មេធាវី និង​សង្គម​ស៊ីវិល​ស្នើ​តុលាការ​ពន្លឿន​រឿង​ក្តី​សកម្មជន​សិទ្ធិមនុស្ស​កញ្ញា សេង ធារី

ដោយ ជីវិតា
2023.03.20
មេធាវី និង​សង្គម​ស៊ីវិល​ស្នើ​តុលាការ​ពន្លឿន​រឿង​ក្តី​សកម្មជន​សិទ្ធិមនុស្ស​កញ្ញា សេង ធារី កញ្ញា សេង ធារី ពេលថ្ងៃប្រកាសសាលក្រម នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី១៤ មិថុនា ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

មេធាវី និង​មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ដល់​សាលាឧទ្ធរណ៍​ភ្នំពេញ​ឱ្យ​ពន្លឿន​សំណុំរឿង​របស់ សកម្មជន​សិទ្ធិមនុស្ស កញ្ញា សេង ធារី ដែល​តុលាការ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ ៦​ឆ្នាំ​ពី​បទ​រួមគំនិត​ក្បត់។ សំណើ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មេធាវី​បាន​ប្តឹង​ជំទាស់​សាលក្រម​សាលាដំបូង​អស់​រយៈពេល​ជាង​៨​ខែ​មក​ហើយ ប៉ុន្តែ​សាលាឧទ្ធរណ៍​នៅ​មិន​ទាន់​កំណត់​ពេល​សវនាការ​នៅ​ឡើយ។

បើ​ទោះ​បី​ជា​ក្រមព្រហ្មទណ្ឌ​កម្ពុជា​មិន​បាន​កំណត់​អំពី​ថេរវេលា​ជាក់លាក់​ទាក់ទង​នឹង​ការ​បើក​សវនាការ​ក្រោយ​ប្តឹង​ជំទាស់​សាលក្រម​សាលាដំបូង នៅ​សាលាឧទ្ធរណ៍​យ៉ាង​ណា​ក្តី ក៏​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​កម្ពុជា​បាន​ទទួល​យក ហើយ​ទទួល​ស្គាល់​ថា ជា​ច្បាប់​ជាតិ​ហើយ​នោះ តម្រូវ​ឱ្យ​សវនាការ​តុលាការ​ត្រូវ​ធ្វើ​ឡើង​ឱ្យ​បាន​ឆាប់រហ័ស ដើម្បី​ផ្តល់​យុត្តិធម៌ និង​កុំឱ្យ​បាត់បង់​ប្រយោជន៍​ដល់​ជន​ជាប់ចោទ។

មេធាវី​ការពារ​ក្តី​ឱ្យ​កញ្ញា សេង ធារី គឺ​លោក សំ ទិត្យសីហា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៩ មីនា ថា រហូត​មក​ដល់​ពេល​នេះ​សាលាឧទ្ធរណ៍​ភ្នំពេញ​មិន​ទាន់​កំណត់​ថ្ងៃ​សវនាការ​នៅឡើយ​ទេ បន្ទាប់​ពី​តុលាការ​ជាន់ខ្ពស់​មួយ​នេះ បាន​ចុះបញ្ជី​សំណុំរឿង​តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០២២ មក​ម្ល៉េះ។ លោក​បន្ត​ថា លោក​នឹង​ទៅ​ជួបពិភាក្សា​ជាមួយ​កូន​ក្តី​នៅ​ពន្ធនាគារ​ខេត្តព្រះវិហារ​ជុំវិញ​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ឱ្យ​សាលាឧទ្ធរណ៍​ពន្លឿន​នីតិវិធី​លើ​សំណុំរឿង​របស់​កញ្ញា សេង ធារី នៅ​ពេល​ឆាប់ៗ​ខាងមុខ​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​កូន​ក្តី​ទទួល​បាន​ការ​ជំនុំជម្រះ​ឆាប់រហ័ស​នៅ​សាលាឧទ្ធរណ៍។

លោក សំ ទិត្យសីហា៖ «នីតិវិធី​នៅ​សាលាឧទ្ធរណ៍​រហូត​មក​ដល់​ពេល​នេះ​ទាក់ទង​ដំណើរការ​សវនាការ គឺ​អត់​ទាន់​មាននៅ​ឡើយ​ទេ ហើយ​កញ្ញា សេង ធារី សួរ​មេធាវី​ដែរ បើសិន​មាន​ធ្វើ​កិច្ច​ផ្សេងៗ​របស់​សាលាឧទ្ធរណ៍​ស្នើសុំ​ឧទ្ធរណ៍​ហ្នឹង​ជួយ​ផ្ញើ​ដីកា​ដើម្បី​ឱ្យ​គាត់​ចូលរួម​ឱ្យ​បាន​ទាន់​ពេល​វេលា​ទាក់ទង​នឹង​នីតិវិធី​របស់​សាលាឧទ្ធរណ៍​នេះ​ផង»

លោក សំ ទិត្យសីហា ឱ្យ​ដឹង​ថា ថ្មីៗ​នេះ​លោក​បាន​ទៅ​ជួប​កញ្ញា សេង ធារី នៅ​ពន្ធនាគារ ដោយ​កូន​ក្តី​របស់​លោក​មាន​សុខភាព​ល្អ​ធម្មតា ប៉ុន្តែ​កញ្ញា​នៅតែ​ស្នើ​ដល់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​ផ្ទេរ​នាង​មកកាន់​ពន្ធនាគារ​ព្រៃ​ស​នៅ​ភ្នំពេញ​វិញ។

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា ការ​អូស​បន្លាយ​សំណុំរឿង​មួយ​នេះ​អាច​ប៉ះពាល់​ដល់​សិទ្ធិ​របស់​កញ្ញា សេង ធារី ហើយ​សាលាឧទ្ធរណ៍​ភ្នំពេញ​គួរ​ពិចារណា​លើកយក​រឿង​ក្តី​ក្តាំ​នេះ​មក​ជំនុំជម្រះ​ឱ្យ​បាន​ឆាប់។ លោក នី សុខា កត់​សម្គាល់​ឃើញ​ថា មក​ដល់​ពេល​នេះ​អាជ្ញាធរ​នៅតែ​រឹត​បន្តឹង​ដោយ​មិន​អនុញ្ញាត​ឱ្យ​អង្គការ​សង្គម​ស៊ីវិល និង​មិត្តភ័ក្ដិ​ចូល​ជួប​សួរសុខទុក្ខ​កញ្ញា សេង ធាវី នៅ​ឡើយ ទោះបី​លោក​ដាក់ពាក្យ​ស្នើ​អាជ្ញាធរ​ពាក់ព័ន្ធ​យ៉ាងណា​ក្តី។

លោក នី សុខា៖ «សំណុំ​បែប​ហ្នឹង​បើសិន​តុលាការ​ពុំ​មាន​ភាព​ចាំបាច់​ណាមួយ​ក្នុង​ការ​បន្ត​ស៊ើបអង្កេត​តទៅទៀត គឺ​យើង​មិន​ត្រូវ​ឃុំ​អ្នក​ដែល​ជាប់ឃុំ​ដើម្បី​រង់ចាំ​សវនាការ​ប៉ុណ្ណឹង​ទេ ការ​ឃុំខ្លួន​អ្នក​ជាប់ឃុំ​គឺ​ត្រូវ​ឃុំខ្លួន​ដើម្បី​ស៊ើបអង្កេត ប្រមូល​ភស្តុតាង ប្រមូល​ព័ត៌មាន​អី​ឱ្យ​បាន​សព្វ​ជ្រុងជ្រោយ​មិនមែន​គ្រាន់តែ​ឃុំ​ដើម្បី​រង់ចាំ​ពេលវេលា​ត្រឹម​សវនាការ​ទេ អ៊ីចឹង​យើង​ឃើញ​ថា​ការ​អូស​បន្លាយ​សវនាការ​នេះ ហាក់​មាន​រយៈពេល​យូរហើយ​ដែរ ដូច្នេះ​ទោះបី​នីតិវិធី​មិន​កំណត់​ក៏ដោយ ប៉ុន្តែ​សិទ្ធិ​របស់​ជនជាប់ចោទ បើសិន​យើង​ឃុំខ្លួន​យូរ​វា​អាច​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​យុត្តិធម៌»

សមត្ថកិច្ច​ក្រុង​ភ្នំពេញ បាន​ចាប់ខ្លួន​កញ្ញា សេង ធារី កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា នៅ​ខាងមុខ​តុលាការ​ក្រុងភ្នំពេញ ក្រោយ​តុលាការ​ប្រកាស​សាលក្រម​កាត់ទោស​ឲ្យ កញ្ញា​ជាប់​ពន្ធនាគារ ៦​ឆ្នាំ ពី​បទ​ចោទ​រួមគំនិត​ក្បត់​ក្នុង​សំណុំរឿង​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី កាលពី​ឆ្នាំ​២០១៩។ មួយថ្ងៃ​បន្ទាប់​មក តុលាការ​បាន​បញ្ជូន​កញ្ញា​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តព្រះវិហារ​ដែល​ជា​តំបន់​ដាច់ស្រយាល​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ រហូត​មក​ទល់នឹង​បច្ចុប្បន្ន​នេះ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ភ្នំពេញ​លោក ប្លង់ សំណាង ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​១៩ ខែមីនា។

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ​លោក អំ សំអាត លើកឡើង​ថា​កញ្ញា សេង ធារី រួម​ទាំង​ជន​ជាប់ឃុំ​ដទៃទៀត​មាន​សេរីភាព​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មិត្ត​ភ័ក្តិ សាច់ញាតិ​ដោយ​លើកលែងតែ​សិទ្ធិ​សេរីភាព​ដែល​តុលាការ​ដកហូត​តែប៉ុណ្ណោះ​។ លើស​ពី​នេះ​មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​បញ្ជាក់​ថា ពួកគេ​ក៏​មាន​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ពី​តុលាការ​ដោយ​ឆាប់​រហ័ស ស្មើភាព និង​យុត្តិធម៌​ផង​ដែរ​។ លោក អំ សំអាត មើល​ឃើញ​ថា សហគមន៍​ជាតិ​និង​អន្តរជាតិ​នៅតែ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ដោះលែង​កញ្ញា សេង ធារី សកម្មជន​នយោបាយ និង​មេ​សហជីព​ជា​បន្ត​បន្ទាប់ ដោយសារ​សកម្មភាព​ពួក​គេ​កន្លងមក​ជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ។

លោក អំ សំអាត៖ «ទោះបី​នៅ​សាលាឧទ្ធរណ៍​មិន​កំណត់​កាលបរិច្ឆេទ​ត្រូវ​បើក​សវនាការ​ក្នុង​ពេល​ណាក៏ដោយ តែបើ​យើង​មើល​រដ្ឋធម្មនុញ្ញ ក៏​ដូច​បទដ្ឋាន​អន្តរជាតិ​ផ្សេងៗ​ស្ដីពី​យុត្តិធម៌ ឬ​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់ គឺ​គេ​លើកឡើង​ថា សវនាការ​ត្រូវធ្វើ​យ៉ាង​មិច​ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ពីព្រោះ​គេ​ខ្លាច​វា​ប៉ះពាល់​ដល់​សិទ្ធិ និង​ការ​ទទួល​បាន​យុត្តិធម៌​នៃ​ជនជាប់ចោទ​បាទ»

សភា​អឺរ៉ុប​សំឡេង​ច្រើន​លើសលុប​កាលពី​ថ្ងៃទី​១៦ ខែ​មីនា បាន​អនុម័ត​សេចក្តី​សម្រេច​ថ្មី​មួយ​ដែល​មាន​៧​ចំណុច​ធំៗ​។ សេចក្តី​សម្រេច​របស់​ក្រុម​តំណាងរាស្ត្រ​សភា​អឺរ៉ុប​ក៏បាន​លើកឡើង​ពី​ការ​កាត់ទោស​ជា​ក្រុម​ក្នុង​ពេល​តែមួយ​លើ​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង ការ​កាត់​ទោស​កញ្ញា សេង ធារី និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន​ដទៃទៀត នា​រយៈពេល​កន្លងមក​នេះ​។ សភា​អឺរ៉ុប​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​រាល់​គ្រប់​ទម្រង់​នៃ​ការ​យាយី ការ​បំភិតបំភ័យ និង​ត្រូវ​ទម្លាក់​ចោល​រាល់​បទចោទប្រកាន់​ប្រឆាំង​នឹង​សមាជិក​គណបក្ស​ប្រឆាំង សហជីព អ្នកការពារ​សិទ្ធិមនុស្ស សង្គម​ស៊ីវិល និង​អនុញ្ញាត​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​អាច​បើក​ដំណើរការ​ឡើងវិញ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។