ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​គ្រឿង​ស្រវឹង

ដោយ ហ៊ុំ ចំរើន
2024.02.17
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​គ្រឿង​ស្រវឹង ពាក្យស្លោកដែលក្រុមអង្គការសង្គមស៊ីវិលរៀបចំសម្រាប់កម្មវិធីជំរុញ​ឱ្យរដ្ឋាភិបាល​តាកតែងច្បាប់ គ្រប់គ្រងគ្រឿងស្រវឹង ដែលគ្រោងធ្វើនៅវត្តសំពៅមាស រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ កុម្ភៈ ២០២៤។
រូប​៖ ផ្តល់ដោយលោក យង់ គិមអេង

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជិត ១០​ស្ថាប័ន​គ្រោង​ស្នើ​ឱ្យ​រដ្ឋាភិបាល​​ពន្លឿន​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ផលិតផល​គ្រឿង​ស្រវឹង។ ពួកគាត់​អះអាង​ថា គ្មាន​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​បាន ធ្វើ​ឱ្យ​ពលរដ្ឋ​មួយចំនួន​រងគ្រោះ​ដោយសារ​អ្នកបើកបរ​ផឹក​ស្រវឹង បញ្ហា​សីលធម៌​សង្គម​ធ្លាក់ចុះ និង​ប៉ះពាល់​ដល់​សុខភាព​ជាដើម។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជិត ១០​ស្ថាប័ន​គ្រោង​រៀបចំ​ពិធីបុណ្យ​ក្រោម​ប្រធាន​« សង្គហកម្ម​ស្ដីពី​អភិបាល​លើ​អបាយ​គ្រឿង​ស្រវឹង​នៅ​កម្ពុជា​» នៅ​ថ្ងៃទី​១៨ ខែ​កុម្ភៈ ខាងមុខ​ក្នុង​បរិវេណ​វត្ត​សំពៅ​មាស រាជធានី​ភ្នំពេញ ដោយមាន​ពលរដ្ឋ ព្រះសង្ឃ និង​យុវជន​ចូលរួម​ចំនួន ៣​រយ​នាក់ (៣០០)

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព លោក យង់ គិមអេង ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ថា ការ​រៀបចំ​ពិធី​នេះ ក្នុង​គោលបំណង​ផ្សារភ្ជាប់​ព្រះធម៌ ទៅ​នឹង​ការ​ផឹក​គ្រឿង​ស្រវឹង​ដែល​បង្ក​ឱ្យ​មាន​បញ្ហា​អសន្តិសុខ​សង្គម គ្រោះថ្នាក់​ចរាចរណ៍ និង​កុមារ​បោះបង់​ចោល​ការសិក្សា​ដែល​ក្លាយជា​បន្ទុក​សង្គម​។ លោក​បន្ត​ថា ពលរដ្ឋ​អាច​ចូលរួម​បង្ហាញ​ពី​ទុក្ខ​កង្វល់​របស់​ខ្លួន​ទៅកាន់​រដ្ឋាភិបាល​ដើម្បី​ពន្លឿន​ការ​អនុម័ត​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ផលិតផល​គ្រឿង​ស្រវឹង ដែល​ជាប់​គាំង​តាំង​ពី​ឆ្នាំ​២០១៥។

លោក យង់ គិមអេង៖ «ទី​១​វា​ចំណេញ​ត្រង់ណា​វា​ចំណេញ​ដល់​យុវវ័យ ដល់​ស្ត្រី ដែល​ស្ត្រី​អាច​ចាក​ពី​អំពើ​ហិង្សា យុវវ័យ​នឹង​មិន​បោះបង់​ការសិក្សា និង​ពន្លក​នៅក្នុង​គ្រឿង​ស្រវឹង​នៅ​ពេល​ដែល​ពួកគេ​មិនទាន់​គ្រប់​អាយុ ដែល​ច្បាប់​កំណត់​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​គ្រឿង​ស្រវឹង ហើយក៏​ជួយ​ទៅដល់​ការ​ដោះស្រាយ​បញ្ហា ភាព​ឥត​សណ្ដាប់ធ្នាប់​នៅក្នុង​សង្គម​ដូចជា​ការ​ឈ្លោះប្រកែក​វាយ​តប់​គ្នា​នៅក្នុង​សហគមន៍»

ក្រៅពី​យុវជន និង​អ្នករងគ្រោះ ឡើង​សម្ដែង​មតិ អង្គការ​សង្គម​ស៊ីវិល​ក៏​បាន​អញ្ជើញ​តំណាង​មន្ត្រី​រដ្ឋាភិបាល​មក​ពី​ក្រសួង​សុខាភិបាល ក្រសួង​ព័ត៌មាន និង​ក្រសួង​មហាផ្ទៃ​ឱ្យ​ចូលរួម​ស្ដាប់​ផង​ដែរ ប៉ុន្តែ​គិត​មក​ទល់​ពេល​នេះ​តំណាង​មន្ត្រី​ក្រសួង​ទាំងនោះ​នៅតែ​មិនទាន់​ឆ្លើយតប​នៅ​ឡើយ​។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​ក៏​គ្រោង​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ ពី​ផល​ប៉ះពាល់​នៃ​ការ​បើក​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​ស្រាបៀរ​ដោយ​សេរី ការ​ផលិត​ស្រាបៀរ និង​ការ​ផឹក​គ្រឿង​ស្រវឹង​ដោយ​គ្មាន​ការ​កំណត់​ពី​ចំនួន​ឱ្យ​បាន​ច្បាស់លាស់។

alcohol.jpg
ក្រុមអង្គការសង្គមស៊ីវិលរៀបចំសម្រាប់កម្មវិធីជំរុញ​ឱ្យរដ្ឋាភិបាល​តាកតែងច្បាប់ គ្រប់គ្រងគ្រឿងស្រវឹង ដែលគ្រោងធ្វើនៅវត្តសំពៅមាស រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ កុម្ភៈ ២០២៤។ រូប៖ ផ្ដល់ដោយលោក យង់ គិមអេង

ពិធី​នេះ​មានការ​ចូលរួម​ពី​អង្គការ​សមាគម ដូចជា សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា (CHRAC) ព្រមទាំង​អង្គការ​សមាគម​មួយចំនួន​ទៀត។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក ទេព អស្នារិទ្ធ និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​១៧ ខែ​កុម្ភៈ។

ជុំវិញ​បញ្ហា​នេះ​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍ គាំទ្រ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​អនុម័ត​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​គ្រឿង​ស្រវឹង​ឱ្យ​កាន់តែ​ឆាប់រហ័ស​។ លោក​បន្ត​ថា ប្រទេស​ដែល​ពោរពេញ​ទៅ​ដោយ​យុវជន​ផឹក​គ្រឿង​ស្រវឹង​នឹង​ធ្វើ​ឱ្យ​ប្រទេស​ប្រឈម​វិបត្តិ​សង្គម និង​សីលធម៌​សង្គម​ធ្លាក់ចុះ។

លោក អំ សំអាត៖ «ខ្ញុំ​យល់​ថា យើង​ឃើញថា មួយ​រយៈ​ចុងក្រោយ​​នេះ បញ្ហា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀរ ស្រវឹង​ផ្សេងៗ​វា​ដូចជា​លើសលប់​ខ្លាំងពេក ហើយ​យើង​ក៏​មើលឃើញ​ឥទ្ធិពល​ចេញពី​ស្រាបៀរ​ហ្នឹង​ខ្លាំង​ដែល អ៊ីចឹង​បានជា​ប្រទេស​យើង​ប្រសិនបើ​មានច្បាប់​ហ្នឹង​កាន់តែ​ឆាប់​កាន់តែ​ល្អ​កុំឱ្យ​វា​មាន​ការ​រីក​រាលដាល​ត​ទៅមុខ​ទៀត»

កន្លង​ទៅ​ក្រសួង​ព័ត៌មាន និង​ក្រសួងសុខាភិបាល ធ្លាប់​ចេញ​សេចក្ដីប្រកាស​ស្ដីពី​ផល​ប៉ះពាល់​សុខភាព​ពី​ការប្រើប្រាស់​ផលិតផល​គ្រឿង​ស្រវឹង​ដោយ​ប្រឈម​នឹង​ជំងឺ​ជាច្រើន​មុខ និង​ហាម​មិន​ឱ្យ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​តាម រយៈ​ការ​ផ្ដល់​រង្វាន់ និង​ហាម​យក​ស្ត្រី មក​ផ្សាយពាណិជ្ជកម្ម​ដើម្បី​ទាក់ទាញ​អតិថិជន​ជាដើម​។ ដោយឡែក​អគ្គស្នងការ​នគរបាល​ជាតិ​គឺ​លោក ស ថេត បាន​ដាក់​ចេញ​យុទ្ធនាការ​ត្រួតពិនិត្យ​អ្នកបើកបរ​ដែល​មាន​សារធាតុ​ស្រវឹង​នៅ​តាម​ដងផ្លូវ​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយ​អ្នកបើកបរ​ស្រវឹង។

មន្ត្រី​សង្គម​ស៊ីវិល​យល់ឃើញ​ថា ការ​ចេញ​សេចក្ដីប្រកាស និង​ដាក់ចេញ​នូវ​យុទ្ធនាការ​ត្រួតពិនិត្យ​គ្រឿង​ស្រវឹង គឺ​គ្មាន​ប្រសិទ្ធភាព​អាច​ទប់ស្កាត់​បញ្ហា​ដែល​បង្កឡើង ដោយ​គ្រឿង​ស្រវឹង​នេះ​បាន​ទេ។ ពួកគាត់​ស្នើ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​អនុម័ត​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ផលិតផល​គ្រឿង​ស្រវឹង​ដែល​សំដៅ​ទៅលើ​ការចែក​ចាយ ការ​ផ្សព្វផ្សាយ និង​ការប្រើប្រាស់​ផលិតផល​គ្រឿង​ស្រវឹង ដើម្បី​ធានា​សុខុមាលភាព​របស់​ពលរដ្ឋ និង​ការ​រស់​នៅ​ប្រកបដោយ​សេចក្ដីថ្លៃថ្នូរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។