សមាគមការពារសិទ្ធិមនុស្សអាដហុក ស្នើរដ្ឋាភិបាលឲ្យបញ្ឈប់ការប្រើប្រព័ន្ធតុលាការចោទប្រកាន់ និងចាប់ឃុំខ្លួនពលរដ្ឋក្នុងជម្លោះដីធ្លីតទៅទៀត។ សំណើនេះ ធ្វើឡើងបន្ទាប់ពីអង្គការមួយនេះចេញផ្សាយរបាយការណ៍មួយស្ដីពី «ការចោទប្រកាន់-ការចាប់ឃុំខ្លួនក្នុងរឿងវិវាទដីធ្លី» ដែលរកឃើញថា មានពលរដ្ឋជិត២រយនាក់កំពុងជាប់បណ្ដឹងអាជ្ញា និងពលរដ្ឋ១៧នាក់ទៀតកំពុងជាប់នៅពន្ធនាគារ។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាល ចាត់ទុករបាយការណ៍នេះ ថាមិនឆ្លុះការពិតគ្រប់ជ្រោយនៃបញ្ហាដីធ្លីនៅកម្ពុជាទេ និងមានចេតនាណាមួយមកលើរដ្ឋាភិបាល។
ក្នុងរបាយការណ៍កម្រាស់ ៣៤ ទំព័រចេញផ្សាយដោយសមាគមការពារសិទ្ធិមនុស្សអាដហុកនៅថ្ងៃទី៩ ខែកុម្ភៈបង្ហាញថា ក្នុងឆ្នាំ២០២១ មានវិវាទដីធ្លីជិត២រយករណី (១៦៩) លើទំហំដីជាង ៥ម៉ឺនហិកតារ (៥២.៦០១,៨៧) ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋជនរងគ្រោះ ជិត២ម៉ឺនគ្រួសារ (១៧.០៣៣) ក្នុងនោះមានជនជាតិដើមភាគតិចជាង១ពាន់គ្រួសារ (១.៣៤៧)។ ក្នុងចំណោមករណីទាំងនោះ ភាគច្រើន គឺកើតចេញពីការរំលោភយកពីអ្នកមានអំណាច និងអ្នកមានទ្រព្យ។
របាយការណ៍ដដែលឲ្យដឹងថា ការចោទប្រកាន់ និងឃុំខ្លួន ដោយសារជម្លោះដីធ្លីនេះមានប្រជាពលរដ្ឋ ១៥៧ នាក់ កំពុងជាប់បណ្តឹងនៅតុលាការ និងពលរដ្ឋ១៧នាក់ ត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្ន ក្នុងនោះមានម្នាក់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ រហូតដល់ស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។
សមាគមអាដហុករកឃើញថា ករណីប្រជាសហគមន៍មានវិវាទដីធ្លីជាប់បណ្តឹងអាជ្ញា និងដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ មាននៅខេត្តត្បូងឃ្មុំ ចំនួន ៤៤ នាក់ ខេត្តឧត្តរមានជ័យ ២៨ នាក់ ខេត្តកណ្តាល ២១ នាក់ ខេត្តក្រចេះ ១៨ នាក់ និងខេត្តកំពង់ស្ពឺ ១៥ នាក់។
សមាគមអាហុកបញ្ជាក់ថា ការចោទប្រកាន់ពីតុលាការទៅលើប្រជាពលរដ្ឋមានជម្លោះដីធ្លីនេះ ដែលនិយមប្រើកន្លងមកនោះមាន ហិង្សាមានស្ថានទម្ងន់ទោស ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទប្រឆាំងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស។
តំណាងសហគមន៍ឡពាងម្នាក់ដែលកំពុងជាប់បណ្ដឹង៤ករណី នៅតុលាការខេត្តកំពង់ឆ្នាំ លោក ស្ងួន ញឿន ចាត់ទុករបាយការណ៍របស់អង្គការសិទ្ធិមនុស្សថា ថាជារឿងពិត ដែលកើតមានឡើងក្នុងជម្លោះដីធ្លីរវាងប្រជាពលរដ្ឋក្រីក្រ ជាមួយឈ្មួញមានអំណាច និងមានទ្រព្យសម្បត្តិ នៅប្រទេសកម្ពុជា។
លោកស្នើរដ្ឋាភិបាល ពិនិត្យមើលរបាយការណ៍ដោយយកចិត្តទុកដាក់ និងអន្តរាគមន៍ទៅតុលាការឲ្យទម្លាក់ចោលបទចោទ និងដោះលែងពលរដ្ឋមានជម្លោះដីធ្លីទាំងអស់ឲ្យមានសេរីភាពវិញ៖ «ចំពោះខ្ញុំគឺថា តុលាការនិងរដ្ឋាភិបាលហ្នឹង សូមបញ្ឈប់ការចោទប្រកាន់មកលើប្រជាពលរដ្ឋដែលតវ៉ាដីធ្លីហ្នឹងទៅ។ ប្រសាសន៍របស់រដ្ឋាភិបាល ក៏លោកមានប្រសាសន៍ថា ប្រជាពលរដ្ឋមានជម្លោះដីធ្លី មិនត្រូវបានចាប់ដាក់គុកទេ ប៉ុន្តែការអនុវត្តគឺផ្សេង។ រដ្ឋាភិបាលប្រកាសផ្សេង។ អ្នកមានអំណាច គឺជាអ្នកឈ្នះ អ្នកក្រីក្រ គឺជាអ្នកចាញ់។ វាអត់ស្មើភាពគ្នាទេ។ ហើយសម្ពាធគឺ ពួកខ្ញុំអត់ចង់ប្ដឹងនៅក្នុងតុលាការទេ»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានច្រាលចោលរបាយការណ៍នេះ។ លោក ផៃ ស៊ីផាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៩ ខែកុម្ភៈថា របាយការណ៍ចេញដោយអង្គការសង្គមមួយនេះ គឺបង្ហាញតែមួយមួយជ្រុងនៃបញ្ហាទាំងមូល ដោយមិនបង្ហាញពីអង្គហេតុនិងអង្គច្បាប់ពេញលេញនោះទេ។ លោកបញ្ជាក់ថា រដ្ឋាភិបាលមិនពិចារណាពិនិត្យមើលរបាយការណ៍នេះទេ ព្រោះដោយលោកចោទថា មិនឆ្លុះបញ្ចាំងការពិតនៅកម្ពុជា៖ «ខ្ញុំក៏ចង់ឃើញថា អង្គការដែលមិនរដ្ឋាភិបាលនោះ មិនមែនជាអង្គការធ្វើរបាយការណ៍ដើម្បីមាននិន្នាការ បន្តុះបង្អាប់រដ្ឋាភិបាលទេ។ គឺគួរតែមានសន្តានចិត្តមួយចូលរួមដោះស្រាយ ។ អង្គការក្រៅរដ្ឋាភិបាល អាចហៅរដ្ឋាភិបាល ហៅដែនសមត្ថកិច្ចមកអង្គុយដោះស្រាយជូនប្រជាពលរដ្ឋ»។
ទោះជាយ៉ាងណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការចេញរបាយការណ៍នេះ គឺក្នុងគោលបំណងស្នើទៅរដ្ឋាភិបាល ពិនិត្យមើលករណីវិវាទដីធ្លីទាំងអស់នេះឡើងវិញ និងជួយអន្តរាគមន៍ដោះលែងពលរដ្ឋទាំងអស់ ឲ្យមានសេរីភាព ហើយបន្តដោះស្រាយវិវាទដីធ្លីនេះ ដោយសន្តិវិធី ក្រៅប្រព័ន្ធតុលាការជំនួសវិញ៖ «ជាអ្វីដែលយើងបានរកឃើញទាំងអស់ យើងបានដាក់ក្នុងអនុសាសន៍ទាំង៨ហើយ ដែលយើងចង់បាន។ ហើយអ្វី ដែលយើងសង្ឃឹមថា អ្វីដែលយើងរកឃើញទាំងអស់នេះ ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រដូចជាខាងស្ថាប័នតុលាការ សុំពិនិត្យមើលសំណុំរឿងទាំងអស់ហ្នឹងឡើងវិញ នៅក្នុងបណ្ដាខេត្តរបស់ខ្លួន នៅក្នុងដៃរបស់ខ្លួនហ្នឹង ធ្វើយ៉ាងណា ពិនិត្យមើល ហើយផ្ដល់ដំណោះស្រាយ ហើយអន្តរាគមន៍ ដើម្បីធ្វើការទម្លាក់ចោលបទចោទប្រកាន់ ហើយនឹងដោះលែងពួកគាត់ឲ្យមានសេរីភាពឡើងវិញ»។
សមាគមអាដហុក ស្នើរដ្ឋាភិបាល និងស្ថាប័នតុលាការបញ្ឈប់ការចាប់ខ្លួន ការចោទប្រកាន់ និងការឃុំខ្លួនពលរដ្ឋដាក់ពន្ធនាគារ ដោយសារជម្លោះដីធ្លីតទៅទៀត។ អង្គការសិទ្ធិមនុស្សមួយនេះ ក៏ស្នើដល់អាជ្ញាធរទាំងអស់ឲ្យបញ្ឈប់ការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ បង្ក្រាបទៅលើក្រុមប្រជាពលរដ្ឋដែលទាមទាររកដំណោះស្រាយរឿងដីធ្លីដោយសន្តិវិធី។ ទន្ទឹមគ្នានេះ ក្រសួងពាក់ព័ន្ធបន្តដោះស្រាយបញ្ហាដីធ្លីនេះ ដោយឈរលើគោលការណ៍តម្លាភាព យុត្តិធម៌ ជូនប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។