រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដាស់តឿនតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចំនួន ៤រូប ឲ្យបញ្ឈប់ការរិះគន់ទៅលើរដ្ឋាភិបាលទាក់ទងនឹងការធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល។
ការដាស់តឿននេះ ធ្វើឡើងក្នុងជំនួបរវាងលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ (អ.ស.ប) នាទីស្ដីការក្រសួងការបរទេស កាលពីព្រឹកថ្ងៃទី២១ ឧសភា។
ការកោះហៅតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចូលជួបទាំងក្រុមនៅពេលនេះ ធ្វើឡើង ៤ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រសួងការបរទេសបានផ្ញើលិខិតទៅកាន់ពួកគេ ដើម្បីបញ្ជាក់អំពីកំហុសឆ្គងដែលពួកគេបានប្រព្រឹត្តកាលពីពេលថ្មីៗនេះ។
តំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចំនួន ៤រូបនោះ រួមមានតំណាងការិយាល័យនៃឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អ្នកស្រី វ៉ាន់ ហ៊ាលី (Wan-Hea Lee) តំណាងអង្គការ យូនីសេហ្វ (UNICEF) អ្នកស្រី រ៉ាណា វ្លៅវើរ៍ (Rana Flowers) តំណាងអង្គការមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) លោក ម៉ាក ដឺវើវ (Marc Derveeuw) និងតំណាងស្ថាប័នអង្គការសហប្រជាជាតិដើម្បីសមភាពយេនឌ័រ និងការផ្ដល់សិទ្ធិអំណាចស្ត្រី (UN Women) អ្នកស្រី វែនី គូស៊ូម៉ា (Wenny Kusuma)។
ពួកគេត្រូវបានក្រសួងការបរទេសចោទប្រកាន់ថា បានប្រព្រឹត្តនូវទង្វើខុសឆ្គងផ្ទុយទៅនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងនាមជាតំណាងភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក្រោយពីពួកគេបានផ្ដល់យោបល់ និងរិះគន់ចំពោះសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនៅតាមសារព័ត៌មានក្នុងស្រុកកាលពីពេលថ្មីៗនេះ។
ក្រសួងការបរទេសលើកឡើងថា ក្នុងនាមជាតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ពួកគេត្រូវបំពេញតួនាទីរបស់ខ្លួនដោយគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលក្រសួងការបរទេសអះអាងថា ក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ គ្មានពាក្យណាមួយអនុញ្ញាតឲ្យអង្គការសហប្រជាជាតិ ធ្វើអន្តរាគមន៍លើកិច្ចការដែលស្ថិតនៅក្រោមច្បាប់នៃរដ្ឋណាមួយឡើយ។
លើសពីនេះ ក្រសួងការបរទេសអះអាងថា អនុស្សរណៈនៃការយោគយល់គ្នារវាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលកម្ពុជា មិនបានអនុញ្ញាតឲ្យតំណាងរបស់ស្ថាប័ននេះធ្វើការទិតៀនតាមរយៈបណ្ដាញសារព័ត៌មានប្រឆាំងទៅនឹងសេចក្ដីព្រាងច្បាប់របស់កម្ពុជា ដែលក្រសួងការបរទេស អះអាងថា គ្មានពាក់ព័ន្ធអ្វីទាល់តែសោះទៅនឹងបញ្ហាសិទ្ធិមនុស្ស កុមារ ប្រជាជនកម្ពុជា ឬស្ត្រីឡើយ។
បន្ថែមពីលើនេះទៀត ក្រសួងការបរទេសបញ្ជាក់ថា ក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ក៏ពុំមានពាក្យណាមួយតម្រូវឲ្យធ្វើការពិគ្រោះយោបល់ជាមួយអង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល មុននឹងដាក់សេចក្ដីព្រាងច្បាប់ទៅកាន់រដ្ឋសភានោះទេ។
អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង មានប្រសាសន៍នៅថ្ងៃទី២១ ឧសភា ថា ការកោះហៅតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិទាំង ៤រូប នៅពេលនេះ គឺគ្រាន់តែចង់ដាស់តឿនអំពីការបំពេញកាតព្វកិច្ចការងាររបស់ពួកគេនៅកម្ពុជា ប៉ុណ្ណោះ៖ «គ្រាន់តែជាការរំលឹកពីតួនាទីរបស់គាត់ ប៉ុន្តែអារឿងគោរព ឬមិនគោរពអានេះជាកិច្ចការរបស់គាត់ សំខាន់រដ្ឋាភិបាលយើងបានដាស់តឿនគាត់ រំលឹកគាត់អំពីអ្វីដែលមានចែងក្នុងធម្មនុញ្ញកម្ពុជា អ្វីដែលមានចែងនៅក្នុងលិខិតតែងតាំង អ្វីដែលមានចែងក្នុងអនុស្សរណៈយោគយល់គ្នា ដែលអង្គការគាត់បានធ្វើជាមួយរដ្ឋាភិបាលកន្លងមក សំខាន់តែប៉ុណ្ណឹង»។
យ៉ាងណាក៏ដោយ នៅបន្ទាប់ពីមានជំនួបជាមួយលោក ហោ ណាំហុង ការិយាល័យនៃឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក៏បានបង្ហោះព័ត៌មាននៅលើគេហទំព័ររបស់ខ្លួន។ សេចក្ដីប្រកាសព័ត៌មាននោះ ឲ្យដឹងថា តំណាងទីភ្នាក់ងារទាំង ៤រូបរបស់អង្គការសហប្រជាជាតិ បានអះអាងថា ពួកគេបានធ្វើសកម្មភាពការងារស្ថិតក្នុងអាណត្តិរបស់ខ្លួន។ ពួកគេក៏បានបញ្ជាក់ជាថ្មីដែរថា នឹងនៅតែផ្ដល់ការឧបត្ថម្ភ គាំទ្ររបស់ខ្លួនសម្រាប់កិច្ចសន្ទនាជាមួយសង្គមស៊ីវិលលើច្បាប់ដ៏មានសារសំខាន់មួយនេះ។
បើទោះជាបែបនេះក្តី លោក កុយ គួង មិនបានបញ្ជាក់ថា តើរដ្ឋាភិបាលអាចចាត់វិធានការបែបណាចំពោះពួកគេនោះឡើយ ប្រសិនបើពួកគេនៅតែបន្តរិះគន់លើសេចក្ដីព្រាងច្បាប់របស់រដ្ឋាភិបាលនៅពេលខាងមុខ។
ក្រសួងការបរទេសកាលពីថ្ងៃទី២០ ឧសភា ក៏បានផ្ញើលិខិតទៅឲ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក វីល្លៀម ថត (William E. Todd) ដើម្បីសម្ដែងការមិនពេញចិត្តចំពោះឯកអគ្គរដ្ឋទូតរូបនេះដែលរដ្ឋាភិបាលអះអាងថា បានទិតៀនលើសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនៅតាមបណ្ដាញសារព័ត៌មាន។ ក្រសួងការបរទេសបានចាត់ទុកពាក្យសម្ដីរបស់លោក វីល្លៀម ថត ថាមានលក្ខណៈព្រហើនខ្លាំងទៀតផង។
ទោះជាបែបនេះក្តី លោក កុយ គួង បញ្ជាក់ថា ក្រសួងការបរទេសមិនទាន់មានព័ត៌មាន ថាតើត្រូវកោះហៅលោក វីល្លៀម ថត ចូលជួប ឬក៏យ៉ាងណានោះទេ។
សេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលត្រូវបានតាក់តែងដោយក្រសួងមហាផ្ទៃ ហើយបើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ច្បាប់នេះ ត្រូវបានក្រសួងបញ្ជូនទៅកាន់ទីស្ដីការគណៈរដ្ឋមន្ត្រីរួចហើយ។ លោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ ក៏បានជំរុញឲ្យរដ្ឋាភិបាលពន្លឿនការអនុម័តសេចក្ដីព្រាងច្បាប់នេះ បើទោះជាមានការរិះគន់យ៉ាងខ្លាំងពីក្រុមអង្គការសង្គមស៊ីវិលក្តី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។