មេធាវី លី ច័ន្ទ​តុលា ដែល​មាន​ទំនាក់ទំនង​នឹង​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ជាប់​ឆ្នោត​ជា​ប្រធាន​ថ្មី​នៃ​គណៈ​មេធាវី

ដោយ ហេង រស្មី
2020-10-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក លី ច័ន្ទតុលា (កណ្ដាល) ជាប់ឆ្នោតជាប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី១៦ ខែតុលា ឆ្នាំ២០២០។
លោក លី ច័ន្ទតុលា (កណ្ដាល) ជាប់ឆ្នោតជាប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី១៦ ខែតុលា ឆ្នាំ២០២០។
រូប៖ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

លោក​មេធាវី លី ច័ន្ទតុលា ដែល​មាន​ស្នាដៃ ចូលរួម​យ៉ាងសកម្ម​រឿងក្ដី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ចុង​ឆ្នាំ២០១៧ និង​បាន​រៀបចំ​ឯកសារ​ស្នើសុំ​តុលាការ​កំពូល​បំបិទ​សិទ្ធិ​ធ្វើនយោបាយ​របស់​មន្ត្រី​បក្ស​ប្រឆាំង ១១៨នាក់ រយៈ​ពេល ៥ឆ្នាំ បាន​ឈ្នះ​ជា​ប្រធាន​គណៈ​មេធាវី​អាណត្តិ​ទី១៣។ សមាជិក​គណៈ​មេធាវី​អ្នកចូលរួម​បោះឆ្នោត​រិះគន់​ថា ការរៀបចំ​ការបោះឆ្នោត​នេះ​គ្មាន​តម្លា​ភាព​ដោយសារតែ​បេក្ខជន​មាន​លុយ​បាន​ប្រើប្រាស់​លុយ​និង​អំណាច ដើម្បី​ស្វែងរក​ការ​គាំទ្រ​ក្នុង​ការបោះឆ្នោត។

មិន​ខុស​ពី​ការបោះឆ្នោត​លើក​មុនៗ ទេ គឺ​មេធាវី​ដែល​ទំនាក់ទំនង​ជាមួយ​បក្ស​កាន់​អំណាច ឬ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន តែង​ឈ្នះ​ការ​បោះ​ឆ្នោត​ធ្វើ​ជា​ប្រធាន​គណៈ​មេធាវី។ លោក​មេធាវី លី ច័ន្ទតុលា ទទួល​បានការ​គាំទ្រ​ជិត ១ពាន់ ៥រយ​សំឡេង។ ក្រៅ​ពី​នេះ​មាន​បេក្ខជន​ផ្សេង​ទៀត​រួម​មាន៖ លោក​មេធាវី កែត ឃី លោក​មេធាវី សំ សុខគង់ លោក​មេធាវី ស សូវ៉ាន លោក​មេធាវី សេក សោភ័ណ្ឌ ទទួល​សំឡេង​គាំទ្រ​ខ្ពស់​បំផុត​ត្រឹម ១៣០ និង​ទាប​បំផុត​ត្រឹម ២៦សំឡេង។

លោក លី ច័ន្ទតុលា គឺ​ជា​មេធាវី​ដែល​មាន​ងារ​ជា​ឯកឧត្ដម និង​ឋានៈ​ស្នើ​រដ្ឋមន្ត្រី​ផង​នោះ​ទទួល​បាន​សំឡេង​គាំទ្រ ១៤៤៤ ស្មើនឹង ៧៨.៦៥ភាគ​រយ​ច្រើន​លើស​លុប​ពី​បេក្ខជន​ផ្សេង​ទៀត ដែល​ធ្វើ​ឱ្យ​លោក​ក្លាយ​ប្រធាន​គណៈ​មេធាវី​អាណត្តិ​ទី១៣ ក្នុង​ការបោះឆ្នោត​នៅ​មហាសន្និបាត​ដែល​រៀបចំ​ឡើង​ដោយ​គណៈ​មេធាវី​នា​ថ្ងៃ​ទី១៦ ខែ​តុលា។ ថ្លែង​ក្រោយ​ប្រកាស​លទ្ធផល​មេធាវី លី ច័ន្ទតុលា ថា ការ​ប្រកួត​ប្រជែង​គ្នា​នេះ​មិន​មាន​ការ​វាយ​ប្រហារ​គ្នា បើ​ទោះ​ជា​ពេល​ខ្លះ​បេក្ខជន​ទាំង ៥នាក់​មាន​គោល​នយោបាយ​ខុសគ្នា​ខ្លះ​ក្ដី។ លោក​យល់​ថា ការ​ប្រកួត​ប្រជែង​ជ្រើសរើស​ប្រធាន​គណៈ​មេធាវី​ពេល​នេះ​គឺជា​គំរូ​សម្រាប់​ការ​ប្រកួត​ប្រជែង​ពេល​ក្រោយ​ទៀត។ លោក​ប្ដេជ្ញា​ចិត្ត​ថា អនុវត្តន៍​គោល​នយោបាយ​ទាំង ៨ចំណុច​របស់​លោក ដើម្បី​ការពារ​ផល​ប្រយោជន៍​រួម​នៃ​វិជ្ជាជីវៈ​មេធាវី​គណៈ​មេធាវី និង​ផល​ប្រយោជន៍​របស់​មេធាវី៖ «ថ្វីដ្បិត​ពេល​ខ្លះ​យើង​មាន​គោល​នយោបាយ​ខុស​គ្នា​ខ្លះ ត្រូវ​គ្នា​ខ្លះ​ប៉ុន្តែ​យើង​ទាំង​ប្រាំ​នាក់​មិន​មាន​គេ​ហៅ​ថា ការ​ជជែក​វែក​ញែក​ស្វិតស្វាញ​ខ្លាំង​ពេក​ទេ​រហូត​ដល់​ថា ឈ្មោះ​គ្នា​អី​ទេ​គឺ​យើង​បាន​សហការ​គ្នា​ខ្ញុំ​គិត​ថា នេះ​គឺ​គំរូ​មួយ»

លី ច័ន្ទ​តុលា​ជា​មេធាវី​មាន​ឥទ្ធិពល​ម្នាក់​ក្នុងចំណោម​ក្រុម​មេធាវី​របស់​លោក គី តិច ដែល​ជា​មេធាវី​រដ្ឋាភិបាល​និង​អតីតប្រធាន​គណៈ​មេធាវី។ លោក​ក៏​ជា​មេធាវី​ម្នាក់​បាន​ចូលរួម​យ៉ាងសកម្ម​រឿងក្ដី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ចុង​ឆ្នាំ២០១៧ និង​បាន​រៀបចំ​ឯកសារ​ស្នើសុំ​តុលាការ​កំពូល​បំបិទ​សិទ្ធិ​ធ្វើនយោបាយ​របស់​មន្ត្រី​បក្ស​ប្រឆាំង ១១៨នាក់​រយៈ​ពេល ៥ឆ្នាំ។ ក្រោយ​ពេល​ប្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជោគជ័យ​លោក លី ច័ន្ទតុលា ក៏​ជា​មេធាវី​ដែល​កំពុង​ចោទ​ប្រកាន់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ​នៅ​តុលាការ​ផង​ដែរ។

ក្រៅពី​មាន​កិច្ចការ​ងារ​ការពារ​ផ្នែក​ច្បាប់​ឱ្យ​រដ្ឋាភិបាល​នេះ តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ផេក​របស់​លោក​ក៏​មាន​បង្ហោះ​រូបថត​ដែល​លោក​បាន​ថត​ជាមួយ​លោក ហ៊ុន សែន និង​កូនៗ លោក ហ៊ុន សែន ទៀត​ផង។

ប្រធាន​គណៈ​មេធាវី​ចប់​អាណត្តិ​លោក សួន វិសាល និយាយ​ថា លោក លី ច័ន្ទតុលា ជា​បេក្ខជន​ដែល​លោក​គាំទ្រ។ លោក​រំពឹង​ថា ប្រធាន​គណៈ​មេធាវី​រូប​នេះ​នឹង​បំពេញ​ការងារ​បន្ត​ពី​លោក​បាន​ជោគជ័យ៖ «នេះ​ជា​ក្ដី​សង្ឃឹម​របស់​ខ្ញុំ​ដែរ ព្រោះ​ថា​ជា​បេក្ខជន​មួយ ដែល​ខ្ញុំ​គាំទ្រ ខ្ញុំ​សង្ឃឹម​គិត​ថា គាត់​មាន​សមត្ថភាព​គ្រប់គ្រាន់​ដឹក​នាំ​គណៈ​មេធាវី​បន្ត ប៉ុន្តែ​ទោះ​បី​មិន​បាន​គាត់​ជាប់​អ្នក​ផ្សេង​ជាប់​ក៏​ខ្ញុំ​នៅតែ​គាំទ្រ ព្រោះ​ជា​លទ្ធផល​បោះ​ឆ្នោត ដែល​យើង​គោរព​តែ​ឥឡូវ​ចំ​សណ្ដា​ន​ចិត្ត​របស់​យើង ដែល​យើង​ចង់​បាន»

លោក​មេធាវី ជួង ជួងី ជា​មេធាវី​ការពារ​ក្ដី​ឲ្យ​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង ឱ្យ​អាស៊ី​សេរី​ដឹង​ថា លោក​សង្កេត​ឃើញ​ថា ក្នុង​ការ​ឃោសនា​មាន​បញ្ហា​ខ្លះ​គួរ​កត់​សម្គាល់ គឺ​មាន​ការ​មិន​ស្មើភាព​គ្នា​រវាង​បេក្ខជន​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ។ លោក​បញ្ជាក់​ថា មាន​បេក្ខជន​ខ្លះ​ប្រើប្រាស់​ទឹក​លុយ​របស់​ខ្លួន​រាប់​ម៉ឺន​ដុល្លារ​អញ្ជើញ​មេធាវី ដែល​ជា​អង្គ​បោះ​ឆ្នោត​ទៅ​ជប់​លៀង​ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត​ហើយ​ក៏​មាន​បេក្ខជន​ផ្សេង​ទៀត​ប្រើ​ឥទ្ធិពល​នៃ​អ្នក​នយោបាយ ដើម្បី​ទាក់ទាញ​រក​សំឡេង​ឆ្នោត។ ប៉ុន្តែ​លោក ជួង ជួងី សុំ​មិន​បង្ហាញ​ឈ្មោះ​បេក្ខជន​ដែល​ប្រើ​ឥទ្ធិពល​ទឹក​លុយ និង​ឥទ្ធិពល​អ្នក​នយោបាយ​នោះ​ទេ ដោយ​លោក​និយាយ​ថា សមាជិក​គណៈ​មេធាវី​ផ្សេង​ទៀត​ដឹង​រឿង​នេះ​ទាំង​អស់៖

«គឺ​បង្ហាញ​ឱ្យ​ឃើញ​ថា ការឃោសនាបោះឆ្នោត​ហ្នឹង​នៅ​ក្នុង​ក​ម្រិ​ត​មួយ​ដែល​ខ្ញុំ​អត់​ទាន់​ពេញចិត្ត​នៅឡើយ​ទេ។ ខ្ញុំ​ចង់​ឱ្យ​បេក្ខជន​ឈរ​ឈ្មោះ​ជា​ប្រធាន​គណៈ​មេធាវី​ហ្នឹង​គឺ​ប្រើ​ការប្រកួតប្រជែង​ដោយ​ស្មើភាព​ដោយ​ស្មោះត្រង់ កុំ​ប្រើ​ទឹក​លុយ ហើយ​កុំ​ប្រើ​ឥទ្ធិពល​អ្នកកាន់អំណាច​មក​ដើម្បី​ជួយ​រក​សំឡេង​ឆ្នោត»

ការ​លើកឡើង​នេះ​ស្រប​ទៅ​នឹង​សកម្មភាព​របស់​លោក លី ច័ន្ទ​តុលា។ នៅ​មុន​ពេល​បោះ​ឆ្នោត​លោក តែង​បង្ហោះ​រូបភាព​លើ​ហ្វេសប៊ុក​ផេក​របស់​លោក​ជា​បន្ត​បន្ទាប់​បង្ហាញ​ពី​កម្មវិធី​ជប់​លៀង​ស្វែងរក​ការ​គាំទ្រ​ពី​ក្រុម​មេធាវី​នានា ក្រោម​រូបភាព​កម្មវិធី​អាហារ​សាមគ្គី​គាំទ្រ​បេក្ខភាព​លោក​ជា​ប្រធាន​គណៈ​មេធាវី។

លោក​មេធាវី ជូង ជូងី ព្រួយបារម្ភ​ថា របៀប​ការបោះឆ្នោត​សព្វថ្ងៃ​ដែល​អាច​បេក្ខជន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ឃោសនា​ស្រែក​តែ​ចិត្ត​បែប​នេះ​គឺ​គ្មាន​តម្លា​ភាព​និង​ធ្វើ​ឱ្យ​មាន​ការបែងចែក​បក្សពួក។ លោក​មេធាវី​ក៏​ចង់​ឃើញ​គណៈ​មេធាវី​ជា​អ្នក​ចេញ​រៀបចំ​កម្មវិធី និង​ឱ្យ​បេក្ខជន​ឈរ​ឈ្មោះ​ជជែក​ត​ទល់គ្នា​ដើម្បី​រក​អ្នក​មាន​សមត្ថភាព​ពិត​មក​ដឹក​នាំ​គណៈ​មេធាវី៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល