សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​ចាប់​ខ្លួន​លោក ហ៊ាង គឹមស្រឿន និង​លោក ថុល សុផាន់ណា

អតីត​សមាជិក​គណបក្ស​សំបុក​ឃ្មុំ​សង្គមប្រជាធិបតេយ្យ លោក ហ៊ាង គឹមស្រឿន ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​នោះ ប្រាប់​អាស៊ី​សេរី​កាល​ពី​យប់​ថ្ងៃ​ទី២០ ខែ​មេសា ឆ្នាំ២០២០ ថា លោក​កំពុង​ស្ថិត​ក្នុង​ទី​មាន​សុវត្ថិភាព​មួយ។

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក កូយ សៅ ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន លោក ហ៊ាង គឹមស្រឿន និង​លោក ថុល សុផាន់ណា តាម​បណ្ដឹង​របស់​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ និង​អំពើ​ប្រមាថ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី ៩ ទី១០ ខែ​តុលា ឆ្នាំ២០១៩ ប៉ុន្តែ​ពុំ​បាន​បញ្ជាក់​ជាក់លាក់​ថា ជា​អំពើ​ល្មើស​អ្វី​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក្នុង​ហ្វេសប៊ុក​របស់​លោក ហ៊ាង គឹមស្រឿន បាន​រិះគន់ អាជ្ញាធរ​វៀតណាម​កាល​ពី​ថ្ងៃ​ទី២៥ ខែ​មីនា ដែល​មាន​ខ្លឹមសារ​ដើម​ថា លោក​សូម​ប្រកាស​ព័ត៌មាន​ជា​ចំហ​ជូន​ដល់​ស្ថានទូត​វៀតណាម​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​ទីក្រុង​ហាណូយ សុំ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​កម្ពុជា ក្នុង​នាម​ជា​ប្រទេស​ឯករាជ្យ អធិបតេយ្យ ស្មើ​មុខ​ស្មើ​មាត់ ដែល​ឈរ​លើ​គោល​ការណ៍​ច្បាប់​អន្តរជាតិ​ជា​ធំ។ ដូច្នេះ រដ្ឋាភិបាល​ទីក្រុង​ហាណូយ គួរ​យក​ការ​អនុវត្ត​ច្បាប់​ជា​ធំ និង​គោរព​អធិបតេយ្យ​កម្ពុជា ដែល​ជា​ប្រទេស​ជិត​ខាង​នឹង​គ្នា ដែល​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​តែងតែ​ប្រើ​សិទ្ធិ​អំណាច​រំលោភ​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា ជា​ច្រើន​ដង​មក​ហើយ​នោះ។ ដូច​ជា​ករណី​ជាក់​ស្ដែង​ថ្មីៗ នេះ គឺ​មាន​កងទ័ព​វៀតណាម​ពាក់​ឯកសណ្ឋាន​បាន​ចុះ​មក​រារាំង​ប្រជា​ពលរដ្ឋ​ខ្មែរ មិន​ធ្វើស្រែ ចូល​មក​រំលោភ​ដែន​អធិបតេយ្យ​កម្ពុជា យ៉ាង​ធ្ងន់ធ្ងរ​មិន​អាច​ទទួល​បាន​ឡើយ។

ទោះ​ជា​យ៉ាង​ណា ដើម​បណ្ដឹង​នៃ​រឿង​នេះ គឺ​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់។ លោក ពេជ្រ ស្រស់ ចោទ​លោក ហ៊ាង គឹមស្រឿន ថា បាន​មាក់ងាយ​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់ និង​ព្រះមហាក្សត្រ ទាក់ទង​នឹង​យន្តការ​ដោះ​ស្រាយ​វិបត្តិ​ព្រំដែន​ជា​មួយ​វៀតណាម។ លោក ពេជ្រ ស្រស់ បាន​ប្រាប់​កាសែត​គាំទ្រ​គណបក្ស​កាន់​អំណាច​ថា៖ «ក្រោយ​ពី​ខ្ញុំ​ពិភាក្សា​ជាមួយ​មេធាវី​រួច គឺ​មេធាវី​បាន​សម្រេច​ឲ្យ​ខ្ញុំ​ប្ដឹង​បុគ្គល​នេះ (Heang Kimsroeun) តែម្ដង ដោយ​បុគ្គល​នេះ បាន​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​មក​លើ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ជាពិសេស​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ​ផង​ដែរ ពីព្រោះ​យន្តការ​ឧត្ដម​ក្រុម​ប្រឹក្សា​នេះ គឺ​អាច​ដំណើរការ​ទៅ​បាន ដោយសារ​តែ​មាន​ព្រះមហាក្សត្រ​ទ្រង់​អនុញ្ញាត​ឲ្យ​ដំណើរការ»។

នេះ​មិន​មែន​ជា​លើក​ទី១ ទេ ដែល​លោក ពេជ្រ ស្រស់ ប្ដឹង​អ្នក​នយោបាយ និង​សកម្មជន​សង្គម ហើយ​តុលាការ​តែង​ចាត់​ការ​តាម​បណ្ដឹង​របស់​លោក។ លោក ពេជ្រ ស្រស់ ធ្លាប់​ប្ដឹង​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតេញ ទៅ​តុលាការ​ដោយ​ចោទ​ព្រះអង្គ​ថា បាន​កិបកេង​លួច​លុយ​ចូល​បុណ្យ​សព​បណ្ឌិត កែម ឡី ប៉ុន្តែ​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតេញ បដិសេធ ហើយ​ភរិយា​របស់​បណ្ឌិត កែម ឡី ក៏​បាន​ចេញ​មុខ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយ​បញ្ជាក់​ថា ព្រះតេជព្រះគុណ ប៊ុត ប៊ុនតេញ មិន​បាន​លួច​លុយ​បុណ្យ​នោះ​ទេ។ បុរស​ពូកែ​ខាង​ប្ដឹង លោក ពេជ្រ ស្រស់ ក៏​ជាប់​មាន​ស្នាដៃ​ប្ដឹង​រម្លាយ​គណបក្ស​សង្រ្គោះ​ជាតិ​ផង​ដែរ កាល​ពី​ឆ្នាំ២០១៦។

មក​ដល់​ម៉ោង​ផ្សាយ​នេះ លោក ហ៊ាង គឹមស្រឿន និង លោក ថុល សុផាន់ណា ដែល​រង​ការ​ប្ដឹង​ដោយ​លោក ពេជ្រ ស្រស់ កំពុង​លាក់​ខ្លួន​នៅ​ទី​សុវត្ថិភាព​ក្រោយ​ពី​ដឹង​ថា តុលាការ​ចេញ​ដីកា​ចុះ​ថ្ងៃ​ទី២០ មេសា តាម​ចាប់​ខ្លួន​លោក​ទាំង​ពីរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។