តុលាការខេត្តកំពង់ស្ពឺនឹងលើកយកសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍របស់មន្ត្រីសហជីពលោក រ៉ុង បញ្ញា ដែលត្រូវជាក្មួយប្រុសបង្កើតរបស់ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន មកជំនុំជម្រះឡើងវិញ នៅរសៀលថ្ងៃទី២៦ មិថុនា។
សវនាការនេះធ្វើឡើងទៅតាមការប្ដឹងជំទាស់របស់គ្រួសារលោក រ៉ុង បញ្ញា ដែលអះអាងថា ពួកគាត់មិនបានដឹង និងមិនបានចូលរួមនីតិវិធីរបស់តុលាការខេត្តកំពង់ស្ពឺ ដែលបានបើកសវនាការ និងចេញសាលក្រមរឿងនេះ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ នោះឡើយ។
លោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរី លោក និងក្រុមគ្រួសារនឹងទៅចូលរួមក្នុងសវនាការនេះ ដើម្បីទាមទាររកយុត្តិធម៌ជូនក្មួយប្រុសរបស់លោក។ លោកបញ្ជាក់ក្រុមគ្រួសាររបស់លោកមិនដែលទទួលបានសំណងរដ្ឋប្បវេណីពីភាគីជនបង្កនោះទេ ហើយក៏គ្មានអ្នកណាម្នាក់ជាប់ពន្ធនាគារនោះដែរ ក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឱ្យស្លាប់ក្មួយប្រុសរបស់លោកនេះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីតុលាការខេត្តកំពង់ស្ពឺ ដើម្បីសាកសួរអំពីរឿងនេះបាននៅឡើយទេ នៅយប់ថ្ងៃទី២៥ មិថុនា។
លោក រ៉ុង បញ្ញា ជាអគ្គលេខាធិការរង និងជាមន្ត្រីទំនាក់ទំនងកិច្ចការបរទេសនៃសហព័ន្ធសហជីពកម្ពុជា (CATU)។ លោកជាអ្នកការពារសិទ្ធិកម្មករដ៏សកម្មមួយរូប និងធ្លាប់រងអំពើហិង្សាវាយដំពីសំណាក់អាជ្ញាធរផងដែរ។ លោកបានបាត់បង់ជីវិតភ្លាមៗក្នុងគ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ ៤ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងពេលចុះបេសកកម្មការងារ កាលពីព្រឹកថ្ងៃទី៩ មីនា ឆ្នាំ២០១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
