សារព័ត៌មានក្នុងស្រុកនិងក្រៅស្រុក បានចាប់អារម្មណ៍យកព័ត៌មាន និងរាយការណ៍ព័ត៌មានអំពី សវនាការរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៥ និង ១៦ មករា។
ក្នុងអំឡុងពេលសវនាការសំណុំរឿង លោក កឹម សុខា ដ៏មានប្រជាប្រិយភាពម្នាក់ បណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិ ជាច្រើនបានចុះផ្សាយព្រោងព្រាត ពីព្រឹត្តិការណ៍សវនាការប្រវត្តិសាស្ត្រមួយនេះ។ ក្នុងការយកព័ត៌មានជុំវិញសវនាការនេះ គេមើលឃើញមាននិន្នាការពីរ។ ទី១ សារព័ត៌មានដែលកាន់ជើងរដ្ឋាភិបាលលោក ហ៊ុន សែន បានសរសេរអត្ថបទ ដោយផ្នែកលើមេធាវីរដ្ឋាភិបាលដែលបានដាក់បន្ទុកលើ លោក កឹម សុខា ចំណែកសារព័ត៌មានឯករាជ្យវិញ សរសេរផ្តោតលើទស្សនវិស័យរបស់សង្គមស៊ីវិល មេធាវីលោក កឹម សុខា មតិ លោក កឹម សុខា ផ្ទាល់ និងពីប្រតិកម្មសហគមន៍អន្តរជាតិ។
ក្នុងសវនាការថ្ងៃទី១ គឺថ្ងៃទី១៥ មករា សារព័ត៌មានស្វីតញូ (Swift News) ហ្វ្រេសញូវ (Fresh New) ដើមអំពិល និងសារព័ត៌មានថ្មីៗ ដែលនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ជាសារព័ត៌មានរហ័សទាន់ចិត្ត បានរួមគ្នាបញ្ចេញអត្ថបទមួយថា ជាលិខិតមិត្តអ្នកអាន ដាក់ចំណងជើងថា ស្នៀតរបស់ក្រុមប្រឆាំង គឺពេលទឹកដល់ច្រមុះទើបស្រែករកកិច្ចសន្ទនា។ សារព័ត៌មានទាំងនេះ ផ្សាយថា សំណុំរឿងលោក កឹម សុខា ដែលជាប់ចោទពីបទក្បត់ជាតិ និងជាទោសព្រហ្មទណ្ឌដ៏ធ្ងន់អាចថា រើខ្លួនមិនរួច ឥឡូវនេះ ពួកគេខំបង្វែរទៅជារឿងនយោបាយ ហើយងាកមករកការសន្ទនាដើម្បីបញ្ចប់ទំនាស់ ជាជាង ការកាត់ទោសតាមផ្លូវតុលាការទៅវិញ។
សារព័ត៌មានស្វីតញ៉ូ (Swift News) ហ្វ្រេសញូវ (Fresh New) ដើមអំពិល និងសារព័ត៌មានថ្មីៗ សុទ្ធតែត្រូវបាន លោក ហ៊ុន សែន ថា សារព័ត៌មានទាំងនេះ មានវិជ្ជាជីវៈ ដែលជឿទុកចិត្តបាននិងផ្សព្វផ្សាយរហ័សទាន់ចិត្ត៖ « ដើម្បីរករក្សាតម្លៃសេចក្ដីថ្លៃថ្នូរនិងការជឿជាក់ ខ្ញុំសុំដាក់ចេញនូវពាក្យស្លោក អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត បើសិនជាយើងចង់ឱ្យគេគោរពសិទ្ធិរបស់អ្នកសារព័ត៌មាន ប៉ុន្តែអ្នកសារព័ត៌មានមិនគោរពសិទ្ធិអ្នកដទៃ តើយើងត្រូវទទួលអី ? សិទ្ធិសេរីភាពស្មើគ្នា ច្បាប់ស្មើគ្នា ធ្វើចៅក្រមក៏ខ្លួនឯង ស្រាវជ្រាវអង្គហេតុឬអង្គច្បាប់ក៏វែកញែកបកស្រាយច្បាប់ខ្លួនឯងទាំងអស់ ក្នុងពេលសូម្បីតែនាយករដ្ឋមន្ត្រីគ្មានសិទ្ធិបកស្រាយច្បាប់ទេ អស់លោកអ្នកដែលមានសិទ្ធិបកស្រាយច្បាប់ គឺក្រុមប្រឹក្សាធម្មនុញ្ញឯណោះ ប៉ុន្តែអ្នកសារព័ត៌មានរបស់យើងបានដើរតួនាទីជ្រុលហួស»។
ដោយឡែក វិទ្យុ និងសារព័ត៌មានឯករាជ្យ ដែលលោក ហ៊ុន សែន មិនបានសរសើរនោះ បានជ្រើសរើសការយកវិធីរាយការណ៍ផ្សេងពីគ្នា។
វិទ្យុសំឡេងសហរដ្ឋអាមេរិក វីអូអេ (VOA) បានឆ្លៀតចុះទៅសម្ភាសន៍ផ្ទាល់ដល់គេហដ្ឋានលោក កឹម សុខា មុនពេលដែលលោកធ្វើដំណើរចេញទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៦ មករា ដែលជាថ្ងៃសវនាការទី២។ លោក កឹម សុខា ឆ្លើយទៅនឹងសំណួរថា តើលោកសង្ឃឹមថា បានយុត្តិធម៌ទេ? លោកតបថា កាលណាដែលគ្មានកំហុសនោះហើយជាយុត្តិធម៌ក្នុងចិត្ត វាជាជោគជ័យរបស់លោក៖ «គោលដៅរបស់ខ្ញុំបានកំណត់ហើយ គឺឆ្ពោះទៅរកការបោះឆ្នោតអត់មានធ្វើដំណើរឆ្ពោះទៅរកបដិវត្តន៍ពណ៌ដូចការចោទប្រកាន់នោះទេ។ ខ្ញុំជឿថា កាលណាយើងអត់ខុសយើងមានយុត្តិធម៌ ទី១គឺយុត្តិធម៌ក្នុងចិត្តហើយស្រេច ហើយដូច្នេះហើយជាជោគជ័យរបស់យើង»។
ចំណែកឯ វិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី (VOD) ដែលកំពុងធ្វើការនៅក្នុងស្រុកក្រៅពីបានផ្សាយបន្តផ្ទាល់ ឬLive video ពីទិដ្ឋភាពតុលាការនៅថ្ងៃសវនាការ លោក កឹម សុខា ក៏បានព្យាយាមរកការឆ្លើយតបពីភាគីរដ្ឋាភិបាលចំពោះ ចំណាត់ការលើប្រទេស៣៦ ដែលរងការចោទថា ពាក់ព័ន្ធសំណុំរឿងលោក កឹម សុខា ដែលមេធាវីរដ្ឋាភិបាល លោក គី តិច បានលើកឡើងនោះ។ ប៉ុន្តែមន្ត្រីអ្នកនាំពាក្យក្រសួងការបរទេស អះអាងថា កម្ពុជាមិនទាន់មានចំណាត់ការ ឬការកោះហៅមន្ត្រីនៃប្រទេសទាំងនោះមកសួរនាំនៅឡើយ។
សារព័ត៌មានដែលនាយករដ្ឋមន្ត្រីសរសើរថា មានវិជ្ជាជីវៈ នៅក្រោយបញ្ចប់សវនាការលោក កឹម សុខា បានផ្សាយលាងសំដីមេធាវីរដ្ឋាភិបាល លោក គី តិច ដែលព្យាយាមបកស្រាយឡើងវិញថា ប្រទេសទាំង៩រួមមាន ឥណ្ឌូណេស៊ី យូហ្គោស្លាវី ស៊ែប៊ី អូស្ត្រាលី អាមេរិក កាណាដា សហភាពអឺរ៉ុប តៃវ៉ាន់ និងឥណ្ឌា មិនពាក់ព័ន្ធបទល្មើសឬការប្រព្រឹត្តរបស់លោក កឹម សុខា ឡើយ គឺប្រទេសទាំងនោះគ្រាន់តែពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា ប៉ុណ្ណោះ ដោយថា សារព័ត៌មានខ្លះយកទៅចុះផ្សាយដោយមិនបានស្វែងយល់ឱ្យពិតប្រាកដ។
ចំណែក សារព័ត៌មានអន្តរជាតិធំៗ ស្ទើរពេញពិភពលោកដូចជា សហរដ្ឋអាមេរិក កាណាដា អង់គ្លេស អូស្ត្រាលី និងជប៉ុនជាដើម ក៏ចាប់អារម្មណ៍នឹងសវនាការលោក កឹម សុខា ដែរ។
បណ្ដាញសារព័ត៌មានអន្តរជាតិ (BBC) អូស្ត្រាលី បានចុះផ្សាយ និងវិភាគពីការបដិសេធរបស់ លោក កឹម សុខា នៅថ្ងៃដំបូងដែលលោកចូលខ្លួនជំនុំជម្រះនៅតុលាការ។ លោក កឹម សុខា បដិសេធថាលោកមិនបានឃុបឃិតជាមួយប្រទេសមហាអំណាចដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាទេ។
បណ្ដាញសារព័ត៌មានអន្តរជាតិ ឌឹ ញ៉ូវ យ៉ក ថាមស៍ (The New York Times) និងអាលច្សាហ្សារ៉ា (Aljazeera) វិញ យល់ដូចគ្នា ថាការកាត់ក្តីនេះ ជារឿងនយោបាយ គ្មានមូលដ្ឋាន ដែលជាការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង និងជាការរងសម្ពាធទណ្ឌកម្មពីអន្តរជាតិ។
អាលច្សាហ្សារ៉ា (Aljazeera) ដកស្រង់ថា ចំណុចចុងក្រោយ ក្រុមអ្នកធ្វើការផ្នែកសិទ្ធិមនុស្សយល់ថា ការកាត់ទោស លោក កឹម សុខា គឺជាឆាកល្ខោន ដែលមានន័យសម្រាប់គណបក្សដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបន្តក្ដោបក្ដាប់អំណាចរបស់ខ្លួន។
ចំណែកបណ្ដាញសារព័ត៌មានដ៏ធំរបស់អាឡឺម៉ង់ ឌីដាប់ប៊ែលយូ (DW) ក៏បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះព្រឹត្តិការណ៍សវនាការនេះដែរ។ សារព័ត៌មាននេះ សរសេរថា ការកាត់ទោសមេដឹកនាំបក្សប្រឆាំងដ៏លេចធ្លោរបស់កម្ពុជា ត្រូវបានគេមើលឃើញថា ជាសញ្ញាមួយដែលបង្ហាញថា លទ្ធិប្រជាធិបតេយ្យកំពុងរងការគំរាមកំហែងនៅក្នុងប្រទេសមួយដែលគ្រប់គ្រងដោយបុរសខ្លាំងលោក ហ៊ុន សែន ដែលកាន់អំណាច ៣៥ឆ្នាំ។ ក្រុមអ្នករិះគន់ និយាយថា ការកាត់ទោសនេះ គឺជាសៀក។
អ្នកឃ្លាំមើលបញ្ហាសង្គម និងមន្ត្រីសង្គមស៊ីវិលយល់ថា មេដឹកនាំរបបក្រុងភ្នំពេញនៃគណបក្សប្រជាជនកម្ពុជា បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន វាយប្រហារសារព័ត៌មានឯករាជ្យហ៊ានផ្សាយការពិត និងដើម្បីបន្សាបឥទ្ធិពលគណបក្សប្រឆាំង។ ក្នុងសវនាការលោក កឹម សុខា នេះ តុលាការរបស់រដ្ឋាភិបាលលោក ហ៊ុន សែន មិនបានអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលក្នុងបន្ទប់សវនាការនោះទេ។
នៅមុនការបោះឆ្នោតជាតិការធានាសិទ្ធិសេរីភាពពលរដ្ឋ ដើម្បីទទួលបានព័ត៌មានពិតបានបន្តធ្លាក់ចុះក្នុងនោះរាប់ទាំងការធ្វើទុក្ខបុកម្នេញស្ថាប័នសារព័ត៌មាន អ្នកសារព័ត៌មានឯករាជ្យ ការបិទការផ្សាយបន្តនៃវិទ្យុអន្តរជាតិ ការបិទទ្វារការិយាល័យប្រចាំនៅកម្ពុជានៃសារព័ត៌មានសំខាន់២ គឺ អាស៊ីសេរី និង The Cambodia Daily ការចាប់ខ្លួនអតីតអ្នកសារព័ត៌មានអាស៊ីសេរី២នាក់ដាក់ពន្ធនាគារ និងការតាមចាប់ខ្លួនអ្នកសារព័ត៌មានមួយចំនួនទៀត។
អង្គការជាតិ និងអន្តរជាតិបានវាយតម្លៃថា សេរីភាពសារព័ត៌មាននៅកម្ពុជា បានធ្លាក់ចុះដុនដាបខ្លាំងចាប់ពីចុងឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន ដោយសារតែការបង្ក្រាបឥតត្រាប្រណីពីសំណាក់របបក្រុងភ្នំពេញ ទៅលើស្ថាប័ន និងអ្នកសារព័ត៌មាន ដែលមិនព្រមធ្វើតាមខ្សែញាក់របស់របបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។