អាជ្ញាធរដោះលែងព្រះចៅអធិការវត្ត វង្សគតបុរីសេរីភ្នំពេញព្រះអង្គ ប៉ាង សុដាវិញ ក្រោយបានចាប់ព្រះកាយកាលពីថ្ងៃទី២ ខែកញ្ញា។ អង្គការសមាគមខ្មែរក្រោមនៅតែបារម្ភពីសុខទុក្ខព្រះអង្គ ដោយសារពួកគេមិនទាន់ទទួលដំណឹងផ្លូវការណាមួយពីអាជ្ញាធរជុំវិញការដោះលែងនៅឡើយទេ។ មន្រ្តីសង្គមស៊ីវិលថា ការចាប់ខ្លួន ឬឃុំដោយមិនមានភស្តុតាង ហើយមិនបានបញ្ជាក់មូលហេតុត្រឹមត្រូវជាការបំពានច្បាប់។
អាជ្ញាធររកមិនឃើញទោសកំហុស ព្រះចៅអធិការវត្ត វង្សគតបុរីសេរីភ្នំពេញព្រះអង្គ ប៉ាង សុដា ដូចការចោទប្រកាន់ ហើយបានឲ្យព្រះអង្គបួសឡើងវិញហើយ។
ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកព្រះអង្គ ឃឹម សន មានថេរដីកាថា ក្រោយពេលដោះលែងព្រះអង្គ ប៉ាង សុដា បានស្នើសុំបួសឡើងវិញកាលពីថ្ងៃទី៤ ខែកញ្ញា។ ព្រះអង្គក៏បានប្រគេនស្បង់ និងឱ្យព្រះអង្គបួសជាព្រះសង្ឃឡើងវិញ ឱ្យស្របតាមធម្មវិន័យព្រះពុទ្ធសាសនា បន្ទាប់មកនៅថ្ងៃដដែលព្រះអង្គ ប៉ាង សុដា បានថ្វាយបង្គំលាទៅគង់នៅវត្តជើងឯកវិញ។ ព្រះអង្គ ឃឹម សន មិនបកស្រាយជុំវិញមូលហេតុដែលអាជ្ញាធរចាប់និងដោះលែងព្រះអង្គ ប៉ាង សុដានេះទេ ដោយអះអាងថា ព្រះអង្គ ប៉ាង សុដា នឹងបកស្រាយជុំវិញបញ្ហានេះនៅលើហ្វេសប៊ុនរបស់ព្រះអង្គវិញ៖ «មកបួសវិញលោកថា លោកអត់បានលាចាកសិក្ខាបទផងពរ គ្រាន់តែដីកាដាក់ឱ្យលោកផ្សឹកចឹងសូមឱ្យមន្រ្តីសង្ឃជួយផ្សឹក ចឹងលោកដោះស្បង់ចីវរខ្លួនឯង ថាករុណាសុំដោះស្បង់ចីវរទុកសិន ប៉ុន្តែករុណាទុកខ្សែងូតអត់ឱ្យដាច់ត្រៃសរណគមន៍ពីសង្ឃដើម្បីមកដោះស្រាយរឿងរ៉ាវ ចឹងមានន័យថា ពេលវេលាដែលលោកដោះស្បង់ចីវរហ្នឹងប្រហែលជាមួយយប់មួយថ្ងៃពរ»។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន ដើម្បីសុំការការបញ្ជាក់បន្ថែមជុំវិញរឿងនេះបានទេ នៅថ្ងៃទី៦ ខែកញ្ញា ដោយទូរស័ព្ទចូលតែពុំមានអ្នកទទួល។
លោកគ្រូ ប៉ាង សុដា ប្រសូតកាលពី ឆ្នាំ១៩៦៨ នៅស្រុកតាវិច ខេត្តឃ្លាំង(កម្ពុជាក្រោម)។ ព្រះអង្គបានទទួលតួនាទីជាព្រះចៅអធិការវត្ត វង្សគតបូរីសេរីភ្នំពេញថ្មី នៅស្រុកចំការលើខេត្តកំពង់ចាមតាំងពីឆ្នាំ១៩៩៥មកទល់សព្វថ្ងៃ។ ក្រៅជាចៅអធិការវត្ត ព្រះអង្គជាទីប្រឹក្សានិងធម្មទូតសម្តេចព្រះសង្ឃរាជ នន្ទ ង៉ែត ទៀតផង។ ព្រះអង្គ ប៉ាង សុដា ត្រូវបានមន្រ្តីសង្ឃខេត្តកំពង់ចាម ២ អង្គចាប់ផ្សឹក បន្ទាប់មកសមត្ថកិច្ចក្រសួងមហាផ្ទៃបានបញ្ជូនព្រះកាយមកភ្នំពេញ កាលពីថ្ងៃទី២ ខែកញ្ញា ដោយធ្វើឡើងយ៉ាងតក់ក្រហល់។ អាជ្ញាធរអះអាងថា ការផ្សឹកនោះអនុវត្តតាមដីការបស់ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ ដែលចេញដីកាចាប់ខ្លួនដើម្បីយកទៅសាកសួរជុំវិញបទចោទប្រកាន់ល្មើសវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោមលោក ថាច់ សេដ្ឋា ប្រាប់វិទ្យុអាស៊ីសេរីថា លោកបានទទួលដំណឹងត្រឹមតែព្រះអង្គ ប៉ាង សុដា បានបួសជាព្រះសង្ឃឡើងវិញ ប៉ុន្តែរហូតមកដល់ពេលនេះ លោកមិនដឹងថា ព្រះអង្គគង់ទីកន្លែងណានៅឡើយ។ លោកថា អង្គការសមាគមខ្មែរកម្ពុជាក្រោមកំពុងតាមដានរឿងនេះ ហើយចាត់ទុកករណីអាជ្ញាធរមានសមត្ថកិច្ចចាប់និងឃាត់ព្រះកាយនេះ ធ្វើឡើងដោយមិនត្រឹមត្រូវតាមធម្មវិន័យនិងច្បាប់ ជាពិសេសមិនបញ្ជាក់មូលហេតុនិងជូនដំណឹងពីទីតាំងឃុំដល់ក្រុមគ្រួសារនិងពុទ្ធបរិស័ទរបស់ព្រះអង្គ។ លោកយល់ថា ករណីនេះនឹងប៉ះពាល់ដល់កិត្តិយសព្រះអង្គនិងវិស័យព្រះពុទ្ធសាសនា ដោយអាជ្ញាធរនិងក្រសួងធម្មការគួរបកស្រាយរឿងនេះឱ្យច្បាស់លាស់ និងអនុញ្ញាតឱ្យព្រះអង្គត្រឡប់ទៅវត្តវិញ៖ «កម្ពុជាយើងបានចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋហើយយើងបំពានទៅលើសាសនាបែបហ្នឹងដែលយើងជាពុទ្ធបរិស័ទពិបាកទទួលយកណាស់ ព្រោះទាំងពុទ្ធចក្រនិងអាណាចក្រនឹងមិនគិតតាមវិន័យនិងច្បាប់ឱ្យបានត្រឹមត្រូវ យើងមានការសោកស្តាយចំពោះប្រទេសកាន់ព្រះពុទ្ធសាសនាប៉ុន្តែអ្នកអនុវត្តច្បាប់ធម្មវិន័យហ្នឹងបែរជាអត់ស្គាល់ពីវិន័យ»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក នី សុខា ស្វាគមន៍ការដែលអាជ្ញាធរដោះលែងព្រះអង្គ ប៉ាង សុដា ឱ្យមានសេរីភាពនិងបួសជាព្រះសង្ឃឡើងវិញ។ ប៉ុន្តែលោកសង្កេតឃើញថា អាជ្ញាធរមិនទាន់ប្រកាសអំពីរឿងនេះជាសាធារណៈនៅឡើងទេ ដែលធ្វើឱ្យសង្គមស៊ីវិលព្រួយបារម្ភនិងស្នើឱ្យអាជ្ញាធរពាក់ព័ន្ធបង្ហាញព័ត៌មានច្បាស់លាស់ទាក់ទងនឹងព្រះអង្គ។ លោកបញ្ជាក់ថា បើអាជ្ញាធររកមិនឃើញទោសហុសដូចការចោទប្រកាន់នឹងប៉ះពាល់ដល់តម្លៃ និងសេចក្តីថ្លៃថ្នូររបស់ព្រះអង្គនិងសាសនា ហើយអ្នកដែលចាប់ព្រះកាយព្រះអង្គត្រូវទទួលខុសត្រូវ៖ «យើងបារម្ភណាស់ព្រោះនៅក្នុងការចាប់ខ្លួនហើយបើយើងរកបទល្មើសមិនឃើញវិញ តើវាប៉ះពាល់តម្លៃនិងសេចក្តីថ្លៃថ្នូររបស់មនុស្សយ៉ាងមិច ពីព្រោះនៅក្នុងរដ្ឋធម្មនុញ្ញការពារណាស់ចំពោះតម្លៃនិងសេចក្តីថ្លៃថ្នូរហ្នឹង គេបានបញ្ជាក់ហើយថា ការចាប់ខ្លួន ឃុំខ្លួន ឃាត់ខ្លួន ត្រូវតែធ្វើឱ្យស្របទៅនឹងបញ្ញត្តិច្បាប់ ប៉ុន្តែយើងកន្លងទៅការអនុវត្តវាមិនបានដើរស្របតាមបញ្ញត្តិច្បាប់វាធ្វើឱ្យមានបញ្ហាកំហុសឆ្គងខាងនីតិវិធី»។
ព្រះតេជគុណ ប៉ាង សុដា តែងតែជួយសកម្មភាពសង្គម ដូចជា ឧបត្ថម្ភថវិកា ស្បៀងអាហារ និងសម្ភារៈ ដល់ពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារជំងឺកូវីដ-១៩។ លើសពីនេះព្រះអង្គយកព្រះទ័យទុកដាក់ទៅលើពលរដ្ឋខ្មែរក្រោមតាមរយៈធ្វើការងារជាមួយនឹងអង្គការសមាគមខ្មែរក្រោមនិងកម្មវិធីមនុស្សធម៌នានា។ អង្គការ សមាគមខ្មែរកម្ពុជាក្រោម ទាមទារឱ្យអាជ្ញាធរ និងក្រសួងធម្មការ បកស្រាយមូលហេតុចាប់ខ្លួន និងបង្ហាញព័ត៌មានពិតប្រាដកទាក់ទងទីតាំងកន្លងដែលព្រះអង្គគង់ ព្រមទាំងអនុញ្ញាតឱ្យព្រះអង្គនិមន្តទៅវត្តវង្សគតបុរីសេរីភ្នំពេញវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។