សង្គមស៊ីវិល គ្រោងផ្ដល់យោបល់ឲ្យក្រសួងមហាផ្ទៃ កែប្រែមាត្រាចំនួន ៩ នៃច្បាប់ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល
2019.10.31

ក្រុមសមាគម និងអង្គការមិនមែនរដ្ឋាភិបាល គ្រោងផ្ដល់យោបល់ឲ្យ ក្រសួងមហាផ្ទៃ វិសោធនកម្មមាត្រាមួយចំនួននៃ ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃទី៤ វិច្ឆិកាខាងមុខ។ ក្រុមអង្គការ សមាគមទាំងនោះយល់ថា ច្បាប់នេះ មានភាពស្រពិចស្រពិលច្រើនក្នុងការបកស្រាយ ដែលមានបទល្មើសជាច្រើនបង្កប់នៅក្នុងមាត្រាច្បាប់ ដែលនឹងនាំឈានទៅដល់ការរំលាយអង្គការ សមាគម។
អ្នកសម្របសម្រួល និងអង្កេតនៃអង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ប្រាប់អាស៊ីសេរីថា ក្រុមសមាគម និងអង្គការក្រៅរដ្ឋាភិបាល ត្រៀមស្នើសុំឲ្យរដ្ឋាភិបាលធ្វើកែប្រែមាត្រាចំនួន៩ដែលប៉ះពាល់ដល់ការធ្វើសកម្មភាពដោយឯករាជ្យរបស់អង្គការ សមាគម គឺមាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១០ មាត្រា២០ មាត្រា២៤ មាត្រា២៥ មាត្រា៣០ និងមាត្រា៣១។ មាត្រាទាំងនេះ ពាក់ព័ន្ធនឹងលក្ខខណ្ឌបង្កើតអង្គការ សមាគម ដំណើរការ និងការប្រព្រឹត្តិទៅរបស់អង្គការ សមាគម ព្រមទាំងពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយក្រសួងមហាផ្ទៃ៖ «គឺមានមាត្រាដែលនិយាយពីការបង្កើតសមាគម និងអង្គការ គឺមាន៣មាត្រា គឺមានមាត្រា៧ ទី៨ និង៩ ។ មាត្រាដែលនិយាយពីដំណើរការប្រព្រឹត្តិទៅនៃអង្គការ និងសមាគមមិនមែនរដ្ឋាភិបាល ក្នុងស្រុកហ្នឹង គឺយើងមាន៤មាត្រា គឺមានមាត្រា១០ មាត្រា២០ មាត្រា២៤ និងមាត្រា២៥។ រីឯមាត្រា ដែលនិយាយពីការទំនាក់ទំនងរវាងសមាគមនិងអង្គការ ជាមួយក្រសួងមហាផ្ទៃ ឬក៏ក្រសួងការបរទេសហ្នឹង មាន២មាត្រា គឺមាត្រា៣០ និងមាត្រា៣១»។
ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី២៨ តុលាថា ក្រុមការងាររបស់រដ្ឋាភិបាល ដើម្បីសម្របសម្រួលដោះស្រាយសំណើ និងសំណូមពររបស់អង្គការ សង្គមស៊ីវិល គ្រោងនឹងរៀបចំកិច្ចពិគ្រោះយោបល់ជាមួយតំណាងអង្គការសង្គមស៊ីវិល ដើម្បីស្វែងយល់បន្ថែមទៀត លើសំណើសុំធ្វើវិសោធនកម្មច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃទី៤ វិច្ឆិកា នៅក្រសួងមហាផ្ទៃ។
លោក កន សាវាង្ស ប្រាប់ថា ក្រុមអង្គការសមាគម នឹងរៀបចំក្រុមតំណាង ទៅចូលរួមកិច្ចប្រជុំ ពិគ្រោះយោបល់នេះ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមរឿងនេះពីអ្នកសម្របសម្រួលកែប្រែច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន បានទេ នៅថ្ងៃទី៣០ តុលា ដោយសារលោកប្រាប់ថា ជាប់រវល់ប្រជុំ។
ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខា ដាក់ឱ្យប្រើ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ បន្ទាប់សមាជិកសភាគណបក្សប្រជាជនកម្ពុជាបានអនុម័តច្បាប់នេះ គ្មានការចូលរួមពីគណបក្សប្រឆាំង។ ច្បាប់នេះ មាន ៩ជំពូក និង ៣៩មាត្រា។ ច្បាប់នេះ ធ្វើឡើងដំណាលគ្នាជាមួយច្បាប់ស្ដីពីសហជីព គឺក្រោយពេល លោក ហ៊ុន សែន មេដឹកនាំរបបក្រុងភ្នំពេញ ខឹងសម្បារ និងចោទថា ក្រុមអង្គការ និងសហជីព ឯករាជ្យខ្លះ មានចេតនាជួយគាំទ្រគណបក្សប្រឆាំង ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលក្រោយការបោះឆ្នោតឆ្នាំ២០១៣។
ក្រុម អង្គការ សង្គមស៊ីវិលជាតិ និងអន្តរជាតិបានអះអាងថា ច្បាប់នេះមានចរិត គាបសង្កត់លំហសេរីភាពរបស់សង្គមស៊ីវិល។ ក្រុមសង្គមស៊ីវិលបញ្ជាក់ទៀតថា ច្បាប់នេះ បានរំលោភលើមាត្រាជាច្រើន នៃរដ្ឋធម្មនុញ្ញ ហើយច្បាប់នេះ បានបើកដៃឲ្យរដ្ឋាភិបាលប្រើអំណាចដោយបំពាន ដើម្បីគំរាមកំហែង និងដាក់ទណ្ឌកម្មអ្នកធ្វើការ ដើម្បីលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្ស ក្នុងប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។