អ្នក​ច្បាប់​​ថា ករណី​លោក​ ហ៊ុន​ សែន​ លួច​ថត​​សំឡេង​​លោក​ ហូរ វ៉ាន់​ មន្ត្រី​បក្ស​ប្រឆាំង ហើយ​បង្ហាញ​សាធារណៈ​ជា​អំពើ​​ខុស​​ច្បាប់

ដោយ ទីន ហ្សាការីយ៉ា
2020-10-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហូរ វ៉ាន់ (ឆ្វេង) មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ហូរ វ៉ាន់ (ឆ្វេង) មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូប៖ ហ្វេសប៊ុក​លោ ហូរ វ៉ាន់ និង​លោក ហ៊ុន សែន

អ្នក​ច្បាប់​លើក​ឡើង​ថា ករណី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ លួច​ថត​សំឡេង​លោក​ ហូរ វ៉ាន់​ មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង ហើយ​​យក​​ទៅ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​​កាល​ពី​ថ្ងៃ​ទី​២៦​ តុលា​នោះ​គឺ​ជា​អំពើ​ខុស​ច្បាប់។ ​ទន្ទឹម​គ្នា​នេះ ​​រដ្ឋធម្មនុញ្ញ​​​កម្ពុជា​បាន​​​បញ្ជាក់​​ថា​ ​ពលរដ្ឋ​គ្រប់​​រូប​ត្រូវ​បាន​ធានា​ការពារ​អាថ៌កំបាំង​នៃ​ការ​ឆ្លើយ​ឆ្លង​​ដោយ​ការ​និយាយ​សន្ទនា​តាម​ទូរស័ព្ទ​ តាម​លិខិត តាម​សារ​ទូរលេខ ទូរពុម្ព និង​ទូរគមនាគមន៍។

ប្រធាន​ក្រុម​មេធាវី​អមរិន្ទ ​លោក សុក សំអឿន ​ប្រាប់​អាស៊ី​សេរី​ថា ការ​សន្ទនា​របស់​ប្រជាពលរដ្ឋ​ចាត់​ទុក​ជា​រឿង​អាថ៌កំបាំង មិន​អាច​ជន​ណា​ម្នាក់​លួច​ថត​ឬ​លប​ស្លាប់​សំឡេង​ការ​សន្ទនា​ឯកជន​តាម​អំពើ​ចិត្ត​បាន​ឡើយ។

លោក​បញ្ជាក់​ថា ករណី​ដែល​លោក​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន លប​ថត​សំឡេង​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង គឺ​លោក ហូរ វ៉ាន់ យក​ទៅ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ជា​រឿង​មិន​ត្រឹមត្រូវ​នោះ​ឡើយ។ លោក​អះអាង​ថា ការ​ថត​សំឡេង​ជន​ណា​ម្នាក់​អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ​មាន​ការ​អនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ ក្នុង​ពេល​ដែល​មាន​ការ​សង្ស័យ​ជន​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​បទ​ល្មើស​តែ​ប៉ុណ្ណោះ។ លោក​មេធាវី សុក សំអឿន បន្ថែម​ថា ​​ថ្វី​ត្បិត​តែ​មាន​ការ​អនុញ្ញាត​ហើយ​ក៏​ដោយ ក៏​មាន​តែ​មន្ត្រី​នគរបាល​ទេ​ ដែល​មាន​សិទ្ធិ​អាច​ថត​សំឡេង​នោះ​បាន​មិន​មែន​ចេះ​លប​​ថត​សំឡេង​ការ​សន្ទនា​របស់​ពលរដ្ឋ​តាម​ចិត្ត​ដូច​លោក ហ៊ុន សែន លប​ថត​សំឡេង​​លោក​ ហូរ វ៉ាន់​ យក​មក​ផ្សព្វផ្សាយ​ឡើយ៖ «ពីព្រោះ​ដល់​អីចឹង​ទៅ​ធ្វើ​ឱ្យ​មនុស្ស​យើង​ម្នាក់ៗ បារម្ភ​ភ័យ​ខ្លាច​ ដូច​យើង​សម័យ​អា​ពត អីចឹង។ សម័យ ប៉ុល ពត គេ​អត់​មាន​ទូរស័ព្ទ​ទេ​ គេ​ឱ្យ​ឈ្លប​លប​តាម​ដាន​​យើង​ ដល់​អីចឹង​ទៅ​យើង​បារម្ភ​យើង​ភ័យ​។ និយាយ​រួម​ទៅ ​ព្រួយបារម្ភ​ថា ​អត់​មាន​សិទ្ធិ​សេរីភាព ធម្មតា​យើង​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​និយាយ​ស្ដី​អី ដល់​យើង​ដឹង​ថា ការ​និយាយ​របស់​យើង​​អាច​ត្រូវ​គេ​លប​ស្ដាប់​ ដល់​អីចឹង​យើង​​ម្នាក់ៗ យើង​បារម្ភ​វា​ភ័យ​ខ្លាច​យើង​អត់​ហ៊ាន​និយាយ​អីចឹង»

កាល​ពី​ថ្ងៃ​ទី​២៦​តុលា ​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក ​​​ហ៊ុន​ សែន​ បាន​ចាក់​ខ្សែអាត់​សំឡេង​របស់​លោក​ ហូរ វ៉ាន់​ ដែល​​​​កំពុង​​សន្ទនា​​តាម​ទូរស័ព្ទ​​ជា​មួយ​​កូន​ចៅ​របស់​ខ្លួន​​​ក្នុង​ពេល​ពន្យល់​អំពី​ការ​ចូល​រួម​តវ៉ា​​ដោយ​សន្តិវិធី​នៅ​មុខ​ស្ថានទូត​ចិន​ប្រចាំ​នៅ​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២៣​ តុលា​។​​​​​ បន្ថែម​ពី​នេះ​លោក ​ហ៊ុន​ សែន​ ​ក៏​បាន​យក​ខ្សែ​អាត់​សំឡេង​​របស់​​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ ដែល​ក្រុម​របស់​លោក​លប​ថត​បាន​នោះ​យក​ផ្សព្វផ្សាយ​​​​តាម​ឧបករណ៍​បំពង​សំឡេង​ដោយ​បាន​ប្រើ​ភាសា​អសុរោះ​ នៅ​ចំពោះ​មុខ​មន្ត្រី​ការទូត​បរទេស​ និង​​ប្រជាពលរដ្ឋ​​​រាប់​ពាន់​នាក់​ទៀត​ផង៖ «អា​វ៉ាន់​ អ្ហែង​ស្ដាប់​ឮ​សំឡេង​អា​អ្ហែង​ទេ? អា​អ្ហែង​ប្រាប់​ថា អា​ហ្នឹង​ជា​ច្បាប់​អន្តរជាតិ អា​អ្ហែង​ចេះ​ច្បាប់​អន្តរជាតិ​ដែរ​តើ។ អ៊ីចឹង​អា​អ្ហែង​ជា​មេ​ចោរ​អញ​ចាប់​កូន​ចោរ​រឿង​អី​ខុស។ អញ​ប្រាប់ អា​នេះ​បំផ្លាញ​ហ្មង ព្រឹត្តិការណ៍​អី​ក៏​វា​ឆ្លៀត​ដែរ​ ហើយ​ឆ្លៀត​ម្ដង​នេះ គឺ​វា​មិន​មែន​ទាមទារ​សិទ្ធិ​ឯ​ណា វា​ទាមទារ​ឱ្យ​ដក​កងទ័ព​ចិន​ចេញ​ពី​ស្រុក​ខ្មែរ​ ក្នុង​ពេល​ដែល​អត់​មាន​កងទ័ព​ចិន​សោះ។ ចិន​វិនិយោគ​មាន​ចិន​អ្នក​បច្ចេកទេស​មាន​ក៏​ជា​ប្រទេស​ដទៃ​កំពុង​មាន​ដែរ​ ក៏​ដូច​គ្នា​ដែរ។ អា​អ្ហែង​កុំ​នឹក​ស្មាន​ថា អា​អ្ហែង​បញ្ជា​តាម​ហ្ស៊ូម (Zoom) ឬ​បញ្ជា​តាម​អី​គេ​យក​មិន​បាន​នោះ​អា​អ្ហែង»

កន្លង​ទៅ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក៏​ត្រូវ​គេ​លូច​ថត​សំឡេង​ដែរ ដូចជា​ខ្សែ​អាត់​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​និង លោក ​ហ៊ុន សែន ​ដែល​ត្រូវ​បាន​ម្ចាស់​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ សីហា​ បង្ហោះ​លើ​បណ្ដាញ​​សង្គម​ ដែល​លោក​ហ៊ុន សែន​បាន​ព្យាយាម​ជំរុញ​ឲ្យ​លោក​ កឹម សុខា វាយ​ប្រហារ​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ ក៏​ត្រូវ​បាន​របប​ឯក​បក្ស​លូច​ថត​សំឡេង និង​យក​ទៅ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដែរ​ ហើយ​អាជ្ញាធរ​មិន​ទាន់​​ចាប់ជន​ណា​ម្នាក់​មក​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ រួម​ទាំង​លោក ហ៊ុន សែន ផង។

ទាក់ទង​នឹង​បញ្ហា​នេះ ទីប្រឹក្សា​អង្គការ​ខុមហ្រែល (Comfrel) លោក គល់ បញ្ញា មាន​ប្រសាសន៍​​ថា ​​មេ​ដឹក​នាំ​របប​ឯក​បក្ស​​​លប​ថត​​សំឡេង​អ្នក​ដទៃ​យក​ទៅ​​​ចាក់​ផ្សាយ​បែប​នេះ​ គឺ​ជា​ទង្វើ​ខុស​ច្បាប់​ និង​ជា​ការ​ពាន​​លើ​​សិទ្ធិ​​ឯកជន​របស់​ប្រជាពលរដ្ឋ៖ «ធម្មតា​រឿង​ការ​ទាក់ទង​រឿង​ឯកជន​គេ​មាន​ការ​ប្រុង​ប្រយ័ត្ន​គេ​ត្រូវ​ការ​ឱ្យ​មាន​​អនុញ្ញាត​ពី​តុលាការ​មាន​អី​មក​ ដើម្បី​ឱ្យ​​ប្រមូល​ភស្តុតាង​ប្រមូល​អី​បាន​គេ​ធ្វើ​បាន។ ប៉ុន្តែ​នេះ​យើង​គ្រាន់​តែ​អ្នក​មាន​អំណាច​​ជា​អ្នក​នយោបាយ​ជា​អ្នក​អី​ហ្នឹង​យើង​មិន​អាច​ទៅ​​ថត​គេ​មុន​អី​បាន​ទេ មែនទែន​​ទាល់​តែ​មាន​រឿង​ហើយ​ បាន​គេ​ឱ្យ​តុលាការ​ហ្នឹង​ទៅ​ស៊ើបអង្កេត ទៅ​ប្រមូល​ភស្តុតាង» ប៉ុន្តែ​គេ​មិន​អាច​ទៅ​​ថត​មុន​​រឿង​ឯកជន​របស់​ប្រជាពលរដ្ឋ​អីចឹង​បាន​ទេ»

រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស​ មាត្រា​៤០​​ មិន​ត្រឹម​តែ​ការពារ​ពលរដ្ឋ​កម្ពុជា គ្រប់​រូប​ពី​ការ​លប​ថត​សំឡេង​និយាយ​សន្ទនា​​តាម​ទូរស័ព្ទ​របស់​ពួក​គាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធានា​ការពារ​អាថ៌កំបាំង​នៃ​ការ​ឆ្លើយ​ឆ្លង​តាម​លិខិត តាម​សារ​ទូរលេខ ទូរពុម្ព ទូរគមនាគមន៍​របស់​គាត់​ទៀត​ផង។

រីឯ​​​ច្បាប់​ស្ដីពី​ទូរគមនាគមន៍​បញ្ជាក់​យ៉ាង​ច្បាស់​ថា ទាំង​អ្នក​លប​ថត​សំឡេង​គេ ទាំង​អ្នក​យក​សំឡេង​លប​ថត​នោះ​ទៅ​ផ្សព្វផ្សាយ ត្រូវ​មាន​ទោស​ស្មើ​គ្នា។

មាត្រា​៩៧ ចែង​ថា «ការ​លប​ស្ដាប់ ឬ​ការ​លប​ថត​ការ​សន្ទនា​ដោយ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូរគមនាគមន៍ ដោយ​បុគ្គល​ដែល​ពុំ​មែន​ជា​ភាគី​នៃ​ការ​សន្ទនា ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ខែ​ទៅ ១ឆ្នាំ និង​ទទួល​ពិន័យ​ជា​ប្រាក់​ពី ១សែន​រៀល​ទៅ ២លាន​រៀល។ បញ្ញត្តិ​កថាខណ្ឌ​ទី១ ខាង​លើ​នេះ មិន​ត្រូវ​យក​មក​អនុវត្ត​ទេ ក្នុង​ករណី​ដែល​ការ​ស្ដាប់ ឬ​ការ​ថត​ការ​សន្ទនា​នោះ ធ្វើ​ឡើង​ដោយ​មាន​ការ​យល់ព្រម​ពី​បុគ្គល​ដែល​មាន​ការ​ពាក់ព័ន្ធ ឬ​ដោយ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ធម្មានុរូប»

ចំណែក​អ្នក​យក​សំឡេង​លប​ថត​នោះ​ទៅ​ផ្សព្វផ្សាយ ក៏​មាន​ទោស​ជាប់​ពន្ធនាគារ​ដែរ។ មាត្រា​៩៧ នៃ​ច្បាប់​ស្ដីពី​ទូរគមនាគមន៍​ដដែល​ចែង​ថា «ត្រូវ​ផ្ដន្ទាទោស​ដូច​គ្នា​ចំពោះ​ការ​ផ្សព្វផ្សាយ​ខ្លឹមសារ​នៃ​ការ​សន្ទនា ដោយ​ពុំ​បាន​ទទួល​សិទ្ធិ​ស្រប​ច្បាប់​ពី​ភាគី​នៃ​ការ​សន្ទនា ឬ​ពី​អាជ្ញាធរ​ធម្មានុរូប ឬ​ពី​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន»

ទាក់ទង​នឹង​របប​លោក ហ៊ុន សែន លប​ថត​សំឡេង ហើយ​ព្រមាន​ដល់​ប្រពន្ធ​លោក ហូរ វ៉ាន់ និង​សកម្មជន​បក្ស​ប្រឆាំង​នេះ នៅ​ថ្ងៃ​ទី២៧ តុលា គណបក្ស​សង្គ្រោះ​ជាតិ បាន​លិខិត​សម្ដែង​ការ​ព្រួយបារម្ភ​​អំពី​សុវត្ថិភាព​គ្រួសារ​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​នេះ ដែល​កំពុង​រស់​នៅ​កម្ពុជា បន្ទាប់ពី​លោក​ ហ៊ុន សែន​ បាន​ប្រកាស​ព្រមាន​ចាត់​វិធានការ​លើ​ពួកគេ​កាល​ពី​ថ្ងៃ​ទី២៦ តុលា។ កន្លង​ទៅ​មាន​សកម្មជន​​គណបក្ស​ប្រឆាំង​ចំនួន ១៩រូប​នេះ​ហើយ ត្រូវ​បាន​ជន​អនាមិក​លួច​វាយ​ដោយ​ដំបង និង​ដុំ​ថ្ម បណ្ដាល​ឱ្យ​ពួកគេ​​រង​របួស​ធ្ងន់ ហើយ​រហូត​មក​ទល់​ថ្ងៃ​ទី២៧ តុលា អាជ្ញាធរ​មិន​ទាន់​ចាត់​ជន​ល្មើស​ផ្ដន្ទាទោស​​បាន​នៅ​ឡើយ​ទេ។ គណបក្ស​ប្រឆាំង​អំពាវនាវ​សុំ​ឱ្យ​អង្គការ​ជាតិ និង​អន្តរជាតិ​តាម​ឃ្លាំមើល​​សន្តិសុខ និង​សុវត្ថិភាព​របស់​​ក្រុម​គ្រួសារ​ពួកគេ​ដែល​រង​ការ​គំរាមកំហែង​នោះ ហើយ​ប្រសិន​បើ​ពួកគេ​រងគ្រោះ​ដោយ​​ប្រការ​​ណា​មួយ​​ជា​ការ​ទទួល​របស់​លោក​ ហ៊ុន សែន៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល