាន​ច្រើន​ជាង​ករណី​រក​ឃើញ​នេះ​ទៅ​ទៀត។

លោក​ ​អាឡិច ​ពន្យល់​ថា​ ​អាច​មាន​ហេតុផល​ចម្បងៗ មួយចំនួន​ពាក់ព័ន្ធ​នឹង​ការនាំ​មាស​ចូល​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ​ ពី​ប្រទេស​សិង្ហបុរី​ មកកាន់​កម្ពុជា​នេះ​។ ​លោក​ថា​ ​ហេតុផល​ទី១ ​គឺ​អាច​មាន​ពាក់ព័ន្ធ​នឹង​ក្រុម​មន្ត្រី​អ្នក​មាន​លុយ​មាន​អំណាច​​​​នៅ​កម្ពុជា​ ​ក្រៅពី​យក​លុយ​ដែល​បាន​មកពី​អំពើ​ពុករលួយ​ ​កឹប ​ឬ​កេងប្រវ័ញ្ច​ថវិកា​ជាតិ​ យក​ទៅ​ទិញ​ដី​ ​ទិញ​ផ្ទះ​ ​ឬ​វិនិយោគ​អ្វី​មួយ​នោះ​ ​ពួក​គេ​ក៏​អាច​យក​លុយ​ដែល​បាន​មក​ដោយ​អំពើ​ទុច្ចរិត​នេះ​ ​ទៅ​ទិញ​មាស​សុទ្ធ​ទុក​នៅ​ផ្ទះ​ ​ដើម្បី​ជា​ការ​វិនិយោគ​​បន្ត​ ​ជា​ជាង​​ការ​រក្សា​ទុក​សាច់ប្រាក់​ ​នៅ​ធនាគារ​ ​ដែល​នាំ​ឲ្យ​គេ​អាច​ស៊ើបអង្កេត​នា​ពេល​អនាគត​ ​ដឹង​ថា​ខ្លួន​មាន​លុយ​ដោយ​ខុស​ច្បាប់​នោះ។

ដោយឡែក​ ​ហេតុផល​ទី២ ​គឺ​ការ​ប្រើប្រាស់​ប្រទេស​កម្ពុជា​ជា​កន្លែង​លាង​លុយ​ក​ខ្វក់​ ​ដែល​អាច​ជា​បទ​ល្មើស​ក្នុង​តំបន់។ លោក​ថា​ ករណី​នេះ​ ​មិន​មែន​មាន​តែ​មនុស្ស​ខ្មែរ​ទេ ​ដែល​​លាង​​លុយ​ក​ខ្វក់​​តាម​រយៈ​មាស​នេះ​ តែ​គឺ​អាច​មាន​មនុស្ស​មកពី​ចិន​ មក​ពី​​ប្រទេស​ផ្សេងៗ ទៀត ​ក្នុង​តំបន់​ ​ដែល​មាន​លុយក​ខ្វក់​ក្នុង​ដៃ​ ​ហើយ​ចង់​លាង​លុយក​ខ្វក់​នេះ​ តាមរយៈ​មាស​ ក្រៅពី​សកម្មភាព​លាង​លុយក​ខ្វក់​តាម​រយៈ​វិធីសាស្ត្រ​ផ្សេង​ៗ​ទៀត​ ​ដូចជា​ ​កាស៊ីណូ ​ការវិនិយោគ​លើ​វិស័យ​សំណង់​ ​សណ្ឋាគារ​ ធនាគារ​​ជា​ដើម​ ​ដែល​ករណី​នេះ​មាន​លក្ខណៈ​ស្មុគស្មាញ​ពិបាក​តាមដាន​ដឹង។

ហេតុផល​មួយ​ទៀត​ ​គឺ​ការ​មិន​កត់ត្រា​បរិមាណ​មាស​នាំចូល​កម្ពុជា​ទាំងនេះ​ ​ដើម្បី​នឹង​នាំ​មាស​ចេញ​បន្ត​ដោយ​ខុស​ច្បាប់​ ​ទៅកាន់​ប្រទេស​វៀតណាម​ ​ឬ​ចិន​ជា​បន្ត​ទៀត​ ​ដែល​អាច​ក្លាយជា​ករណី​គេច​ពន្ធ​មួយ​ ​ដោយសារតែ​នៅ​ប្រទេស​វៀតណាម​ការ​នាំ​ចូល​​មាស​​ពី​សិង្ហបុរី​ តម្រូវឲ្យ​បង់​ពន្ធ​ថ្លៃ​ ​ខណៈ​ដែល​នៅ​កម្ពុជា​គ្រាន់តែ​មាន​អាជ្ញាប័ណ្ណ​ជា​ការស្រេច។

ផ្អែក​តាម​តារាង​ពន្ធ​គយ​កម្ពុជា​ ​ឆ្នាំ២០១៧ របស់​អគ្គ​នាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា​ ​ការ​នាំ​ចូល​មាស​ ​ដែល​រាប់​បញ្ចូល​ទាំង​មាស​ជ្រលក់​ប្លាទីន​ ​ក្នុង​ទម្រង់​មិន​ទាន់​កែច្នៃ​ ​ឬ​ពាក់​កណ្តាល​សម្រេច​ ​ឬ​ជា​ម្សៅ​ ​មិន​តម្រូវឲ្យ​ជាប់​ពន្ធ​គយ ​អាករ​ពិសេស ​អាករ​បន្ថែម​ ​ឬ​អាករ​លើ​តម្លៃ​បន្ថែម​នោះ​ទេ។ តែ​តម្រូវ​ឲ្យ​មាន​អាជ្ញាប័ណ្ណ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា។

យោង​តាម​ប្រកាស​ចុះ​ថ្ងៃ​ទី ២៩ ខែ​ធ្នូ ​ឆ្នាំ២០០៩ ​ចុះហត្ថលេខា​ដោយ​លោក​ ​ជា ​ចាន់​តូ ​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​ការផ្តល់​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​នាំចេញ​ ​នាំចូល​លោហធាតុ​ ​និង​ត្បូង​ថ្ម​មាន​តម្លៃ​ ​ត្រូវ​ចុះ​បញ្ជី​ជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ ​ដែល​មាន​ឈ្មោះ​ផ្លូវការ​របស់​តំណាង​ក្រុមហ៊ុន​ លក្ខន្តិកៈ​ក្រុមហ៊ុន​ ​និង​អាសយដ្ឋាន​ច្បាស់លាស់​ ត្រូវ​បង់​សោហ៊ុយ​សំណុំ​លិខិត​ចំនួន​ ១ លាន​រៀល ​សោហ៊ុយ​អាជ្ញាប័ណ្ណ​ប្រចាំ​ឆ្នាំ​ចំនួន​ ២​លាន​រៀល​ ​និង​បង់​សោហ៊ុយ​ ២លាន​រៀល ​រាល់​ការនាំចេញ​នាំចូល​ ​លោហធាតុ​ ​និង​ត្បូង​ថ្ម​មាន​តម្លៃ​ ​ដែល​ត្រូវ​មាន​ការ​អនុញ្ញាត​ជា​មុន​ពី​ធនាគារ​ជាតិ​ ​ក្នុង​មួយ​ប្រតិបត្តិការ។

អាស៊ី​សេរី​ ​មិន​អាច​ទាក់ទង​មន្ត្រី​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​ដើម្បី​សុំ​ការពន្យល់​បន្ថែម​អំពី​ការផ្តល់​អាជ្ញាប័ណ្ណ​នេះ​ ​និង​ថា ​តើ​បច្ចុប្បន្ន​ ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ចំនួន​សរុប​ប៉ុន្មាន​ដល់​ក្រុមហ៊ុន​ពាណិជ្ជកម្ម​នានា ​ដែល​ប្រកប​អាជីវកម្ម​នាំចេញ​ ​នាំចូល​លោហធាតុ​ ​និង​ត្បូង​ថ្ម​មាន​តម្លៃ​នេះ។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ ​លោក​ ​អាឡិច ​យល់​ថា​ ការណ៍​ដែល​គ្រាន់​តែ​តម្រូវ​ឲ្យ​មាន​អាជ្ញាប័ណ្ណ ​ដោយ​ពុំ​ចាំបាច់​បង់​ពន្ធ​អាករ​សម្រាប់​ការ​នាំ​ចូល​មាស​នេះ​ ​គឺ​ជា​រឿងរ៉ាវ​មួយ​ដ៏​គួរឲ្យ​ភ្ញាក់​ផ្អើល​បំផុត​ ​ព្រោះ​ភាព​ធូរ​លុង​នេះ​ ​អាច​បើក​ឱកាស​ឲ្យ​មាន​អំពើ​លាង​លុយក​ខ្វក់​ ​និង​ការរត់ពន្ធ​មាស​យ៉ាង​សម្បើម​នៅ​កម្ពុជា​ ​ពីសំណាក់​ក្រុម​ឧក្រិដ្ឋ​ជន​នានា។

ទោះបីជា​កម្ពុជា បាន​ក្លាយជា​សមាជិក​ កាល​ពី​ឆ្នាំ២០០៤ ​នៃ​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​ស្តីពី​ការ​លាង​លុយក​ខ្វក់ ​ឬ​ហៅ​ថា​ ​(Asia Pacific Group on Money Laundering) ​ដែល​ផ្តោត​លើ​ការធានា​ការ​អនុវត្ត​ស្តង់ដារ​អន្តរជាតិ​ ​ប្រឆាំង​នឹង​អំពើ​លាង​លុយក​ខ្វក់​ ​ហិរញ្ញប្បទាន​ភេរវកម្ម​ ​និង​ហិរញ្ញប្បទាន​ការ​រីក​សាយភាយ​នៃ​គ្រឿង​សព្វាវុធ​ប្រល័យ​លោក​ ​ហើយ​ដែល​អង្គការ​នេះ​ ​បាន​វាយ​តម្លៃ​ថា​ ​ប្រទេស​កម្ពុជា​បាន​បន្ត​ពង្រឹង​អំពើ​ប្រឆាំង​នឹង​ការលាង​លុយក​ខ្វក់​ ​និង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ប្រព័ន្ធ​ហិរញ្ញប្បទាន​ភេរវកម្ម​ តាមរយៈ​ការប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់​ ​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ ​កាលពី​ឆ្នាំ ២០០៧ ​ព្រម​ទាំង​​ការ​បង្កើត​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​ ​(Financial Intelligence Unit) ​នៅក្នុង​ធនាគារ​ជាតិ​ ​ក៏​ដោយ​ របាយការណ៍​ស្តីពី​សន្ទស្សន៍​ប្រឆាំង​អំពើ​លាង​លុយក​ខ្វក់​របស់​វិទ្យាស្ថាន​បាសែល ​ប្រទេស​ស្វីស ​ឆ្នាំ២០១៧ ​បាន​ដាក់​ប្រទេស​កម្ពុជា​ ​ជាប់​លេខ ៩ ​ក្នុង​ចំណោម ១៤៦ប្រទេស​នៅលើ​ពិភពលោក​ ​ដែល​មាន​ហានិភ័យ​ខ្ពស់​បំផុត​សម្រាប់​អំពើ​លាង​លុយក​ខ្វក់​ ​ឬ​ការផ្តល់​ហិរញ្ញប្បទាន​ភេរវកម្ម​ ​ឬ​ក្នុង​ន័យ​ម្យ៉ាងទៀត​ ​អាច​ថា​ជា​ឋានសួគ​នៃ​អំពើ​លាង​លុយក​ខ្វក់។

អតីត​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ ​លោក​ សម ​រង្ស៊ី​ ​ប្រាប់​អាស៊ី​សេរី​ថា​ ​លោក​ ហ៊ុន ​សែន ​ដឹកនាំ​ប្រទេស​សព្វ​ថ្ងៃ​ ​ជា​រដ្ឋ​ម៉ាហ្វីយ៉ា ​ហើយ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​ ​គឺជា​ប្រព័ន្ធ​ដើម្បី​ទ្រទ្រង់​អំពើពុករលួយ​ ​ជួយ​បិទ​បាំង​ ការពារ​អំពើពុករលួយ​ ​ដើម្បី​ជួយ​លាង​បង្វិល​លុយ​ដែល​បាន​ពី​អំពើ​ពុករលួយ​ទាំងនោះ​ ​ឲ្យ​ស្រប​តាម​ច្បាប់​អន្តរជាតិ​វិញ៖ «ស្រុក​ខ្មែរ​យើង​ ​គេ​អាច​ចាត់ទុក​ថា​ ​រដ្ឋ​សព្វ​ថ្ងៃ​ជា​រដ្ឋ​ម៉ាហ្វីយ៉ា ​ដែល​ពួក​ក្រុម​ម៉ាហ្វីយ៉ា ​ជ្រកកោន ​ហើយ​ចិញ្ចឹម​រដ្ឋ​នោះ​។ ​រដ្ឋ​នោះ​គឺ​ម៉ាហ្វីយ៉ា​ខ្លួនឯង​តែម្តង។ អ៊ីចឹង​រដ្ឋ​ហ្នឹង​ ​ដើរតួ​ជា​រដ្ឋ​តែ​បម្រើ​ពួកម៉ាហ្វីយ៉ា។ ​អញ្ចឹង​ហើយ​បាន​ជា​ ហ៊ុន ​សែន ​គាត់​ត្រូវការ​ភាព​ស្រប​ច្បាប់​ ពីព្រោះ​ម៉ាហ្វីយ៉ា ​ជា​ចោរ​អន្តរជាតិ​ ​ហើយ​មិន​អាច​រក​ភាព​ស្រប​ច្បាប់​បាន​ងាយ​ៗ​នោះ​ទេ។ តែ​បើ​មាន​រដ្ឋ​ម៉ាហ្វីយ៉ា ​គ្រប់គ្រង​ជួយ​ការពារ​វា ​នោះ​វា​មក​ជ្រក​ក្រោម​ដំបូល​រដ្ឋ​ម៉ាហ្វីយ៉ា ​ដើម្បី​រស់​បាន​ ​ហើយ​ថែមទាំង​អាច​លូតលាស់​ថែមទៀត។ អ៊ីចឹង​ហើយ​បាន​ ហ៊ុន ​សែន ​គាត់​ត្រូវតែ​ការពារ​ភាព​ស្រប​ច្បាប់​ ​ដើម្បី​គាត់​ជា​ដំបូល​ឲ្យ​ពួក​ជន​ម៉ាហ្វីយ៉ា។ ជន​ម៉ាហ្វីយ៉ា ​ក៏​រស់​បាន​ ​ហើយ​លូតលាស់​ ​ហើយ​ ហ៊ុន ​សែន ​ក៏​ទទួល​ផលប្រយោជន៍​ពី​ជន​ម៉ាហ្វីយ៉ា។ វា​ជួយ​គ្នា​ទៅវិញ​ទៅ​មក​ រស់​ទៅ​វិញ​ទៅ​មក​ លូតលាស់​ទៅ​វិញ​ទៅ​មក។ អ៊ីញ្ចឹង​ឃើញ​ថា​ ​មាន​ការចូល​ដៃ​ពី​រដ្ឋាភិបាល​ ​ដើម្បី​ជួយ​បិទ​បាំង​អំពើ​ខុស​ច្បាប់​ លុយ​បាន​មកពី​សកម្មភាព​ខុស​ច្បាប់​ សកម្មភាព​ឧក្រិដ្ឋ​ផង។ អ្នក​ដែល​ជា​ឧកញ៉ា​ធំ​ៗ​ ​គេ​យក​លុយ​នោះ​ ​គឺ​គេ​ពឹង​រដ្ឋាភិបាល​កម្ពុជា​តែម្តង​ដើម្បី​ជួយ​បិទ​បាំង​ប្រភព​របស់​គេ។ អ៊ីចឹង​បើ​រដ្ឋាភិបាល​ចេញមុខ​ការពារ​ ​ហើយ​ជួយ​បិទ​បាំង​លុយក​ខ្វក់​របស់​ជន​ទុចរិត ​អញ្ចឹង​ប្រព័ន្ធ​ដទៃទៀត​ ​ស្ថាប័ន​​ដទៃទៀត គឺ​ច្បាស់ជា​ឃុបឃិត​ជាមួយ​អ្នក​ដែល​ ទទួល​លុយក​ខ្វក់​ហ្នឹង​ ​ហើយ​មាន​បំណង​ចង់​លាយ​លុយក​ខ្វក់​នោះ»

ជុំវិញ​បញ្ហា​ភាព​មិន​ប្រក្រតី​នៃ​ការនាំចូល​មាស​មហា​សាលពី​សិង្ហបុរី​នេះ​ ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ ​ស្នើឲ្យ​របប​ក្រុង​ភ្នំពេញ​ បកស្រាយ​ ​និង​ផ្តល់​នូវ​ចម្លើយ​ដែល​អាច​ទទួលយកបាន​ ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ ក្នុង​រយៈពេល ២ សប្តាហ៍​គិត​ចាប់ពី​ថ្ងៃ​ទី ១ ​តុលា ត​ទៅ​។ ​លោក​ថា​ ​បើ​ពុំ​នោះ​សោត​ទេ ​លោក​នឹង​ដាក់ពាក្យបណ្តឹង​ទៅកាន់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​របស់​ប្រទេសិង្ហបុរី​ ​ឲ្យ​បើក​ការស៊ើបអង្កេត​អំពី​ករណី​នេះ«ឥឡូវ​ហ្នឹង​ បន្ទាប់ពី​យើង​បាន​បញ្ចេញ​ព័ត៌មាន​ ​បាន​ចេញ​វីដេអូ​ហ្នឹង​ ​យើង​កំពុងតែ​ ​ទាមទារឲ្យ​គេ​បកស្រាយ​ ​ហើយ​បន្ទាប់ពី​បក​ស្រាយ​ ​ក៏​ប្រហែលជា​ទាមទារឲ្យ​គេ​ស៊ើប​អង្កេត។ ​ព្រោះ​អា​រឿង​ហ្នឹង​ ​បើ​សិន​ជា​​កើត​​មាន​​ឡើង​​នៅ​​អេស្ប៉ាញ ​ដូច​ប្រទេស​ ដែល​ខ្ញុំ​រស់នៅ​រាល់​ថ្ងៃ​ ​ឬ​ក៏​កើតឡើង​នៅ​អាមេរិក​ ​ឬ​កើត​ឡើង​​នៅ​អឺរ៉ុប។ ​រឿង​នេះ​ ​ជា​រឿង​ធំ​មែនទែន ​ដែល​ជា​រឿង​មួយ​ដែល​ប្រាកដ ១០០​ភាគរយ​ថា​ ​មិន​មែន​ត្រឹម​ភ្ញាក់ផ្អើល​សាធារណៈ​ជន​ទេ ​គឺ​នាយកដ្ឋាន​ពាក់ព័ន្ធ​ ​គឺ​អាចនឹង​មាន​ប៉ូលីស​ផង​ ​អាចនឹង​មាន​ព្រះរាជ​អាជ្ញា ​គេ​នឹង​យក​រឿង​ហ្នឹង​ទៅ​ស៊ើប​អង្កេត។ ​ព្រោះ​​ជា​​រឿង​​ស្អុយ ​អាចនឹង​ពាក់ព័ន្ធ​ជាមួយនឹង​បទល្មើស​ធំ​មែនទែន​។ ​អញ្ចឹង​យើង​នឹង​តម្រូវឲ្យ​គេ​បកស្រាយ បើសិនជា​គេ​បកស្រាយ​បែប​ឡប់​ឡែ ​ឬ​ក៏​មិន​និយាយ​ ​មិន​ឆ្លើយតប ​យើង​នឹង​ជំរុញឲ្យ​គេ​ស៊ើបអង្កេត​តែម្តង​ ព្រោះ​រឿង​នេះ​វា​មិន​ធម្មតា​ទេ»

យោង​តាម​ទិន្នន័យ​របស់​ក្រុមប្រឹក្សា​ពិភពលោក​ស្តីពី​មាស​ ​(World Gold Council) ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​ ​ចក្រភព​អង់គ្លេស​ សម្រាប់​ឆ្នាំ ២០១៧ ​ចិន​ ​គឺជា​ប្រទេស​ផលិត​មាស​ធំ​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​ ​ខណៈ​ប្រទេស​អូស្ត្រាលី​ ​រុស្ស៊ី ​សហរដ្ឋ​អាមេរិក​ ​និង​កាណាដា ​ឈរ​នៅ​លេខរៀង​លំដាប់​បន្តបន្ទាប់​។ ​គិត​ត្រឹម​ថ្ងៃ​ទី ២៤ ​កញ្ញា​ ​តម្លៃ​មាស​ក្នុង​មួយ​គីឡូក្រាម​ ស្មើនឹង​ជាង​ ៣ ម៉ឺន ៨ ពាន់​ដុល្លារ​អាមេរិក (៣៨.៦៦៩,៣០ ​ដុល្លារ​អាមេរិក)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។