តុលាការ​បញ្ជា​ឲ្យ​ស៊ើប​អង្កេត​បន្ថែម​សំណុំ​រឿង​បាក់​អគារ​នៅ​ខេត្តកែប

ដោយ សន ចាន់រដ្ឋា
2021.01.14
តុលាការ​បញ្ជា​ឲ្យ​ស៊ើប​អង្កេត​បន្ថែម​សំណុំ​រឿង​បាក់​អគារ​នៅ​ខេត្តកែប រូបភាព​ខាង​ឆ្វេង គឺអគារ​នៅ​មុន​ពេល​បាក់​រលំ ដែល​កំពុងចាក់​ប្លង់សេ​ជាន់​ទី៧ មួយ​សន្លឹក​ទៀត។
រូប៖ ពលរដ្ឋ

ចៅក្រម​សាលា​ដំបូង​ខេត្ត​កំពត ​សម្រេច​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​បន្ថែម​ក្នុង​សំណុំ​រឿង​បាក់​អគារ​កម្ពស់ ៧ជាន់​នៅ​ខេត្ត​កែប​កាល​ពី​ដើម​ឆ្នាំ​២០២០។ សាច់​ញាតិ​កម្មករ​រងគ្រោះ និង​សហជីព​ស្វាគមន៍​សាលក្រម​នេះ តែ​ជំរុញ​ឲ្យ​ពន្លឿន​ការ​ស៊ើប​អង្កេត​នេះ ដើម្បី​ឆាប់​ទទួល​បាន​យុត្តិធម៌។

ការ​ស៊ើបអង្កេត​សំណុំ​រឿង​បាក់​អគារ​នៅ​ខេត្ត​កែប​ស្លាប់​មនុស្ស​ជិត ៤០នាក់​នោះ នឹង​ត្រូវ​បន្ត​ទៅ​មុខ​ទៀត តាម​សេចក្ដី​សម្រេច​របស់​ចៅក្រម​ជំនុំ​ជម្រះ​តុលាការ​ខេត្ត​កំពត នៅ​ថ្ងៃ​ទី១៣ មករា។ ​ប្រធាន​លេខាធិការដ្ឋាន និង​ជា​អ្នក​នាំ​ពាក្យ​​​សាលា​ដំបូង​ខេត្ត​កំពត លោក ម៉ាន់ បូរ៉េត ប្រាប់​អាស៊ី​សេរី​ថា ចៅក្រម​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​សម្រេច​នេះ​ទេ ហើយ​លោក ក៏​​មិន​ដឹង​ថា អាជ្ញាធរ​ខាង​ណា ជា​អ្នក​ទទួល​បន្ទុក​​ បើក​ការ​ស៊ើប​អង្កេត​បន្ថែម​នេះ​​ដែរ៖ «បើ​គ្រាន់​តែ​ចាត់​របៀប​អ្នក​ណា​ក៏​គេ​ដឹង​ដែរ។ ចាត់​របៀប​ ស៊ើប​អង្កេត​បន្ថែម​ តែ​ប៉ុណ្ណឹង​ ដើម្បី​ស្វែង​រក​រឿង​​ណា​មួយ ដែល​ចៅក្រម គាត់​ចង​រក គាត់​មិន​ទាន់​ច្បាស់។ អូ! បើ​ប្រាប់​មូលហេតុ​រឿង​ ការងារ​សំងាត់​ស៊ើប​អង្កេត​បន្ថែម គឺ​មិន​អាច​ទេ។ បើ​ប្រាប់​រឿង​​ហ្នឹង វា​បែក​បាត់​ហើយ»

ចៅក្រម​ និង​ជា​​អនុ​ប្រធាន​សាលា​ដំបូង​ខេត្ត​កំពត លោក ម៉ែន ​វណ្ណៈ បាន​ប្រកាស​សាលក្រម​ចាត់​របៀប ដោយ​តម្រូវ​ឱ្យ​ស៊ើប​អង្កេត​បន្ថែម​សំណុំ​រឿង​នេះ​ នៅ​មុខ​មេធាវី​តំណាង​​​ចំនួន​៤រូប និង​ជន​រងគ្រោះ​ចំនួន​៥​រូប។ ប៉ុន្តែ​​​ម្ចាស់​សំណង់​អគារ ឈ្មោះ ឯក សារុន និង​ប្រពន្ធ ដែល​ត្រូវ​ជា​បង​បង្កើត​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច លោក ឯក សំអុល នោះ មិន​មាន​វត្តមាន​ក្នុង​ពេល​ប្រកាស​សាលក្រម​នេះ​ទេ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​រដ្ឋាភិបាល លោក គី តិច​ ក្នុង​សំណុំ​រឿង​បាក់​អគារ​នៅ​ខេត្ត​កែប​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៣ មករា។ ប៉ុន្តែ លោក គី តិច បាន​ប្រាប់​កាសែត​ក្នុង​ស្រុក (Phnom Penh Post) នៅ​មុខ​ពេល​ប្រកាស​សាល​ក្រម​ថា សំណុំ​រឿង​នេះ​ស្មុគស្មាញ​ខ្លាំង ដោយសារ​តែ​មាន​កម្មករ​រង​របួស និង​ស្លាប់​ច្រើន​។

ទោះ​ជា​យ៉ាង​ណា​ក្ដី សាច់​ញាតិ​កម្មករ​រង​គ្រោះ​ខ្លះ​អះអាង​ថា ពួក​គាត់​មិន​ដឹង​ពី​ដំណើរ​ការ ​សំណុំ​រឿង​នេះ​ទាល់​តែ​សោះ ហើយ​ពួក​គាត់​មិន​អាច​ទាក់ទង​ក្រុម​មេធាវី​បាន​ទៀត។ ម្ដាយ​របស់​កម្មករ​រង​គ្រោះ​ម្នាក់ ឈ្មោះ ហាស់ សុគន្ធ ដែល​ស្លាប់​មួយ​គ្រួសារ ៤នាក់ ក្នុង​ហេតុការណ៍​នោះ គឺ​លោកស្រី ចាន់ នាង ប្រាប់​ថា លោក​ស្រី និង​គ្រួសារ​ជន​រង​គ្រោះ​មួយ​ចំនួន​ទៀត មិន​ធ្លាប់​ទទួល​ដំណឹង​ពី​ដំណើរ​ការ​ស៊ើប​អង្កេត សវនាការ និង​មិន​ដឹង​ពី​ការ​សម្រេច​ក្ដី​អ្វី​ទាំង​អស់ ដោយសារ​ខាង​តុលាការ និង​មេធាវី​ មិន​ដែល​បាន​ជូន​ដំណឹង​ឲ្យ​ខាង​ក្រុម​គ្រួសារ។ លោកស្រី ស្នើ​សុំ​ឲ្យ​តុលាការ និង​មេធាវី សហការ​ជិត​ស្និត​ជាមួយ​គ្រួសារ​រងគ្រោះ និង​ពន្លឿន​សំណុំ​រឿង​នេះ ដើម្បី​ឲ្យ​មាន​យុត្តិធម៌៖ «ខ្ញុំ​ចង់​ដឹង​អ្នក​បាក់​អគារ​រងគ្រោះ​ដូច​(គ្រួសារ)​ខ្ញុំ​ នៅ​ខាង​កំពង់​ស្ពឺ ខ្ញុំ​តេ​ទៅ​សួរ​វា វា​ថា អត់​ដែរ។ វា​ថា អត់​ឮ​គេ​ថា​ម្ដេច​ដែរ។ ក្មួយ​ខ្ញុំ​នៅ​ខាង​កំពង់ស្ពឺ (រង​គ្រោះ​ស្លាប់) ហើយ (សាច់​ញាតិ) ប្រាប់​ថា អត់​ដឹង​រឿង (ខាង​តុលាការ) ដែរ»

ចំណែក​អនុ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃ​ឈើ​កម្ពុជា លោក សួ ឆ្លូញ លោក​យល់​ថា ការ​ប្រកាស​សាលក្រម​ចាត់​របៀប​ពេល​នេះ គឺ​ជា​ជំហាន​ល្អ​មួយ នៃ​សំណុំ​រឿង​បាក់​អគារ​នេះ។ តែ​យ៉ាង​ណា លោក​សង្កេត​ឃើញ​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច មិន​បាន​បញ្ចេញ​ព័ត៌មាន​ នៃ​សំណុំ​រឿង​នេះ ឲ្យ​បាន​ទូលាយ​ទេ។

អ្នក​ឃ្លាំមើល​សិទ្ធិ​កម្មករ​សំណង់​រូប​នេះ ចង់​ឲ្យ​តុលាការ​ពន្លឿន​នីតិវិធី និង​ត្រូវ​ធានា​ពី​ការ​ផ្ដល់​យុត្តិធម៌​ពេញ​លេញ សម្រាប់​កម្មករ​សំណង់​រងគ្រោះ​ទាំង​អស់។ លោក បន្ត​ថា ខាង​សហជីព​កម្មករ​សំណង់ នៅ​តែ​បន្ត​ឃ្លាំមើល​ករណី​នេះ និង​បាន​ត្រៀម​លិខិត​ដាក់​ជូន​ក្រុម​មេធាវី​រដ្ឋាភិបាល ដើម្បី​សុំ​ជជែក និង​ជំរុញ​ផ្នែក​ច្បាប់៖ « អ៊ីចឹង សម្រាប់​យើង គឺ​នៅ​តែ​បន្ត​ការ​ជំរុញ​ ក៏​ដូច​ជា ចូល​រួម​តាមដាន ក្នុង​ការ​បើក​សវនាការ ក៏​ដូច​ជា​ការ​ស៊ើបសួរ​របស់​តុលាការ»

ហេតុការណ៍​បាក់​អគារ​កម្ពស់ ៧ជាន់ នៅ​ខេត្ត​កែប កាល​ពី​ថ្ងៃ​ទី៣ ខែមករា ឆ្នាំ២០២០ បណ្ដាល​ឱ្យ​កម្មករ​សំណង់ និង ប្រពន្ធ​កូន សាច់ញាតិ សរុប​ចំនួន ៣៦នាក់​ស្លាប់ និង​រង​របួស ២៣នាក់។ ជន​រង​គ្រោះ ស្លាប់​ទាំង ៣៦នាក់ (ស្រី ១៤នាក់) មាន​កុមារ ជា​កូន​របស់​កម្មករ​សំណង់ ​ចំនួន ៦នាក់ (ក្មេង​ស្រី ២នាក់)

រដ្ឋាភិបាល​មិន​បាន​ស្ដី​បន្ទោស ឬ ​ចាប់​ឲ្យ​អាជ្ញាធរ​ណា​ម្នាក់​ ទទួល​ខុស​ត្រូវ​រឿង​នេះ​ទេ ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង ទៅ​​លើ​មេការ​សំណង់​ម្នាក់ ដែល​ស្លាប់​ក្នុង​ហេតុការណ៍​នោះ ជាមួយ​កូន​ស្រី។ ប្រមុខ​រដ្ឋាភិបាល​រូប​នេះ អះអាង​ថា ការ​បាក់​រលំ​អគារ​នោះ ដោយសារ​កំហុស​បច្ចេកទេស​ ក្នុង​ពេល​សាងសង់។ ចំណែក​ម្ចាស់​អាគារ​នោះ​វិញ តុលាការ​ខេត្ត​កំពត ក៏​មិន​បាន​ឃុំ​ខ្លួន​ពួក​គេ​ដែរ ដោយ​គ្រាន់​តែ​តម្រូវ​ឲ្យ​បង់​ប្រាក់​តម្កល់​ធានា ដើម្បី​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។

រយៈ​ពេល ៧ខែ ពី​ពាក់កណ្ដាល​ឆ្នាំ២០១៩ ដល់​ដើម​ឆ្នាំ២០២០ មាន​ករណី​បាក់​រលំ​អគារ​ចំនួន ៣កន្លែង នៅ​ខេត្ត​ព្រះសីហនុ ខេត្ត​សៀមរាប និង​ខេត្ត​កែប។ ហេតុការណ៍​បាក់​រលំ​អគារ​ទាំង ៣កន្លែង​នេះ បណ្ដាល​ឱ្យ​កម្មករ និង​សាច់​ញាតិ​សរុប​ចំនួន ៦៧នាក់​ស្លាប់ និង​របួស​សរុប ៥៩នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។