ឈ្មួញ​ចាប់ផ្ដើម​ចាក់​ដី​លុប​សមុទ្រ​ក្រោយ​អភិបាល​ខេត្ត​កំពត​ថា ដី​នោះ​មាន​ប្លង់​កម្មសិទ្ធិ

ដោយ ទីន ហ្សាការីយ៉ា
2019-05-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អភិបាលខេត្ត​កំពត លោក ជាវ តាយ។
អភិបាលខេត្ត​កំពត លោក ជាវ តាយ។
រូប​ហ្វេសប៊ុក រដ្ឋបាល​ខេត្ត​កំពត

ឈ្មួញចាប់ផ្ដើម​ចាក់​ដី​លុប​ផ្ទៃ​សមុទ្រ ដែល​បាន​បោះ​បង្គោល​ព្រំ​ដី​ហើយ នៅ​ចំណុច​ភ្នំ​ដូង ភូមិ​បឹងតាព្រាម សង្កាត់​ត្រើយ​កោះ ក្រុង​កំពត។ ការ​ចាក់​ដី​លុប​ឆ្នេរ និង​សមុទ្រ​នេះ ក្រោយពេល​អភិបាលខេត្ត​កំពត បញ្ជាក់​ថា ទីតាំង​បោះ​បង្គោល​ព្រំ​ដី​លើ​សមុទ្រ មាន​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​កំពត លោក យន់ ផល្លី ស្នើសុំ​ឱ្យ​អាជ្ញាធរ​ខេត្ត​កំពត ហាមឃាត់​សកម្មភាព​ឡាន​ដឹក​ដី​ចាក់​លុប​សមុទ្រ នៅ​ចំណុច​ភ្នំ​ដូង បណ្ដោះអាសន្ន​សិន ដើម្បី​ពិនិត្យ​រកមើល​ភាព​ស្របច្បាប់​នៃ​ប្លង់​កម្មសិទ្ធិ​ដី​ទីនោះ។ សង្គម​ស៊ីវិល​រូប​នេះ នៅតែ​សង្ស័យ​ថា ប្លង់​កម្មសិទ្ធិ​លើ​ដី​ទាំងនោះ មាន​បញ្ហា ព្រោះ​ពលរដ្ឋ​រស់​តាម​បណ្ដោយ​ឆ្នេរ​នៅ​ខេត្ត​កំពត​ទាំងអស់ មិន​ធ្លាប់​ទទួល​បាន​ការចុះបញ្ជី​ប្លង់​កម្មសិទ្ធិ​ដី​ឯកជន ឬ​ជា​ប្រព័ន្ធ​ទេ៖ «មិន​ទាន់​បាន​ចុះ​ទៅ​ធ្វើការ​ស៊ើប​អង្កេត​នៅឡើយ​ទេ តែ​ដូច​ខ្ញុំ​បាន​លើកឡើង​ពី​ខាងដើម​អ៊ីចឹង​ថា​ យ៉ាងណាក៏ដោយ ក៏​ត្រូវ​មាន​វិធានការ និង​ការទប់ស្កាត់​សិន​ដែរ ដើម្បី​​​ស៊ើបអង្កេត​ករណី​នេះ​ឡើងវិញ​ថា មាន​ភាព​ប្រក្រតី ឬ​មិន​ប្រក្រតី។ ជាទូទៅ តំបន់​ឆ្នេរ​មិន​ទាន់​មាន​យុទ្ធនាការ ឬ​ក៏​​លក្ខណៈ​ប្លង់​ជា​ប្រព័ន្ធ​ដើម្បី​ចេញ​កម្មសិទ្ធិ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​នៅឡើយ​ទេ។ ចុះ​ហេតុអ្វី​បាន​ជា​មាន​ប្លង់​កម្មសិទ្ធិ បែរជា​មានតែ​ ១២​គ្រួសារ ហើយ​ហាក់បីដូចជា​ដោយ​ដុំ​យ៉ាង​ដូច្នេះ ហើយក៏​ជា​តំបន់​ឆ្នេរ​សមុទ្រ លយ​ចូល​ទៅ​ក្នុង​សមុទ្រ។ ទោះ​បី​​យ៉ាង​​ណា គួរ​មានការ​ហាមឃាត់​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ដែរ ក្នុង​ករណី​នេះ»

ផ្ទៃ​សមុទ្រ​ជាង ១​ហិកតារ ដែល​មាន​ការ​បោះ​បង្គោល​ព្រំ នៅ​ចំណុច​ភ្នំ​ដូង ក្នុង​សង្កាត់​ត្រើយ​កោះ ត្រូវ​បាន​ឈ្មួញ​ចាក់​ដី​លុប​ជា​បណ្ដើរៗ ហើយ គឺ​នៅ​ស្រប​ពេល​ដែល​អភិបាលខេត្ត​កំពត លោក ជាវ តាយ អះអាង​ថា រក​ឃើញ​ផ្ទៃ​សមុទ្រ​នោះ មាន​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ។

មេភូមិ​បឹង​តា​ព្រាម លោក ម៉ម ស៊ាប ប្រាប់​សារព័ត៌មាន​ក្នុងស្រុក (​ភ្នំពេញ​ប៉ុស្តិ៍​) ថា សកម្មភាព​ចាក់​ដី​លុប​សមុទ្រ ក្នុង​តំបន់ ដែល​គេ​បោះ​បង្គោល​នោះ​មាន តែ​មិន​ច្រើន​ឡាន​ពេក​ទេ ហើយ​ចាក់​ជា​ហូរហែ ពិបាក​ចាំ​ថា ចាប់ផ្ដើម តាំងពី​ពេលណា​មក​ទេ​។ លោក​មេភូមិ​បឹង​តា​ព្រាម បញ្ជាក់​ថា លោក​ពុំ​ទាន់​ទទួល​បាន​ការណែនាំ​ពី​ថ្នាក់ ឱ្យ​ទប់ស្កាត់​ការ​ចាក់​ដី​នេះ​នៅឡើយ​ទេ។

អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អភិបាល​ខេត្ត​កំពត និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់​គ្រង​ឆ្នេរសមុទ្រ​ខេត្ត​កំពត លោក ជាវ តាយ បានទេ នៅ​ថ្ងៃ​ទី​៣០ ឧសភា ដោយសារ​មិន​ទទួល​ទូរស័ព្ទ។ ប៉ុន្តែ​អគ្គលេខាធិការ​នៃ​គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ​សមុទ្រ​​កម្ពុជា លោក នី ផល្លី ប្រាប់​អាស៊ីសេរី​ថា ខាង​ថ្នាក់​ជាតិ ទទួល​បាន​ព័ត៌មាន​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន ហើយ​មិន​ទាន់​បាន​របាយការណ៍​លាយលក្ខណ៍អក្សរ​ផ្លូវការ​ពី​អភិបាល​ខេត្ត​កំពត​នៅឡើយ​ទេ ត្បិត​ខាង​ខេត្ត​អះអាង​ថា តំបន់​ផ្ទៃ​សមុទ្រ​​នោះ មាន​ប្លង់​កម្មសិទ្ធិ​ក៏ដោយ។

លោក នី ផល្លី អះអាង​ថា អាជ្ញាធរ​ខេត្ត​កំពត ក៏​មិនទាន់​បង្ហាញ​ឯកសារ​បញ្ជាក់​ប្លង់​កម្មសិទ្ធិ​ផ្ទៃ​សមុទ្រ​នោះ មកដល់​ខាង​គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ​ដែរ​។ តែ​យ៉ាងណា លោក​បញ្ជាក់​ថា គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ​នឹង​ចុះ​ទៅ​ពិនិត្យ​ករណី​នេះ បើ​ទោះ​មិនទាន់​ទទួល​របាយការណ៍​ក៏ដោយ៖ «បាន​ឃើញ​ករណី​តាម​សារព័ត៌មាន ក៏ប៉ុន្តែ​មិន​ទាន់​បាន​ការ​រាយការណ៍​ណា​ពី​ថ្នាក់​ខេត្ត មកដល់​ថ្នាក់​ជាតិ​ដែរ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា ក៏​យើង​នៅ​ពិនិត្យមើល​តាមដាន​ដែរ ចំពោះ​កិច្ចការ​នេះ​។ យើង​ក៏​នៅ​តាម​ដាន​មើល​ដែរ ព្រោះ​យើង​ថ្នាក់​ជាតិ ក៏​មិន​ព្រងើយកន្តើយ​ទេ​។ ប៉ុន្តែ​តាម​ការ​អះអាង​របស់​ឯកឧត្ដម​អភិបាលខេត្ត​ហ្នឹង​ថា​ ខាង​ប្រជាពលរដ្ឋ​គាត់​មាន​ឯកសារ​ដែរ តែ​មកដល់​ម៉ោង​នេះ ខាង​ខ្ញុំ​អត់​ទាន់​បាន​ទទួល​ទេ ថ្នាក់​ជាតិ»

ផ្ទៃ​សមុទ្រ ដែល​មាន​ការ​បោះ​បង្គោល​ព្រំ រំលោភ​យក​ត្រូវ​បាន​ក្រុមហ៊ុន​ផ្សព្វផ្សាយ​លក់​អចលនទ្រព្យ​ឈ្មោះ BLUE STAR REAL ESTATE អះអាង​ថា មាន​ទំហំ​ជាង​១​ហិកតារ។ ប៉ុន្តែ​អភិបាល​ខេត្ត​កំពត លោក ជាវ តាយ មិន​បង្ហាញ​ថា រក​ឃើញ​ផ្ទៃ​ទំហំ​ប៉ុនណា​ឱ្យ​ពិត​ទេ។ លោក​គ្រាន់តែ​អះអាង​ថា កំពុង​ពិចារណា​ថា គួរ​ដក​បង្គោល​ព្រំ​ចេញ ឬ មិន​ដកចេញ ព្រោះ​មានកម្ម​សិទ្ធិ​ប្លង់​ត្រឹមត្រូវ។

ក្រុម​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) បាន​ប្រតិកម្ម នឹង​គំនិត​ពិចារណា​របស់​អភិបាល​ខេត្ត​កំពត។ ពួកគេ​អះអាង​ថា មិនបាច់​ពិចារណា​អ្វី​ច្រើន​ទេ​លោក​អភិបាលខេត្ត ព្រោះ​គ្រាន់តែ​មើល​ទៅ ក៏​ដឹង​ថា​ខុសច្បាប់​ទាំងស្រុង​ទៅ​ហើយ។ អ្នកប្រើប្រាស់​សង្គម​ហ្វេសប៊ុក ផ្ដល់​យោបល់​ថា ត្បិត​អភិបាល​ខេត្ត​កំពត ប្រើប្រាស់​ហេតុផល​ថា គ្មាន​សិទ្ធិ​ដកហូត​ដី​នោះ​បាន ព្រោះ​មាន​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ ប៉ុន្តែ​រដ្ឋបាល​ខេត្ត​ត្រូវ​ដាក់​បណ្ដឹង​ទៅ​តុលាការ ឱ្យ​មោឃភាព​ប្លង់​ទាំងនេះ​ចោល ហើយ​បន្ត​ស៊ើបអង្កេត​មន្ត្រី​ខិលខូច ដែល​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ខុសច្បាប់​ទាំងនោះ ឱ្យ​ទទួលខុសត្រូវ​មុខ​ច្បាប់​ជា​ធរមាន។

ទាំង​អ្នកប្រើប្រាស់​ហ្វេសប៊ុក សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពត អះអាង​ប្រសិនបើ​អភិបាល​កំពត លោក ជាវ តាយ មាន​ឆន្ទៈ អាច​ធ្វើ​ទៅ​បាន ដើម្បី​កុំ​ឱ្យ​រក​ការ​រិះគន់​ថា អភិបាល​ខេត្ត​បកស្រាយ​តាមតែ​គេ​ប្រាប់ និង​អាច​ស៊ុមគ្រលុំ​ជាមួយ​មន្ត្រី​ខិលខូច និង​ឈ្មួញ​រំលោភ​យក​សមុទ្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល