ប្រជា​ពលរដ្ឋ​ និង​​សង្គម​ស៊ី​វិល​​ថា​ តំណាង​រាស្រ្ដ​អា​ណត្តិ​នេះ​ បំ​ពេញ​ការ​ងារ​មិន​បាន​ល្អ​

ដោយ ជី វិតា
2022.08.14
Share on WhatsApp
Share on WhatsApp
ប្រជា​ពលរដ្ឋ​ និង​​សង្គម​ស៊ី​វិល​​ថា​ តំណាង​រាស្រ្ដ​អា​ណត្តិ​នេះ​ បំ​ពេញ​ការ​ងារ​មិន​បាន​ល្អ​ រដ្ឋសភាជាតិកម្ពុជា។
រូប៖ HRW

គិត​មក​ដល់​ថ្ងៃ​នេះ​ ការ​បំពេញ​តួនាទី​របស់​តំណាង​រាស្រ្ដ​ឯក​បក្ស​ ក្នុង​អាណត្តិ​ទី​៦​នេះ​ គឺ​ជិត​ដល់​ទី​បញ្ចប់​ហើយ​។​ ប៉ុន្តែ​ពលរដ្ឋ​ និង​សង្គម​ស៊ីវិល​ លើក​ឡើង​ថា​ តំណាង​រាស្រ្ដ​អា​ណត្តិ​នេះ​ ធ្វើ​ការ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ពង្រឹង​អំណាច​របស់​ថ្នាក់​ដឹក​នាំ​រដ្ឋា​ភិបាល​ និង​គណ​បក្ស​កាន់​អំណាច​ ហើយ​មិន​បាន​ជួយ​ដោះ​ស្រាយ​បញ្ហា​របស់​ប្រជា​ពល​រដ្ឋ​ឡើយ​។​ ទោះ​យ៉ាង​ណា​អ្នក​នាំ​ពាក្រ​រដ្ឋ​សភា​ ឆ្លើយ​តប​វិញ​ថា​ តំណាង​រាស្ត្រ​បច្ចុ​ប្បន្ន​នេះ​ បាន​បំពេញ​ការ​ងារ​ប្រកប​ដោយ​ផ្លែ​ផ្ការ​ក្នុង​ការ​អនុម័ត​ច្បាប់​ជា​ច្រើន​ ដែល​ផ្ដល់​ផល​ប្រ​យោជន៍​ដល់​ប្រទេស​ជាតិ​។​

ប្រជា​ពលរដ្ឋ​ សកម្ម​ជន​បរិស្ថាន​ និង​អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​ សុទ្ធ​តែ​វាយ​តម្លៃ​ទាប​លើ​ការ​បំពេញ​ការងារ​របស់​សមាជិក​រដ្ឋ​សភា​។​ ពួក​គេ​ថា​ តំណាង​រាស្ត្រ​គួរ​តែ​ធ្វើ​ការ​ឱ្យ​សកម្ម​ជាង​ពេល​បច្ចុប្បន្ន​ និង​គិត​គូរ​ពី​ប្រយោជន៍​រាស្រ្ត​ឱ្យ​បាន​ខ្ពស់​ជាង​ប្រយោជន៍​បក្ស​ បើ​មិន​ដូច្នេះ​ទេ​ មិន​គួរ​មាន​ងារ​ថា​ ជា​តំណាង​រាស្ត្រ​នោះ​ទេ​។​

ពលរដ្ឋ​រង​គ្រោះ​បញ្ហា​ដី​ធ្លី​ លោក​ស្រី​ ប្រាក់​ សុភា​ បា្រប់​វិទ្យុ​អាស៊ី​សេរី​ថា​ លោក​ស្រី​សូម​វាយ​តម្លៃ​ទាប​ចំពោះ​ការ​បំពេញ​ការ​ងារ​របស់​តំណាង​រាស្រ្ដ​នៅ​ក្នុង​អាណត្តិ​នេះ​។​ លោក​ស្រី​ ប្រាក់​ សុភា​ ថា​ កន្លង​មក​ បើ​ទោះ​បី​ជា​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ពីការ​រំលោភ​យក​ដី​ធ្លី​ពី​អ្នក​មាន​អំណាច​ និង​ឈ្មួញ​ធំៗ​ ជា​ច្រើន​បាន​ធ្វើ​ការ​តវ៉ា​ សុំ​អន្ត​រាគមន៍​ពី​តំណាង​រាស្រ្ដ​កី្ដ​ ក៏​ពួកគាត់​ទាំង​នោះ​មិន​ដែល​អើ​ពើ​ជួយ​ដោះ​ស្រាយ​ឡើយ​។​ លោក​ស្រី​បន្ថែម​ថា​ តំណាង​រាស្រ្ដ​ទាំង​នោះ​ ធ្វើ​ការ​យក​តែ​ប្រាក់​ខែ​រាស្រ្ដ​ តែ​មិន​ដែល​ខ្វាយ​ខ្វល់​ពី​សុខ​ទុក្ខ​របស់​ប្រ​ជា​ពលរដ្ឋ​ឡើយ​៖ «ព្រោះ​មិន​ថា​សហគមន៍​ខ្ញុំ​រង​គ្រោះ​ មិន​ថា​សហគមន៍​ផ្សេងៗ​ ដែល​ខ្ញុំ​មើល​ឃើញ​ទៅ​ គឺ​អត់​មាន​តំណាង​រាស្រ្ដ​ណា​គាត់​ចេញ​អន្តរាគមន៍​ទេ​ គឺ​គាត់​យក​តែ​ប្រាក់​ខែ​ពី​ពលរដ្ឋ​ហើយ​ គឺ​គាត់​អត់​ខ្វល់​ហ្មង​ហាស​»។​

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ លោក​ លី​ ចាន់​ដា​រ៉ា​វុត​ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​ តំណាង​រាស្រ្ដ​និ​តិ​កាល​ទី​៦​នេះ​ ធ្វើ​ការ​គ្មាន​ប្រសិទ្ធិ​ភាព​ឡើយ​ ព្រោះ​ធនធាន​ធម្ម​ជាតិ​ជា​ច្រើន​កន្លែង​កំពុង​ត្រូវ​បាន​បំផ្លាញ​ តែ​លោក​មិន​ដែល​ឃើញ​មាន​ តំណាង​រាស្រ្ត​ណា​ម្នាក់​ លើក​យក​បញ្ហា​ទាំង​នោះ​ទៅ​ដេញ​ដោល​សួរ​មន្ត្រី​រដ្ឋាភិបាល​ឡើយ​។​ 

លោក​ លី​ ចាន់​ដារ៉ាវុត​ បន្ថែម​ថា​ សូម្បី​តែ​បុគ្គលិក​កម្មករ​ណាហ្គាវើលដ៍​ (Naga​ World​) ដែល​នៅ​ជាប់​របង​រដ្ឋ​សភា​ ធ្វើ​កូត​កម្ម​តវ៉ា​រក​យុត្តិ​ធម៌​ពី​ថៅ​កែ​អស់​រាប់​ខែ​មក​ហើយ​ក្ដី​ ក៏​លោក​មិន​ដែល​ឃើញ​មាន​តំណាង​រាស្រ្ដ​ទៅ​សួរ​សុក្ខ​ទុក្ខ​ ជួយ​ស្វែង​រក​ដំណោះ​ស្រាយ​ដល់​បុគ្គ​លិក​កម្មករ​ ដែល​កំពុង​ត្រដរ​រក​ការ​ជួយ​ទាំង​នោះ​ដែរ​៖ «សភា​តំណាង​រាស្រ្ដ​បច្ចុប្បន្ន​ហ្នឹង​ គឺ​ហាក់​ដូច​ជា​មិន​អើ​ពើ​ទៅ​នឹង​បញ្ហា​សង្គម​ទេ​ បញ្ហា​ធន​ធាន​ធម្ម​ជាតិ​ បញ្ហា​អំពើ​ពុក​រលួយ​ បញ្ហា​វិវាទ​ការងារ​ ហាក់​ដូច​ជា​នៅ​ដាច់​ឆ្ងាយ​ពី​ប្រជាជន​»។​

ទាក់ទង​​បញ្ហា​នេះ​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ លោក​ ឡេង​ ប៉េង​ឡុង​ អះ​អាង​ប្រាប់​វិទ្យុអាស៊ីសេរី​ថា​ រដ្ឋសភា​អាណត្តិ​នេះ​បាន​បំពេញ​ការងារ​ជា​ប្រក្រតី​ ដូច​អាណត្តិ​មុនៗ​ដែរ​ ហើយ​លោក​ច្រាន​ចោល​ ការ​រិះ​គន់​នានា​​ ថា​ជា​ការ​លម្អៀង​ អគតិ​ទៅ​លើ​តំណាង​រាស្រ្ដ​បក្ស​កាន់​អំណាច​។​  លោក​បន្ថែម​ថា​ រដ្ឋសភា​អាណត្តិ​នេះ​បាន​អនុម័ត​ច្បាប់​ជា​ច្រើន​ ដើម្បី​ធានា​ដល់​ស្ថេរ​ភាព​នយោបាយ​ និង​សន្តិភាព​របស់​ប្រទេស​ជាតិ​៖ «ច្បាប់​ទាំងអស់​ដែល​សភា​អនុម័ត​ក្នុង​និតិ​កាល​នេះ​គឺ​ សុទ្ធ​តែ​បម្រើ​ដល់​ផល​ប្រយោជន៍​ជា​ទូទៅ​ របស់​ប្រជាពលរដ្ឋ​»។​

ជុំវិញ​រឿងនេះ​ នាយក​ប្រតិ​បត្តិ​អង្គ​ការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ហៅ​កាត់​ និច​ហ្វិក​ (Nicfec) លោក​ សំ​ គន្ធា​មី​ យល់​ឃើញ​ថា​ តំណាង​រាស្រ្ដ​នៅ​ក្នុង​អាណត្តិ​នេះ​ បាន​ចុះ​ស្វែង​យល់​ពី​បញ្ហា​នៅ​ថ្នាក់​មូល​ដ្ឋាន​តិច​តួច​បំផុត​ ហើយ​បើ​ទោះ​បី​ជា​ប្រជា​ពលរដ្ឋ​រងគ្រោះ​ពី​ការ​អភិវឌ្ឍ​ បាន​ដាក់​ញ្ញត្តិ​សុំ​អន្ត​រាគមន៍​ពី​រដ្ឋសភា​ក្ដី​ ក៏​តំណាង​រាស្រ្ដ​មិន​ដែល​បាន​ជួយ​ដោះ​ស្រាយ​បញ្ហា​ដល់​ប្រជា​ពលរដ្ឋ​ទាំងនោះ​ឡើយ​។​  លោក​ សំ​ គន្ធាមី​ យល់​ឃើញ​ថា​ ច្បាប់​ភាគ​ច្រើន​ដែល​បាន​អនុម័ត​ដោយ​រដ្ឋសភា​ឯក​បក្ស​ក្នុង​អាណត្តិ​នេះ​ គឺ​មាន​លក្ខណៈ​នយោបាយ​ ជាង​ការ​គិត​គូរ​ពី​សុខ​ទុក្ខ​របស់​ប្រជា​ពលរដ្ឋ​៖ «វិសោធនកម្ម​អី​សព្វ​បែប​យ៉ាង​ហ្នឹង​ណា​ វា​មាន​ពាក់​ព័ន្ធ​ជា​មួយ​រឿង​នយោបាយ​ច្រើន​ជាង​រឿង​សង្គម​ គណបក្ស​កាន់​អំណាច​ហ្នឹង​គាត់​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ជាង​»។​

ប្រជាពលរដ្ឋ​ និង​អង្គការ​សង្គម​ស៊ីវិល​ តែង​លើក​ឡើង​ថា​ តំណាង​រាស្រ្ដ​ឯក​បក្ស​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ដោយ​មិន​យុត្តិធម៌​កាល​ពី​ឆ្នាំ​២០១៨​ ធ្វើ​ការ​ដោយ​មិន​មាន​ប្រសិទ្ធិ​ភាព​ឡើយ​ ព្រោះ​កន្លង​មក​ កម្រ​ឃើញ​មាន​តំណាង​រាស្រ្ដ​ហៅ​មន្ត្រី​រដ្ឋាភិបាល​មក​សួរ​ដេញ​ដោល​ទាក់​ទង​នឹង​ចំណុច​ខ្វះខាត​ ឬ​កំហុស​ឆ្គង​ការងារ​របស់​រដ្ឋាភិបាល​ឡើយ​។​ ជាមួយ​គ្នា​នេះ​ អង្គការ​សង្គម​ស៊ីវិលជាតិ​ អន្តរ​ជាតិ​ និង​អ្នក​សង្កេត​ការណ៍​ យល់​ឃើញ​ថា​តំណាង​រាស្រ្ដ​និតិកាលទី៦​នេះ​ បាន​វិសោធន​កម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ និង​អនុម័ត​ច្បាប់​ផ្សេង​ៗ​ ដោយ​មិនមាន​ការ​សិក្សា​ស្រាវ​ជ្រាវ​ឱ្យ​បាន​ច្បាស់​លាស់​ ឬ​ទទួល​យក​មតិ​ពី​ពលរដ្ឋ​ និង​សង្គម​ស៊ីវិល​ឡើយ​។​  ហើយ​ច្បាប់​មួយ​ចំនួន​មាន​លក្ខណៈ​អំណោយ​ផល​ដល់​ការ​ពង្រឹង​អំណាច​របស់​ អ្នកដឹក ​នាំ​បច្ចុប្បន្ន​ទៀត​ផង​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។