ក្រសួងយុត្តិធម៌អះអាងថា មុននឹងសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនណាម្នាក់ ចៅក្រមបានពិចារណាយ៉ាងហ្មត់ចត់លើសំណុំរឿងនោះ មិនមែនចេះតែធ្វើឡើងតាមតែចិត្តនឹកឃើញឡើយ។ ការបញ្ជាក់របស់ក្រសួងយុត្តិធម៌នេះ គឺជាការឆ្លើយតបនឹងក្តីបារម្ភរបស់របស់អង្គការសង្គមស៊ីវិល និងមន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាជាតិ ជុំវិញនីតិវិធីឃុំខ្លួនបណ្តោះអាសន្នច្រើនហួសហេតុនៅក្នុងប្រព័ន្ធតុលាការកម្ពុជា។ ទោះជាយ៉ាងណា មិនមែនមានតែអ្នកជំនាញ និងអង្គការសង្គមស៊ីវិលទេ ដែលបានលើកឡើងបែបនេះ សូម្បីតែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក៏ទទួលស្គាល់ដែរថា ការឃុំខ្លួនបណ្តោះអាសន្ន គឺជាផ្នែកមួយដែលធ្វើឱ្យពន្ធនាគារមានភាពចង្អៀតណែននោះ។
ក្រសួងយុត្តិធម៌ច្រានចោលសំណើសុំដោះលែងឱ្យនៅក្រៅឃុំចំពោះករណីមិនចាំបាច់មួយចំនួន ដែលត្រូវបានស្នើឡើងដោយអ្នកស្រី រ៉ូណាស្មីត (Rhona Smith) និងអង្គការសិទ្ធិមនុស្សលីកាដូ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា ការអនុវត្តនីតិវិធីឃុំខ្លួនបណ្តោះអាសន្ន ធ្វើឡើងដោយផ្អែកលើហេតុផលច្បាស់លាស់ និងស្របតាមបទដ្ឋានច្បាប់ជាតិ និងអន្តរជាតិ។ លោកបន្តថា ការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្នចំពោះករណីមួយចំនួននោះ ជារឿងដែលមិនអាចធ្វើបានឡើយ ព្រោះការធ្វើបែបនេះអាចប៉ះពាល់ដល់ដំណើរការក្តីនិងសុវត្ថិភាពរបស់ភាគីពាក់ព័ន្ធនៅក្នុងសំណុំរឿង៖ «មូលហេតុចម្បង គឺដើម្បីរក្សាសុវត្ថិភាពអ្នកជាប់ឃុំ ភាគីពាក់ព័ន្ធ និងសាក្សី ហើយក៏ដើម្បីជាប្រយោជន៍ដល់ដំណើរការនៃការស៊ើបសួរ និងស៊ើបអង្កេតនៃសំណុំរឿងផងដែរ។ អ៊ីចឹងលុះត្រាតែចាំបាច់ណាស់ ទើបគេឃុំ ហើយមានលក្ខខណ្ឌត្រឹមត្រូវដោយផ្អែកលើបញ្ញតិ្តច្បាប់ជាតិ និងអន្តរជាតិ។ ការដោះលែងជនទាំងនោះអាចបង្កឱ្យមានភាពចលាចល ប៉ះពាល់ដល់ដំណើរការនៃការស៊ើបអង្កេតសំណុំរឿង ហើយក៏អាចប៉ះពាល់ដល់សុវត្ថិភាពរបស់ជនត្រូវចោទ ភាគីពាក់ព័ន្ធ និងសាក្សីផងដែរ » ។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត បានស្នើឱ្យរបបលោក ហ៊ុន សែន ដោះលែងអ្នកជាប់ឃុំដែលពុំមានភស្តុតាងរឹងមាំ និងស្នើឱ្យតុលាការកម្ពុជាពិចារណាឱ្យបានច្បាស់លាស់ដោយឈរលើគោលការណ៍ច្បាប់ មុននឹងសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនណាម្នាក់។
ចំណែកអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) វិញ ក៏បានស្នើរបបក្រុងភ្នំពេញបញ្ឈប់ការឃុំខ្លួនដែលមិនចាំបាច់ទាំងឡាយផងដែរ បន្ទាប់ពីអង្គការនេះរកឃើញថា នីតិវិធីឃុំខ្លួនបណ្តោះអាសន្ននេះ ត្រូវបានអនុវត្តយ៉ាងច្រើនលើសលប់ ដែលជាផ្នែកមួយបង្កឱ្យមានស្ថានភាពចង្អៀតណែននៅក្នុងពន្ធនាគារ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ទទួលស្គាល់អំពីបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ប៉ុន្តែលោកបដិសេធថា នេះមិនមែនមកពីមូលហេតុនៃការឃុំខ្លួនបណ្តោះអាសន្នឡើយ។ លោកបន្តថា ក្រសួងកំពុងពិចារណាអំពីជម្រើសផ្សេងទៀត ដូចជា ការអនុវត្តទោសសហគមន៍ជាដើម ដែលជនល្មើសត្រូវធ្វើការងារសហគមន៍ ក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរ ជំនួសការជាប់ឃុំ។ លោកជឿជាក់ថា ប្រសិនបើយន្តការនេះត្រូវបានដាក់ឱ្យអនុវត្តនោះ ស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារនឹងអាចដោះស្រាយបានមួយចំនួនធំ៖ «បញ្ញតិ្តរបស់យើង គឺមានចែងអំពីការអនុវត្តទោសដោយជម្រើសផ្សេងទៀត ក្រៅពីពន្ធនាគារ មានន័យថា មានទោសដែរ ក៏ប៉ុន្តែយើងមិនដាក់នៅក្នុងពន្ធនាគារទេ។ យើងយកទៅដាក់នៅកន្លែងផ្សេង ដូចជា តាមរយៈទោសសហគមន៍ជាដើម គឺគាត់មានទោស ប៉ុន្តែមិននៅក្នុងពន្ធនាគារទេ តែគាត់ត្រូវធ្វើការនៅសហគមន៍ ក្រោមការតាមដានត្រួតពិនិត្យយ៉ាងដិតដល់ពីអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀត។ បញ្ញតិ្តនេះមាននៅក្នុងក្រមព្រហ្មទណ្ឌរបស់យើង ប៉ុន្តែយើងអត់ទាន់អាចអនុវត្តបា ន»។
ទោះជាយ៉ាងណា លោកមិនទាន់អាចកំណត់បានទេថា តើយន្តការនេះនឹងអាចអនុវត្តបាននៅពេលណាឱ្យប្រាកដនោះ ព្រោះរឿងនេះទាមទារឱ្យមានការរៀបចំរចនាសម្ពន្ធច្បាប់ច្បាស់លាស់ និងត្រូវផ្សព្វផ្សាយអប់រំឱ្យសាធារណជនបានយល់ដឹងជាមុនសិន ដើម្បីបញ្ចៀសការចោទប្រកាន់លើស្ថាប័នយុត្តិធម៌ និងជាពិសេសដើម្បីកុំឱ្យជនល្មើសត្រូវរងអំពើហិង្សា ឬការសម្លាប់ដោយហ្វូងមនុស្ស ជាដើម។
ការឃុំខ្លួនបណ្តោះអាសន្ននេះ ក៏ជាត្រូវបានលើកឡើងក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង និងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) កាលពីថ្ងៃទី៧ វិច្ឆិកា កន្លងទៅផងដែ។ លោក ស ខេង បានទទួលស្គាល់ថា ការឃុំខ្លួនបណ្តោះអាសន្នច្រើនករណី គឺជាផ្នែកមួយដែលធ្វើឱ្យមានការចង្អៀតណែនក្នុងពន្ធនាគារ បន្ថែមពីលើការកើនឡើងយ៉ាងគំហុកនៃជនល្មើសក្នុងសំណុំរឿងគ្រឿងញៀន។ លោកអះអាងប្រាប់អ្នកស្រី រ៉ូណាស្មីត ថា ក្រសួងមហាផ្ទៃនឹងបើកកិច្ចប្រជុំជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីរួមគ្នាដោះស្រាយបញ្ហានេះ។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា ការឃុំខ្លួនបណ្តោះអាសន្នសព្វថ្ងៃនេះមានចំនួនច្រើនលើសលប់ ខណៈសំណុំរឿងខ្លះជាបទល្មើសមជ្ឈិមកម្រិតស្រាល ដែលគួរតែត្រូវបានអាជ្ញាធរដោះលែងជនសង្ស័យឱ្យនៅក្រៅឃុំ ដោយភ្ជាប់នូវលក្ខខណ្ឌ ឬដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវច្បាប់។ លោកនៅតែទទូចឱ្យតុលាការពិចារណាទៅលើការដោះលែងឱ្យនៅក្រៅឃុំ ចំពោះករណីមិនចាំបាច់មួយចំនួន ដើម្បីជួយកាត់បន្ថយស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារ៖ «យើងឃើញហើយ ក្រមនីតិវិធីព្រហ្មទណ្ឌមាត្រា ២០៣ ជាគោលការណ៍ជនជាប់ចោទត្រូវតែមាន សេរីភាព បន្ទាប់មកទាល់តែមានករណីចាំបាច់ ទើបតុលាការឃុំខ្លួនបណ្តោះអាសន្ន អ៊ីចឹងបើមានករណីបទល្មើសព្រហ្មទណ្ឌកម្រិតស្រាល ដែលយើងអាចអនុញ្ញាតឱ្យនៅក្រៅឃុំបណ្តោះអាសន្នបាន យើងអនុញ្ញាតទៅក៏វាជួយសម្រាលដល់ការចង្អៀតណែននៅក្នុងពន្ធនាគារហ្នឹងផងដែ រ»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ បន្ថែមថា ក្រសួងយុត្តិធម៌ធ្លាប់បានប្រកាសអំពីគម្រោងអនុវត្តទោសសហគមន៍នេះជាយូរមកហើយ ប៉ុន្តែនៅតែមិនទាន់អាចលេចចេញជារូបរាងនៅឡើយ ដូច្នេះលោកជំរុញឱ្យក្រសួងពន្លឿនដំណើរការនេះ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងបញ្ហាចង្អៀតណែនក្នុងពន្ធនាគារនាពេលបច្ចុប្បន្ន។
កាលពីសប្តាហ៍មុន អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ហៅកាត់ថា លីកាដូ (LICADHO) បានសេចក្តីថ្លែងការណ៍សម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ បន្ទាប់ពីសង្កេតឃើញថា ចំនួនអ្នកជាប់ឃុំបានកើនឡើងជាគំហុក មិនធ្លាប់មានពីមុនមក។ ពន្ធនាគារចំនួន១៨ ក្នុងចំណោម ២៨កន្លែងនៅទូទាំងប្រទេស មានអ្នកជាប់ពន្ធនាគារច្រើនជាងមួយភាគបី គឺជាអ្នកដែលត្រូវបានឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ។ ដោយឡែក អ្នកជាប់ឃុំក្នុងពន្ធនាគារទាំង ១៨នោះ មានចំនួនជិត ២ ម៉ឺន ៦ ពាន់នាក់ (២៥,៩២៦០) ក្នុងនោះជិត ១ម៉ឺននាក់ (៩,៥២៧) គឺជាអ្នកជាប់ឃុំបណ្តោះអាសន្ន ហើយនៅក្នុងពន្ធនាគារមួយចំនួន អ្នកជាប់ឃុំច្រើនជាងពាក់កណ្តាល មិនទាន់ត្រូវបានតុលាការបើកសវនាការជំនុំជម្រះនៅឡើយ។
អង្គការលីកាដូថ្លែងថា អ្នកដែលប៉ះពាល់ខ្លាំងគេអំពីស្ថានភាពចង្អៀតណែននេះ គឺកុមារដែលរស់នៅជាមួយម្តាយក្នុងពន្ធនាគារ និងស្ត្រីមានផ្ទៃពោះដែលសម្រាលកូនក្នុងពន្ធនាគារ។ អង្គការនេះរកឃើញថា បច្ចុប្បន្នមានស្ត្រីមានផ្ទៃពោះចំនួន ៣០នាក់ ម្តាយចំនួន ១៣៥នាក់ និងកុមារអាយុក្រោម ៣ ឆ្នាំចំនួន ១៣៨នាក់ កំពុងរស់នៅក្នុងពន្ធនាគារចំនួន១៨ កន្លែងនៅទូទាំងប្រទេស។ ក្នុងចំណោមស្ត្រីដែលកំពុងជាប់ឃុំទាំងនោះ ជាងពាក់កណ្តាលមិនទាន់ត្រូវបានតុលាការផ្តន្ទាទោសពីបទល្មើសអ្វីជាក់លាក់នៅឡើយទេ ហើយអំឡុងពេលនៃការវិវឌ្ឍរបស់កុមារ ស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលបំបៅដោះកូននោះ ពួកគេមិនសូវទទួលបានអាហាររូបត្ថម្ភបន្ថែមឡើយ៕