អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មិនទទួលយកសាលក្រមរបស់តុលាការកំពូល ដែលបានសម្រេចផ្ដល់សំណងចំនួន ៥០លានរៀលក្នុងម្នាក់ ក្នុងសំណុំរឿងប្រព្រឹត្តអំពើហិង្សាវាយដំទៅលើអ្នកតំណាងរាស្ត្រពីររូបកាលពី ៤ឆ្នាំមុន។ មន្ត្រីសិទ្ធិមនុស្សចាត់ទុកថា ការផ្ដល់សំណងរដ្ឋប្បវេណីក្នុងរឿងព្រហ្មទណ្ឌនេះហាក់បីដូចជាស្រាលពេកចំពោះជនដៃដល់។
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក គង់ សភា ប្រាប់អាស៊ីសេរីថា សាលក្រមរបស់តុលាការកំពូល មានភាពអយុត្តិធម៌ចំពោះលោកជាអ្នកតំណាងរាស្ត្រ។លោកបញ្ជាក់ថា លោក ចង់ឲ្យតុលាការនៃរបបក្រុងភ្នំពេញផ្ដន្ទាទោសអង្គរក្សលោកហ៊ុន សែនអោយជាប់ពន្ធនាគារជាងការទទួលយកសំណងរដ្ឋប្បវេណី៖ « វាមើលឃើញថា យុត្តិធម៌ដែលពួកខ្ញុំកំពុងរង់ចាំនេះពុំអាចទទួលយកបានពីសំណាក់តុលាការបច្ចុប្បន្នដែលដឹកនាំដោយជនផ្ដាច់ការទេ ហើយខ្ញុំសង្ឃឹមថា ថ្ងៃណាមួយប្រជារាស្ត្រនឹងបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលមួយដែលមានឆន្ទៈ បម្រើរាស្ត្រ ពុំមានស្តង់ដារពីរហើយស្នើឲ្យតុលាការនោះដោយឯករាជ្យនឹងយុត្តិធម៌ត្រឹមត្រូវអាចជឿ ជំនឿទុកចិត្តដល់ជនរងគ្រោះទាំងអស់គ្នា។ខ្ញុំនឹងប្ដឹងសើរើនូវបណ្ដឹងនេះ ដើម្បីទាមទាររករកយុត្តិធម៌ដល់ខ្ញុំ ហើយខ្ញុំសំណូមពរដល់តុលាការដែលឯករាជ្យនេះអោយស៊ើបអង្កេតរកជនដៃដល់ » ។
តុលាការកំពូលកាលពីថ្ងៃទី២៨ តុលា បានសម្រេចផ្ដល់សំណងរដ្ឋប្បវេណីចំនួន ២០លានរៀលក្នុងម្នាក់ៗ បន្ថែមទៀត មានន័យថា សំណងសរុបទាំងអស់មានចំនួន ៥០លានរៀលក្នុងម្នាក់ៗ គឺជាង ១ម៉ឺនដុល្លារទៅឱ្យជនរងគ្រោះជាអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង ២នាក់។
អនុប្រធានអង្គការលីកាដូទទួលបន្ទុកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស លោក អំ សំអាត ប្រាប់អាស៊ីសេរីថា ការផ្ដន្ទាទោសនេះហាក់បីដូចជាស្រាលបើធៀបទៅហ្នឹងទៅលើអ្នកផ្សេងទៀត ដូចជាសំណុំរឿងចោទប្រកាន់លើសកម្មជនបក្សប្រឆាំង និងសកម្មជនដីធ្លីជាដើម៖ « ទោះជាយ៉ាងណាខ្ញុំគិតថា សំណងទាំងអស់នេះវាគ្រាន់តែជាការមួយដែលសម្រេចធ្វើឲ្យឃើញថា តុលាការកំពូលបានយកចិត្តទុកដាក់ទៅលើករណីនេះ។ក៏ប៉ុន្តែយើងគិតពីភាពយុត្តិធម៌ហើយនឹងវិរេចនកម្ម ឬក៏ការឈឺចាប់របស់ជនរងគ្រោះ មានតែជនរងគ្រោះទេដែលដឹងថាអាចទទួលយកបានដែរ ឬអត់ » ។
អាស៊ីមិនទាន់សុំការពន្យល់ជុំវិញការរិះគន់លើការចេញសាលក្រមលើករណីវាយដំអ្នកតំណាងសាស្ត្រ ពីមន្ត្រីតុលាការកំពូលថា យ៉ាងណានៅឡើយនៅថ្ងៃទី២៩ តុលា។
កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០១៥ កន្លងទៅ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក គង់ សភា និងលោក ញ៉យ ចំរើន ត្រូវកងអង្គរក្សលោក ហ៊ុន សែន ព្រួតគ្នាវាយទាត់ធាក់យ៉ាងដំណំរហូតដល់បាក់ខ្ទង់ច្រមុះនិងបែកភ្នែកខាងស្កាំ ខណៈដែលពួកគេបានចេញពីប្រជុំនៅឯមន្ទីររដ្ឋសភាជាតិក្នុងទីក្រុងភ្នំពេញ។ ជនដៃដល់ដែលបានប្រព្រឹត្តអំពើហិង្សាទៅលើអ្នកតំណាងរាស្ត្រទាំងពីរនេះមានឈ្មោះ លោក ចាយ សារិទ្ធ ម៉ៅ ហឿន និង សុត វណ្ណនី។ ពួកគេជាកងអង្គរក្សលោកនាយករដ្ឋ មន្ត្រី ហ៊ុន សែន។
សាលាដំបូងរាជធានីភ្នំពេញកន្លងទៅធ្លាប់សម្រេចផ្ដន្ទាទោសឱ្យជនជាប់ចោទទាំង ៣នាក់ឱ្យជាប់ពន្ធនាគារ ៤ឆ្នាំ ប៉ុន្តែអនុវត្តទោសរយៈពេល ១ឆ្នាំប៉ុណ្ណោះ ក្រោមបទចោទប្រកាន់ថា បានប្រព្រឹត្តហិង្សាមានស្ថានទម្ងន់ទោសលើក្រុមតំណាងរាស្ត្រ។ ពួកគេត្រូវបានដោះលែងកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោយតុលាការសម្រេចព្យួរទោសដែលនៅសល់ចំនួន ៣ឆ្នាំទៀត។
ក្រោយពេលចេញពីពន្ធនាគារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យមួយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយដំឡើងឋានន្តរសក្ដិដល់លោក សុត វណ្ណី និងលោក ម៉ៅ ហឿន ពីវរសេនីយ៍ទោទៅជាវរសេនីយ៍ឯក ចំណែកលោក ចាយ សារិទ្ធ ត្រូវបានដំឡើងពីវរសេនីយ៍ឯកទៅជាឧត្ដមសេនីយ៍ត្រីទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
