អ្នក​ច្បាប់​និង​សកម្មជន​បារម្ភ​ពី​យន្តការ​អនុញ្ញាត​បរទេស​អាច​ទិញ​និង​កាន់កាប់​អចលនទ្រព្យ​នៅ​កម្ពុជា

ដោយ ខាន់ លក្ខិណា
2023.11.16
អ្នក​ច្បាប់​និង​សកម្មជន​បារម្ភ​ពី​យន្តការ​អនុញ្ញាត​បរទេស​អាច​ទិញ​និង​កាន់កាប់​អចលនទ្រព្យ​នៅ​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

អ្នកច្បាប់ និង​សកម្មជន​សម្ដែង​ការ​បារម្ភ​ពី​បូរណភាព​ទឹកដី​ដោយសារតែ​យន្តការ​របស់​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ជនបរទេស​អាច​ទិញ និង​កាន់កាប់​អចលនទ្រព្យ​នៅ​កម្ពុជា។

ការ​បារម្ភ​នេះ ក្រោយ​ពី​លោក ហ៊ុន ម៉ាណែត បាន​ដាក់​ចេញ​យន្តការ​មួយ​ចំនួន​ឱ្យ​ជនបរទេស​មាន​សិទ្ធិ​កាន់កាប់ ដីធ្លី និង​ផ្ទះ ប្រហាក់ប្រហែល នឹង​សិទ្ធិកម្មសិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​តាម​វិធី​ឱ្យ​ជនបរទេស​ជួល​រយៈពេល​វែង។

អ្នកច្បាប់​និង​សកម្មជន​រួម​ទាំង​ពលរដ្ឋ​បារម្ភ​ថា យន្តការ​របស់​រដ្ឋាភិបាល​អនុញ្ញាត ឱ្យ​ជនបរទេស ទិញ​និង​កាន់កាប់​អចលនទ្រព្យ​នៅ​កម្ពុជា ថ្មីៗ​នេះ នឹង​ប៉ះពាល់​ដល់​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ បូរណភាព​ទឹកដី និង​បង្ក​អសន្តិសុខ​សង្គម​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​អនាគត។

ការ​ព្រួយ​បារម្ភ​នេះ ធ្វើឡើង​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ផ្ដល់​យន្តការ​ចំនួន​៣ និង បាន​លើក​អនុសាសន៍​ផ្ដល់​យន្តការ​មួយ​បន្ថែម​ទៀត ដើម្បី​បើកផ្លូវ​ឲ្យ​ជនបរទេស ទិញ​និង​កាន់កាប់​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា ប្រហាក់ប្រហែល នឹង​សិទ្ធិកម្មសិទ្ធិ​របស់​ពល​រដ្ឋ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​ដែរ។

ការ​ដាក់​ចេញ​យន្តការ​នេះ លោក ហ៊ុន ម៉ាណែត ថា ដើម្បី​ដោះស្រាយ​វិស័យ សំណង់ និង​អចលនទ្រព្យ ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ។

តែ​យ៉ាងណា សកម្មជន​សង្គម លោក ម៉ា ចិត្រា សម្ដែង​ក្ដី​បារម្ភ ដោយ​ថា យន្តការ​របស់​រដ្ឋាភិបាល ដែល​បើក​លទ្ធភាព​ឱ្យ​ជនបរទេស​ទិញ និង​កាន់កាប់​អចលនទ្រព្យ រួម​ទាំង​ជួល​ដីធ្លី ហើយ​ផ្ទះ​ក្នុង​រយៈពេល ១៥ ទៅ ៥០ ឆ្នាំនេះ វា​នឹង​ប៉ះពាល់​ដល់​បូរណភាព​ទឹកដី ជាពិសេស​តំបន់​ជាប់​ព្រំដែន​ប្រទេស​ជិតខាង។

លោក​ស្នើ​រដ្ឋាភិបាល​ឱ្យ​បង្ហាញ​ពី​វិធានការ​ទប់ស្កាត់ ដើម្បី​បញ្ចៀស​ការបាត់បង់ ទឹកដី តាមរយៈ​យន្តការ​របស់​រដ្ឋាភិបាល។

លោក ម៉ា ចិត្រា៖ «ខ្ញុំ​គិតថា វា​ពុំ​ដែល​មាន​ទេ ប្រវត្តិសាស្ត្រ​ខ្មែរ លក់​ដី​ឱ្យ​បរទេស ឬ តាម រយៈ​ណាក៏ដោយ តាមរយៈ​តំណាង​អី​ក៏ដោយ ពាក្យ​ថា លក់​ដី​ឱ្យ​បរទេស​មួយ​ម៉ាត់ គឺ​លក់​ហើយ មិន​គិត​ថា តំណាង​ឬ​មិន​តំណាង​អី​ទេ។ អ៊ីចឹង​អាហ្នឹង វា​ពាក់ព័ន្ធ នឹង​បូរណភាព​ទឹកដី​ធ្ងន់ធ្ងរ ហើយ​វា​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​អ៊ីចឹង សំណូមពរ រដ្ឋាភិបាល គិត​គួរ​ឡើង​ពី​ការ​លក់​ឱ្យ​បរទេស​នេះ ឬ ជួល​ក្នុង​រយៈពេល វែង​នេះ»

ចំណែក​ពលរដ្ឋ​រស់នៅ​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ លោក ឆៃ វ៉ិត យល់​ថា យន្តការ​របស់​រដ្ឋាភិបាល​នេះ វា​មិន​បាន​ចំណេញ​អ្វី​ដល់​ប្រទេសជាតិ​ទេ ផ្ទុយ​ទៅ វិញ​លោក​ថា ជា​ការ​បើកឱកាស​ដល់​ជនបរទេស​មួយ​ចំនួន ដែល​មាន​មហិច្ឆតា​ឈ្លានពាន​ខ្មែរ​ទៅវិញ​ទេ។

លោក​ស្នើ​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ឱ្យ​ពិចារណា​ឡើងវិញ ចំពោះ​ការ​ដាក់​ចេញ យន្តការ​នេះ ព្រោះ​លោក​មើល​ឃើញ​ថា កម្ពុជា​មិនទាន់​មាន​ឯកភាព​ជាតិ ហើយ​ការ​អនុវត្ត​ច្បាប់​ក៏​នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។

លោក ឆៃ វ៉ិត៖ «ខ្ញុំ​ព្រួយបារម្ភ​ណា ក្នុងនាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ម្នាក់​ដែល​នៅ​ជាប់ តាម​បណ្ដោយ​ព្រំដែន​នេះ ខ្ញុំ​ពិតជា​មានការ​ព្រួយបារម្ភ​ណាស់ ជាពិសេស គឺ​ជន បរទេស​វៀតណាម​តែម្ដង ។ ខ្ញុំ​បារម្ភ ៗ ជា​ខ្លាំង ព្រោះ​នៅ​តាម​ព្រំដែន​នេះ ខ្ញុំ​បាន ឃើញ​ពលរដ្ឋ​វៀតណាម បាន​មក​ជួល​ដី​ខ្មែរ មក​ដាំ​អំពៅ ដាំដំឡូង ជា​ហូរ​ហែល ដូចជា​នៅ​តំបន់ ទន្លេ​ចាម ខាង​ឃុំ​ជាំ​គ្រវៀន ឃុំ​ជាំ អីហ្នឹង ខ្ញុំ​ឃើញ​មាន ហូរហែ​ទៅ​ហើយ»

តែ​យ៉ាងណា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃទី​១៥ ខែ​វិច្ឆិកា បាន​ចេញ​បកស្រាយ ដោយ​រក្សា​អនុសាសន៍​ដើម​របស់​​លោក ក្នុង​ការ​មិន​កែ​រដ្ឋធម្មនុញ្ញ ដើម្បី​បើកផ្លូវ​ឱ្យ​ជនបរទេស មាន​សិទ្ធិ​ដោយ​ផ្ទាល់ ក្នុង​ការទិញ​ដីធ្លី និង​ផ្ទះ​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ។

លោក​ក៏បាន​បញ្ជាក់​ដែរ​ថា យន្តការ​បែប​នេះ របស់​លោក មិន​ធ្វើ​ដើម្បី​លក់​ដី​ឱ្យ​បរទេស​ឡើយ គឺ​ខ្មែរ​នៅតែ​ជា​ម្ចាស់​កម្មសិទ្ធិ​ដដែល ហើយ​លោក ឆ្លៀត​ថ្លែង​ផ្លែផ្កា​ដល់​ក្រុម​អ្នក​រិះគន់ ដែល​សម្ដែង​ការ​បារម្ភ​ពី​បូរណៈទឹក​ដី​ខ្មែរ ថា បកស្រាយ ឆ្លៀត​កេង​ចំណេញ​នយោបាយ។ បើទោះ​បី​ជា​លោក ហ៊ុន ម៉ាណែត ចេញ​បកស្រាយ​យ៉ាងនេះ ក៏ដោយ លោក​ក៏​នៅតែ​អះអាង​រក្សា​យន្តការ​ក្នុង​ការ​បើក​ឱ្យ​ជនបរទេស មាន​លទ្ធភាព កាន់កាប់​ដីធ្លី និង​ផ្ទះ​នៅ​កម្ពុជា​ដដែល។

លោកនាយក​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា មាន​លក្ខខណ្ឌ អនុគ្រោះ​ជាច្រើន សម្រាប់​ជនបរទេស អាច​ជួល​រយៈពេល​វែង ដែល​លោក​ហៅថា លក្ខខណ្ឌ​កក់ក្ដៅ​ដល់​អ្នក​វិនិយោគ​បរទេស​។ ជាក់ស្ដែង គឺ​លក្ខខណ្ឌ​ទាំងអស់​នេះ​ហើយ ដែល​អ្នកច្បាប់ សកម្មជន ដីធ្លី សកម្មជន​ព្រំដែន​សម្ដែង​ការ​បារម្ភ យ៉ាង​ខ្លាំង ខ្លាច​ប៉ះពាល់​បូរណភាព​ទឹកដី ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​អនាគត។

លោក ហ៊ុន ម៉ាណែត៖ «គោល​គំនិត​មានការ​ស្នើសុំ​មែន ដើម្បី​សម្រប មិនមែន​ថា​គោល គំនិត​នេះ ដើម្បី​ក្បត់​ជាតិ​លក់​ដី​ឱ្យ​បរទេស​មិន​ទេ គឺ​ដើម្បី​ជួយ​សម្រួល ក្នុង​វិស័យ ដើម្បី​សេដ្ឋកិច្ច​បាន​ដើរ ប៉ុន្តែ រាជរដ្ឋាភិបាល​មិនបាន​អនុវត្ត​ឱ្យ​ហើយក៏​មិន​គិតថា មាន​ការ​ចាំបាច់ ជួយ​ស្រោចស្រង់​វិស័យ​អចលនទ្រព្យ​ដែរ ព្រោះ​វិស័យ អចលនទ្រព្យ​យើង​ក្នុង ២០​ឆ្នាំនេះ បាន​រីកចម្រើន​មកដល់​ប៉ុន​នេះ​ក៏ មាន​ធម្មនុញ្ញ យើង និង​លក្ខខណ្ឌ​មហា​ឃាត់​ហ្នឹង​ដែរ ប៉ុន្តែ​យើង​មាន​លក្ខខណ្ឌ​ផ្ដល់ ការ​អនុគ្រោះ​ជាច្រើន ផ្ដល់​ឱកាស​ជាច្រើន ហើយ​ចុងក្រោយ​ការ​ជួល​រយៈពេល​វែង»

ជុំវិញ​រឿង​នេះ អ្នក​សិក្សា​ផ្នែក​ច្បាប់​លោក វ៉ន ចាន់ឡូត ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​១៥ ខែ​វិច្ឆិកា​ថា យន្តការ​ដែល​រដ្ឋាភិបាល​ដាក់ចេញ​បន្ថែម​នេះ វា​ហាក់ដូចជា​អនុញ្ញាត ឱ្យ​ជនបរទេស​មាន​សិទ្ធិ​ពេញ​លេញ ក្នុង​ការ​ទិញ ជួល និង​គ្រប់គ្រង​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​ហើយ។

លោក​ថា ចំពោះ​ហេតុផល​របស់​រដ្ឋាភិបាល ដែល​ថា យន្តការ​នេះ វា​អាច​ស្ដារ វិស័យ​អចលនទ្រព្យ និង​វិស័យ​ទេសចរណ៍​នោះ វា​នៅ​មិន​ទាន់​គ្រប់គ្រាន់​ឡើយ។

លោក វ៉ន ចាន់ឡូត យល់​ថា យន្តការ​បន្ថែម​របស់​រដ្ឋាភិបាល វា​មិនទាន់​សមស្រប ក្នុង​កាលៈទេសៈ​នេះ​ឡើយ ដោយសារតែ ប្រព័ន្ធ​នីតិរដ្ឋ​កម្ពុជា នៅ​ទន់ខ្សោយ​ហើយ ការទប់ស្កាត់​អំពើពុករលួយ និង​ការគ្រប់គ្រង​ស្ថាប័នរដ្ឋ​នីមួយៗ ក៏​មិន​ទាន់​មាន​ប្រសិទ្ធភាព​ដែរ។

លោក​យល់​ថា យន្តការ​នេះ នឹង​ក្លាយ​ទៅ​ជា​បញ្ហា​ប្រឈម​នៅ​ថ្ងៃ​អនាគត ជាពិសេស​បញ្ហា អធិបតេយ្យភាព និង​ការ​រំលោភ​សិទ្ធិមនុស្ស ពាក់ព័ន្ធ​នឹង​រឿង​ដីធ្លី។

លោក វ៉ន ចាន់ឡូត៖ «រដ្ឋាភិបាល​គួរតែ​សម្លឹង​មើល​ឱ្យ​ជ្រៅ ហើយ​វែងឆ្ងាយ​ដែល​វា​ពាក់ព័ន្ធ នឹង​អធិបតេយ្យភាព ជាពិសេស ទាក់ទិន​ទៅ​នឹង​ការ​ដែល​ឧក្រិដ្ឋជន​អាច នឹង​ប្រើប្រាស់​នៅ រូបភាព​នៃ​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ ឬក៏​អី​ជាដើម ដើម្បី​ជា​ការ​លាង​លុយ។ ជាក់ស្ដែង​ទៅ​យើង​ឃើញ​ថា កម្ពុជា​ក៏​មាន​ការរិះគន់​ច្រើន​ពី​សហគមន៍​អន្តរជាតិ ទៅ​លើ​បញ្ហា​នេះ ដែល​ជា​ប្រទេស​មួយ ជាទី​កន្លែង​មួយ​ដែល​អាច​ធ្វើ​ឱ្យ​ឧក្រិដ្ឋជន ងាយ​នៅ​ក្នុង​ការ​ប្រើប្រាស់​ទឹកដី​កម្ពុជា ដើម្បី​ប្រព្រឹត្ត​នៅ​អំពើ​ឧក្រិដ្ឋកម្ម»

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាស​ដាក់ចេញ​យន្តការ​ទាំង​នេះ បន្ទាប់ពី​មាន​សំណើ​របស់​ក្រុម​ឧកញ៉ា ដែល​ជា​ម្ចាស់​បុរី​នៅ​កម្ពុជា ដោយ​លោក​បញ្ជាក់​ថា វិស័យ​សំណង់​និង​អចលនទ្រព្យ កំពុង​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​នៅ​ពេល​បច្ចុប្បន្ន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។