អង្គការ​ពន្លក​ខ្មែរ​ស្នើ​ឱ្យ​តុលាការ​ខេត្ត​ព្រះវិហារ​ទម្លាក់​ចោល​បទ​ចោទ​លើ​បុគ្គលិក​របស់​ខ្លួន

0:00 / 0:00

អង្គការ​ពន្លក​ខ្មែរ​ស្នើ​ឱ្យ​តុលាការ​ខេត្ត​ព្រះវិហារ​ទម្លាក់​ចោល​បទចោទប្រកាន់​លើ​បុគ្គលិក​របស់​ខ្លួន ក្នុង​សំណុំរឿង​បង្ខាំង​ទុក​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចិន កាលពី​ឆ្នាំ២០១៥ កន្លង​ទៅ។ អង្គការ​នេះ​បន្ត​ថា ការ​ជាប់​បណ្ដឹង​នៅ​តុលាការ ធ្វើ​ឱ្យ​មន្ត្រី​អង្គការ​ពិបាក​ចុះ​ធ្វើ​សកម្មភាព​តាម​មូលដ្ឋាន និង​ជា​ការ​គំរាមកំហែង​ដល់​សិទ្ធិ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល។

នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ លោក អាង ជាតិឡោម ថ្លែងប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី៩ កុម្ភៈ​ថា តុលាការ​មិន​ទាន់​បាន​កោះហៅ​បុគ្គលិក​របស់​លោក​ជា​ថ្មី​ទៀត​នៅ​ឡើយ បន្ទាប់ពី​ពួកគេ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ពន្យារពេល​ចូល​ឆ្លើយ​បំភ្លឺ កាលពី​ខែ​វិច្ឆិកា កន្លងទៅ។ លោក​យល់ថា តុលាការ​ក៏​ទំនង​មិនទាន់​បញ្ចប់​សំណុំរឿង​នេះ​ដែរ ដែល​បញ្ហា​នេះ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ស្មារតី និង​សកម្មភាព​ការងារ​របស់​បុគ្គលិក​លោក​ទាំង​ពីរ​រូប​។ លោក​ស្នើ​ឱ្យ​តុលាការ​ពន្លឿន​ករណី​នេះ ឬមួយ​បើ​អាច​ធ្វើ​បាន លោក​សុំ​ឱ្យ​តុលាការ​ទម្លាក់​ចោល​ករណី​នេះ​តែម្ដង ព្រោះ​បុគ្គលិក​របស់​លោក​មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​ឡើយ៖ «ខេត្ត​ព្រះវិហារ តំបន់​ដែល​យើង​ធ្វើការ​គឺ​អត់​ដែល​មាន​អំពើ​ហិង្សា​កើតឡើង​ទេ ដោយសារតែ​យើង​តាមដាន​មើល យើង​បង្រៀន​ប្រជាជន ផ្សព្វផ្សាយ​ដល់​ប្រជាជន​ឱ្យ​ចេះ​ដោះស្រាយ​បញ្ហា​ដែល​គាត់​ជួបប្រទះ​ដោយ​សន្តិវិធី​។ តំបន់​ដែល​យើង​អត់​បាន​ធ្វើការ​ទៅដល់​នោះ គឺ​យើង​ឃើញ​មាន​អំពើ​ហិង្សា​ច្រើន​កើតឡើង អ៊ីចឹង​ប្រសិនបើ​តុលាការ​អាច​ទម្លាក់​ការចោទប្រកាន់​បាន ខ្ញុំ​គិត​ថា ជា​ការ​ល្អ ដើម្បី​ឱ្យ​យើង​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ការពារ​សិទ្ធិ ការ​ដោះស្រាយ​ទំនាស់​ប្រកបដោយ​អហិង្សា​សកម្ម»។

កាលពី​ចុង​ខែ​កញ្ញា​ឆ្នាំ ២០១៨ កន្លងទៅ ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​ព្រះវិហារ លោក ជៀន ស្រស់ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​បុគ្គលិក​អង្គការ​ពន្លក​ខ្មែរ​ពីរ​នាក់ រួមមាន លោក ប៉ិក សោភ័ណ និង​លោក លូត សាំង ព្រមទាំង​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​កួយ​ជាច្រើន​នាក់​ផ្សេងទៀត ឱ្យ​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ខេត្ត​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឃាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចិន កាលពី​ឆ្នាំ ២០១៥ កន្លងទៅ​។ ដីកា​បង្គាប់​ឱ្យ​ចូល​ខ្លួន​របស់​តុលាការ បាន​ដាក់​បុគ្គលិក​អង្គការ​ពន្លក​ខ្មែរ និង​ពលរដ្ឋ​ជិត ១០ នាក់​នោះ ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​បទ “​សមគំនិត​ក្នុង​អំពើ​ចាប់​ឃុំឃាំង​” និង “​ការ​បង្ខាំង​ដោយ​ខុសច្បាប់”។

ក៏ប៉ុន្តែ​បុគ្គលិក​អង្គការ​ពន្លក​ខ្មែរ និង​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​កួយ​ទាំងនោះ បាន​ស្នើសុំ​ពន្យារពេល​ចូល​ឆ្លើយ​បំភ្លឺ​វិញ ដោយសារ​ពួកគាត់​មិនបាន​ដឹង​រឿង​ក្រុមហ៊ុន​ប្ដឹង​ពួកគាត់ ហើយក៏​មិន​ទាន់​មាន​មេធាវី​ជួយ​ការពារ​ក្តី​ផង​ដែរ។

ចៅក្រម​ស៊ើបសួរ លោក ជៀន ស្រស់ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​រឿង​នេះ​ឡើយ ដោយ​លោក​បង្វែរ​សំណួរ​ទៅ​អ្នកនាំពាក្យ​តុលាការ​ខេត្ត​ព្រះវិហារ អ្នកស្រី ជុំ កន្និយ៉ា វិញ៖ «កិច្ច​ការងារ​នេះ វា​នៅ​ក្នុង​ដំណាក់​ស៊ើបសួរ​នៅឡើយ​ទេ ហើយ​ខ្ញុំ​ជា​ចៅក្រម​ស៊ើប​មិន​អាច​ឆ្លើយ​បញ្ជាក់​ជូន​បានទេ​។ មាន​កិច្ច​ការងារ​អី ចាំ​សួរ​ទៅ​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត គេ​មាន​អ្នកនាំពាក្យ​មួយ​។

​អាស៊ីសេរី​ក៏បាន​ទាក់ទង​ទៅ​អ្នកនាំពាក្យ​តុលាការ​​ខេត្ត​ព្រះវិហារ អ្នកស្រី ជុំ កន្និយ៉ា ដែរ ប៉ុន្តែ​អ្នកស្រី​មិន​លើក​ទូរស័ព្ទ។

អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ថ្លែង​ថា តុលាការ​គួរតែ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​អំពី​នីតិវិធី​ក្នុង​សំណុំ​រឿង​នេះ ដោយ​មិន​ត្រូវ​ទុក​អូស​បន្លាយពេល​ឡើយ កុំ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​នៃ​ការ​បំពេញ​ការងារ​របស់​មន្ត្រី​អង្គការ​ពន្លក​ខ្មែរ។ លោក​ក៏​ជំរុញ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​ស្ករស​របស់​ចិន​ផង​ដែរ ដើម្បី​ឱ្យ​ពលរដ្ឋ​អាច​ទទួល​បាន​ដីធ្លី​បង្កបង្កើនផល៖ «ក្នុង​ករណី​នេះ តុលាការ​គួរតែ​បញ្ចប់​នីតិវិធី​ទៅ ពីព្រោះ​រយៈកាល​នេះ​វា​យូរ​ពេល​មក​ហើយ ហើយ​ក្នុង​ហ្នឹង​បើ​បញ្ចប់​នីតិវិធី គួរតែ​ទម្លាក់​បទចោទប្រកាន់​ទៅ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​គាត់​បាន​ប្រកប​របរ​ចិញ្ចឹមជីវិត​របស់​គាត់​ដោយ​សេរី ហើយ​ខាង​សង្គម​ស៊ីវិល​ក៏​គាត់​មាន​សេរីភាព​ក្នុង​ការ​បំពេញការងារ​ដោយ​អត់​មាន​សម្ពាធ​ពី​ខាង​តុលាការ»។

អង្គការ​ពន្លក​ខ្មែរ​អះអាង​ថា បុគ្គលិក​របស់​ខ្លួន​មិនបាន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឃាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចិន កាលពី​ឆ្នាំ​២០១៥ កន្លងទៅ​នោះ​ឡើយ។ អង្គការ​នេះ​អះអាង​ទៀត​ថា សកម្មភាព​របស់​បុគ្គលិក​ទាំងពីរ​នៅ​ពេល​នោះ គឺ​ចុះទៅ​ឃ្លាំមើល​សកម្មភាព​តវ៉ា​របស់​ពលរដ្ឋ និង​ជួយ​ពន្យល់​ពួកគាត់​កុំ​ឱ្យ​ប្រើ​អំពើ​ហិង្សា​បំផ្លាញ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ។ ក្រៅពី​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​លើ​បុគ្គលិក​ទាំងពីរ​រូប អង្គការ​ពន្លក​ខ្មែរ​ក៏​ស្នើ​ឱ្យ​តុល​ការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​កួយ​នៅ​ឃុំ​ប្រមេរ​នោះ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។