សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃ ពុធ ទី២៦ កុម្ភៈនេះ បានបន្តសវនាការកាត់ក្តីសំណុំរឿងលោក កឹម សុខា សម្រាប់សប្ដាហ៍ទី៦ ។ ការដេញដោលនៅថ្ងៃនេះ ផ្តោតជាសំខាន់ទៅលើការបង្កើតគណបក្សសង្គ្រោះជាតិ ដែលចេញពីសម្ពន្ធភាពនយោបាយរវាងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា និងគណបក្សសម រង្ស៊ី របស់លោក សម រង្ស៊ី។
សវនាការថ្ងៃទី០១ នៃសប្ដាហ៍ទី០៦ នេះ បានចាប់ផ្តើមឡើងដោយការជជែករឿងការដាក់ភស្តុតាងបន្ថែមរបស់ក្រុមមេធាវីតំណាងឱ្យភាគីរដ្ឋាភិបាល។ ក្រុមមេធាវីការពារក្តីឱ្យលោក កឹម សុខា ហាក់មិនសូវសប្បាយចិត្តឡើយចំពោះការដាក់ភស្តុតាងបន្ថែមនោះ ដោយសារពួកគាត់មិនទទួលបានភស្តុតាងនោះ ហើយក៏មិនត្រូវបានអនុញ្ញាតឱ្យសួរដេញដោលពេញលេញចំពោះការដាក់ភស្តុតាងនេះដែរ កាលពីសប្ដាហ៍មុន។ ក្រោយការជជែកដេញដោលជាងមួយម៉ោងរវាងតំណាងអយ្យការ ក្រុមមេធាវីរដ្ឋាភិបាល និងក្រុមមេធាវីរបស់លោក កឹម សុខា អំពីរឿងដាក់ភស្តុតាងនេះរួចមក ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក កូយ សៅ ក៏សម្រេចឱ្យភាគីនីមួយៗផ្អាកការជជែកនោះ ដើម្បីងាកទៅបន្តជជែកលើអង្គសេចក្តីនៃសំណុំរឿង ចន្លោះពីឆ្នាំ២០១២ ដល់ថ្ងៃចាប់ខ្លួនលោក កឹម សុខា វិញ។
តំណាងអយ្យការអមតុលាការក្រុងភ្នំពេញ លោក វង្ស ប៊ុនវិស្សុត បានចោទសួរលោក កឹម សុខា អំពីចំណុចមួយចំនួនមុននឹងការឈានដល់ការបង្កើតគណបក្សសង្គ្រោះជាតិក្នុងឆ្នាំ២០១២ ដូចជា មូលហេតុនៃការបង្កើតគណបក្សសង្គ្រោះជាតិ និងការជួបជុំគ្នារវាងលោក កឹម សុខា និងលោក សម រង្ស៊ី នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីចរចាបង្កើតគណបក្សសង្គ្រោះជាតិ ជាដើម។ លោក កឹម សុខា បានឆ្លើយតបថា មូលហេតុនៃការរួមបញ្ចូលគ្នារវាងគណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី គឺដើម្បីត្រៀមខ្លួនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅអាណត្តិក្រោយជាមួយគណបក្សកាន់អំណាច។ តំណាងអយ្យការបានចោទសួរលោក កឹម សុខា ទៀតថា តើការចាប់ផ្តើមចរចាបង្កើតគណបក្សសង្គ្រោះជាតិនេះ ទទួលបានការឧបត្ថម្ភគាំទ្រជាលុយកាក់ និងមតិយោបល់ពីខាងភាគីបរទេសណាឬទេ? លោក កឹម សុខា ឆ្លើយថា មិនមានការជួយឧបត្ថម្ភពីភាគីបរទេសណានោះទេ ប៉ុន្តែគណបក្សសង្គ្រោះជាតិកើតចេញពីឆន្ទៈខ្មែរពិតប្រាកដ រួមមានរូបលោកផ្ទាល់ លោក សម រង្ស៊ី និងភាគីខ្មែរមួយចំនួនទៀត។
ក្នុងសវនាការនេះ មេធាវីតំណាងឱ្យរដ្ឋាភិបាលក៏បានចោទសួរលោក កឹម សុខា ពាក់ព័ន្ធនឹងការរួមគ្នាជាមួយលោក សម រង្ស៊ី ដើម្បីបង្កើតជាគណបក្សសង្គ្រោះជាតិ ដែលស្រដៀងគ្នាទៅនឹងការចោទសួររបស់តំណាងអយ្យការផងដែរ។
សហមេធាវីមួយរូបរបស់លោក កឹម សុខា គឺលោក ចាន់ ចេន ថ្លែងក្រោយបញ្ចប់សវនាការថា ដោយសារតែមានរឿងច្រើនដែលត្រូវជជែកដេញដោល លោកបានស្នើឱ្យក្រុមប្រឹក្សាជំនុំជម្រះបើកសវនាការរឿងក្តីនេះ៥ ថ្ងៃក្នុងមួយសប្ដាហ៍ ឬច្រើនថ្ងៃតាមដែលអាចធ្វើទៅបាន ក៏ប៉ុន្តែសំណើនេះ ត្រូវបានបដិសេធដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះ៖ «កន្លងមកមានមតិលើកឡើងថា មេធាវីពួកខ្ញុំនេះប្រើយុទ្ធសាស្ត្រពន្យារពេលវេលា។ អ៊ីចឹងដើម្បីសម្តែងថា យើងអត់មានចេតនាអ្វីចង់ពន្យារពេលអង្គសវនាការទេ បានជាយើងសំណូមពរថា សូមឱ្យតុលាការហ្នឹងធ្វើការជំនុំជម្រះក្នុងមួយសប្តាហ៍៥ ថ្ងៃ ដោយចាប់ផ្តើមពីម៉ោង៨ កន្លះព្រឹក រហូតដល់ម៉ោង១១ កន្លះ ពេលរសៀលពីម៉ោង២ រហូតដល់ម៉ោង៥ ក៏ប៉ុន្តែគួរឱ្យសោកស្តាយ អ្វីដែលយើងសំណូមពរ គឺយើងអត់បានទទួលការឆ្លើយតបតាមសំណូមពររបស់យើងទេ »។
អ្នកនាំពាក្យសមាគមអាដហុក (ADHOC) លោក ស៊ឹង សែនករុណា ដែលបានចូលរួមស្ដាប់សវនាការនេះ កត់សម្គាល់ថា ក្នុងសវនាការលើកនេះ ចៅក្រមបានផ្តល់ឱកាសច្រើនដល់ភាគីទាំងសងខាង ដើម្បីដេញដោលគ្នាដែលខុសពីសវនាការលើកមុនៗ ក៏ប៉ុន្តែលោកថា ខាងតំណាងអយ្យការ និងមេធាវីរដ្ឋាភិបាលបានតាំងសំណួរដដែល និងជាន់គ្នា ដែលជារឿងខាតពេលវេលា។ លោកថា សំណើរបស់ក្រុមមេធាវីដែលចង់ឱ្យតុលាការបើកសវនាការរឿងនេះឱ្យបានច្រើនថ្ងៃក្នុងមួយសប្ដាហ៍នោះ តុលាការគួរតែពិចារណាទទួលយក ព្រោះរឿងក្តីនេះត្រូវប្រើពេលយូរ៖ «នីតិវិធីហ្នឹងហាក់ដូចជាមានការច្រំដែលច្រើន អ៊ីចឹងគួរតែខាងសាលាដំបូង ឬក៏គ្រប់ភាគីពាក់ព័ន្ធគួរតែធ្វើយ៉ាងណាកំណត់នូវសំណួរណាខ្លះដែលមិនគួរណាលើកមកសួរដដែលអ៊ីចឹងទេ។ បើមានអយ្យការសួរហើយ មេធាវីដើមបណ្តឹងមិនគួរណាបន្ថែមសួរលើ សំណួរដដែល ទៀតទេ។ យើងមិនចង់ឃើញរបៀបដដែលហ្នឹងទេ ទីមួយវាធ្វើឱ្យខាតពេល ហើយធ្វើឱ្យដំណើររឿងហ្នឹងវាយឺតពេលជាដើមអ៊ីចឹងទៅ។ យើងចង់ធ្វើម៉េចឱ្យមានវាមានការសម្រួលនូវនីតិវិធីហ្នឹងឱ្យបានឆាប់រហ័សជាងហ្នឹងទៅទៀត » ។
ស្របពេលនៃសវនាការនេះ នៅខាងក្រៅបរិវេណតុលាការឯណោះវិញ មិនសូវមានអ្នកឃ្លាំមើលច្រើនដូចពីមុនៗនោះទេ គឺមានតែអ្នកសារព័ត៌មានមួយចំនួន និងកងកម្លាំងស្លៀកពាក់ស៊ីវិលជាច្រើននាក់ប៉ុណ្ណោះ។ សវនាការកាត់ក្តីសំណុំរឿងលោក កឹម សុខា នឹងត្រូវធ្វើនៅថ្ងៃព្រហស្បតិ៍ ទី២៧ កុម្ភៈ បន្តទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។