យុវជន គង់ រ៉ៃយ៉ា បន្ត​កូដកម្ម​បង្អត់​អាហារ​ក្នុង​ពន្ធនាគារ

ដោយ ជាតិ ចំណាន
2019-07-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុវជន គង់ រ៉ៃយ៉ា និង​ភរិយា​គឺ​លោកស្រី សុខ ស្រីនិច បង្ហោះ​រូប​អាវ​មាន​រូប និង​បណ្ដាំ​បណ្ឌិត កែម ឡី នៃ​ខួប​៣​ឆ្នាំ។
យុវជន គង់ រ៉ៃយ៉ា និង​ភរិយា​គឺ​លោកស្រី សុខ ស្រីនិច បង្ហោះ​រូប​អាវ​មាន​រូប និង​បណ្ដាំ​បណ្ឌិត កែម ឡី នៃ​ខួប​៣​ឆ្នាំ។
Photo courtesy

យុវជន​កែម ឡី និយម គង់ រ៉ៃយ៉ា បន្ត​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ជាង​មួយ​សប្ដាហ៍​ហើយ ដើម្បី​ទាមទារ​ឱ្យ​ខាង​ពន្ធនាគារ​សម្រួល​ឱ្យ​លោក​បាន​ហាត់ប្រាណ​ព្រឹកល្ងាច និង​មាន​កន្លែង​គេង​ល្មម​អាច​ធ្វើ​វិបស្សនា​បាន។ ទន្ទឹម​គ្នា​នេះ មេធាវី​ការពារ​ក្តី ក៏​បាន​ដាក់​បណ្ដឹង​ស្នើសុំ​ឱ្យ​យុវជន គង់ រ៉ៃយ៉ា និង​យុវជន សួង នាគព័ន្ធ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ដែរ​។ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ថា នឹង​ពិនិត្យ​ដោះស្រាយ​សំណើ​នេះ ប៉ុន្តែ​ស្នើសុំ​ឱ្យ​មានការ​យោគយល់​ផង​ដែរ ព្រោះ​ពន្ធនាគារ​សព្វថ្ងៃ កំពុង​មាន​​ភាព​ចង្អៀត​ណែន។

ភរិយា​របស់​យុវជន គង់ រ៉ៃយ៉ា លោកស្រី សុខ ស្រីនិច ស្នើសុំ​ឱ្យ​ខាង​ពន្ធនាគារ​ជួយ​សម្រួល​ឱ្យ​ស្វាមី បាន​ចេញ​ហាត់ប្រាណ​ទាំង​ព្រឹក​និង​ល្ងាច ព្រមទាំង​រក​កន្លែង​គេង​ដែល​ល្មម​អាច​ឱ្យ​គាត់​ធ្វើ​វិបស្សនា បាន ព្រោះ​បើ​មិន​ដូច្នេះ​ទេ ស្វាមី​របស់​លោក​ស្រី នឹង​នៅតែ​បន្ត​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ដដែល​។​

លោកស្រី​បន្ត​ថា តាំង​ពី​ថ្ងៃ​ជាប់​ពន្ធនាគារ​នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា​មក គឺ​លោក គង់ រ៉ៃ​យ៉ា ព្រម​ទទួល​ទាន​​អាហារ​តែមួយ​ថ្ងៃ​គត់​កាលពី​ថ្ងៃ​ពុធ ទី​១៧ ខែ​កក្កដា ដោយសារ​ខាង​ពន្ធនាគារ​ដោះស្រាយ​តាម ការ​ស្នើសុំ​តែ​មួយ​ថ្ងៃ បន្ទាប់​មក​ខាង​ពន្ធនាគារ ក៏​បន្ត​ព្រងើយកន្តើយ​ដដែល។ លើស​ពី​នេះ​ស្វាមី​របស់​លោកស្រី​បញ្ជាក់​ថា ខាង​មន្ត្រី​ពន្ធនាគារ ចាប់ផ្ដើម​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​គាត់​មួយ​ចំនួន​ផង​ដែរ ដូចជា​មិន​ចង់​ឱ្យ​ចេញ​ហាត់ប្រាណ និង​ចេញ​ជួប​មិត្តភ័ក្ដិ​ដែល​ចូល​សួរសុខទុក្ខ​ឡើយ៖ «មួយ​ថ្ងៃ​​គេ​​ឱ្យ​ចេញ​ហាត់ប្រាណ​មិន​បាន​ ១០​នាទី​ផង មិន​មែន​​ចេញ​​បាន​​មួយ​​ម៉ោង​ជាង​​ឡើង​។ ​គាត់​​មិន​មែន​​សុំ​​ចេញ​​ពេល​ណា​​ស្រេច​​តែ​​ចិត្ត​​គាត់​​នោះ​​ទេ គឺ​សុំ​តែ​ល្ងាច​ និង​ព្រឹក ប៉ុន្តែ​ពេល​គាត់​សុំ​ទៅ គឺ​គេ​មិន​ចង់​ឱ្យ​ចេញ​ទេ»

លោកស្រី សុខ ស្រីនិច បន្ត​ថា ចំពោះ​បន្ទប់​ស្នាក់នៅ​វិញ គឺ​យុវជន គង់ រ៉ៃយ៉ា ត្អូញត្អែរ​ថា លំបាក​ខ្លាំង ដោយសារ​​បន្ទប់​​មាន​​ទំហំ ៤​ម៉ែត្រ ៤​ជ្រុង​ ដោយ​​ក្នុង​​នោះ​​មាន​​បន្ទប់​ទឹក ១​ម៉ែត្រ​​កន្លះ​ ហើយ​​ផ្ទុក​​មនុស្ស​រហូត​ដល់ ​២៤​នាក់ និង​​ភាគ​ច្រើន​​សុទ្ធ​តែ​អ្នក​​ជក់បារី៖ «គាត់​ចង់​សុំ​ឱ្យ​មន្ត្រី​ពន្ធនាគារ​ជួយ​សម្រួល​គាត់​ទៅ​កន្លែង​រាង​ទូលាយ​បន្តិច ដើម្បី​គាត់​អាច​អង្គុយ​វិបស្សនា​បាន​ផង ហើយ​នៅ​ក្នុង​នោះ​សុទ្ធតែ​គេ​ជក់បារី ព្រោះ​គាត់​អត់​ចេះ​ជក់​អ៊ីចឹង​ខ្លាច​ប៉ះពាល់​សុខភាព​របស់​គាត់»

ខុស​ពី​ការ​ឱ្យ​ដឹងពី​ភរិយា​របស់លោក គង់ រ៉ៃយ៉ា អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ លោក នុត សាវនា ប្រាប់​អាស៊ីសេរី​ថា ខាង​ពន្ធនាគារ បាន​យកចិត្តទុកដាក់​ចំពោះ​ការ​ស្នើសុំ​របស់​អ្នក​ជាប់ឃុំ​ទាំងអស់ និង​ព្យាយាម​ផ្ដល់​ដំណោះ​ស្រាយ​ទៅតាម​លទ្ធភាព​។ លោក សន្យា​ថា នឹង​លើក​ករណី​នេះ​ទៅ​ជជែក​ជាមួយ​ខាង​មន្ត្រី​ពន្ធនាគារ។ ទោះ​យ៉ាង​ណា​ក្តី លោក​ស្នើសុំ​ឱ្យ​មានការ​យោគយល់​ផង​ដែរ ដោយសារ​បច្ចុប្បន្ន ពន្ធនាគារ កំពុង​ចង្អៀត​ណែន​។ លោក​រំពឹង​ថា ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​នេះ នឹង​អាច​ដោះស្រាយ​ក្នុង​ពេល​ឆាប់ៗ ​នៅ​ពេល​ពន្ធនាគារ​ថ្មី​សាងសង់​រួចរាល់៖ «យើង​មិនមែន​អត់​គិត​បញ្ហា​នឹង​ទេ យើង​មិន​ចង់​មាន​បញ្ហា​ទេ ប៉ុន្តែ​តម្រូវការ​របស់​គាត់​ធំដុំ​ពេក​។ បើ​គាត់​កាត់ទោស​ហើយ​មិនសូវ​អី​ទេ ប៉ុន្តែ​​គាត់​មិនទាន់​កាត់ទោស​ទេ។ ខ្ញុំ​គ្រាន់តែ​ជម្រាប​ទេ ធ្វើ​អី​ក៏ដោយ សូម​យោគយល់​គ្នា​ទៅវិញ​ទៅ​មក។ យើង​​ធ្វើ​​ឱ្យ​​គេ​​លំបាក​​ប្រយ័ត្ន​​គេ​​ទុក​​ចោល​​កាន់​តែ​​យ៉ាប់​​ទៀត ហើយ​អត់​អាច​បន្ទោស​គេ​បានទេ ព្រោះ​អានេះ​គេ​ដោះ​ស្រាយ​​តាម​​សភាពការណ៍​តើ។ ខ្ញុំ​និយាយ​ភាសា​សាមញ្ញ​ សូម​កុំ​ឱ្យ​គាត់​កូរ ព្រោះ​គ្មាន​នរណា​ចង់​ធ្វើ​អី​គាត់​ទេ»

ទន្ទឹមគ្នា​នឹង​ការ​ស្នើ​សុំ​ឱ្យ​ពន្ធនាគារ​សម្រួលការ​រស់នៅ​នេះ នៅ​ថ្ងៃ​សុក្រ ទី​១៩ កក្កដា​នេះ មេធាវី​​ការពារ​​ក្តី​​ឱ្យ​​យុវជន គង់ រ៉ៃយ៉ា និង​យុវជន សួង នាគព័ន្ធ ក៏បាន​ដាក់ពាក្យ​សុំ​ឱ្យ​តុលាការ​ដោះលែង​កូន​ក្តី ឱ្យ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ដែរ។

លោក​មេធាវី​សង្ឃឹមថា តុលាការ​នឹង​ពិចារណា​ដោះលែង​កូន​ក្តី​ទាំងពីរ​នាក់​ដោយសារ​ពួកគេ​មិន​បាន​​ប្រព្រឹត្ត​​បទ​ល្មើស​​ដូច​ការ​ចោទ​ប្រកាន់ ហើយ​កូន​ក្តី​មាន​លំនៅឋាន​ពិតប្រាកដ មាន​ក្រុម​គ្រួសារ និង​គ្មាន​ឥទ្ធិពល​ឬ​អំណាច​នាំ​ឱ្យ​ប៉ះពាល់​ដល់​ការ ស៊ើបអង្កេត​នោះ​ទេ៖ «ការ​ឃុំខ្លួន​លុះ​ត្រា​ករណី​នោះ​ចាំបាច់ បើសិនជា​ការចោទប្រកាន់​នេះ​គឺជា​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ ឬ​ជា​បទ​សម្លាប់​មនុស្ស​អី​ឃោរឃៅ ទើប​ការ​ឃុំខ្លួន​ជា​ការ​ចាំ​បាច់។ នៅ​ក្នុង​រឿង​នេះ ដាក់​ក្រោម​ការ​ត្រួតពិនិត្យ​ជាអាទិ៍​គឺជា​ករណី​បទ​មជ្ឈិម​ ហើយ​ចំណុច​សំខាន់​មួយ​នោះ​គឺ គង់ រ៉ៃយ៉ា និង​សួង នាគព័ន្ធ មាន​បញ្ហា​សុខភាព​ហើយ។ សម្រាប់​លោក គង់ រ៉ៃយ៉ា ទើប​មាន​កូន​តូច ហើយ​គាត់​ជា​មេ​គ្រួសារ​ផង​ដែរ។ មេធាវី​ការពារ​ក្តី​សង្ឃឹម​ថា ចៅក្រម​ស៊ើបសួរ នឹង​​ពិចារណា​​អំពី​​លក្ខខណ្ឌ​និង​​ភស្តុ​តាង​​ផ្សេងៗ​ ដើម្បី​ឱ្យ​កូន​ក្តី​របស់ខ្ញុំ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន»

លោក គង់ រ៉ៃយ៉ា អាយុ​២៨​ឆ្នាំ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ តាម​មាត្រា​៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ និង​យក​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស កាលពី​ថ្ងៃ​ទី​១១ ខែ​កក្កដា។ ទោស​ទណ្ឌ​ដែល​រហូតដល់​ឃុំ​ខ្លួន​នេះ ដោយសារតែ​លោក​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​អំពី​ការ​លក់​អាវយឺត​ដែល​មាន​រូបលោក​បណ្ឌិត កែម ឡី​។ ចំណែក​យុវជន សួង នាគព័ន្ធ វិញ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ដូច​លោក គង់ រ៉ៃយ៉ា ដែរ ដោយសារតែ​លោក​បាន​ចូលរួម​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី និង​កាន់​ខិត្តប័ណ្ណ​អំពាវនាវ​ឱ្យ​បញ្ឈប់​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ ​លីកាដូ (Licadho) លោក អំ សំអាត លើកឡើង​ថា ការ​ស្នើ​សុំ​របស់​លោក គង់ រ៉ៃយ៉ា ឱ្យ​ពន្ធនាគារ​ជួយ​សម្រួលការ​រស់នៅ​ក្នុង​ពន្ធនាគារ​ដូចជា​ការហាត់ ប្រាណ ការ​អាន​សៀវភៅ និង​ផ្ទេរ​ទៅ​បន្ទប់​ឃុំ​ ដែល​ស្ងប់ស្ងាត់​គ្មាន​អ្នក​ជក់បារី​នោះ គឺជា​រឿង​សមស្រប។ ដូច្នេះ​ខាង​ពន្ធនាគារ​គួរតែ​យកចិត្តទុកដាក់​ដោះស្រាយ​ទៅតាម​លទ្ធភាព ព្រោះ​ជន​ជាប់ឃុំ បាត់បង់​តែ​សិទ្ធិ​ដើរហើរ​មួយ​ប៉ុណ្ណោះ​។ ការ​ដាក់​អ្នកទោស​ឱ្យ​រស់នៅ​ឡាយ​ឡំ​គ្នា​ទាំង​អ្នក​ជក់​​បារី និង​មិន​ជក់បារី​គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួកគេ​។ លោក​បន្ថែម​ដែរ​ថា យោង​តាម​ភាព​​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ព្រមទាំង​មាន​ការ​រិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ថា ការ​ចាប់ ពួកគាត់​គឺ​គ្មាន​មូលដ្ឋាន​ច្បាប់ និង​ជា​ការ​បំបិទ​សិទ្ធិ​​បញ្ចេញ​មតិ​និង​ការ​ជួប​ប្រជុំ។ ដូច្នេះ​តុលាការ គួរតែ​ពិចារណា​ដោះលែង​ពួកគាត់​ឱ្យ​នៅ​​ក្រៅ​​ឃុំ​​បណ្ដោះអាសន្ន​​តាម​​ការ​​ស្នើសុំ​​របស់​​មេធាវី​៖ «ខ្ញុំ​គិត​ថា តុលាការ​នឹង​ពិចារណា​ឱ្យ​គាត់​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ព្រោះ​ទី​១ អាច​កាត់បន្ថយ​ភាព​ចង្អៀត​​ណែន​​ក្នុង​ពន្ធនាគារ និង​ការ​ទាមទារ​របស់​គាត់​នោះ។ ទី​២ គាត់​អាច​ជួយ​គ្រួសារ​របស់​គាត់ ព្រោះ​ក្រុម​គ្រួសារ​របស់​គាត់​ពឹង​ផ្អែកលើ​ពួកគាត់​ដែល​ជា​មេ​គ្រួសារ។ កាលណា​គាត់​នៅ​ក្រៅ​ឃុំ ក៏​កាត់បន្ថយ​ការ​ចំណាយ​ថវិកា​របស់​រដ្ឋ​ដែល​ចំណាយ​លើ​​ការ​ជាប់​ឃុំ​របស់​គាត់​ផង​ដែរ។ អ្វី​ដែល​សំខាន់​ទៀត​នោះ គឺ​បង្ហាញ​ថា ជា​ការ​គោរព​នូវ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​និង​ការ​ជួបជុំ​ដោយ​សន្តិវិធី»

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ស្ថានទូត​សហរដ្ឋ​អាមេរិក​​ប្រចាំ​​កម្ពុជា រួម​នឹង​អង្គការ​ក្នុងស្រុក​ជិត ​១០០​ស្ថាប័ន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្ត​បន្ទាប់​ទាមទារ​​​របប​​ក្រុង​ភ្នំពេញ ឱ្យ​ទម្លាក់​​ចោល​បទ​ចោទ​​ប្រកាន់ និង​​ដោះលែង​យុវជន គង់ រ៉ៃយ៉ា និង​យុវជន សួង នាគព័ន្ធ ឱ្យ​មាន​សេរីភាព​ឡើងវិញ​។ អង្គការ​ជាតិ និង​អន្តរជាតិ លើកឡើង​ថា អ្នក​ទាំងពីរ គ្រាន់តែ​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​តាមច្បាប់​ប៉ុណ្ណោះ គ្មាន​​ចំណុច​​ណា​មួយ​​ជា​​បទ ល្មើស​​នោះ​​ទេ ដូច្នេះ​ការចោទប្រកាន់​និង​ឃុំខ្លួន​នេះ គឺ ធ្វើឡើង​ទាំង​បំពាន​ច្បាប់ និង​​ជា​​ការ​​រឹតត្បិត​សិទ្ធិ​​សេរីភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល