មន្ត្រីសង្គមស៊ីវិលស្នើតុលាការឲ្យបង្ហាញភស្តុតាង ករណីកាត់ទោសស្ត្រីហ្វីលីពីន កំពុងមានផ្ទៃពោះ ១៣នាក់ ពាក់ព័ន្ធនឹងការពពោះជំនួស
2024.12.03
មន្ត្រីសិទ្ធិមនុស្សស្នើដល់អាជ្ញាធរ និងតុលាការ ឲ្យបង្ហាញភស្តុតាង ករណីតុលាការខេត្តកណ្ដាល កាត់ទោសស្ត្រីជនជាតិហ្វីលីពីន ចំនួន ១៣នាក់ ដែលកំពុងមានផ្ទៃពោះ ពាក់ព័ន្ធនឹងការពពោះជំនួស។ ការស្នើសុំនេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងខេត្តកណ្ដាល បានសម្រេចផ្ដន្ទាទោសស្ត្រីជនជាតិហ្វីលីពីនចំនួន ១៣នាក់ ដែលកំពុងមានផ្ទៃពោះ ឲ្យជាប់ពន្ធនាគារចំនួន ៤ឆ្នាំ អំពីបទប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន ពាក់ព័ន្ធនឹងការពពោះជំនួស។
មន្ត្រីសង្គមស៊ីវិលសោកស្ដាយចំពោះការផ្ដន្ទាទោសលើស្ត្រីជនជាតិហ្វីលីពីន ដែលកំពុងមានផ្ទៃពោះ ខណៈស្ថានទូតហ្វីលីពីន ធ្លាប់ស្នើសុំដល់រដ្ឋាភិបាលកម្ពុជា ឲ្យចាត់ទុកស្ត្រីទាំងនោះ ជាជនរងគ្រោះនៃអំពើជួញដូរ ។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣ ខែធ្នូថា ចង់ឃើញអាជ្ញាធរ និងតុលាការ បង្ហាញតម្លាភាពនៅក្នុងការស៊ើបអង្កេត ដូចជាអង្គហេតុ និងភស្តុតាង ដើម្បីបញ្ជាក់ថា ស្ត្រីទាំងនោះ ជាជនរងគ្រោះ ឬជាជនល្មើស ក្នុងអំពើជួញដូរមនុស្សតាមរយៈការពពោះជំនួស។
លោក អំ សំអាត៖ «កន្លងមកស្ថានទូតហ្វីលីពីន ក៏តែងតែទទូចស្នើសុំឲ្យចាត់ទុកស្ត្រីទាំងអស់ហ្នឹងជាជនរងគ្រោះនៃការជួញដូរ នៃស្ត្រី និងពលរដ្ឋរបស់គេ អ្វីទាំងអស់ហ្នឹងជាការទទូចរបស់គេ ប៉ុន្តែសំខាន់អាជ្ញាធរ និងតុលាការគួរតែបង្ហាញពីតម្លាភាពនៅក្នុងការស៊ើបអង្កេត ភស្តុតាង និងការរកឲ្យឃើញថា តើស្ត្រីទាំងអស់នោះពិតជា អ្នកប្រព្រឹត្តការជួញដូរមនុស្ស ដោយពពោះជំនួស ឬក៏ជាជនរងគ្រោះ ? អាហ្នឹងជារឿងសំខាន់ ដើម្បីជៀសវាងការភាពចម្រូងចម្រាស និងការរិះគន់សម្រាប់បញ្ហានៃការកាត់ទោសនេះ»។
ការស្នើសុំនេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងខេត្តកណ្ដាល ឲ្យដឹងថា កាលពីថ្ងៃទី២៨ និងទី២៩ ខែវិច្ឆិកា តុលាការបានបើកសវនាការអសាធារណៈ លើសំណុំរឿងប៉ុនប៉ងទាំងពីរខាងលើ តាមបញ្ញត្ត នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ក្រោយពីបញ្ចប់សវនាការសាកសួរដេញដោល ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តកណ្ដាល កាលពីថ្ងៃទី២ ខែធ្នូ បានប្រកាសសាលក្រម ដោយសម្រេចផ្ដន្ទាទោសស្ត្រីជនជាតិហ្វីលីពីន ចំនួន ១៣នាក់ ឲ្យជាប់ពន្ធនាគារចំនួន ៤ឆ្នាំ ពីបទ «ប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន» ក៏ប៉ុន្តែតុលាការបានឲ្យពួកគាត់ អនុវត្តទោសក្នុងពន្ធនាគារចំនួន ២ឆ្នាំ ហើយទោស ដែលនៅសល់ត្រូវព្យួរ។ តុលាការ ក៏បានកែប្រែបទចោទប្រកាន់ពីបទ «សមគំនិតក្នុងបទប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន» ទៅជាបទ «មិនប្ដឹងបរិហារបទឧក្រិដ្ឋ» លើស្ត្រីខ្មែរមួយរូប ដែលជាអ្នកសម្អាតផ្ទះ និងរៀបចំម្ហូបអាហារសម្រាប់ស្ត្រីទាំង ១៣នាក់ខាងលើ ហើយតុលាការបានសម្រេចផ្ដន្ទាទោសស្ត្រីខ្មែររូបនេះ ឲ្យជាប់ពន្ធនាគារចំនួន ៦ខែ ក៏ប៉ុន្តែអនុវត្តទោស ២ខែ ១ថ្ងៃ ហើយទោសនៅសល់ត្រូវព្យួរ។
អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បញ្ជាក់ថា មានភស្តុតាងច្បាស់លាស់ និងរឹងមាំបង្ហាញថា «ស្ត្រីជនជាតិហ្វីលីពីនទាំង ១៣នាក់នោះ មានចេតនាពពោះជំនួស ដើម្បីបង្កើតទារក នៅក្នុងគោលបំណងលក់-ដូរ ទៅឲ្យអ្នកទី៣ ជាថ្នូរនឹងប្រាក់» ដែលអ្នកនាំពាក្យអះអាងថា «អំពើនេះ ត្រូវកំណត់ថាជាបទល្មើសលក់-ដូរមនុស្ស»។
ជុំវិញរឿងនេះ ស្ថានទូតហ្វីលីពីនប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី៣ ខែធ្នូ ចេញសេចក្ដីថ្លែងការណ៍នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដោយបញ្ជាក់ថា ហ្វីលីពីនតាមរយៈស្ថានទូតនឹងបន្តផ្ដល់ជំនួយជាចាំបាច់ដូចជា ជំនួយផ្នែកច្បាប់ ដល់ជនជាតិហ្វីលីពីនទាំង ១៣នាក់នោះ នៅក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា។ ស្ថានទូតហ្វីលីពីន រំលឹកដល់ប្រជាពលរដ្ឋហ្វីលីពីនថា ប្រទេសកម្ពុជាហាមឃាត់ការពពោះជំនួស ដើម្បីទទួលបានប្រាក់ ហើយការមកកម្សាន្តទៅកាន់កម្ពុជា ដើម្បីពពោះជំនួសនោះ គឺប្រឈមនឹងជាប់ពន្ធនាគារ។
នៅមុនការកាត់ទោសស្ត្រីជនជាតិហ្វីលីពីនទាំង ១៣នាក់នេះ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ហ្វីលីពីន លោក នីកូឡាស ហ៊្វីលីក ទី (Nicholas Felix Ty) កាលពីថ្ងៃទី១៥ ខែតុលា បានអះអាងថា ស្ថានទូតហ្វីលីពីនប្រចាំនៅកម្ពុជា បានស្នើទៅរដ្ឋាភិបាលកម្ពុជារួចរាល់ហើយ ឱ្យចាត់ទុកស្ត្រីទាំងជនជាតិហ្វីលីពីនទាំងនោះថា ជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស មិនមែនជាឧក្រិដ្ឋជននោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។