មន្ត្រីអង្គការសង្គមស៊ីវិលបារម្ភថា គម្រោងធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការជ្រៀតជ្រែកពីបរទេសនឹងធ្វើឲ្យសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិលកាន់តែរួមតូចថែមទៀត។ ឆ្លើយតបនឹងកង្វល់នេះមន្ត្រីរដ្ឋាភិបាលថា សេចក្ដីព្រាងច្បាប់នេះមិនសំដៅលើក្រុមលើណាមួយទេ ប៉ុន្តែធ្វើឡើងលើទិដ្ឋភាពទូទៅ។
មន្ត្រីអង្គការសង្គមស៊ីវិលព្រួយបារម្ភថា ការធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការជ្រៀតជ្រែកពីបរទេសរដ្ឋាភិបាលហាក់សំដៅមកគាបសង្កត់ក្រុមអង្គការសង្គមស៊ីវិល ដែលពួកគេទាំងនេះភាគច្រើនទទួលថវិកាពីម្ចាស់ជំនួយបរទេសក្នុងការធ្វើសកម្មភាពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងចូលរួមអភិវឌ្ឍន៍ជាតិជាមួយរដ្ឋាភិបាល។
ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា លើកឡើងថា កន្លងទៅរដ្ឋាភិបាលបានបង្កើតច្បាប់មួយចំនួនដែលរងការរិះគន់ថា គាបសង្កត់ក្រុមអង្គការសង្គមស៊ីវិលរួចទៅហើយ ដូច្នេះការបង្កើតច្បាប់ថ្មីនេះថែមទៀតនឹងធ្វើឲ្យសិទ្ធិសេរីភាពរបស់អង្គការសង្គមកាន់តែតូចចង្អៀតថែមទៀត។ មន្ត្រីសង្គមស៊ីវិលរូបនេះយល់ថា ក្នុងដំណាក់កាលនៃការប្រមូលធាតុចូលនៃការធ្វើច្បាប់នេះរដ្ឋាភិបាលគួរប្រឹក្សាយោបល់ឲ្យទូលំទូលាយជាមួយអ្នកពាក់ ព័ន្ធជាពិសេសក្រុមអង្គការមិនមែនរដ្ឋាភិបាល ហើយច្បាប់នេះត្រូវគោរពសិទ្ធិជាមូលដ្ឋាន និងបទដ្ឋានអន្តរជាតិជាដើម៖ «មានច្បាប់នេះមួយទៀតកាន់តែធ្វើឲ្យបញ្ហាសិទ្ធិសេរីភាព ត្រូវបានហ៊ុមព័ទ្ធ យើងព្រួយបារម្ភថា អង្គការសង្គមជាមុខព្រួញក្នុងការប្រុងប្រយ័ត្នរបស់រដ្ឋាភិបាល»។
ស្រដៀងគ្នានេះ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត លើកឡើងថា កន្លងទៅអង្គការសង្គមស៊ីវិលមួយចំនួនត្រូវបានរដ្ឋាភិបាលចោទប្រកាន់ថាយកលុយពីបរទេសចូលរួមធ្វើបដិវត្តន៍ពណ៌ ដូច្នេះនៅពេលមានការធ្វើច្បាប់ដែលមានការរឹតត្បិតទាក់ទងការទទួលថវិកាពីបរទេសក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសបែបនេះ ក្រុមអង្គការសង្គមស៊ីវិលប្រឈមនឹងចោទប្រកាន់កាន់តែខ្លាំង។ លោកយល់ថា ស្ថានភាពកម្ពុជាពេលនេះមិនគួរធ្វើច្បាប់នេះទេ។
លោករំលឹកថា រដ្ឋាភិបាលមានច្បាប់ប្រឆាំងនឹងអំពើភេរវកម្ម និងច្បាប់ស្ដីពីការប្រឆាំងការលាងលុយកខ្វក់ ច្បាប់ស្ដីពីអង្គការសង្គមស៊ីវិល ហើយក្រុមអង្គការសង្គមស៊ីវិលក៏បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ និងក្រសួងការបរទេសមុនធ្វើសកម្មភាពរបស់ខ្លួនផងដែរ៖ «បើសិនជាមានច្បាប់ហ្នឹងនឹងអាចប៉ះពាល់ជាពិសេសដំណើរការអង្គការសង្គមស៊ីវិល ច្បាប់នេះមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងចំពោះលំហូរនៃជំនួយឬថវិកាលើសកម្មភាពរបស់ខ្លួន ជាការមើលឃើញ និងការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិល»។
ការព្រួយបារម្ភរបស់មន្ត្រីអង្គការសង្គមស៊ីវិលពេលនេះ ក្រោយពីក្រសួងមហាផ្ទៃ កំពុងប្រមូលធាតុចូលក្នុងការ ធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការជ្រៀតជ្រែកពីបរទេស។ ក្រសួង មហាផ្ទៃមាន បំណងយកលំនាំតាមច្បាប់របស់ប្រទេសសិង្ហបុរី។
ទាក់ទងករណីនេះវិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេនៅថ្ងៃទី២៨ ខែមករា។
ទោះយ៉ាងណា លោក ខៀវ សុភ័គ ឲ្យវិទ្យុក្នុងស្រុក(វិទ្យុវីអូឌី) ដឹងថា ច្បាប់របស់ប្រទេសសិង្ហបុរី គឺជាគំរូដ៏ជាក់លាក់សម្រាប់កម្ពុជា បើធៀបទៅនឹងច្បាប់របស់ប្រទេសផ្សេងទៀត។ លោកឲ្យដឹងថា ក្រៅពីនេះ រដ្ឋាភិបាលក៏ត្រូវសិក្សាលើសកម្មភាព នៃក្រុមអង្គការសង្គមស៊ីវិលយកលុយពីបរទេសដើម្បីបើកសាលារៀន និងធ្វើសកម្មភាពផ្សេងៗទៀតដែរ ដែលរឿងនេះអាចត្រូវស្ថិតក្នុងការសង្ស័យនៃការជ្រៀតជ្រែករបស់បរទេស។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់ថា លោកមិនទាន់ទទួលបានព័ត៌មានលម្អិតពីក្រសួងមហាផ្ទៃនៅឡើយទេ។ ទោះយ៉ាងណា លោកថា កម្ពុជាធ្វើច្បាប់នេះគឺជារឿងធម្មតាព្រោះប្រទេសសេរីមួយចំនួនក៏មានច្បាប់នេះដែរ ហើយកម្ពុជាអាចនឹងយកលំនាំតាមប្រទេសទាំងនោះ មិនមែនលំនាំតាមតែប្រទេសសិង្ហបុរីមួយនោះទេ។ អ្នកនាំពាក្យដដែលអះអាងថា គម្រោងធ្វើច្បាប់នេះសម្រាប់អនុវត្តទូទៅមិនមែនសំដៅតែលើក្រុមអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាលឡើយ៖ «ពីខាងក្រោយនៃសកម្មជនហ្នឹងគឺជាការបម្រើផលប្រយោជន៍បរទេសដែលមានបរទេសនៅពីក្រោយខ្នងជាការចង្អុល ឬតាក់តែងសកម្មភាពហ្នឹងអាចជាប់នឹងច្បាប់ហ្នឹងហើយ ដូច្នេះច្បាប់ហ្នឹងអនុវត្តជាសកលទេ»។
ទោះយ៉ាងណា មន្ត្រីអង្គការសង្គមស៊ីវិលជំរុញទៅរដ្ឋាភិបាលគួរពង្រឹងការអនុវត្តច្បាប់ដែលមានស្រាប់ឲ្យមានប្រសិទ្ធភាព និងធ្វើវិសោធនកម្មច្បាប់មួយចំនួនដែលមានចរិតគាបសង្កត់សិទ្ធិពលរដ្ឋ សិទ្ធិអង្គការសង្គមស៊ីវិល ជាជាងការធ្វើច្បាប់ថ្មីដែលមិនមែនជាតម្រូវការចាំបាច់ក្នុងពេលនេះ៕
