អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ជំរុញជាថ្មីទៀតទៅក្រសួងយុត្តិធម៌ ក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ ចំណែកមន្ត្រីនៃក្រសួងយុត្តិធម៌បានឆ្លើយតបវិញថា ក្រសួងកំពុងយកចិត្តទុកដាក់ដំណើរការកិច្ចការនេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបជាមួយមន្ត្រីនៃក្រសួងយុត្តិធម៌នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា អ្នកស្រី រ៉ូណា ស្មីត អះអាងថា អ្នកស្រីបានលើកឡើងអំពីបញ្ហាមួយចំនួន ទាក់ទងនឹងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដូចជាបញ្ហាតម្លាភាពនៃប្រព័ន្ធយុត្តិធម៌ ការតែងតាំង និងដំឡើងឋានន្តរសក្ដិដល់ចៅក្រម និងព្រះរាជអាជ្ញា ឯករាជ្យភាពរបស់ស្ថាប័នតុលាការ នីតិវិធីនៃការឃុំខ្លួនបណ្ដោះអាសន្ន និងជំរុញការទទួលបានយុត្តិធម៌នៅកម្ពុជា គោលការណ៍នៃការរក្សាការសម្ងាត់របស់តុលាការ និងយុត្តិធម៌អនីតិជនជាដើម។ អ្នកស្រីថា មានបញ្ហាភាគច្រើនជាអ្វី ដែលអ្នកស្រីបានលើកឡើងរួចហើយកាលពីក្នុងជំនួបលើកមុនៗ។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត ដែលកំពុងបំពេញបេសកកម្មរយៈពេល ១១ថ្ងៃរបស់អ្នកស្រីនៅកម្ពុជា ហើយអ្នកស្រីបានជួបជាមួយមន្ត្រីក្រសួងយុត្តិធម៌ ដែលដឹកនាំដោយរដ្ឋលេខាធិការក្រសួងនេះ គឺលោក ជីវ សុងហាក់ ជំនួសអោយរដ្ឋមន្ត្រី លោក អង្គ វង្សវឌ្ឍានា។
មន្ដ្រីជាន់ខ្ពស់របបក្រុងភ្នំពេញ បានបានថ្លែងប្រាប់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិថា របបនេះកំពុងបន្តកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា តាមរយៈការជំរុញឲ្យមានតម្លាភាព និងឯករាជ្យភាពរបស់ស្ថាប័នតុលាការ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់អាស៊ីសេរីតាមទូរស័ព្ទថា របបលោក ហ៊ុន សែន កំពុងបន្ដធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ដូចជា បង្កើតកម្មវិធីជំនួយផ្នែកច្បាប់ ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ពង្រឹងតម្លាភាព និងឯករាជ្យភាពរបស់ស្ថាប័នតុលាការ រៀបចំប្រព័ន្ធគ្រប់គ្រងបែបអេឡិចត្រូនិក ដោយចងក្រងប្រព័ន្ធទិន្នន័យក្នុងសំណុំរឿងព្រហ្មទណ្ឌជាដើម ព្រមទាំងដោះស្រាយបញ្ហាឃុំខ្លួនបណ្ដោះអាសន្ន និងចំនួនអ្នកទោសច្រើនលើសលប់នៅក្នុងពន្ធនាគារ៖ «ក៏ដូចជាលើកមុនៗដែរ គឺអត់មានរបៀបវារៈនយោបាយ អត់មានពាក់ព័ន្ធទៅនឹងរឿងនយោបាយជាពិសេសគឺពាក់ព័ន្ធនឹងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ក៏ដូចជាថ្នាក់ដឹកនាំគណបក្សនេះ គឺមិនមានលើក ហើយក៏មិនមានជជែកគ្នានឹងដែរ គឺជជែកពីបញ្ហាបច្ចេកទេសសុទ្ធសាធពាក់ព័ន្ធនឹងការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាការផ្លាស់ប្តូរទស្សនៈ យោបល់គ្នាទៅវិញទៅមក ដើម្បីស្វែងរកដំណោះស្រាយបញ្ហាប្រឈម»។
នៅក្នុងរបាយការណ៍ដែលចេញកាលពីខែសីហា ឆ្នាំ២០១៨ របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានលើកឡើងពីអនុសាសន៍មួយចំនួនរបស់អ្នកស្រី សម្រាប់វិស័យយុត្តិធម៌ និងតុលាការនៅកម្ពុជា ដោយផ្ដោតជាក់លាក់ទៅការការសម្រេចការឃុំខ្លួនបណ្ដោះអាសន្ន បង្កើតទិន្នន័យគ្រប់គ្រងភស្តុតាង ចងក្រងសេចក្ដីសម្រេចរបស់តុលាការ ដោះលែងអ្នកជាប់ឃុំដែលពុំមានភស្តុតាងរឹងមាំ អ្នកនយោបាយ និងអ្នកជាប់ទោសព្រោះបញ្ចេញមតិ ផ្ដល់នីតិសម្បទាដល់មន្ត្រីគណបក្សសង្គ្រោះជាតិទាំង១១៨រូប និងប្រគល់តំណែងដល់មេឃុំ ចៅសង្កាត់គណបក្សនេះ ដែលត្រូវបាត់បង់ក្រោមសាលដីការបស់តុលាការកំពូល លប់ចោលទោសព្រហ្មទណ្ឌ ដែលប្រើសម្រាប់រឹតត្បិតសេរីភាពបញ្ចេញមតិជាដើម៕
