មេធាវី ជូង ជូងី ដែលការពារក្ដីឱ្យអនុប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ លោក ហ៊ាង គឹមស្រឿន និង យុវជនរបស់គណបក្សនេះ គឺលោកថុល ផាន់ណា បានដាក់ពាក្យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើសុំថតចម្លងសំណុំរបស់កូនក្ដីយកមកសិក្សានិងការពារក្ដីលើសំណុំរឿង នៅពេលខាងមុខ។
សាលាដំបូងរាជធានីភ្នំពេញបានប្រថាប់ត្រាទទួលពាក្យស្នើសុំថតចម្លងសំណុំរឿងនេះពីលោកមេធាវី ជូង ជូងី ហើយ កាលពីថ្ងៃទី២៣ មេសា។
លោកមេធាវី ជូង ជូងី ថ្លែងនៅរសៀលថ្ងៃទី២៤ មេសាថា លោកពុំទាន់ដឹងសាច់រឿងនេះច្បាស់លាស់នៅឡើយ ទើបលោកសុំថតចម្លងសំណុំនេះ ដើម្បីសិក្សាឱ្យបានច្បាស់សម្រាប់តតាំងក្ដីនៅតុលាការ។ ទោះជាយ៉ាងណាលោកបញ្ជាក់ថា កន្លងមកតុលាការមិនបានចេញលិខិតអញ្ជើញ ឬដីកាកោះហៅកូនក្ដីរបស់លោកឱ្យចូលខ្លួនបំភ្លឺនៅតុលាការនោះទេ ហើយក៏ស្រាប់តែមានដីកាចាប់ខ្លួនអ្នកទាំង២ តែម្ដង។លោកថា នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីការពារក្ដីលើសំណុំរឿងនេះ៖ «ខ្ញុំនឹងតវ៉ាពិចារណាដីកាចាប់ខ្លួន ពីព្រោះទី១ កូនក្ដីខ្ញុំអត់ដែលទទួលលិខិតអញ្ជើញ ឬដីកាកោះសោះ ស្រាប់តែគេចេញដីកាចាប់ខ្លួន ទីវាមានការខុសឈ្មោះនឹងលំនៅឋានពិតប្រាកដរបស់គាត់។ការចង់បានរបស់ខ្ញុំគឺសុំឱ្យសមត្ថកិច្ចធ្វើការទៅតាមផ្លូវច្បាប់ ហើយពិសេសគឺមន្ត្រីតុលាការ សុំឱ្យបំពេញតួនាទីទៅតាមបច្ចេកទេសទៅភាពយុត្តិធម៌ក្នុងន័យដែលច្បាប់បានចែង » ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន លោក ហ៊ាង គឹមស្រឿន និងលោក ថុល សុផាន់ណា ដោយចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងអំពើប្រមាថ តាមបណ្ដឹងរបស់ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ កាលពីថ្ងៃទី២០ ខែមេសា។
ក្ដីក្ដាំនេះផ្ដើមចេញពីការរិះគន់អំពីបញ្ហាព្រំដែន។ កាលពីថ្ងៃទី៩ តុលា ឆ្នាំ២០១៩ លោក ហ៊ាង គឹមស្រឿន បានបង្ហោះសាររិះគន់លើបណ្ដាញហ្វេសប៊ុករបស់លោកថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន អនុញ្ញាតឱ្យទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនលោក វ៉ា គឹមហុង ចូលបំភ្លឺនៅចំពោះមុខឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់អំពីរឿងការចុះហត្ថលេខាទទួលស្គាល់ការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ គឺជាការបំភ្លឺដើម្បីបង្គ្រប់កិច្ច និងជាក្រុមអាយ៉ង ដោយពុំផ្ដល់យោជន៍ដល់ជាតិឡើយ។ លោក ហ៊ាង គឹមសឿន បន្ថែមថា «ការបំភ្លឺរបស់លោក វ៉ា គឹមហុង គឺជាការរៀបចំឈុតឆាករបស់រាជរដ្ឋាភិបាលឯកបក្ស ដើម្បីឱ្យមន្ត្រីជើងមិនជាប់ដី ក្បាលមិនជាប់មេឃ នៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីបំភ្លៃប្រវត្តិសាស្ត្រជាតិ និងអន្តរជាតិប៉ុណ្ណោះ»។
អនុប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរលោក ហ៊ាង គឹមស្រឿន ឱ្យដឹងថា តុលាការចេញដីកាចាប់ខ្លួនពួកលោកគឺជារឿងអយុត្តិធម៌បំផុត ពីព្រោះលោកយល់ថា ខ្លឹមសារដែលលោកបង្ហោះហ្វេសប៊ុក កាលពីឆ្នាំ២០១៩នោះ ធ្វើឡើងដើម្បីផលប្រយោជន៍របស់ជាតិ ដោយចង់ឱ្យរដ្ឋាភិបាលពិចារណាឱ្យបានល្អិតល្អន់ទៅលើបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។លោកថា ថ្វីត្បិតតែតុលាការចេញដីកាចាប់ខ្លួនលោកបែបនេះក្ដី ក៏លោកនៅតែបន្តរិះគន់រឿងព្រំដែនបន្តទៀតដែរ៖ «ទី២ យើងតស៊ូ មតិ យើងរិះគន់អំពីបញ្ហាអ្វីរបស់រដ្ឋាភិបាលជាប់ឆ្នោតបច្ចុប្បន្ន វាតែងតែទទួលបាននូវការចោទប្រកាន់ ហើយប្រើអំណាចតុលាការដាក់គំនាបមកលើសិទ្ធិ សេរីភាពក្នុងការបញ្ចេញមតិ ហើយនេះជាទម្លាប់ហើយមិនមែនរូបខ្ញុំមួយទេ វាច្រើនមកហើយនៅក្នុងប្រទេសកម្ពុជា » ។
លោក ហ៊ាង គឹមស្រឿន និង លោកថុល ផាន់ណា បានភៀសខ្លួនភ្លាមៗ បន្ទាប់ពីទទួលដំណឹងតុលាការចាប់ខ្លួនលោក ហើយបច្ចុប្បន្នពួកលោកកំពុងភៀសខ្លួននៅកន្លែងសុវត្ថិភាព។ ទាក់ទងនឹងបញ្ហានេះដែរ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា សំណុំរឿងនេះគឺអ្នកទាំង២ ពុំបានប្រព្រឹត្តខុសច្បាប់អ្វីឡើយ ពីព្រោះនេះជាការសម្ដែងមតិរបស់ពលរដ្ឋដោយស្របច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។