មេដឹកនាំ​បក្ស​ប្រឆាំង​និង​មេ​សហជីព​ឡើង​​ឆ្លើយ​នៅ​តុលាការ

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ផង​នោះ បាន​ចូល​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៤ ខែ​មករា ទៅ​តាម​ការ​កោះហៅ​របស់​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង លោក ហៀង សុភ័ក្រ្ត។

0:00 / 0:00

លោក សម រង្ស៊ី ប្រធាន​គណបក្ស លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ត្រូវ​បាន​កោះ​ហៅ​ទៅ​សាកសួរ​ពាក់ព័ន្ធ​នឹង​ការ​ញុះញង់​អោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​បង្ក​អស្ថិរភាព​សង្គម ដែល​ទាក់ទង​នឹង​ការ​ធ្វើ​កូដកម្ម​បាតុកម្ម។

បន្ទាប់​ពី​បាន​សាក​សួរ​អស់​ជា​ច្រើន​ម៉ោង ទាំង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​មេដឹកដឹក​នាំ​សហជីព ត្រូវ​អនុញ្ញាត​អោយ​ត្រឡប់​មក​វិញ គឺ​ពុំ​មាន​ការ​ចាប់​ខ្លួន​ណា​មួយ​ឡើយ។

មាន​មនុស្ស​រាប់​ពាន់​នាក់​បាន​ទៅ​ចូល​រួម​តាម​ដាន​ការ​កោះ​ហៅ​សាកសួរ​នោះ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកស្រី សុ ជីវី អំពី​ស្ថានភាព​នៅ​ខាង​មុខ​តុលាការ​ក្រុង​ដូច​តទៅ៖

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ហៅ​ការ​កោះ​ហៅ​សាកសួរ​របស់​តុលាការ​ក្រុង​ភ្នំពេញ និង​ការ​ចោទ​ប្រកាន់​រូប​លោក ថា​ជា​សំណុំ​រឿង​ដែល​កើត​ឡើង​ពី​សម្ពាធ​អ្នក​នយោបាយ។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​នៅ​ទី​ស្នាក់​ការ​បក្ស គឺ​ពី​ចេញ​ពី​តុលាការ​ថា បើ​តាម​ការ​សាកសួរ​របស់​ព្រះរាជអាជ្ញា លោក​ជឿ​ជាក់​ថា រូប​លោក​ក៏​ដូច​លោក សម រង្ស៊ី គឺ​ពុំ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បង្ក​ហិង្សា​ណា​មួយ​ឡើយ ប៉ុន្តែ​ប្រសិន​បើ​មាន​សម្ពាធ​នយោបាយ​នោះ អាច​នឹង​មាន​បញ្ហា​បន្ត​ទៅ​មុខ​ទៀត។

ការ​សាកសួរ​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ និង​មេដឹកនាំ​សហជីព​នៅ​ពេល​នេះ គឺ​ជា​ការ​សាកសួរ​លើក​ដំបូង​ទៅ​តាម​របាយការណ៍​របស់​អាជ្ញាធរ​រដ្ឋាភិបាល រួម​មាន​របាយការណ៍​របស់​នគរបាល កង​រាជ​អាវុធ​ហត្ថ និង​របាយការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​បង្ហាញ​ឈ្មោះ​មនុស្ស​មួយ​ចំនួន​ពី​ការ​ជាប់​ពាក់​ព័ន្ធ​របស់​ពួក​គេ​ទៅ​នឹង​អំពើ​ហិង្សា ដែល​កើត​ចេញ​ពី​ការ​ធ្វើ​បាតុកម្ម​នា​ពេល​កន្លង​ទៅ។

វិទ្យុ​អាស៊ីសេរី​ពុំ​អាច​សុំ​ការ​អធិប្បាយ​ពី​ព្រះរាជអាជ្ញា​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ហៀង សុភ័ក្រ្ត បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​មករា។

មេធាវី​ការពារ​អ្នក​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក រ៉ុង ឈុន ​គឺ​លោក កែត ឃី មាន​ប្រសាសន៍​ថា បន្ទាប់​ពី​សាក​សួរ ព្រះ​រាជអាជ្ញា​ពុំ​បាន​បញ្ជាក់​ថា នឹង​ការ​កោះ​ហៅ​ជា​ថ្មី ឬ​ទម្លាក់​ចោល​សំណុំ​រឿង​នេះ​ឡើយ។

ចំពោះ​ករណី​ហិង្សា​ដែល​កើត​ឡើង​នៅ​ក្នុង​ពេល​ធ្វើ​បាតុកម្ម​របស់​ក្រុម​កម្មករ​កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​ថា គឺ​ជា​ការ​បង្ក​ដោយ​អាជ្ញាធរ​ដែល​ទទួល​ភារកិច្ច​បង្ក្រាប​ការ​តវ៉ា​របស់​កម្មករ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។