មេធាវីការពារក្ដីឲ្យប្រធានគណបក្សសង្គ្រោះជាតិ មានជំនឿថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នឹងបិទបញ្ចប់នីតិវិធីស៊ើបសួរ លើកូនក្ដីនៅពេលឆាប់ៗ ខាងមុខនេះ។ អ្នកវិភាគថា របបក្រុងភ្នំពេញ នឹងអាចបិទបញ្ចប់នីតិវិធីស៊ើបសួរ ហើយឈប់លេងល្ខោនមួយនេះ ព្រោះមិនអាចបោកប្រាស់ពលរដ្ឋ និងសហគមន៍អន្ដរជាតិបាន។
មេធាវីម្នាក់ ក្នុងចំណោមសហមេធាវីការពារឲ្យ លោក កឹម សុខា គឺ លោក ផែង ហេង មានសុទ្ធិដិនិយមថា ចៅក្រមស៊ើបសួរ អាចនឹងបិទបញ្ចប់នីតិវិធី ព្រោះការស៊ើបសួរបានធ្វើឡើងជាងមួយឆ្នាំហើយ ដោយមិនមានភស្ដុតាងដាក់បន្ទុក ក្រៅតែពីវីដេអូ ដែលគេធ្លាប់បញ្ចេញតាមហ្វេសប៊ុក ហើយត្រូវសហគមន៍អន្តរជាតិបកស្រាយថា គ្មានអត្ថន័យពាក់ព័ន្ធនឹងទោសក្បត់ជាតិដូចការចោទប្រកាន់ឡើយ៖ «»
គិតត្រឹមថ្ងៃទី១៤ តុលា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចរបបក្រុងភ្នំពេញ ឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុង និងឃុំខ្លួនក្នុងផ្ទះ រយៈពេល ៤០៧ថ្ងៃ ឬស្មើនឹង ១ឆ្នាំ ៤២ថ្ងៃ ក្នុងបទចោទសន្និដ្ឋិភាព ឬក្បត់ជាតិ ប៉ុន្ដែក្រុមអ្នកប្រជាធិបតេយ្យនិយម និងសហគមន៍អន្ដរជាតិ ហៅបទចោទនេះថា ជាការប្រឌិតឡើងដោយរបបលោក ហ៊ុន សែន ព្រោះខ្លាចចាញ់ឆ្នោត នៅអណត្តិទី៦។
ក្រោយពេល លោក កឹម សុខា ជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុងជាង ១ឆ្នាំ នៅថ្ងៃទី១០ ខែកញ្ញា នៅម៉ោងប្រមាណ ៣ទៀបភ្លឺ សមត្ថកិច្ចរបបក្រុងភ្នំពេញ បានដឹកលោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង មកដល់បន្ដឃុំខ្លួននៅគេហដ្ឋានរបស់លោក នៅទីក្រុងភ្នំពេញវិញ ដោយស្ងាត់ៗ ទាំងយប់។ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក គី ឬទ្ធី បានព្រមានមិនឲ្យលោក កឹម សុខា ជួបនិយាយជាមួយបុគ្គលណាទាំងអស់ ដោយគ្មានការអនុញ្ញាតពីចៅក្រម។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជាអ្នកបង្ហើបថា លោកជាអ្នករៀបចំយុទ្ធសាស្ត្រឃុំខ្លួន លោក កឹម សុខា ក្នុងផ្ទះ ស្របពេលរបបក្រុងភ្នំពេញ មិនទាន់បង្កើតច្បាប់ឃុំខ្លួនមនុស្សនៅក្នុងផ្ទះ។
អាស៊ីសេរី មិនមានប្រភពសុំការបញ្ជាក់ពីចៅក្រមស៊ើបសួរ លោក គី ឬទ្ធី បានទេ។ ចំណែកអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា មិនលើកទូរស័ព្ទ។
សមាជិកក្រុមអ្នកវិភាគវ័យក្មេង លោក បុង ដែត យល់ថា តាមស្ថានភាពនយោបាយសព្វថ្ងៃ របបក្រុងភ្នំពេញ អាចកំពុងរៀបចំយុទ្ធសាស្ត្របញ្ចប់ព្រឹត្តិការណ៍ចោទប្រកាន់ លោក កឹម សុខា ព្រោះសេនារីយ៉ូ ល្ខោនចាប់ចងមួយនេះ មិនអាចធ្វើឲ្យពលរដ្ឋ និងសហគមន៍អន្ដរជាតិជឿបានទេ តែទទួលបានមកវិញនូវការព្រមាន និងភាពអាម៉ាស់លើឆាកអន្ដរជាតិថា ជារបបផ្ដាច់ការ ដែលប្រទេសលោកសេរី គេបញ្ឈប់ផ្ដល់ទិដ្ឋាការ មិនឲ្យចូលសហរដ្ឋអាមេរិក។ អ្នកវិភាគរូបនេះ សង្គេតឃើញថា របបក្រុងភ្នំពេញ កំពុងសសៀរទៅរកសហរដ្ឋអាមេរិក និងគ្រោងឱនលំទោនដាក់សហភាពអឺរ៉ុប ដើម្បីចង់ស្ដារសេដ្ឋកិច្ច ដែលជាគ្រឹះ នៃអំណាចរបស់ខ្លួន៖ «»
លោកមេធាវី ផែង ហេង ឲ្យដឹងថា មកដល់ពេលនេះ សុខភាពលោក កឹម សុខា អាចហាត់ប្រាណបានច្រើននៅក្នុងផ្ទះ ហើយសុខភាព សម្ពាធឈាម ជាតិស្ករ គឺមានស្ថានភាពដូចអ្នកជំងឺទូទៅដែរ។ ប៉ុន្ដែជំងឺសរសៃរបស់លោក កឹម សុខា នៅមិនទាន់អាចព្យាបាលបានទេ គឺទាល់តែពេទ្យជំនាញ នៅក្រៅប្រទេស ដែលធ្លាប់តាមដានជំងឺនេះ តាំងពីដើមមក ទើបដឹងច្បាស់ពីស្ថានភាពជំងឺ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
