អ្នក​ជំនាញ​ច្បាប់​ថា ប្រព័ន្ធ​យុត្តិធម៌​បន្ត​ធ្លាក់​ចុះ ទោះ​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថ្មី​ឡើង​កាន់​តំណែង​បាន ៣ឆ្នាំ​ហើយ​ក្ដី

0:00 / 0:00

អ្នក​ជំនាញ​ច្បាប់​ថា វិស័យ​យុត្តិធម៌​បន្ត​ធ្លាក់​ចុះ បើ​ទោះ​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថ្មី​បាន​ឡើង​កាន់​តំណែង​បាន ៣ឆ្នាំ​ហើយ​ក្ដី ដោយសារ​អំពើ​ពុករលួយ បក្ខពួក​និយម ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​បន្ត​រង​គ្រោះ និង​បាត់បង់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ដែល​ទាមទារ​ឱ្យ​មាន​ការ​កំណែទម្រង់​ជា​បន្ទាន់។ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ដល់​ក្រសួង​យុត្តិធម៌​ឱ្យ​កំណែទម្រង់​ជាក់ស្ដែង កុំ​បាន​តែ​ទ្រឹស្ដី ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ពលរដ្ឋ​គ្រប់​រូប​អាច​ទទួល​បាន​យុត្តិធម៌។

ប្រតិកម្ម​របស់​អ្នក​ជំនាញ​ច្បាប់​ទាំង​នេះ ក្រោយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​លើក​ឡើង​ក្នុង មហាសន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី២៨ របស់​គណៈមេធាវី ថ្ងៃ​ទី១៦ តុលា ថ្មី​ថា ក្រសួង​យុត្តិធម៌​នឹង​បន្ត​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ តាម​ទិសដៅ​អាទិភាព​របស់​ក្បាល​ម៉ាស៊ីន​ដឹកនាំ​រដ្ឋាភិបាល​ថ្មី។

លោក កើត រិទ្ធ៖«សម្រាប់​នីតិកាល​ទី៧ នៃ​រដ្ឋសភា​នេះ ការ​កែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​នៅតែ​ជា​ការងារ​អាទិភាព​មួយ​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសប់​របស់​សម្ដេច​គតិបណ្ឌិតធិបតី សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ការងារ​កែទម្រង់​នេះ ត្រូវ​បាន​រៀបចំ​ជា​មុំ​មួយ​ដ៏​សំខាន់»។

លោក កើត រិទ្ធ ថា ការ​កំណែទម្រង់​សំខាន់ៗ ក្នុង​វិស័យ​យុត្តិធម៌ រួមមាន ការ​កែទម្រង់​បង្កើត​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ការ​ជំរុញ និង​ពន្លឿន​ការ​ដោះស្រាយ​រឿង​ក្ដី​នៅ​តាម​តុលាការ​ឱ្យ​បាន​ឆាប់​រហ័ស និង ការ​ត្រួតពិនិត្យ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ។

ការ​លើក​ឡើង​ពី​ការ​កំណែទម្រង់​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​រូប​នេះ​មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ ព្រោះ​កន្លង​មក លោក​សូត្រ​ពាក្យ​កំណែទម្រង់​តាំង​ពី​លោក​ឡើង​ជា​រដ្ឋមន្ត្រី តាំង​ពី​ឆ្នាំ២០២០ មក​ម្ល៉េះ។ លោក កើត រិទ្ធ ធ្លាប់​ព្រមាន​លុប​ឈ្មោះ​ចៅក្រម និង​ព្រះរាជអាជ្ញា​រង​មួយ​ចំនួន​ចេញ​ពី​ក្របខ័ណ្ឌ បើ​ពួក​គេ​នៅ​តែ​បន្ត​ឈប់​សម្រាក​រាប់​ខែ​គ្មាន​ច្បាប់​ទម្លាប់ និង​ក្រើន​រំលឹក​ការ​កកស្ទះ​សំណុំរឿង​ជា​ដើម ប៉ុន្តែ​បញ្ហា​ទាំង​នេះ នៅតែ​បន្ត​កើត​ឡើង​ដល់​បច្ចុប្បន្ន។

ចំណែក​សកម្មជន​គាំពារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន កត់​សម្គាល់​ឃើញ​ថា កន្លង​មក​ក្នុង​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​ប្រើប្រាស់​តួនាទី​តែងតាំង​ប្រធាន​តុលាការ ដែល​ជា​ស្ថាប័ន​ឯករាជ្យ។ លោក ស្រ៊ុន ស្រ៊ន បន្ត​អះអាង​ថា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដែល​អះអាង​កន្លង​មក​ពី​ពាក្យ​កែទម្រង់ តែ​ជាក់ស្ដែង​អំពើ​ពុករលួយ បក្ខពួក​និយម នៅតែ​កើត​ឡើង ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​កាន់តែ​អស់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។

លោក ស្រ៊ុន ស្រ៊ន បញ្ជាក់​ថា ប្រសិន​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នោះ បញ្ហា​ជា​អាទិភាព ដែល​ក្រសួង​យុត្តិធម៌​គួរ​ធ្វើ​នោះ គឺ​លុបបំបាត់​អំពើ​ពុករលួយ និង​មន្ត្រី​ក្នុង​ប្រព័ន្ធ​តុលាការ​មិនមែន​ជា​សមាជិក​គណបក្ស​នយោបាយ។ លោក ស្រ៊ុន ស្រ៊ន បន្ថែម​ថា ការ​កែទម្រង់​ដែល​មាន​ប្រសិទ្ធភាព​នោះ គឺ​ក្រសួង​យុត្តិធម៌​ត្រូវ​តែ​បើក​លំហ​សេរីភាព​ឱ្យ​ពលរដ្ឋ​ចេះ​តវ៉ា​ទាមទារ​សិទ្ធិ​របស់​ខ្លួន ហើយ​ក្រសួង​យុត្តិធម៌​ត្រូវ​តែ​បង្រៀន​ពលរដ្ឋ​ឱ្យ​ចេះ​ដាក់​ពាក្យ​បណ្ដឹង នៅ​ពេល​ពួក​គាត់​រង​ភាព​អយុត្តិធម៌។

លោក ស្រ៊ុន ស្រ៊ន៖«អ៊ីចឹង ​ប្រព័ន្ធ​យុត្តិធម៌​នៅ​ស្រុក​ខ្មែរ​ងើប​មិន​រួច​ទេ បើ​មិន​បញ្ចប់​អំពើ​ពុករលួយ បើ​មិន​ពង្រឹង​ឱ្យ​មក​ប្រទេស​នីតិរដ្ឋ ប្រជាធិបតេយ្យ ប្រសិនបើ​គ្មាន​គណបក្ស​ជំទាស់​មក​ប្រកួតប្រជែង​ឱ្យ​មាន​ការ​បោះឆ្នោត​សេរី​ត្រឹមត្រូវ បើ​មិន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ សកម្មជន​នានា មាន​ឱកាស​ទាមទារ​តវ៉ា​ធ្វើ​បាតុកម្ម​ដោយ​សេរី​ទេ គឺ​ប្រទេស​ខ្មែរ​មិន​អាច​នីតិរដ្ឋ​ទេ»។

បើ​តាម​អ្នក​សិក្សា​អំពី​អំពើ​ពុករលួយ អំពើ​ពុករលួយ ដែល​ជា​មហារីក​សង្គម​នេះ​មាន​ច្រើន​សណ្ឋាន ឬ​ច្រើន​រូបភាព ក្នុង​នោះ ក៏​មាន​អំពើ​ពុករលួយ​ផ្នែក​នយោបាយ​ផង​ដែរ។ នៅ​កម្ពុជា មន្ត្រី​តុលាការ​ជាន់​ខ្ពស់​ស្ទើរតែ​ទាំង​អស់​សុទ្ធ​សឹង​ជា​សមាជិក​គណបក្ស​កាន់​អំណាច ជាក់ស្ដែង​ប្រធាន​តុលាការ​កំពូល លោក ជីវ កេង គឺ​ជា​សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ លោក សេង ស៊ីវុត្ថា និង​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ តាំង ស៊ុនឡាយ ក៏​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។ ប្រធាន​តុលាការ​ទាំង​នេះ ក៏​ជា​ចៅក្រម ដែល​ចូលរួម​កាត់ក្ដី​ទៅ​លើ​សកម្មជន​បក្ស​ប្រឆាំង អ្នក​សារព័ត៌មាន និង​សកម្មជន​សិទ្ធិមនុស្ស​ផង​ដែរ ត្រូវ​បាន​គេ​រិះគន់​ថា ជា​​ការ​ធ្វើ​ទុក្ខ​ទុក្ខ​ម្នេញ​ផ្នែក​នយោបាយ។

ប្រធាន​ក្រុម​អ្នក​ច្បាប់​អមរិន្ទ លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា ក្រោយ​ការ​ឡើង​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ក្នុង​រយៈ​ពេល​ជាង ៣ឆ្នាំ​មក​នេះ លោក កើត រិទ្ធិ មិន​បាន​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ឱ្យ​បាន​ប្រសើរ​នោះ។ លោក​មេធាវី សុក សំអឿន បន្ថែម​ថា ដើម្បី​ឱ្យ​ប្រព័ន្ធ​យុត្តិធម៌​មាន​ប្រសើរ​ឡើង គឺ​ចៅក្រម​មិន​ត្រូវ​តែងតាំង ឬ​ចូល​ជា​សមាជិក​បក្ស​កាន់​អំណាច​នោះ​ទេ ហើយ​ដំណើរ​ការ​បក្ស​នយោបាយ​មិន​ត្រូវ​ជ្រៀតជ្រែក​នឹង​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​នោះ​ដែរ។

មេធាវី សុក សំអឿន៖«តាម​ពិត​បើ​គាត់​ជា​សមាជិក​បក្ស វា​បាត់បង់​ឯករាជ្យ​បាត់​ទៅ​ហើយ តែ​គ្រាន់​ថា ច្បាប់​នៅ​ស្រុក​យើង ចៅក្រម​ក៏​អាច​ជា​សមាជិក​គណបក្ស​ណា​មួយ ក៏​បាន​ដែរ។ អ៊ីចឹង ទៅ​យើង​ពិបាក​និយាយ ប៉ុន្តែ បើ​យើង​កែ​ទម្រង់ យើង​កែទម្រង់​លុប​អា​ចំណុច​ហ្នឹង»។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា អំពើ​អយុត្តិធម៌​បាន​ចាក់ស្រេះ​ក្នុង​សង្គម​ខ្មែរ​ជា​យូរ​មក​ហើយ។ លោក​ថា ការ​លើក​ឡើង​អំពី​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ។ លោក នី សុខា ថ្លែង​ថា ទាំង​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ចង់​ឃើញ​នោះ គឺ​ជា​ការ​កែ​ទម្រង់​ជាក់ស្ដែង ដែល​ធានា​ថា ពលរដ្ឋ​គ្រប់​រូប​អាច​ទទួល​បាន​យុត្តិធម៌។

លោក នី សុខា៖«យើង​ចង់​ឃើញ​ជាក់ស្ដែង យើង​មិន​ចង់​ឃើញ​ជា​ការ​តាំង​ចិត្ត ឬ​ក៏​ជា​ការ​ថ្លែង​លើក​ឡើង។ អ្វី​ដែល​សង្គម​ស៊ីវិល​ចង់​ឃើញ គឺ​ចង់​ឃើញ​ការ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ឱ្យ​បាន​ឆ្លើយ​តប ឱ្យ​បាន​រក​យុត្តិធម៌​ឱ្យ​ជាក់ស្ដែង​តាម​មូលដ្ឋាន ដែល​ប្រជាពលរដ្ឋ​រង​គ្រោះ​កន្លង​មក​នេះ»។

កាល​ពី​ឆ្នាំ២០២២ អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project) បាន​ចេញ​របាយការណ៍​មួយ​ស្ដីពី​សន្ទស្សន៍ នៃ​ការ​គោរព​នីតិរដ្ឋ ដោយ​បាន​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា នៅ​ជិត​បាត​តារាង គឺ​ជាប់​លេខ១៣៩ ក្នុង​ចំណោម ១៤០ប្រទេស ដែល​មាន​កេរ្តិ៍ឈ្មោះ​អសោច​ខាង​ការ​មិន​គោរព​នីតិរដ្ឋ។ របាយការណ៍​នេះ​បញ្ជាក់​ថា ចំណាត់​ថ្នាក់​អាក្រក់​នេះ ដោយសារ​តែ​មាន​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​ពី​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ទៅ​ក្នុង​វិស័យ​តុលាការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។