រដ្ឋសភា​ឯក​បក្ស​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ពិធីសារ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក​ជាមួយ​វៀតណាម

ដោយ ទីន ហ្សាការីយ៉ា
2020-11-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមាជិក​សភា ១១៦រូប នៃ​រដ្ឋសភា​ឯក​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា លើក​ដៃ​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​អនុម័ត​យល់​ព្រម​លើ​ពិធីសារ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា និង​វៀតណាម នៅ​ថ្ងៃ​ទី២ ខែ​វិច្ឆិកា។
សមាជិក​សភា ១១៦រូប នៃ​រដ្ឋសភា​ឯក​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា លើក​ដៃ​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​អនុម័ត​យល់​ព្រម​លើ​ពិធីសារ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា និង​វៀតណាម នៅ​ថ្ងៃ​ទី២ ខែ​វិច្ឆិកា។
រូប៖ ហ្វេសប៊ុក​លោក ហេង សំរិន ប្រធាន​រដ្ឋសភា

តំណាងរាស្ត្រ ១១៦រូប នៃ​រដ្ឋសភា​ឯក​បក្ស​អាណត្តិ​ទី៦ បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​អនុម័ត​យល់​ព្រម​លើ​ពិធីសារ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា និង​វៀតណាម នៅ​ថ្ងៃ​ទី២ ខែវិច្ឆិកា។ ចំណែក​ក្រុម​យុវជន​ពលរដ្ឋ និង​អ្នក​ឃ្លាំមើល​ព្រំដែន​ចាត់​ទុក​ការ​អនុម័ត​ច្បាប់​នេះ​ថា ជា​រឿង​អយុត្តិធម៌​ធ្ងន់ធ្ងរ​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំង​មូល និង​ជា​កំហុស​ដ៏​ធំ​មួយ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន។

អគ្គលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា​លោក ឡេង ប៉េងឡុង ប្រាប់​អាស៊ី​សេរី​ថា ក្រោយ​ពី​រដ្ឋសភា​អនុម័ត​ច្បាប់​នេះ​រួច​នឹង​រុញ​ឱ្យ​ព្រឹទ្ធសភា​ពិនិត្យ​នៅ​ពេល​ឆាប់ៗ នេះ ព្រោះ​ច្បាប់​នេះ​ត្រូវ​បាន​ចាត់ទុកជា​ការប្រញាប់។ លោក​ថា បន្ទាប់ពី​ឆ្លង​ស្ថាប័ន​ព្រឹទ្ធសភា​ពិនិត្យ​រួចរាល់​នឹង​ដាក់ថ្វាយ​ព្រះ​មហាក្សត្រ ដើម្បី​ប្រកាស​ឱ្យ​ប្រើ​ជា​ផ្លូវការ។

លោក ឡេង ប៉េងឡុង បន្ត​ថា ការ​អនុម័ត​ច្បាប់​នេះ​ពុំ​មែន​ធ្វើឡើង​ដោយ​លាក់លៀម​នោះ​ទេ ព្រោះ​បង្គោល​ព្រំដែន ដែល​បាន​បោះ​រួច​ចំនួន ៨៤ភាគ​រយ​មាន​និយាមកា​បង្ហាញ​ពី​ភូមិសាស្ត្រ​ច្បាស់លាស់​អម​ដោយ​ឯកសារ​ជាង ៣ពាន់​ទំព័រ និង​របាយការណ៍​តូចៗ រាប់​រយ​ទំព័រ​ទៀត។ លោក​បដិសេធ​មិន​បញ្ជាក់​លម្អិត​ថា នឹង​ផ្សព្វផ្សាយ​ខ្លឹមសារ​ច្បាប់​នេះ​នៅ​ពេលណា​នោះ​ទេ៖ «ព្រឹទ្ធសភា​លោក​ចាប់​ផ្ដើម​ពិភាក្សា​ភ្លាម​ពីព្រោះ​ថា ច្បាប់​នេះ​ចាត់​ទុក ជា​ការ​ប្រញាប់​អត់​មាន​អី​សង្ស័យ​ទៀត​ទេ គឺ​ថា យើង​ធ្វើ​ហ្មត់ចត់​ជា​ច្រើន​សិប​ឆ្នាំ​មក​ហើយ។ រឿង​ព្រំដែន​ហ្នឹង​គឺថា បាន​គិត​គូ​តាំង​ពី​ឆ្នាំ១៩៩៧ រហូតដល់​ឆ្នាំ១៩៨៥ ឆ្នាំ២០០៥ យើង​បោះ​បង្គោល ៣មុខ សុទ្ធតែ​មាន​និយាមកា​ច្បាស់លាស់»

សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ការ​អនុម័តយល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា និង​វៀតណាម គឺជា​ការ​ទទួលស្គាល់​និយាមកា​នៃ​ការ​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា​និង​វៀតណាម​សម្រេច​បាន ៨៤ភាគ​រយ​ផ្សា​ភ្ជាប់​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ១៩៨៥ សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០០៥ និង​សន្ធិសញ្ញា​ឆ្នាំ២០១៩ និង​ផែនទី​ខ្នាត ១លើ ២៥ពាន់ (/២៥.០០០) ដែល​វៀតណាម និង​កម្ពុជា​ទើប​តែ​ចុះ​ហត្ថលេខា​ប្រកាស​ឱ្យ​ប្រើ​ថ្មីៗ នេះ។

តំណាងរាស្ត្រ​គណបក្ស​កាន់អំណាច រួម​ទាំង​មន្ត្រី​ជាន់ខ្ពស់​របប​ក្រុងភ្នំពេញ​មួយ​ចំនួន បាន​ចាត់​ទុក​ថា ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​មួយ​នេះ គឺ​ជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ ដែល​ខ្មែរ​មាន​ព្រំដែន​ច្បាស់លាស់​ជាមួយ​ប្រ​ទេរ​ស​ជិត​ខាង ដូចជា ការពារ​ទឹក​ដី បញ្ចប់​ជម្លោះ​ព្រំដែន​ដ៏​ស្មុគ​ស្មាញ និង​រ៉ាំរ៉ៃ​ព្រម​ទាំង​បង្កើត​ព្រំដែន​សន្តិភាព និង​អភិវឌ្ឍន៍​ជា​ដើម។

ទោះ​ជា​យ៉ាង​ណា ក្រុម​យុវជន និង​គណបក្ស​ប្រឆាំង មិន​គាំទ្រ​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ​ទេ ដោយ​ចាត់​ទុក​ថា ធ្វើ​ឡើង​ដោយ​ស្ងាត់ៗ និង​អាថ៌កំបាំង ដើម្បី​បំពេញ​មហិច្ឆតា​ឈ្លានពាន​ដី​ខ្មែរ​ជា​ថ្មី​ទៀត​របស់​វៀតណាម។ ពួក​គេ​ចោទ​ថា អ្នក​តំណាងរាស្ត្រ​ដែល​លើក​ដៃ​គាំទ្រ​ការ​អនុម័ត​ច្បាប់​នេះ នឹង​ត្រូវ​ចារ​ទុក​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​រួម​ចំណែក​ធ្វើ​ឲ្យ​បាត់បង់​ទឹក​ដី​ខ្មែរ​ទៅ​ខាង​វៀតណាម។

សមាជិក​ក្រុម​ការងារ ១០០រាត្រី​លោក ឃីម សុខុម ប្រកាស​មិន​ទទួល​ស្គាល់​ច្បាប់​នេះ​ទេ ព្រោះ​លោក​ថា រដ្ឋសភា​ឯក​បក្ស ដែល​គ្មាន​គណបក្ស​ប្រឆាំង​ចូលរួម​មិន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​ពិត​ប្រាកដ​របស់​ពលរដ្ឋ​ឡើយ។ លោក​បញ្ជាក់​ថា ការ​អនុម័ត​ច្បាប់​នេះ​ដោយ​ប្រញាប់ គឺ​ធ្វើឡើង​តាម​ការ​នឹក​ឃើញ​របស់​បុគ្គល​មាន​អំណាច​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​ស្រប​ពេល ដែល​កម្ពុជា​កំពុង​ជាប់​ផុង​ក្នុង​ជម្លោះ​នយោបាយ​រ៉ាំរ៉ៃ៖ «បារម្ភ​មែនទែន ព្រោះ​បូរណភាព​ទឹកដី និង​ឯករាជ្យ​ភាព​របស់​ប្រទេស​មួយ ហើយ​ការ​ព្រួយបារម្ភ​នេះ ប្អូន​ផ្ទាល់​ក៏​គ្មាន​គំនិត​ឱ្យ​លើស​ពី​អ្នក​នយោបាយ​ផ្សេងៗ ថា ត្រូវ​ដោះស្រាយ​បែប​នេះ និង​បែប​នោះ​ដែរ​ដោយសារ​អី? ដោយសារ​ច្បាប់​នៅ​លើ​មនុស្ស​ម្នាក់ នៅ​លើ​មនុស្ស​មួយ​ក្រុម​គេ​ចង់​ធ្វើ​ម៉េច? គឺ​ធ្វើ​អ៊ីចឹង»

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន អះអាង​ថា ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ គឺ​ជា​ការ​កាត់​ដី​ខ្មែរ​តាម​បណ្ដោយ​ព្រំដែន​ទៅ​ឱ្យ​វៀតណាម​ដោយ​ស្រប​ច្បាប់ ព្រោះ​ការ​បោះ​បង្គោល​ព្រំដែន​គ្រប់តំបន់​ធ្វើ​ឡើង​ខ្វះ​តម្លាភាព និង​មាន​ភាព​មិន​ប្រក្រតី​ច្រើន ដូចជា កសិករ​ខ្មែរ​ត្អូញត្អែរ​ពី​ការ​បាត់បង់​ដី​ស្រែ​ចម្ការ​របស់​ពួក​គេ។ លោក សង្កេតឃើញ​ថា របប​លោក ហ៊ុន សែន មិន​ត្រឹមតែ​មិន​ដោះស្រាយ​នោះ​ទេ បែរជា​ព្យាយាម​ធ្វើ​ឱ្យ​បង្គោល​ព្រំដែន ដែល​បោះ​លយ​ចូល​ដី​ខ្មែរ​កន្លង​ទៅ​ឱ្យ​ក្លាយ​ជា​បង្គោល​ស្រប​ច្បាប់​ទៅ​វិញ៖ «គណបក្ស​សង្គ្រោះ​ជាតិ សូម​បដិសេធ​មិន​ទទួល​ស្គាល់​នូវ​ការ​អនុម័ត​យល់​ព្រម​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ផង​ដែរ។ ដូច្នេះ​ការ​អនុម័ត​របស់​រដ្ឋសភា​ថ្ងៃនេះ​ជា​ការ​យល់ព្រម​កាត់​ទឹកដី​ខ្មែរ​ទៅ​តាមដែល​យួន​ឈ្លានពាន​ឱ្យ​ទៅជា​ស្រប​ច្បាប់​ទៅ​ឱ្យ​ប្រទេស​យួន​ប្រជាពលរដ្ឋ​ខ្មែរយើង​នៅ​ពេល​បោះ​បង្គោល​ម្តងៗ ប្រជា​ការ​កសិករ​របស់​យើង​តាម​ជាយ​ដែន​តែងតែ​ស្រែក​យំ​បាត់​ដីស្រែ​ចម្ការ​របស់​គាត់»

រីឯ​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុ​ជាប្រចាំ​ប្រទេស​ន័រវេស (Norway) លោក ម៉ែន ណាត ចាត់​ទុក​សេចក្ដីព្រាង​ច្បាប់​នេះ ជា​ហានិភ័យ​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​បូរណភាព​ទឹក​ដី​កម្ពុជា ជា​ពិសេស ធ្វើ​ឱ្យ​កម្ពុជា​ខាត់​បង់​ទឹកដី​បន្ថែម​ទៀត នៅ​ពេល​ដែល​ច្បាប់​នេះ ត្រូវ​បាន​អនុវត្ត។ លោក​បន្ទោស​រដ្ឋាភិបាល​ថា មិន​គោរពច្បាប់​ជាតិ និង​អន្តរជាតិ​ក្នុង​ការ​ការពារ​បូរណភាព​ទឹក​ដី និង​អធិបតេយ្យ​ជាតិ​ខ្មែរ​នោះ​ទេ៖ «ដូច្នេះ​ហើយ​អា​ហ្នឹង​ជា​ការ​ធ្វើ​ជាតិ​ប្រហារ ជា​ហានិភ័យ​ធ្ងន់ធ្ងរ​ណាស់ សម្រាប់​ទឹកដី​កម្ពុជា​យើង​សម្រាប់​យើង​ជា​ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​នៃ​ប្រទេស​ខ្មែរ​ដែរ អ៊ីចឹង​យើង​ត្រូវតែ​ប្រឆាំង​ជំទាស់​ទៅ​លើ​ឯកសារ​ទាំង​អស់​ហ្នឹង ព្រោះ​ធ្វើ​ឱ្យ​យើង​បាត់បង់​បូរណភាព​ទឹក​ដី​កម្ពុជា យើង​ទៅ​ប្រទេស​វៀតណាម»

ទាន់​ទិន​ការ​អនុម័ត​សេចក្ដីព្រាង​ច្បាប់​នេះ​ដែរ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ដដែល​នេះ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថ្កោលទោស ចំពោះ​ការ​អនុម័ត​ច្បាប់​នេះ ព្រោះ​រដ្ឋសភា​ឯក​បក្ស ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​បង្គ្រប់​កិច្ច​កាលពី​ឆ្នាំ២០១៨ នឹង​ត្រូវ​ទុក​ជា​មោឃៈ។ សេចក្ដីព្រាង​ច្បាប់​នេះ​ធ្វើ​ឡើង​អនុលោម​តាម​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ ឆ្នាំ១៩៨៥ សម័យ​វៀតណាម​ត្រួតត្រា​កម្ពុជា ហើយ​សន្ធិសញ្ញា​នេះ ត្រូវ​បាន​លុប​ចោល រួច​ហើយ​ដោយ​អំណាច​មាត្រា៥៥ នៃ​រដ្ឋធម្មនុញ្ញ និង​មាត្រា១ ចំណុច ២ «» នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល