សាលាដំបូងខេត្តកំពង់ឆ្នាំងបានចេញដីកាឃុំខ្លួន ម្ចាស់ស្ថានីយវិទ្យុអេហ្វ អឹម ៩៩.៧៥ (FM 99.75 Mhz) និងម្ចាស់គេហទំព័រហ្វេសប៊ុក «រិទ្ធិសែន» លោក សុខ ឧត្តម ពីបទចោទប្រកាន់ថា «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
ភរិយាលោក សុខ ឧត្តម លោកស្រី នុត ចន្ធូរ ប្រាប់អាស៊ីសេរីថា ការឃុំខ្លួននេះ ជាអំពើអយុត្តិធម៌ និងទាមទារឱ្យអាជ្ញាធរបើកការស៊ើបអង្កេតករណីនេះឡើងវិញ ដោយសារតែស្វាមីលោកស្រីបានចុះទៅយកព័ត៌មានតាមការស្នើសុំពីប្រជាពលរដ្ឋចំនួនជាង ១០០គ្រួសារ ឱ្យចុះទៅយកព័ត៌មានរឿងទំនាស់ដីធ្លីជាង៩០ហិកតារ ជាមួយនឹងមន្ត្រីយោធានៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ជាប់ព្រំដែនខេត្តកំពង់ស្ពឺនិងខេត្តកំពង់ឆ្នាំង។
លោក សុខ ឧត្តម ត្រូវបានអាជ្ញាធរខេត្តកំពង់ឆ្នាំង ចាប់ខ្លួនចេញពីផ្ទះរបស់លោក កាលពីថ្ងៃទី១៣ ឧសភាក្រោយពីលោកបានផ្សាយបន្តផ្ទាល់តាមរយៈគេហទំព័រហ្វេសប៊ុក «រិទ្ធិសែន» កាលពីថ្ងៃទី១២ ឧសភា អំពីជម្លោះដីធ្លីរវាងប្រជាពលរដ្ឋនិងមន្ត្រីយោធា។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមឃឿន មានប្រសាសន៍ថា លោក សុខ ឧត្តម បានធ្វើខុសតួនាទីជាអ្នកកាសែត ទៅបំផុសប្រជាពលរដ្ឋឱ្យប្រឆាំងជាមួយនឹងអាជ្ញាធរ។ លោកនិយាយថា ការចាប់ខ្លួននេះមិនមែនជាការរំលោភទៅលើសេរីភាពសារព័ត៌មានទេ តែវាគឺជាការអនុវត្តច្បាប់ប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី បានហៅការចាប់ខ្លួននេះថា បានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអ្នកសារព័ត៌មានដែលកំពុងបំពេញវិជ្ជាជីវៈរបស់ខ្លួន។ លោកបញ្ជាក់ថា តុលាការគួរតែពិចារណាដោះលែងលោក សុខ ឧត្តម ឱ្យមានសេរីភាពវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។