មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ថា ច្បាប់​ប្រឆាំង​ការ​ជ្រៀតជ្រែក​ពី​បរទេស​អាច​នឹង​គាប​សង្កត់​សិទ្ធិ​អង្គការ​សង្គម​ស៊ីវិល​កាន់តែ​ខ្លាំង

ដោយ ទីន ហ្សាការីយ៉ា
2022.01.28
Share on WhatsApp
Share on WhatsApp
មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ថា  ច្បាប់​ប្រឆាំង​ការ​ជ្រៀតជ្រែក​ពី​បរទេស​អាច​នឹង​គាប​សង្កត់​សិទ្ធិ​អង្គការ​សង្គម​ស៊ីវិល​កាន់តែ​ខ្លាំង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូប​ពី​ហ្វេសប៊ុក ហ៊ុន សែន

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បារម្ភ​ថា គម្រោង​ធ្វើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ជ្រៀតជ្រែក​ពី​បរទេស​នឹង​ធ្វើ​ឲ្យ​សិទ្ធិ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​កាន់តែ​រួម​តូច​ថែមទៀត​។ ឆ្លើយតប​នឹង​កង្វល់​នេះ​មន្ត្រី​រដ្ឋាភិបាល​ថា សេចក្ដីព្រាងច្បាប់​នេះ​មិន​សំដៅលើ​ក្រុម​លើ​ណាមួយ​ទេ ប៉ុន្តែ​ធ្វើ​ឡើង​លើ​ទិដ្ឋភាព​ទូទៅ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ព្រួយបារម្ភ​ថា ការ​ធ្វើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ជ្រៀតជ្រែក​ពី​បរទេស​រដ្ឋាភិបាល​ហាក់​សំដៅ​មក​គាបសង្កត់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ពួកគេ​ទាំងនេះ​ភាគច្រើន​ទទួល​ថវិកា​ពី​ម្ចាស់​ជំនួយ​បរទេស​ក្នុង​ការ​ធ្វើ​សកម្មភាព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​ចូលរួម​អភិវឌ្ឍន៍​ជាតិ​ជាមួយ​រដ្ឋាភិបាល។

ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា លើកឡើង​ថា កន្លង​ទៅ​រដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​មួយចំនួន​ដែល​រង​ការ​រិះគន់​ថា គាបសង្កត់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​រួចទៅ​ហើយ ដូច្នេះ​ការបង្កើត​ច្បាប់​ថ្មី​នេះ​ថែមទៀត​នឹង​ធ្វើ​ឲ្យ​សិទ្ធិ​សេរីភាព​របស់​អង្គការ​សង្គម​កាន់តែ​តូច​ចង្អៀត​ថែម​ទៀត។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​យល់​ថា ក្នុង​ដំណាក់កាល​នៃ​ការ​ប្រមូល​ធាតុ​ចូល​នៃ​ការ​ធ្វើ​ច្បាប់​នេះ​រដ្ឋាភិបាល​គួរ​ប្រឹក្សា​យោបល់​ឲ្យ​ទូលំទូលាយ​ជាមួយ​អ្នក​ពាក់ ព័ន្ធ​ជាពិសេស​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល ហើយ​ច្បាប់​នេះ​ត្រូវ​គោរព​សិទ្ធិ​ជា​មូលដ្ឋាន និង​បទដ្ឋាន​អន្តរជាតិ​ជាដើម៖ «មានច្បាប់​នេះ​មួយទៀត​កាន់តែ​ធ្វើ​ឲ្យ​បញ្ហា​សិទ្ធិ​សេរីភាព ត្រូវ​បាន​ហ៊ុមព័ទ្ធ យើង​ព្រួយ​បារម្ភ​ថា អង្គការ​សង្គម​ជា​មុខព្រួញ​ក្នុង​ការ​ប្រុងប្រយ័ត្ន​របស់​រដ្ឋាភិបាល»
ស្រដៀង​គ្នា​នេះ នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត លើកឡើង​ថា កន្លងទៅ​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ត្រូវ​បាន​រដ្ឋាភិបាល​ចោទ​ប្រកាន់​ថា​យក​លុយ​ពី​បរទេស​ចូលរួម​ធ្វើ​បដិវត្តន៍​ពណ៌ ដូច្នេះ​នៅពេល​មានការ​ធ្វើ​ច្បាប់​ដែល​មានការ​រឹតត្បិត​ទាក់ទង​ការ​ទទួល​ថវិកា​ពី​បរទេស​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​បែបនេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រឈម​នឹង​ចោទប្រកាន់​កាន់តែ​ខ្លាំង​។ លោក​យល់​ថា ស្ថានភាព​កម្ពុជា​ពេលនេះ​មិន​គួរ​ធ្វើ​ច្បាប់​នេះ​ទេ។

លោក​រំលឹក​ថា រដ្ឋាភិបាល​មានច្បាប់​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម និង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​លាង​លុយកខ្វក់ ច្បាប់​ស្ដីពី​អង្គការ​សង្គម​ស៊ីវិល ហើយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការបរទេស​មុន​ធ្វើ​សកម្មភាព​របស់​ខ្លួន​ផង​ដែរ៖ «បើសិនជា​មានច្បាប់​ហ្នឹង​នឹង​អាច​ប៉ះពាល់​ជាពិសេស​ដំណើរការ​អង្គការ​សង្គម​ស៊ីវិល ច្បាប់​នេះ​មានការ​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​ចំពោះ​លំហូរ​នៃ​ជំនួយ​ឬ​ថវិកា​លើ​សកម្មភាព​របស់​ខ្លួន ជា​ការ​មើលឃើញ និង​ការ​ព្រួយ​បារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិល»

ការ​ព្រួយបារម្ភ​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ពេលនេះ ក្រោយពី​ក្រសួងមហាផ្ទៃ កំពុង​ប្រមូល​ធាតុ​ចូលក្នុង​ការ ធ្វើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ជ្រៀតជ្រែក​ពី​បរទេស​។ ក្រសួង មហាផ្ទៃ​មាន បំណង​យក​លំនាំ​តាមច្បាប់​របស់​ប្រទេស​សិង្ហបុរី។

ទាក់ទង​ករណី​នេះ​វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ទេ​នៅ​ថ្ងៃទី​២៨ ខែមករា។

ទោះយ៉ាងណា លោក ខៀវ សុភ័គ ឲ្យ​វិទ្យុ​ក្នុងស្រុក​(វិទ្យុ​វីអូឌី) ដឹង​ថា ច្បាប់​របស់​ប្រទេស​សិង្ហបុរី គឺជា​គំរូ​ដ៏​ជាក់លាក់​សម្រាប់​កម្ពុជា បើ​ធៀប​ទៅ​នឹង​ច្បាប់​របស់​ប្រទេស​ផ្សេង​ទៀត​។ លោក​ឲ្យ​ដឹង​ថា ក្រៅ​ពី​នេះ រដ្ឋាភិបាល​ក៏​ត្រូវ​សិក្សា​លើ​សកម្មភាព នៃ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​យក​លុយ​ពី​បរទេស​ដើម្បី​បើក​សាលារៀន និង​ធ្វើ​សកម្មភាព​ផ្សេងៗ​ទៀត​ដែរ ដែល​រឿង​នេះ​អាច​ត្រូវ​ស្ថិត​ក្នុង​ការ​សង្ស័យ​នៃ​ការ​ជ្រៀតជ្រែក​របស់​បរទេស។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់​ថា លោក​មិនទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​ពី​ក្រសួង​មហាផ្ទៃ​នៅ​ឡើយ​ទេ​។ ទោះ​យ៉ាងណា លោ​ក​ថា កម្ពុជា​ធ្វើ​ច្បាប់​នេះ​គឺជា​រឿង​ធម្មតា​ព្រោះ​ប្រទេស​សេរី​មួយចំនួន​ក៏​មាន​ច្បាប់​នេះ​ដែរ ហើយ​កម្ពុជា​អាច​នឹង​យក​លំនាំ​តាម​ប្រទេស​ទាំងនោះ មិនមែន​លំនាំ​តាមតែ​ប្រទេស​សិង្ហបុរី​មួយ​នោះ​ទេ​។ អ្នកនាំពាក្យ​ដដែល​អះអាង​ថា គម្រោង​ធ្វើ​ច្បាប់​នេះ​សម្រាប់​អនុវត្ត​ទូទៅ​មិនមែន​សំដៅ​តែ​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្រៅ​រដ្ឋាភិបាល​ឡើយ៖ «ពី​ខាងក្រោយ​នៃ​សកម្មជន​ហ្នឹង​គឺជា​ការបម្រើ​ផលប្រយោជន៍​បរទេស​ដែល​មាន​បរទេស​នៅ​ពីក្រោយ​ខ្នង​ជា​ការ​ចង្អុល ឬ​តាក់តែង​សកម្មភាព​ហ្នឹង​អាច​ជាប់​នឹង​ច្បាប់​ហ្នឹងហើយ ដូច្នេះ​ច្បាប់​ហ្នឹង​អនុវត្ត​ជា​សកល​ទេ»

ទោះ​យ៉ាងណា មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ទៅ​រដ្ឋាភិបាល​គួរ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់​ឲ្យ​មាន​ប្រសិទ្ធភាព និង​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយចំនួន​ដែល​មាន​ចរិត​គាបសង្កត់​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​អង្គការ​សង្គម​ស៊ីវិល ជាជាង​ការ​ធ្វើ​ច្បាប់​ថ្មី​ដែល​មិនមែន​ជា​តម្រូវការ​ចាំបាច់​ក្នុង​ពេលនេះ៕

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
លោក​ស្រី សំ សុខា ​អតីត​​អ្នក​ជាប់​ឃុំ​ករណី​​គប់​ស្បែក​​ជើង​លើ​រូប​លោក ហ៊ុន សែន ស្នើ​លោកឱ្យ​ពិចារណា​កំហុស​របស់ខ្លួន​ឡើងវិញ​ថា ហេតុអ្វី​បាន​ជា​ពលរដ្ឋ​គប់​ស្បែក​ជើង​ដាក់​លោក​​
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល