លោក គិត ធាង បន្ត​អវត្តមាន​ក្នុង​សវនាការ​ក្រោម​ហេតុផល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ

លោក គិត ធាង ដែល​ជាប់ចោទ​ជួញដូរ​គ្រឿងញៀន​បាន​អវត្តមាន​ក្នុង​តុលាការ​ក្រុងភ្នំពេញ ក្នុង​សវនាការ​ថ្មី កាលពី​ថ្ងៃ​ពុធ​ទី​១៣ ខែ​មករា ដោយសារ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សវ​នា ប្រាប់​កាសែត​វីអូឌី (VOD) ថា លោក គិត ធាង នៅ​បន្ត​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ ហើយ​មិនទាន់​បញ្ចូន​ត្រឡប់​មក​ពន្ធនាគារ​វិញ​នៅ​ឡើយ​ទេ​។ លោក នុត សវនា មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ពិតប្រាកដ​អំពី​បញ្ហា​នេះ​ទេ។

ក្នុង​សវនាការ​ថ្មី​ករណី​រឿង​ជួញដូរ​គ្រឿងញៀន នៅ​ថ្ងៃ​១៣ ខែ​មករា​នេះ ជន​ពាក់ព័ន្ធ​ចំនួន ១២​នាក់ រួម​ទាំង​លោក គិត ធាង ផង ត្រូវ​បាន​គេ​បង្ហាញខ្លួន​នៅ​ក្នុង​តុលាការ ពី​បទ​ចោទ​ប្រកាន់​ថា បាន​ជួញដូរ​ទិញ​លក់​គ្រឿងញៀន ស្តុក​ទុក និង​ចែកចាយ​គ្រឿងញៀន នៅ​ក្នុង ក្លឹប​កម្សាន្ត​រ៉ក់ (Rock)​។ ក៏ប៉ុន្តែ​មេធាវី​ការពារ​ក្តី​៣​នាក់​របស់​ជនជាប់ចោទ ដែល​បាន​ចូលរួម​ក្នុង​សវនាការ បាន​ស្នើ​សុំ​ពន្យារពេល​សវនាការ ហើយ​លោក​ចៅក្រម ក៏​បាន​ប្រកាស​ពន្យារ​ពេល​ទៅ​ថ្ងៃក្រោយ ដោយ​មិនបាន​កំណត់​ពេល​នៅ​ឡើយ។

លោក គិត ធាង ​ជា​បងប្រុស​បង្កើត​មហាសេដ្ឋី​នៅ​កម្ពុជា លោក គិត ម៉េង ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ឆ្នាំ​២០១៩ កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ ចំនួន​៤​ឆ្នាំ ពី​បទ​ជួញដូរ​គ្រឿងញៀន ៥០​គីឡូក្រាម នៅ​ក្នុង​ក្លឹប​កម្សាន្ត​រ៉ក់។ ប៉ុន្តែ ទណ្ឌិត គិត ធាង មិនដែល​ស្ថិត​ក្នុង​ពន្ធនាគារ​ទេ ដោយសារ​លោក​សម្រាក​ព្យាបាល​ក្នុង​បន្ទប់​វីអាយភី (VIP) នៅ​ក្នុង​មន្ទីរពេទ្យ។

ទណ្ឌិត គិត ធាង និង​ទណ្ឌិត​៥​នាក់​ទៀត កំពុង​ជាប់ឃុំ​ពន្ធនាគារ ខណៈ​ជនល្មើស​៦​នាក់​ផ្សេងទៀត បាន​រត់​គេច​ខ្លួន​។ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមឃឿន ឱ្យ​ដឹង​ថា​សមត្ថកិច្ច​កំពុង​ស្វែងរក​ជនល្មើស​ដែល​រត់​គេច​ខ្លួន ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់ ដោយ​ទាក់ទង​សមត្ថកិច្ច​ប៉ូលិស​អន្តរជាតិ (Interpol)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។