សកម្មជនមាតាធម្មជាតិ៣នាក់ដែលកំពុងជាប់ឃុំ រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី បានសម្រេចប្តឹងទាស់សាលក្រមតុលាការក្រុងភ្នំពេញ ដែលបានដាក់ទោសពួកគេឱ្យជាប់ពន្ធនាគារពីមួយឆ្នាំកន្លះ ដល់ជិត ២ឆ្នាំ។
មេធាវីការពារក្តីឱ្យសកម្មជនមាតាធម្មជាតិ លោក សំ ចំរើន ឱ្យដឹងនៅថ្ងៃទី២១ ឧសភាថា លោកបានដាក់បណ្តឹងឧទ្ធរណ៍ទៅតុលាការរួចហើយ កាលពីពេលថ្មីៗ នេះ ប៉ុន្តែបណ្តឹងនេះ គឺសម្រាប់តែកូនក្តី ៣នាក់ដែលកំពុងជាប់ឃុំប៉ុណ្ណោះ។ ចំណែកកូនក្តីពីរនាក់ទៀត ដែលនៅក្រៅឃុំ រួមមានលោក អាឡិច និងកញ្ញា ជា គន្ធីន វិញ មេធាវី សំ ចំរើន បញ្ជាក់ថា លោកកំពុងទាក់ទងទៅសាច់ញាតិ និងសាមីខ្លួនផ្ទាល់ ឱ្យផ្ញើរលិខិតផ្ទេរសិទ្ធិមកមេធាវី ដើម្បីលោករៀបចំបណ្តឹងឧទ្ធរណ៍ដាក់ជូនតុលាការ។ លោកបញ្ជាក់ថា បន្ទាប់ពីដាក់បណ្ដឹងឧទ្ធរណ៍ហើយ លោកក៏គ្រោងដាក់លិខិតដាច់ដោយឡែកផ្សេងទៀតទៅកាន់សាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីស្នើសុំឱ្យពន្លឿនសវនាការរឿងក្តីនេះដែរ។
តុលាការក្រុងភ្នំពេញបានផ្តន្តាទោសសកម្មជនបរិស្ថាន ៥នាក់ រួមមាន កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី កញ្ញា ជា គន្ធីន លោក ថុន រដ្ឋា និងលោក អាឡិច ដែលជាជនជាតិអេស្ប៉ាញ និងកំពុងរស់នៅក្រៅប្រទេស ឱ្យជាប់ពន្ធនាគារពី ១៨ខែ ដល់ ២០ខែ ក្រោមបទចោទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និង សមគំនិតក្នុងអំពើញុះញង់។ តុលាការក៏បានពិន័យពួកគេម្នាក់៤ លានរៀល ឬប្រហែល ១ពាន់ដុល្លារអាមេរិកផងដែរ។
ទោះជាយ៉ាងណា សហគមន៍ជាតិ និងអន្តរជាតិ បានថ្កោលទោសជាខ្លាំងចំពោះសាលក្រមផ្តន្ទាទោសនេះ និងចាត់ទុកថា នេះជាការសងសឹករបស់អាជ្ញាធររបបលោក ហ៊ុន សែន ទៅលើការងារការពារបរិស្ថានរបស់សកម្មជនទាំងនោះ។ ពួកគេទាមទារយ៉ាងទទូចឱ្យរបបនេះដោះលែងសកម្មជនទាំង ៣នាក់ដែលកំពុងជាប់ឃុំ និងទម្លាក់ចោលបទចោទប្រកាន់លើសកម្មជនទាំង ៥នាក់ ដើម្បីឱ្យពួកគេ វិលមកបំពេញការងារជាអ្នកការពារបរិស្ថាន និងធនធានធម្មជាតិបានដូចដើមឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
